ខេត្តបាត់ដំបង ៖ ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ត្រូវបានអភិបាលខេត្តបាត់ដំបង ចេញលិខិតព្រមាន ឱ្យកែសម្រួលឡើងវិញជាបន្ទាន់ចំពោះការដែលនាងបានកំណត់កម្រៃសេវារដ្ឋបាលសូន្យរៀល មិនគិតថ្លៃគ្រប់មុខសេវារដ្ឋបាលរបស់សង្កាត់អូរចារ ដោយគ្មានកិច្ចប្រជុំអនុម័តពីក្រុមប្រឹក្សាសង្កាត់ ហើយក្នុងករណីរឹងទទឹងមិនព្រមអនុវត្តតាមការណែនាំទេ រដ្ឋបាលខេត្ត នឹងមានវិធានការជាបន្ទាន់យ៉ាងម៉ឺងម៉ាត់បំផុត។
លិខិតរបស់សាលាខេត្តបាត់ដំបង លេខ ៦៩០/១៧ សជណ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយលោកច័ន្ទ សុផល អភិបាលខេត្ត ជម្រាបមកកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបញ្ជាក់ថា “រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តការប្រមូលចំណូលពីកម្រៃរដ្ឋបាលរបស់ខ្លួន ដើម្បីជាគុណប្រយោជន៍ដល់ថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវដាក់ចេញនូវដីកា ដើម្បីកំណត់នូវតម្លៃសេវារដ្ឋបាលជាក់ស្តែង សម្រាប់ប្រតិបត្តិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប៉ុន្តែមិនត្រូវលើសពីតម្លៃអតិបរមាដែលបានកំណត់។ ដោយឡែកចំពោះតម្លៃជាក់លាក់ ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនីមួយៗ ពុំមានសិទ្ធិកែសម្រួលតម្លៃសេវារដ្ឋបាលទាំងនោះឡើយ។
ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលក្រុងបាត់ដំបង បានពិនិត្យឃើញថា លោកស្រីចៅសង្កាត់ បានអនុវត្តការយកកម្រៃសេវារដ្ឋបាល ០(សូន្យ) រៀល គ្រប់មុខសេវាទាំងអស់របស់រដ្ឋបាលថ្នាក់សង្កាត់អូរចារ ដោយប្រើអំណាចឆន្ទានុសិទ្ធិផ្ទាល់ខ្លួន ដោយពុំបានធ្វើការពិគ្រោះយោបល់ និងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ ដើម្បីពិនិត្យ ពិភាក្សានិងអនុម័តស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនឡើយ និងពុំបានដាក់ចេញនូវដីកាស្តីពីការកំណត់តម្លៃសេវារដ្ឋបាល។
ទង្វើ និងសកម្មភាពរំលោភច្បាប់ រំលោភអំណាចផ្ទួនៗរបស់លោកស្រី តម្រូវឱ្យលោកស្រីចៅសង្កាត់អូរចារ ធ្វើការផ្អែកលើគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដូចខាងក្រោម ៖
១-ត្រូវរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ ដើម្បីអនុម័តការយកតម្លៃសេវា ០ (សូន្យ) រៀល បន្ទាប់មក ដាក់ចេញដីកាស្តីពីការកំណត់តម្លៃសេវានេះ ស្របតាមប្រកាសអន្តរក្រសួង លេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
២-ត្រូវបង់តម្លៃសេវាដែលចៅសង្កាត់ ប្រើអំណាចឆន្ទានុសិទ្ធិផ្ទាល់ខ្លួន ដោយយកតម្លៃ សេវា ០ (សូន្យ) រៀល ទូទាត់សងថវិការដ្ឋ ដោយដាក់ចូលក្នុងកញ្ចប់ថវិកាសង្កាត់វិញ រាប់ចាប់តាំងពីថ្ងៃដែលលោកស្រីចៅសង្កាត់ បាន សម្រេច រហូតដល់ដីកាស្តីពីការកំណត់តម្លៃសេវារដ្ឋបាលថ្មីរបស់រដ្ឋបាលសង្កាត់អូរចារ ចូលជាធរមាន រួចហើយត្រូវធ្វើរបាយការណ៍ភ្ជាប់មកជាមួយនូវបង្កាន់ដៃបង់ប្រាក់ ដែលចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ថតចម្លង) ដើម្បីរដ្ឋបាលខេត្ត ធ្វើការផ្ទៀងផ្ទាត់ឡើងវិញជាមួយគល់បញ្ជី និងចំនួនសេវាដែលបានផ្តល់ជូនប្រជាពលរដ្ឋ ឬធុរជន។
