Monday, November 25, 2024
Homeនយោបាយកាំបិតចិតដងឯង

កាំបិតចិតដងឯង

ករណីលោកញឹក ប៊ុនឆៃ ជាប់ពន្ធនាគារ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ថា គាត់ “ពាក់ព័ន្ធនឹងគ្រឿងញៀន” ជាពិសេស ដោយសារ “អតីតទីប្រឹក្សាផ្ទាល់ បកអាក្រាតពាក់ព័ន្ធគ្រឿងញៀន” ប៉ុន្តែ ក៏មានអ្នកវិភាគខ្លះថា “ពាក់ព័ន្ធនយោបាយ”។ ទោះយ៉ាងណា ការចាប់ខ្លួននេះ អាចជា “កត្តារួមផ្សំគ្រឿងញៀនផង នយោបាយផង” ឬបណ្តាលមកពី “កាំបិតចិតដងឯង” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បន្ទាប់ពីបានសម្រេចចោទប្រកាន់ និងបញ្ជូនលោកញឹក ប៊ុនឆៃ ទៅឃុំខ្លួននៅពន្ធនាគារ មក អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មានសេចក្តីជាអាទិ៍ថា “ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានលិខិតចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ របស់ទណ្ឌិតឈ្មោះជា ជុង ដែលបានបរិហាររៀបរាប់ឈ្មោះមេខ្លោងផលិតគ្រឿងញៀនជាជនជាតិចិន មួយចំនួនផ្សេងទៀត ហើយមានចំណុចពាក់ព័ន្ធដល់ឈ្មោះញឹក ប៊ុនឆៃ នៅក្នុងសំណុំរឿងគ្រឿងញៀនដ៏ធំមួយ កាលពីឆ្នាំ ២០០៧”។ បើយោងតាមសេចក្តីថ្លែងការណ៍ និងចោទប្រកាន់នេះ យើងក៏នឹកឃើញដល់ព្រឹត្តិការណ៍កាលពីជាង១០ឆ្នាំមុននោះ ខណៈដែលសមត្ថកិច្ចចម្រុះ បានចុះទៅបង្ក្រាបទីតាំងផលិតគ្រឿងញៀននៅក្នុងព្រៃ នាឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកាលនោះ សមត្ថកិច្ចបានឆែកឆេររកឃើញប្រេងម្រះព្រៅរាប់សិបប៊ីដុង ដែលនាំមកពីខេត្តពោធិ៍សាត់។ ប្រេងម្រះព្រៅ ត្រូវចម្រាញ់ចេញពីដើមម្រះព្រៅ ជារុក្ខជាតិមានក្លិនក្រអូបប្រហើរ សម្រាប់ផលិតម្សៅអ៊ិកស្តាស៊ី (Ecstasy) បន្ទាប់មកក៏ផលិតបន្តជាថ្នាំញៀន មេតំហ្វេតាមីន (Methamphetamine) ឬម៉ាទឹកកក ដែលជាប្រភពនាំឱ្យយុវវ័យមួយចំនួន ក្លាយជាក្មេងអន្ធពាល បង្កអសន្តិសុខសង្គម ព្រោះការសេពគ្រឿងញៀននេះឯង។ ករណី ទណ្ឌិតឈ្មោះជា ជុង ឆ្លើយដាក់លោកញឹក ប៊ុនឆៃ ជាអតីតមេកោយរបស់ខ្លួននោះ ជារឿងដោយឡែក ប៉ុន្តែ ក្រៅពី ជំពាក់ជំពិននឹងគ្រឿងញៀន ក៏នៅមានពាក់ព័ន្ធនឹង “កាំបិតចិតដងឯង” ផងដែរ។

អ្នកណាក៏ដឹងដែរថា លោកញឹក ប៊ុនឆៃ ជាអតីតមេទ័ពហ៊្វុនស៊ិនប៉ិច ជាសេនាដៃស្តាំរបស់សម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ ប៉ុន្តែ ក្រោយពេលមានព្រឹត្តិការណ៍សង្គ្រាមមួយចម្អិនកំពឹសផ្ទុះឡើងនៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ មក សម្ព័ន្ធមេត្រីរវាងសម្តេចក្រុមព្រះ និងសេនាដៃស្តាំនេះ ត្រូវប្រេះបែកជាពីរ។ ការឈ្លោះដណ្តើមគណបក្សគ្នានោះ បានជំរុញឱ្យលោកញឹក ប៊ុនឆៃ និងបក្ខពួកមួយចំនួនងាកទៅបង្កើត “គណបក្សខ្មែររួបរួមជាតិ” ចំណែកសម្តេចក្រុមព្រះ បានមកគ្រប់គ្រង “គណបក្សហ៊្វុនស៊ិនប៉ិច” វិញ បន្ទាប់ពីរំលាយ “គណបក្សនរោត្តម រណប្ញទ្ធិ”។ ទោះយ៉ាងណា ក៏អ្នកតាមដានមើលឃើញថា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ មិនត្រូវធាតុគ្នាទេ ដោយព្យាយាមយកចិត្តថ្លើមបក្សកាន់អំណាច “ដើម្បីរស់”។ លោកញឹក ប៊ុនឆៃ មានជំនាញខាងយោធា តែខាងវិទ្យាសាស្ត្រនយោបាយ មិនដល់គេទេ លុះគាត់ឈប់ធ្វើមេទ័ព ងាកមកធ្វើនយោបាយ ឃើញថា ចាញ់ប្រៀបគេ។ ឧបមាថា គាត់ព្យាយាមបុករុកគេ តែល្បិចមិនដល់គេ ក៏ត្រូវគេបុកវិញ រងគ្រោះយ៉ាងនេះទៅ។ ករណីបុករុកគ្នា ឬប្រជែងលាភសក្ការៈគ្នា “នគរធំ” មិនបាច់ រៀបរាប់វែងឆ្ងាយទេ តែសុំលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍ មកបង្ហាញវិញ។

