ភ្នំពេញ ៖ លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានលើកឡើងថា បើបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បន្តឈ្នះឆ្នោត នៅអាណត្តិទី៦ ឆ្នាំ២០១៨ ក្តីស្រមៃរបស់លោកសម រង្ស៊ី ដែលចង់ក្លាយជានាយករដ្ឋមន្ត្រី នឹងត្រូវពន្យារពេលគ្មានដែនកំណត់លុះអវសាន។ ផ្ទុយទៅវិញ បើគណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ឈ្នះឆ្នោត មិនត្រឹមតែគ្មានសង្គ្រាមទេ ថែមទាំងធ្វើឱ្យនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ នៅកម្ពុជាកាន់តែរឹងមាំខ្លាំងក្លា។
លោករស់ សារ៉ុម បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ថា “ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ គណបក្សប្រឆាំងឈ្នះឆ្នោត មិនត្រឹមតែគ្មានសង្គ្រាម ប៉ុន្តែថែមទាំងធ្វើឱ្យនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា កាន់តែរឹងមាំខ្លាំងក្លា។ យ៉ាងណាក៏ដោយ វាអាចជារឿងស៊យធំ សម្រាប់អ្នកនយោបាយ ដែលប្រាថ្នាចង់មានបាន ឬថែរក្សាភាពមានបាន តាមរយៈការធ្វើនយោបាយនៅកម្ពុជា។
ហេតុអ្វី?
ក-យើងដឹងហើយថា តាមរយៈលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ CPP ថយចុះសមាជិក ព្រឹទ្ធសភា ក៏ពិតមែន ប៉ុន្តែគណបក្សមួយនេះ នៅតែដឹកនាំព្រឹទ្ឋសភាដដែល។ បន្ថែមពីនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មួយ ចំនួនធំ ដែលពីមុនស្ទើរតែ ១០០% ជារបស់បក្ស CPP នឹងធ្លាក់ក្នុងដៃ CNRP ក្នុងឆ្នាំ២០១៩។
ខ-បើ CNRP ឈ្នះឆ្នោត អាណត្តិទី៦ ក៏ដោយ ក៏ CNRP ពិបាកសម្រេចតាមគោលនយោបាយណាស់ ព្រោះពាក់ព័ន្ឋការអនុម័ត ច្បាប់ផ្សេងៗ ជាពិសេសច្បាប់គ្រប់គ្រងថវិកាជាតិ រដ្ឋសភាដែលមានសមាជិក CNRP លើស ៥០ បូក១ អនុម័តគាំទ្រក៏ដោយ ប៉ុន្តែច្បាប់នោះ នឹងជាប់គាំងនៅព្រឹទ្ធសភា ដែលមាន CPP ដឹកនាំ។ ហើយបញ្ហារបៀបនេះ នឹងបន្តរហូត ចប់អាណត្តិព្រឹទ្ឋសភា ខែមករា ២០២៣ មានន័យថា រដ្ឋាភិបាលអាណត្តិទី៦ របស់ CNRP ឈ្នះព្រឹទ្ឋសភា ២០២៣ ក៏ដោយក៏ធ្វើអ្វីមិនកើត ព្រោះការបោះឆ្នោតអាណត្តិទី៧ រដ្ឋសភា មានរយៈពេលមិនដល់៦ខែផង តើអាចសម្រេចគោលនយោបាយបានអ្វីខ្លះ? បើទោះជាយ៉ាងនេះក្តី ក៏អំពើពុករលួយ បក្ខពួកនិយម គ្រួសារ និយមដុះស្លែ នឹងត្រូវដួលរលំ និងបោសសម្អាត ហើយវិស័យយុត្តិធម៌ សង្គម តុលាការ អាចនឹងគ្រាន់បើជាងសព្វថ្ងៃ។
គ-ផ្ទុយមកវិញ បើ CPP នៅតែបន្តឈ្នះ អាណត្តិទី៦ CPP ក៏មិនអាចជិះសេះលែងដៃបានដែរ ប៉ុន្តែក្តីស្រមៃរបស់លោកសម រង្ស៊ី ក្លាយជានាយករដ្ឋមន្ត្រី ហាក់ត្រូវពន្យារពេលគ្មាន ដែនកំណត់លុះអវសាន។ ចំណែកអ្នកចំណេញ ពីការប្រកួតប្រជែងដ៏ស្រួចស្រាល់ គឺជាតិ និងប្រជាជនខ្មែរ”។
ទោះជាយ៉ាងណា ជុំវិញការលើកឡើងរបស់លោករស់ សារ៉ុម ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទេ កាលពីរសៀលថ្ងៃម្សិលមិញ៕
ខៀវទុំ