៣-ករណីចៅសង្កាត់អូរចារ នៅតែរឹងទទឹងមិនព្រមអនុវត្តតាមការណែនាំនេះ រដ្ឋបាលខេត្ត នឹងមានវិធានការជាបន្ទាន់ និងម៉ឺងម៉ាត់បំផុត ចំពោះលោកស្រីចៅសង្កាត់ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់, អនុក្រឹត្យលេខ២២ អនក្រ/បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការធ្វើវិមជ្ឈការអំណាច តួនាទី និងភារកិច្ចទៅឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រកាសលេខ ១៨៨៤ ប្រក ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០២ របស់ក្រសួងមហាផ្ទៃ ស្តីពីការធ្វើប្រតិភូកម្មអំណាចដល់អភិបាលខេត្ត-ក្រុង ក្នុងការជួយគាំទ្រដល់ក្រុមប្រឹក្សាឃុំ-សង្កាត់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកស្រីចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ធ្វើការកែតម្រូវ និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត”។
ជាមួយគ្នានោះដែរ លិខិតរបស់សាលាខេត្តបាត់ដំបង មួយទៀត លេខ៦៦៨/១៧ សជណ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ លោកអភិបាលខេត្ត ក៏បានជម្រាបចៅសង្កាត់អូរចារ ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ស្តីពីលទ្ធផលនៃការចុះត្រួត ពិនិត្យនីត្យានុកូលភាពរដ្ឋបាលសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ។
លិខិតនោះ បានបញ្ជាក់ថា “បន្ទាប់ពីរដ្ឋបាលខេត្តបាត់ដំបង បានចាត់តាំងមន្ត្រីរាជការឱ្យចុះត្រួតពិនិត្យនីត្យានុកូលភាពរដ្ឋបាលសង្កាត់អូរចារ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាសង្កាត់អូរចារ បានពិនិត្យឃើញចំណុចអវិជ្ជមាននៃការអនុវត្តការងាររបស់រដ្ឋបាលសង្កាត់អូរចារ ក្រុងបាត់ដំបង ដូចតទៅ ៖
-ប្រើប្រាស់សៀវភៅចុះលិខិតចេញចូលពីរផ្សេងគ្នា មួយសម្រាប់ស្មៀនសង្កាត់ប្រើប្រាស់ និងមួយទៀតសម្រាប់ចៅសង្កាត់ប្រើប្រាស់។
-ជំនួយការរដ្ឋបាលឃុំ ចំនួន០២រូប ពុំមានកិច្ចសន្យាការងារ ហើយចៅសង្កាត់ បានប្រើប្រាស់ជំនួយការផ្ទាល់ខ្លួនបន្ថែមទៀត។
-ចៅសង្កាត់ បានប្រើប្រាស់ស្មៀនសង្កាត់ មិនស្របតាមប្រកាសលេខ១៣២៩ ប្រក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១ របស់ក្រសួងមហាផ្ទៃ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ-សង្កាត់ និងព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងអនុក្រឹត្យលេខ២២ អនក្រ/បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០២ របស់រាជរដ្ឋាភិបាលកម្ពុជា។
-លិខិតរដ្ឋបាលរបស់សាលាក្រុង សាលាខេត្ត ត្រូវបានចៅសង្កាត់ ធ្វើការផ្សព្វផ្សាយជាសាធារណៈតាមរយៈប្រព័ន្ធ Facebook ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ស្តាប័នរដ្ឋ ដែលការងារខ្លះមិនអនុញ្ញាតឱ្យអាជ្ញាធរសាធារណៈ ឬបុគ្គលណាមួយមានសិទ្ធិធ្វើការផ្សព្វផ្សាយជាសាធារណៈបានឡើយ ។
-មានការរើសអើងចំពោះសមាជិកក្រុមប្រឹក្សាសង្កាត់ ដោយមានការបែងចែករវាង សមាជិកក្រុមប្រឹក្សាសង្កាត់ មកពីគណបក្សផ្សេងគ្នា ដែលទង្វើនេះ ធ្វើឱ្យផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
អាស្រ័យដូចបានជម្រាបមកខាងលើ សូមលោកស្រីចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ធ្វើការកែតម្រូវ និងអនុវត្តឱ្យបានត្រឹមត្រូវ តាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន”។
ពាក់ព័ន្ធនឹងការព្រមានរបស់អភិបាលខេត្តបាត់ដំបងខាងលើ ចៅសង្កាត់អូរចារ ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានធ្វើលិខិតគោពជូនលោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញ បញ្ជាក់បំភ្លឺពីរឿងនេះ។
