ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ច តាមចាប់ខ្លួនប្រធានប្រតិបត្តិគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោកម៉ន ផល្លា ដើម្បីសាកសួរអំពីករណីហិង្សាលើយុវជនម្នាក់ ក្នុងពេលដង្ហែក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានេះ ក៏មានមជ្ឈដ្ឋានមួយចំនួន បានលើកឡើងជាការបារម្ភថា លោកកឹម សុខា ក៏អាចប្រឈមនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីនេះដែរ ព្រោះលោកជាប្រធានគណបក្ស ហើយតាមការបញ្ជាក់របស់ស្នងការនគរបាល រាជធានីភ្នំពេញថា ពេលនេះសមត្ថកិច្ចកំពុង ស្រាវជ្រាវតាមនាំខ្លួនលោកម៉ន ផល្លា តាមដីកាបង្គាប់របស់តុលាការ។
ជុំវិញករណីនេះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅពេលមានដីកា បញ្ជាពីតុលាការ កម្លាំងមានសមត្ថកិច្ច ត្រូវតែអនុវត្តនាំខ្លួនជនជាប់ចោទ ដែលប្រព្រឹត្តខុសច្បាប់ មិនថាតែបុគ្គល ម៉ន ផល្លា ទេ ទោះបី បុគ្គលណាក៏ដោយ ឬសូម្បីលោកកឹម សុខា ប្រធានគណបក្សប្រឆាំង ក៏កម្លាំងសមត្ថកិច្ច អាចនាំខ្លួន ឬចាប់ខ្លួនភ្លាម នៅពេលមានដីកាបញ្ជាពីតុលាការ។
ដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ២០៦ អ.យ.ឋ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាក់ថា “យើងសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
-បានឃើញរបាយការណ៍ សុំដីកាបញ្ជាឱ្យចូលខ្លួន លេខ២៦២/០១៧ រ/ប/ក ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧ របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
-បានឃើញមាត្រា ៣៧២ ៩៤៣ និង មាត្រា១១៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រម លេខ ៖ នស/ រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។
បញ្ជា
បង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចឱ្យនាំខ្លួន បុគ្គល ៖
១-នាម-គោត្តនាម ម៉ន ផល្លា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ លំនៅបច្ចុប្បន្ន ផ្ទះលេខ3E0 ផ្លូវលេខ១១៥សេ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២-មកបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រហូតដល់មានសេចក្តីសម្រេចថ្មី ដើម្បីសាកសួរពីដំណើររឿង ៖ ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧”។