នៅក្នុងរឿង “រាជសីហ៍ ចចក និងកញ្ជ្រោង” ដកស្រង់ពីរឿងល្បើករបស់បារាំង បានតំណាលថា កាលពីព្រេងនាយ មានរាជសីហ៍ចាស់មួយ រស់នៅក្នុងគុហាភ្នំ ដោយមានចចក និងកញ្ជ្រោងជាបរិវារ។ កាលនោះ រាជសីហ៍ មានជំងឺ តែងប្រើសត្វទាំងពីរឱ្យស្វែងរកចំណីមកចិញ្ចឹម ប៉ុន្តែ រវាងចចកនិងកញ្ជ្រោង មិនត្រូវធាតុគ្នាទេ ដោយពួកវាព្យាយាមផ្គាប់ផ្គុនរាជសីហ៍ ដូចគ្នា។ ថ្ងៃមួយចចក ដែលមានគំនុំជាមួយកញ្ជ្រោង បានចូលទៅគាល់រាជសីហ៍ជាស្តេចសត្វ រួចក៏ញុះញង់ថា “ពេលលោក ម្ចាស់មានជំងឺ សព្វសត្វទាំងអស់តែងនាំគ្នាចូលមកសួរសុខទុក្ខ ឃើញបាត់តែកញ្ជ្រោងប៉ុណ្ណោះ។ រឿងនេះមកពីអាកញ្ជ្រោង ចង់ឱ្យលោកម្ចាស់ស្លាប់តែម្តង បានជាវាមិនចូលសួរសុខទុក្ខ”។ រាជសីហ៍ស្តាប់ការញុះញង់នេះ ក៏ខឹងកញ្ជ្រោងខ្លាំងណាស់ គិតនឹងសម្លាប់ចោល លុះក្រោយមក ក៏ឃើញកញ្ជ្រោងចូលមកដល់ ទើបរាជសីហ៍គំហកសួរថា “អាកញ្ជ្រោងឯងចង់ឱ្យអញឆាប់ស្លាប់មែនទេ បានជាមិនចូលមកមើលអញ?” កញ្ជ្រោងភ័យណាស់ដឹងថា ច្បាស់ជាចចកមកញុះញង់ឱ្យរាជសីហ៍សម្លាប់ខ្លួនវាតែម្តង ទើបរកល្បិចយ៉ាងប៉ិនប្រសប់មកដោះសាថា “មូលហេតុដែលខ្ញុំក្របានចូលមកមើលលោកម្ចាស់នោះ ព្រោះជាប់រវល់ទៅរកគ្រូហ្ម ចង់ដឹងពីថ្នាំពូកែស័ក្តិសិទ្ធិសម្រាប់ព្យាបាលជំងឺលោកម្ចាស់!”។ រាជសីហ៍ក៏សួរបញ្ជាក់ថា “ថ្នាំអី? អញកំពុងឈឺផង បើប្រាប់ថ្នាំច្បាស់ ទើបអញឱ្យឯងរួចខ្លួន!”។ កញ្ជ្រោងមានឱកាសក៏ប្រាប់ថា “ថ្នាំនោះគ្មានអ្វីក្រៅពីស្បែកចចកទេ លោកម្ចាស់ ត្រូវពន្លះយកស្បែកនោះទាំងឈាម មកដណ្តប់ខ្លួនលោកម្ចាស់ទៅ នឹងបានជាសះស្បើយមិនខាន!”។ រាជសីហ៍ ឮកញ្ជ្រោងប្រាប់ថ្នាំពូកែ ជួនជាចចកដើរចូលមកគាល់ ក៏លោតទៅសង្គ្រប់ ខាំពន្លះស្បែកដណ្តប់ទៅ។ ឯកញ្ជ្រោងក៏គេចចេញពីរូងភ្នំ លាន់មាត់តិចៗថា “ហ្នឹងហើយលទ្ធផលបុករុកគេ ដល់គេបុកវិញ ងាប់តៃហោង!…”