លិខិតរបស់កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ មានខ្លឹមសារថា “តបតាមកម្មវត្ថុនិងយោងខាងលើ នាងខ្ញុំពិតជាមានការសោកស្តាយជាខ្លាំងក្រោយពីបានឃើញ និងបានអាននូវខ្លឹមសារក្នុងលិខិត ដែលបានចោទប្រកាន់មកលើរដ្ឋបាលសង្កាត់អូរចារ ដោយគ្មានមូលដ្ឋាន ដែលមិនបានឆ្លុះបញ្ចាំងពីការពិត និងស្វែងយល់ឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយអំពីការងារដែលរដ្ឋបាលសង្កាត់ បាននិងកំពុងខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីកុំឱ្យមានការយល់ច្រឡំរវាងគ្នានិងគ្នា ហើយធានាបាននូវតម្លាភាព គណនេយ្យភាពក្នុងការអនុវត្តការងារភារកិច្ច នាងខ្ញុំសូមគោរពបំភ្លឺជម្រាប ជូនឯកឧត្តមអភិបាលនៃគណៈអភិបាល មេត្តា ជ្រាបដូចខាងក្រោម ៖
១-សៀវភៅចុះលិខិតចេញចូលផ្លូវការរបស់រដ្ឋបាលសង្កាត់ មានតែមួយប៉ុណ្ណោះ ដែលស្មៀនកំពុងប្រើប្រាស់។ ដោយឡែក សៀវភៅ ចុះលិខិតចេញចូល ដែលនាងខ្ញុំបានប្រើប្រាស់ គឺគ្រាន់តែជាសៀវភៅកំណត់ត្រាផ្ទាល់ខ្លួនរបស់នាងខ្ញុំតែប៉ុណ្ណោះ។
២-ជំនួយការរដ្ឋបាលសង្កាត់ ចំនួន០២ (ពីរ) រូប ជាយុវជនស្ម័គ្រចិត្តជួយបម្រើកិច្ចការរបស់រដ្ឋបាលសង្កាត់ ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារជាក់ស្តែង ដោយមិនបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋបាល សង្កាត់ឡើយ។
៣-គ្មានការប្រើប្រាស់ស្មៀន មិនស្របតាមប្រកាសលេខ ១៣២៩ ប/ក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ-សង្កាត់ និងព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងអនុក្រឹត្យលេខ ២២ អនក្រ/បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០២ របស់រាជរដ្ឋាភិបាលឡើយ។ កន្លងមក ក្នុងនាមនាងខ្ញុំជាប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ បានណែនាំដល់ស្មៀន ត្រូវមកបំពេញការងារឱ្យទាន់ពេលវេលា ពោលគឺត្រូវគោរពម៉ោងរបស់រដ្ឋបាលសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
៤-ចំពោះលិខិតរដ្ឋបាលរបស់សាលាក្រុង សាលាខេត្ត ដែលបានផ្ញើមកឱ្យរដ្ឋបាលសង្កាត់អូរចារ ពុំបានបញ្ជាក់ពី “ការសម្ងាត់ ឬហាម ផ្សព្វផ្សាយជាសាធារណៈ” ដូចនេះនាងខ្ញុំក៏ធ្វើការផ្សព្វផ្សាយក្នុងប្រព័ន្ធគណនី Facebook ដែលជាព័ត៌មាននៃកិច្ចការប្រចាំថ្ងៃរបស់នាងខ្ញុំ។
៥-ពុំមានការរើសអើងក្នុងសាលាសង្កាត់ទេ ព្រោះវាជាករណីដែលនាងខ្ញុំស្អប់ខ្ពើមបំផុត ជាក់ស្តែងនាងខ្ញុំបានរៀបចំកន្លែងធ្វើការដ៏សមរម្យ សម្រាប់សមាជិកក្រុមប្រឹក្សាគ្រប់រូប។ ប៉ុន្តែរហូតមកដល់ពេលនេះ មានក្រុមប្រឹក្សាមួយចំនួន មិនបានមកបំពេញការងារតាមតួនាទី ភារកិច្ច ដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត នានារបស់រាជរដ្ឋាភិបាលឡើ់យ។
ម៉្យាងវិញទៀត កំណត់ហេតុនៃការចុះពិនិត្យនីត្យានុកូលភាពរបស់ក្រុមការងាររដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ពុំបានកត់ត្រាឱ្យបានត្រឹមត្រូវ តាមពាក្យពេចន៍របស់នាងខ្ញុំ ដែលលើកឡើងនោះទេ។
ទន្ទឹមនឹងនេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់អូរចារ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់ពីប្រជាពលរដ្ឋ និងក្នុងនាមខ្ញុំផ្ទាល់ នាងខ្ញុំនឹងពិនិត្យឡើងវិញ រាល់កិច្ចការទាំងអស់របស់រដ្ឋបាលសង្កាត់ ដើម្បីធ្វើឱ្យកាន់តែមានភាពប្រសើរឡើង និងប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពង្រឹងឯកភាពរដ្ឋបាល សាមគ្គីផ្ទៃក្នុង រក្សាភាតរភាព សេចក្តីថ្លៃថ្នូរ ក្នុងនាមជាខ្មែរតែមួយ ពួតដៃលើកស្ទួយការអនុវត្តនីតិរដ្ឋ គោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឱ្យបានពិតប្រាកដ និងពេញលេញក្នុងសង្កាត់អូរចារ ទាំងមូល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជ្រាបជារបាយការណ៍ ដោយសេចក្តីអនុគ្រោះ”៕
កុលបុត្រ