គួរបញ្ជាក់ដីកាខាងលើនេះ ជាដីកាបញ្ជា ឱ្យចូលខ្លួនលើកទី២ ដែលដីកាបញ្ជាឱ្យចូលខ្លួន លើកទី១ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នោះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ បាន បញ្ជាឱ្យលោកម៉ន ផល្លា ចូលបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរពីដំណើររឿងហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។ ប៉ុន្តែពេលនោះ លោកម៉ន ផល្លា បានស្នើសុំពន្យារពេល ដោយសារមូលហេតុថា មានបញ្ហាសុខភាព ដើរមិនរួច និងសុំសម្រាកព្យាបាលមួយរយៈ។
ការចេញដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូង ចំនួន២លើកនេះ បានធ្វើឡើងក្រោយមន្ត្រីនគរបាល ផ្នែកយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញលិខិតកោះហៅចំនួន២លើកដែរ ដោយលិខិត កោះហៅលើកទី១ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោកអធិការតេង ស៊ីណូ បានបង្គាប់ឱ្យលោកម៉ន ផល្លា ចូលមកការិយាល័យនគរបាលផ្នែកយុត្តិធម៌ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបំភ្លឺជុំវិញ បណ្តឹងរបស់ឈ្មោះសេក សាម៉ុន។ ចំណែកលិខិត កោះហៅលើកទី២ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោកតេង ស៊ីណូ បានអញ្ជើញលោកម៉ន ផល្លា ចូលមកការិយាល័យនគរបាលផ្នែកយុត្តិធម៌ នៅថ្ងៃទី០៩ ខែ មិថុនា ដើម្បីបំភ្លឺជុំវិញបណ្តឹងរបស់ឈ្មោះសេក សាម៉ុន នោះដដែល។
អធិការនគរបាលខណ្ឌមានជ័យ លោកតេង ស៊ីណូ បានបញ្ជាក់ប្រាប់ “នគរធំ” នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ថា ក្នុងការចេញលិខិតកោះហៅទាំង២លើក របស់នគរបាលយុត្តិធម៌នោះ លោកម៉ន ផល្លា មិនបានចូលទៅបំភ្លឺទេ ហើយពេលតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួនហើយ លោកម៉ន ផល្លា ក៏មិនបានចូលខ្លួនទៅដើម្បីឱ្យតុលាការសាកសួរទៀត។ ដូច្នេះពេលទទួលបានដីកាបញ្ជាពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាលើកទី២ នេះ សមត្ថកិច្ចនគរបាលខណ្ឌ នឹងធ្វើការស្រាវជ្រាវ ដើម្បីនាំខ្លួនជននោះទៅតុលាការ។
លោកតេង ស៊ីណូ បានមានប្រសាសន៍ថា “បាទ ! ពេលនគរបាលយុត្តិធម៌កោះហៅ២លើកនោះ គាត់អត់ចូលទេ។ ដូច្នេះបើខាងតុលាការចេញបញ្ជាឱ្យខ្ញុំធ្វើ ខ្ញុំត្រូវធ្វើហើយ ព្រោះឥឡូវដីកាហ្នឹង អត់ទាន់បានដល់ដៃខ្ញុំផង គឺបានទៅដល់ស្នងការរាជធានីភ្នំពេញ តែមិនទាន់បានដល់ដៃខ្ញុំផង។ បើបានដល់ដៃខ្ញុំ បានខ្ញុំសុំគោលការណ៍ថ្នាក់លើបន្តទៀតថា គួរត្រូវធ្វើម៉េចៗទៀត។ ខ្ញុំនឹងសុំគោលការណ៍ទៅព្រះរាជអាជ្ញាបន្តទៀត បើគាត់មិនចូលខ្លួន។ បើសិនជាតុលាការ ចេញបញ្ជាឱ្យអ៊ីចឹង ខ្ញុំមានតែអនុវត្តតាមគោលការណ៍របស់ខាងតុលាការ។ ខ្ញុំអត់មានសំណូមពរ អីច្រើនទេ គ្រាន់តែសុំឱ្យខាងគាត់ហ្នឹងចូលខ្លួន មកបំភ្លឺមក មានតែប៉ុណ្ណឹង”។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ លោកជួន សុវណ្ណ បានបញ្ជាក់ប្រាប់ “នគរធំ” នៅព្រឹកថ្ងៃដដែលនោះដែរថា ក្រោយពីទទួលបានដីកាបញ្ជាពីតុលាការ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ដើម្បីឈានទៅដល់ការនាំខ្លួនលោកម៉ន ផល្លា មកតុលាការ។
