គូស្នេហ៍តារាឯកស្រីក្នុងរឿង“ល្បែងព្យាបាទ” អេមី ឃ្លិនប្រៈធុម និងស្វាមី ស៊ី ស៊ិវ៉ាត់ ត្រូវបានគេចាត់ទុកថា ជាគូស្នេហ៍ស្មោះស្មគ្រ័ភក្តី រ៉ូមែនទិក ផ្អែមល្ហែម គ្មានប្រួលប្រែ ឆ្លងកាត់រយៈពេល១៣ឆ្នាំ។ ទោះជាមានរលកពាក្យចចាមអារ៉ាមខ្លះកើតឡើង ក៏មិនអាចធ្វើឱ្យរង្គោះរង្គើចំណងស្នេហ៍អមតៈរបស់ពួកគេបានឡើយ…។
អ្នកទាំងពីរជាតារាសម្តែងដូចគ្នា ហើយបានចងក្រងចំណងស្នេហ៍ក្នុងឋានៈជាសង្សារអស់រយៈពេល១៣ឆ្នាំ មុននឹងសម្រេចចិត្តចូលរោងការកាលពី១៣ឆ្នាំមុន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៤។
១៣ឆ្នាំកន្លងទៅនេះ ស្នេហារបស់ពួកគេពុំដែលថមថយអានុភាពឡើយ។ ខួបអាពាហ៍ពិពាហ៍លើកទី៣ ឆ្នាំនេះ លោកស៊ី ស៊ិវ៉ាត់ បានជូនផ្កាកុលាបមួយបាច់ធំដល់ភរិយាសំណព្វចិត្ត ព្រមទាំងប្រកាសពាក្យសន្យាថា នឹងធ្វើឱ្យបានល្អជាទីបំផុតចំពោះស្ត្រី ដែលខ្លួនស្រលាញ់ឈ្មោះ អេមី ឃ្លិនប្រៈធុម។
លើសពីនេះ ស៊ី ស៊ិវ៉ាត់ ថែមទាំងបង្ហោះពាក្យពេចន៍ក្នុងបណ្តាញទំនាក់ទំនងសង្គម គួរឱ្យអណ្តែតអណ្តូងថា “វត្ថុដ៏ប្រសើរបំផុត និងសំខាន់បំផុតក្នុងជីវិត ដែលធ្វើឱ្យយើងដឹងថា បើទោះជានឿយហត់ដូចម្តេចក៏ស័ក្តិសម ព្រោះដឹងថា មានដួងចិត្តមួយនេះកំពុងរង់ចាំនៅឯផ្ទះ។ ពិតជារីករាយណាស់។ រឿងដែលកើតឡើងទាំងល្អ និងមិនល្អ ក្នុងរយៈពេល១៣ឆ្នាំមកនេះ ពិតជាមានអត្ថន័យគ្រប់វិនាទី។ ហើយ៣ឆ្នាំ នៃការក្លាយជាស្វាមីភរិយា វាគឺជារឿងកំពូលក្នុងជីវិត។ នឹងមិនសន្យាថា យើងនឹងជួបតែរឿងល្អរហូតទេ តែសុំសន្យាថា នឹងធ្វើឱ្យបានល្អបំផុតរៀងរាល់ទិវា។ ស្រលាញ់ណា៎អូនសម្លាញ់”។
ឯ អេមី វិញក៏ឆ្លើយតបសារបេះដូងរបស់ស្វាមីថា “អរគុណណាស់ ដែលបានមើលថែទាំរហូតមក ស្រលាញ់អស់ពីបេះដូង”។
ពួកគេផ្អែមល្ហែមនឹងគ្នាដល់ថ្នាក់នេះទៅហើយ តើពេលណាទៅ ទើបសម្រេចចិត្តយកកូន? បញ្ហានេះ ស៊ី ស៊ិវ៉ាត ធ្លាប់បង្ហើបមុននេះថា គេបានប្រឹក្សាជាមួយ អេមី រួចហើយថា នឹងមិនទាន់យកកូនទេ ព្រោះចង់ធ្វើការសាងគ្រឹះជីវិតជាមុនសិន។ ទោះជាយ៉ាងណាក៏ដោយ លោកស៊ី ស៊ិវ៉ាត់ អះអាងថា ចង់មានកូន តែមិនមែនពេលនេះទេ ហើយក៏បារម្ភពីសុខភាពភរិយាពេលមានវ័យកាន់តែច្រើន។
ពេលនេះ ពួកគេដូចជាបានសាងគ្រឹះមូលដ្ឋានជីវិតហើយ ព្រោះបានសង់ផ្ទះធំទ្រនំ ខ្ពស់ស្កឹមស្កៃអស់ប្រាក់រាប់សិបលានបាត ហើយក៏ជាពេលដែល អេមី ប្រាប់ថា ចង់បានកូនដែរ។ តែហាក់គ្មានកំណើតថ្មីចាប់បដិសន្ធិក្នុងផ្ទៃនាងសោះ។ ប៉ុន្តែ មិនជាបញ្ហាសម្រាប់នាងទេ ព្រោះអេមី ប្រាប់ថា មានឬគ្មានកូនមិនសំខាន់ឡើយ សំខាន់គឺប្តីប្រពន្ធ នាងមានសុភមង្គលក្នុងការរស់នៅតែពីរនាក់។
ឮពាក្យសុភមង្គលចេញពីមាត់អេមី បែបនេះ ពុំមែនមានន័យថា ជីវិតគូស្រករនាងមានតែសេចក្តីសុខ ប្រាសចាកទុក្ខនោះឡើយ។ គ្រាមួយមានដំណឹងថា អេមី មមាញឹកក្នុងការងារខ្លាំងរហូតគ្មានពេលសម្រាប់ស្វាមី ធ្វើឱ្យស្វាមីមានពេលងាករេទៅរកតារាចម្រៀង សិចស៊ី ក្រះតែ អារស្យាម។ អេមី ធ្លាប់បង្ហោះសារបញ្ឆិតបញ្ឆៀងក្នុងរឿងនេះ មុននឹងចេញមកបកស្រាយថា ជាការយល់ច្រឡំ និងអះអាងថា ស្នេហានាងគ្មានបញ្ហាទេ។
ទោះជាដូច្នោះក៏ដោយ នៅតែមានពាក្យខ្សឹបខ្សៀវថា ស៊ី ស៊ិវ៉ាត់ ងាករេចិត្ត ព្រោះមិនអាច ទ្រាំទ្រនឹងភាពសិចស៊ីរោលរាលរបស់ក្រះតែបាន។ តែ អេមី ក៏បានបង្ហាញឃើញថា នាងគ្មានអ្វីចាញ់ ក្រះតែ ឡើយ ព្រោះរូបភាពសិចស៊ីដែលនាងថតឱ្យទស្សនាវដ្តី Play Boy ធ្វើឱ្យប្រុសៗក្នាញ់ ស្រក់ទឹកមាត់ច្រោក។
ប្រហែលជាបែបនេះហើយ ទើបលោកស៊ី ស៊ិវ៉ាត់ មិនដាច់ចិត្តចោលឆ្នាំងបាយចាស់សោះ ហើយរួមរស់ជាមួយគ្នាក្នុងឋានៈជាគូស្នេហ៍អមតៈរហូតមកដល់សព្វថ្ងៃនេះ៕