អក្សរសិល្ប៍ខាងលើនេះ អាចប្រៀបនឹងសុភាសិត “កាំបិតចិតដងឯង” ក៏បានដែរ ព្រោះធម្មតា កាំបិតទើបនឹងទិញមក គេត្រូវធ្វើដងដាក់ ដោយយកកាំបិតថ្មីនោះ ចាំងបិតរលីងឈើប្ញស្សី ធ្វើដងដាក់ទើបប្រើការកើត។ យ៉ាងណាមិញ ករណីលោកញឹក ប៊ុនឆៃ ដែលត្រូវអតីតទីប្រឹក្សាជាទណ្ឌិត ឆ្លើយដាក់នោះ ជារឿងដោយឡែក ប៉ុន្តែ ករណីគាត់មានទំនាស់ផ្នែកសតិអារម្មណ៍ជាមួយមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីគាត់ងាកទៅបង្កើតគណបក្សខ្មែររួបរួមជាតិនោះ អាចថា មកពីល្បិចគាត់មិនដល់គេ ក៏រងវាសនាអភ័ព្វដូចបងចចកអ៊ីចឹងទៅ។

ដូចយើងលើកឡើងរួចមកហើយថា លោកញឹក ប៊ុនឆៃ មានជំនាញខាងសឹកសង្គ្រាម ធ្លាប់ចូលសមរភូមិឆ្អែតឆ្អន់ កាលធ្វើមេទ័ពហ៊្វុនស៊ិនប៉ិច តស៊ូនៅជាយដែន។ គាត់ធ្លាប់រត់គេចពីការតាមប្រមាញ់របស់កងទ័ពរដ្ឋាភិបាលស្មោះត្រង់នឹងសម្តេចនាយករដ្ឋមន្ត្រីទី២ ដោយរត់គេចតាំងពីភ្នំពេញ កាត់ព្រៃភ្នំក្រំថ្ម រហូតដល់អូរស្មាច់ បន្តការតស៊ូរហូតអស់លទ្ធភាព ក៏ចូលមកភ្នំពេញវិញ បន្ទាប់ពីព្រះមហាក្សត្រប្រោសព្រះរាជទានការលើកលែងទោស តាមសំណើសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ គាត់ព្យាយាមកម្ចាត់សម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ ឱ្យខ្ទាតពីហ៊្វុនស៊ិនប៉ិច ដើម្បីឈរឈ្មោះបោះឆ្នោត ប៉ុន្តែ ជាលទ្ធផលហ៊្វុនស៊ិនប៉ិច ដែលមានលោកញឹក ប៊ុនឆៃ ជាអគ្គលេខាធិការត្រូវសូន្យកៅអី។ ទីបំផុត គាត់សុខចិត្តថ្វាយហ៊្វុនស៊ិនប៉ិច ទៅសម្តេចក្រុមព្រះវិញ ដោយបង្កើតគណបក្សថ្មីមួយទៀត ឈ្មោះ “គណបក្សខ្មែររួបរួមជាតិ” ទទួលបានកៅអីមេឃុំ១ដែរ នៅឯខេត្តបន្ទាយមានជ័យ ជាស្រុកកំណើតគាត់។ ធម្មតាមនុស្សធ្លាប់ស៊ីអត់ស៊ីឃ្លាន តស៊ូក្នុងព្រៃជាមួយគ្នា បើសិនជាបែកបាក់គ្នា គឺពិបាកផ្សារភ្ជាប់គ្នាវិញណាស់ ដូច្នេះបើកាលណាទំនាស់សតិអារម្មណ៍កើតឡើង ក៏ព្យាយាមបុករុកគ្នា ប៉ុន្តែ “បើល្បិចមិនដល់គេ ច្បាស់ជាកាំបិតចិតដងឯង” មិនខានឡើយ។

សរុបទៅ “កាំបិតចិតដងឯង” ជាទស្សនៈរួមផ្សំជាមួយករណី “គ្រឿងញៀន” ដែលតុលាការរកឃើញភ័ស្តុតាងច្បាស់ ក្នុងការដាក់បន្ទុក។ ទស្សនៈ “កាំបិតចិតដងឯង” គ្មានភ័ស្តុតាងអ្វីទេ ប៉ុន្តែ វាជា “តថភាព” (Réalité) ពុំមែនជា “សច្ចភាព” (Vérité)។ តថភាពជារឿងពិតដែរ តែបែបស្រពេចស្រពិល មើលឃើញព្រាលៗ ដូចរឿង “ទុំទាវ” ចាត់ទុកថា “តថភាព” ប៉ុន្តែ រឿង “អាចារ្យហែមចៀវ” គឺជា “សច្ចភាព”។ កត្តារួមផ្សំនេះ គ្រាន់តែបកស្រាយទៅតាម មតិ២ ដែលថា លោកញឹក ប៊ុនឆៃ “ពាក់ព័ន្ធគ្រឿងញៀន” និង “ពាក់ព័ន្ធនយោបាយ” ហេតុនេះសូមមិត្តអ្នកអានមេត្តាពិចារណាបន្ថែមទៀតចុះ…៕

RELATED ARTICLES