លោកជួន សុវណ្ណ បានមានប្រសាសន៍ថា “តែមានដីកាបញ្ជា អាហ្នឹងសមត្ថកិច្ច គឺត្រូវតែអនុវត្តហើយ។ អ៊ីចឹងទទួលបានដីកាបញ្ជាឱ្យចូលខ្លួនហ្នឹង គឺសមត្ថកិច្ចកំពុងស្រាវជ្រាវសមាសភាពដែលមានចុះនៅក្នុងដីកាហ្នឹង ដើម្បីធ្វើការ ឱ្យចូលខ្លួនទៅផ្តល់ចម្លើយ នៅអធិការដ្ឋានខណ្ឌមានជ័យ។ អ៊ីចឹងកិច្ចការងារហ្នឹង តុលាការផ្តល់មកហើយ គឺមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែអនុវត្តហើយ។ អ៊ីចឹងយើងកំពុងស្វែងរកមុខសញ្ញាដូចមានចែងនៅក្នុងដីកាហ្នឹង ប៉ុន្តែ ឥឡូវ យើងរកមិនទាន់ឃើញទេ…។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ ក៏បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ដែរថា កន្លងមក នៅពេលដែលមានការដាក់ទោសទណ្ឌទៅលើសមាជិក សកម្មជនបក្សប្រឆាំង ឬថ្នាក់ដឹកនាំបក្សប្រឆាំង បានប្រព្រឹត្តខុសនឹងច្បាប់ ប្រឈមការដាក់ពន្ធនាគារបក្សប្រឆាំង តែងតែចោទថា ជារឿងនយោបាយ ប៉ុន្តែក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល ក៏ដូចជាអំណាចតុលាការ គឺធ្វើទៅតាមច្បាប់។ ដូច្នេះមិនថាតែលោកម៉ន ផល្លា ឬបុគ្គលរូបណាទេ សូម្បីតែលោកកឹម សុខា ប្រធានគណបក្សប្រឆាំង ក៏អាចនាំខ្លួនបានដែរ ឱ្យតែមានដីកាបញ្ជាពីតុលាការ។
លោកខៀវ សុភ័គ បានមានប្រសាសន៍ថា “មានអី! បើបញ្ជាមក ធ្វើភ្លាម ច្បាប់តម្រូវឱ្យធ្វើអ៊ីចឹង មិនពិបាកអីនឹងធ្វើ។ ក្រសួងមហាផ្ទៃ ជាក្រសួងអនុវត្តច្បាប់ ព្រោះនេះជាបញ្ជានៃច្បាប់ អ៊ីចឹងហើយ ក្រសួងមហាផ្ទៃ ជំទាស់ម៉េច កើតមានតែជំទាស់នឹងច្បាប់ ព្រោះតុលាការ គាត់មានកម្លាំងឯណា គាត់មានតែក្រឹត្យក្រម មានព្រះរាជអាជ្ញា មានតែអីហ្នឹង។ សូម្បីតែអ្នកយាម ក៏កម្លាំងរបស់មហាផ្ទៃដែរ មិនអ៊ីចឹង? ហើយដល់ពេលគេបញ្ជាឱ្យនាំខ្លួនក្រសួងគ្មានជំទាស់អីឱ្យណែនាំតាមផ្លូវច្បាប់ហ្នឹងទេ ហើយមានការទទួលខុសត្រូវ។ ចំពោះថារឿងនេះ ជារឿងនយោបាយធម្មតាទេ បើធ្វើខុសរឿងអី មិនដែលថា មិននយោបាយ ព្រោះបើបក្សប្រឆាំង សម រង្ស៊ី ហៅតែប៉ុណ្ណឹង ស្អីក៏នយោបាយដែរ ព្រោះឆ្អិននឹងនយោបាយថា ទៅលួចគេ ក៏នយោបាយ សូម្បីតែបុកឆ្កែ ក៏ថាបុកនយោបាយដែរ តាំងពីមានបក្សប្រឆាំង ស្រុកខ្មែរ វាទៅនយោបាយអស់ហើយ វាអត់មានទប់ស្កាត់ទេ។ ទោះយ៉ាងណា សម្រាប់ក្រសួង គ្មានអីថាមិនអនុវត្តទេ មិនបាច់ទេ ឥឡូវបើបញ្ជាឱ្យចាប់កឹម សុខា ចាប់បានតែឥឡូវហ្នឹង ឱ្យតែមានចេញដីកា មិនតែកំប៉ុកកំប៉ុកប៉ុណ្ណឹងទេ និយាយឱ្យច្បាស់តែម្តង។ មិនជឿ អូសខ្លួនកឹម សុខា ទៅអូសប្រធានទៅឥឡូវហ្នឹង អូសក្បាលទៅឥឡូវហ្នឹង គឺមិនចាំបាច់តែបុគ្គលប៉ុណ្ណឹងទេ បើសិនដីកាបង្គាប់ ឱ្យចាប់កឹម សុខា ចាប់ភ្លាមនិយាយប៉ុណ្ណឹង។ ចំពោះបុគ្គលឈ្មោះម៉ន ផល្លា នោះ នៅក្រៅប្រទេស ឬនៅទីណា ទុកឱ្យបន្តទៅទៀត អាហ្នឹង មិនទាន់និយាយទេ គ្រាន់តែបញ្ជាក់ថា ឥឡូវមិនចាំបាច់ឈ្មោះម៉ន ផល្លា ហ្នឹងមិនធ្វើទេ ឱ្យតែមានបញ្ជានាំខ្លួន អ្នកណាក៏ដោយ រាប់ទាំង អាការិយាល័យនយោបាយអីប៉ុន្មាននាក់ហ្នឹង ក៏ដោយ នាំខ្លួនអូសក្បាលអស់ឥឡូវ សូម្បីតែ លោកកឹម សុខា ក៏ដោយ ឱ្យតែមានដីកាបញ្ជានាំខ្លួន ចាប់ហើយ កុំខ្វល់ពេក ! ធ្វើតាមច្បាប់ តើ ! ច្បាប់ស្រោចស្រង់ប្រទេស។ ប្រទេសមានស្តេច នគរមានច្បាប់ អ៊ីចឹងធ្វើទៅតាមច្បាប់របស់ប្រទេស ទាំងអស់គ្នាស្ថិតនៅក្រោមច្បាប់ អ្នកណាក៏ដោយ”។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងដីកាបញ្ជាឱ្យចូលខ្លួនលើកទី២ ដែលតុលាការបានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួននោះ លោកម៉ន ផល្លា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ដែលតាមប្រភពថា លោកម៉ន ផល្លា បានចេញទៅក្រៅប្រទេសហើយ។
ជុំវិញករណីនេះដែរ លោកម៉ន ផល្លា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ថា “ខ្ញុំបាទម៉ន ផល្លា ប្រធានគណៈកម្មាធិការ ប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ សូមជម្រាបសួរ ! ខ្ញុំសូមជម្រាបជូនថា ករណីហិង្សាដែលបានកើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ គឺស្ថិតនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។
ខ្ញុំសូមបញ្ជាក់ថា ក្នុងនាមខ្ញុំជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ បានរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត ស្របតាមច្បាប់បោះឆ្នោត និងបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ក្នុងការឃោសនារបស់ គ.ជ.ប។ ខ្ញុំតែងតែប្រតិបត្តិតាមច្បាប់ជាប្រចាំ។ ជាគោលការណ៍ ខ្ញុំមិនដែលបានប្រព្រឹត្តបទល្មើសដូចលោកព្រះរាជអាជ្ញារង សៀង សុខ អមសាលាដំបូងរាជធានីភ្នំពេញ ចោទខ្ញុំពីបទ បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមច្បាប់ព្រហ្មទណ្ឌនោះទេ។
ខ្ញុំគ្រាន់តែជាម្ចាស់លិខិត ដែលខ្ញុំជូនដំណឹងទៅប្រធានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ខ្ញុំមានផែនការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតធំលើកទី២ និងហែក្បួនឃោសនាតាមផ្លូវនានា ក្នុងនៅរាជធានីភ្នំពេញ។
ខ្ញុំក៏មិនបានចូលរួមប្រជុំពិភាក្សាជាមួយរដ្ឋបាលរាជធានី និងមន្ត្រីរៀបចំការបោះឆ្នោត រាជធានីទេ (PEC) ដោយសារខ្ញុំមានបញ្ហាសុខភាពមិនល្អ (បញ្ហាបំពង់ក ជាតិស្ករ ជាតិខ្លាញ់ និងជាតិអាស៊ីដឡើងខ្ពស់)។ ខ្ញុំបានចាត់ សហការីរបស់ខ្ញុំ ទៅប្រជុំពិភាក្សាអំពីផែនទី តម្រាយផ្លូវក្នុងការហែក្បួន កន្លែងជួបជុំ កន្លែងឈប់សម្រាក និងកន្លែងបញ្ចប់។
យើងបានឯកភាពគ្នាជាគោលការណ៍ រវាងមន្ត្រីរៀបចំការបោះឆ្នោត អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងតំណាងគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០១៧។
ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ យើងបានជួបជុំគ្នានៅវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ តាមផែនដូចតទៅ ៖
ទី១-អ្នកដឹកនាំក្បួនពីមុខខ្ញុំ គឺមានរថយន្ត មន្ត្រីរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ
ទី២-ផែនម៉ូតូសឺរ៉ែនរបស់មន្ត្រីប៉ូលិសចរាចរណ៍ បើកផ្លូវនៅពីមុខរថយន្តរបស់ខ្ញុំ
ទី៣-ផែនរបស់ខ្ញុំ រថយន្តព្រះអាទិត្យ និងផែនតាមខណ្ឌ និងផែនមហាជន៘
ការហែក្បួនតាំងពីព្រឹករហូតដល់ចប់ គឺរលូន មិនមានបញ្ហាអីកើតឡើងនៅក្នុងក្បួនរបស់ខ្ញុំនោះទេ។ ចំពោះរូបខ្ញុំផ្ទាល់ ពិតជាមិនបានដឹង មិនបានឃើញ និងមិនបានប្រព្រឹត្តហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដូចបទ ចោទនៅក្នុងដីកាបញ្ជាឱ្យខ្ញុំចូលខ្លួនបំភ្លឺរបស់ប៉ូលិស និងលោកព្រះរាជអាជ្ញារង សៀង សុខ អមសាលាដំបូងរាជធានីភ្នំពេញនោះទេ”។
លោកម៉ន ផល្លា បានសរសេរបន្តថា “ដើម្បីឱ្យបានច្បាស់ ខ្ញុំស្នើសុំលោកព្រះរាជអាជ្ញារង សៀង សុខ អញ្ជើញលោកប្រធាន ឬមន្ត្រីរៀបចំការបោះឆ្នោតរាជធានី និងមន្ត្រីប៉ូលិសចរាចរណ៍មកសាកសួរ ពីព្រោះពួកគាត់បានបើកនាំមុខក្បួនរបស់ខ្ញុំ ពីដើមដល់ចប់។
ការសន្និដ្ឋានរបស់ខ្ញុំ ខ្ញុំយល់ឃើញថា នេះជាការគំរាមកំហែង បំភិតបំភ័យ និងជារឿងនយោបាយ មិនមែនជារឿងច្បាប់នោះទេ។ ជាចេតនានៃការរៀបចំរបស់អ្នកមានអំណាច ដើម្បីបង្កើតព្រឹត្តិការណ៍ បង្កហិង្សាអុកឡុក ក្នុងក្បួន ឃោសនារបស់គណបក្សសង្គ្រោះជាតិរាជធានី ដោយហេតុថា មានប្រជាពលរដ្ឋចូលរួមហែក្បួនរាប់សែននាក់។
បន្ទាប់មក យកលេសចោទប្រកាន់រូបខ្ញុំ និងថ្នាក់ដឹកនាំ ក្នុងគោលបំណងបំបាក់ស្មារតី បំភិតបំភ័យ និងជារឿងនយោបាយទាំងស្រុង។
ដោយសារនៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ យ៉ាងច្រើនលើសលប់ ឈ្នះគណបក្សប្រជាជនកម្ពុជា បានចៅសង្កាត់ពីសូន្យចៅសង្កាត់ រហូត ៥៧ចៅសង្កាត់។
ជាប្រវត្តិសាស្ត្រគណបក្សប្រឆាំងឈ្នះឆ្នោត ថ្នាក់មូលដ្ឋាន គ្រប់គ្រងរាជធានីភ្នំពេញ ដែលជាបេះដូងរបស់ប្រទេស។ ដោយឡែក គណបក្សប្រជាជនកម្ពុជា សល់តែ៤៨ ជាចៅសង្កាត់។
ដូច្នេះនៅឆ្នាំ២០១៨ ខាងមុខ គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេស បន្តឈ្នះច្រើនលើសលប់ នៃសមាជិក រដ្ឋសភា។
ជាមួយគ្នានេះ ខ្ញុំក៏បានធ្វើលិខិតពឹងពាក់មេធាវី និងផ្ទេរសិទ្ធិជូនពួកគាត់ធ្វើការងារនេះ តាមនីតិវីធីច្បាប់របស់តុលាការ”។
យោងតាមលិខិតរបស់មេធាវីការពារក្តី ឱ្យលោកម៉ន ផល្លា គោរពជូនលោកអធិការ ខណ្ឌមានជ័យ ក្នុងកម្មវត្ថុ ស្តីពីផ្ទេរសមត្ថកិច្ច និងបញ្ជូនសំណុំរឿងទាំងមូលមកសមត្ថកិច្ច គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ជាសមត្ថកិច្ច ក្នុងករណីបណ្តឹងរបស់លោកសេត សាម៉ុន បានបញ្ជាក់ថា ករណីដែលបានកើតឡើង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងអំឡុងនៃការឃោសនាបោះឆ្នោត តាមការអនុញ្ញាតជាផ្លូវការរបស់ គ.ជ.ប និងអាជ្ញាធរ រាជធានីភ្នំពេញ ក្បួនដង្ហែឃោសនារបស់គណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តទៅដោយរលូន ក៏ប៉ុន្តែជាចៃដន្យមានជនស្រវឹងស្រាម្នាក់ បានមកអុកឡុក និងបង្អាក់ដំណើរការឃោសនា បោះឆ្នោត ហើយបញ្ហានេះ ត្រូវបានដោះស្រាយ និងបញ្ចប់ភ្លាមៗដោយសន្តិវិធី ហើយក្បួនឃោសនាបោះឆ្នោត បានបន្តទៅមុខទៀត ដោយរលូន និងចប់ចុងចប់ដើម នេះបើតាមប្រភពព័ត៌មានពីអ្នកផ្សេងបានអះអាង។ ប៉ុន្តែស្រាប់តែអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការកោះហៅកូនក្តីឈ្មោះម៉ន ផល្លា និងដោយបានកោះហៅលើកទី១ ឱ្យចូលបំភ្លឺនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ និងលើកទី២ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧។
លិខិតរបស់មេធាវីលោកម៉ន ផល្លា បានបញ្ជាក់ទៀតថា តាមច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតបាន កំណត់ថា រាល់វិវាទដែលកើតឡើងនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត គឺជាសមត្ថកិច្ចរបស់អាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ហើយចំពោះករណីកូនក្តី លោកម៉ន ផល្លា គឺត្រូវដោះស្រាយដោយអាជ្ញាធរបោះឆ្នោត។
ដោយឡែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ លោកយឹម សុវណ្ណ មិនអាចទាក់ទងសុំមតិយោបល់ ការបញ្ជាក់ឆ្លើយតបក្នុងនាមគណបក្សជុំវិញ បញ្ហាខាងលើនេះបានទេ កាលពីម្សិលមិញ។
ប៉ុន្តែលោកហូរ វ៉ាន់ តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ដែរថា លោកមានយោបល់២ នៅក្នុងករណីនេះ គឺទី១ គួរតែស្រាវជ្រាវទៅលើបុគ្គលវិញ ព្រោះពេលនោះ មនុស្សចូលរួមហែក្បួនច្រើនណាស់ ហើយមានទាំង៣ភាគី ទាំងគណបក្សសង្គ្រោះជាតិ ទាំង គ.ជ.ប រាជធានី ទាំងរដ្ឋអំណាចរាជធានី និងទី២ លោកចង់និយាយ ថា គួរតែឱ្យសំណុំរឿងចេញពី គ.ជ.ប ទៅឱ្យ គ.ជ.ប ជាអ្នកហៅមកដោះស្រាយ សម្របសម្រួល ហើយបើ គ.ជ.ប ថា ដោះមិនកើត ទើបត្រូវទៅតុលាការ។
លោកហូរ វ៉ាន់ បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងរឿងហ្នឹងអស់ ខ្ញុំឆ្លើយដូចទៅមិនរួចទេ ព្រោះអត់ទាន់បានសិក្សារឿងហ្នឹងច្បាស់ ចាំខ្ញុំសិក្សាសិន បានឆ្លើយរួច។ ចាំខ្ញុំសិក្សាសិន កុំឱ្យយើងនិយាយទៅ រឹតតែចោទប្រកាន់ទៅលើគ្នាកាន់តែធ្ងន់ទៅ។ ជាគោលការណ៍ គឺរឿងហែក្បួនទេ ហើយខ្ញុំដឹង ម៉ន ផល្លា គាត់គ្រាន់តែនាំក្បួន ហើយនិងស៊ីញ៉េលើហត្ថលេខាទេ ការពិតខ្ញុំចង់ឱ្យតុលាការហ្នឹង គឺថា ក្បាលអ្នកណា សក់អ្នកហ្នឹងទៅ ដោះស្រាយជាមួយអ្នកណាដែលធ្វើខុសហ្នឹងទៅ កុំឱ្យគ្នានៅឯមុខនេះ អត់ដឹងអីផង ហើយស្រាប់តែគេបង្កការឈ្លោះគ្នាមួយណា ឱ្យគ្នាទៅទទួលខុសត្រូវ អាហ្នឹង ជាការលំបាកសម្រាប់គ្នាដែរ។ អ៊ីចឹងបានខ្ញុំថា ចាំខ្ញុំសិក្សាសិន ប៉ុន្តែជាគោលការណ៍ ធម្មតាគ្នាដឹកនាំក្បួនអ៊ីចឹងហើយ ប៉ុន្តែរឿងអ្នកដែលបង្កើតហ្នឹង បើសិនជាសមត្ថកិច្ចគួរតែមើលតាមបុគ្គលណាវិញ កុំគិតតាមយករឿងអ្នកដឹកនាំក្បួនហ្នឹង ទៅជាមានទោសវិញ ទៅជាមានបញ្ហាវិញ អាហ្នឹងជាចិត្តខ្ញុំៗចង់ឱ្យគិតទៅតាមរបៀបហ្នឹងវិញទៅ។ ធម្មតា ពេលយុទ្ធនាការបោះឆ្នោត មិនឱ្យគ្នាហែក្បួនម៉េច? ហើយគ្នាមិនមែនដឹកនាំទៅបង្កើតហិង្សាឯណា គ្នាបានសុំការអនុញ្ញាត ជូនដំណឹងពីសាលាក្រុងច្បាស់លាស់ហើយ មិនតែសាលាក្រុងទេ ពីគ.ជ.ប នៅក្រុងហ្នឹងច្បាស់លាស់ទៀត គណៈកម្មការបោះឆ្នោតរាជធានី-ខេត្ត PEC ហ្នឹង ក៏នាំក្បួនជាមួយយើងដែរ។ ហើយអាជ្ញាធរក៏នៅមានជួយមើលការខុសត្រូវ នៅនឹងក្បួនហ្នឹងដែរ។ ដូច្នេះវាជាមួយគ្នាទាំងអស់គ្នា ហើយដល់កើតរឿង យើងអត់បង្កើតសោះ ស្រាប់តែរឿងទៅដល់គាត់ដែរ អាហ្នឹងរឿងមួយ។ រឿងមួយទៀត ខ្ញុំថា កិច្ចការទាំងអស់ នៅពេលយុទ្ធនាការបោះឆ្នោត បើមាន បញ្ហាអ្វីកើតឡើង គួរតែយកសំណុំរឿងហ្នឹង មកឱ្យខាង គ.ជ.ប ដែលមានសមត្ថកិច្ចផ្តាច់មុខក្នុងករណីហ្នឹង ដើម្បីគាត់ធ្វើ មានវិធានការដោះស្រាយ ពីព្រោះពេលហ្នឹង PEC ក៏នៅហ្នឹងដែរ PEC នាំក្បួនហ្នឹងដែរ គាត់ទទួលខុសត្រូវជាមួយក្បួនហ្នឹងដែរ ព្រោះយើងធ្វើ យើងបានជូនដំណឹងទៅ PEC ទៅសាលារាជធានី ឱ្យដឹងទាំងអស់គ្នា។ អ៊ីចឹងជាយោបល់ខ្ញុំ ទី១ គួរតែស្រាវជ្រាវទៅលើបុគ្គលវិញ ព្រោះពេលហ្នឹងមនុស្សចូលរួមហែច្រើនណាស់ យើងទាំង៣ភាគី ទាំងគណបក្ស ទាំង គ.ជ.ប រាជធានី ទាំងរដ្ឋអំណាចរាជធានី ទាំង៣ហ្នឹង យើងសហការគ្នា ហើយៗកាលណាមានបញ្ហាអ៊ីចឹង យើងទាំង៣នាក់ ជួយទទួលខុសត្រូវទាំង៣ស្ថាប័នហ្នឹងជាមួយគ្នា អាហ្នឹងទី១។ ចំណុចទី២ ខ្ញុំចង់និយាយថា គួរតែឱ្យរឿងអ្វីៗហ្នឹង ត្រូវឱ្យសំណុំរឿងចេញពី គ.ជ.ប ទៅហើយ គ.ជ.ប ជាអ្នកហៅមកដោះស្រាយ ហៅមកសម្របសម្រួល ឬក៏រឿងហ្នឹង គ.ជ.ប ថាដោះមិនកើតទេ ត្រូវទៅ តុលាការ អាហ្នឹងចាំយើងចាត់វិធានការអ៊ីចឹង ហើយដល់ឥឡូវរឿងនេះ ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ ប៉ុន្តែខ្ញុំចង់បានអ៊ីចឹង។ ដូច្នេះខ្ញុំមានតែ២ចំណុចហ្នឹងទេ ក្រៅពីហ្នឹង ខ្ញុំមិនដឹងនិយាយយ៉ាងម៉េចទេ”។
លោកហូរ វ៉ាន់ បានមានប្រសាសន៍បន្តថា “សម្រាប់លោកម៉ន ផល្លា គាត់ជាមនុស្សមានសមត្ថភាព ជាមនុស្សចេះចាត់ចែងការងារ ហើយជាអ្នកចេះដឹកនាំគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ បាននូវការរីកចម្រើន ហើយប្រកបដោយប្រសិទ្ធភាព។ រាល់ផែនការដែលគណបក្សនិយាយថា ក្រុមការងាររាជធានីអ៊ីចឹងចុះ ដាក់ផែនការទៅ គឺគណៈកម្មការប្រតិបត្តិ ដែលមានគាត់ជាប្រធានហ្នឹង គឺគាត់បានដឹកនាំប្រកបដោយប្រសិទ្ធភាព ហើយមានតម្លាភាព ហើយប្រកាន់ខ្ជាប់នូវធម៌អហិង្សាជានិច្ច តាំងពីដើមមករហូតដល់ពេលហ្នឹង មិនដែលថារាជធានីភ្នំពេញហ្នឹង ប្រព្រឹត្តអំពើហិង្សាណាមួយទេ និយាយឱ្យអស់អ៊ីចឹងតែម្តង គឺយើងប្រកាន់ជំហរអហិង្សាជានិច្ច នេះជាអ្វីដែលខ្ញុំមើលឃើញតែប៉ុណ្ណឹង”។
គួររំលឹកថា កាលពីថ្ងៃ២៨ ឧសភា ឆ្នាំ២០១៧ មានបុរសម្នាក់ ឈ្មោះសេត សាម៉ុន ត្រូវបានក្រុមដង្ហែក្បួន គណបក្សសង្គ្រោះជាតិប្រមាណជា១០នាក់ ព្រួតវាយខណៈពេលដែលបុរសរូបនេះ បើកម៉ូតូបញ្ច្រាសក្បួន និងបានទាស់សម្តីគ្នា បង្កជាហិង្សា បណ្តាលឱ្យបុរសម្នាក់នោះរបួសជាំហើមភ្នែកខាងឆ្វេងក្បាល និងដងខ្លួន។ មួយថ្ងៃក្រោយមក បុរសរងគ្រោះ បានដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធនឹងករណីហិង្សានេះ។
ទាក់ទិនករណីនេះ បើតាមប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន បានបញ្ជាក់ឱ្យដឹងថា ករណីកោះហៅម្តង ឬពីរដង មិនចូលតាមដីកានោះ នៅលើកទី៣ តុលាការអាចមានសិទ្ធិចេញដីកានាំខ្លួន។ ប៉ុន្តែសមត្ថកិច្ចមានសិទ្ធិអាចកោះហៅសាកសួរបាន ប្រសិនបើឆ្ងល់ ឬចង់ដឹង ហើយជាទូទៅ តុលាការត្រូវកោះហៅជនដៃដល់ដែល ជាអ្នកប្រើហិង្សា មកសួរជាមុនសិន មិនមែន ហៅអ្នកដែលមិនបានប្រព្រឹត្តនោះទេ៕
កុលបុត្រ