Thursday, November 28, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីថា មានសិទ្ធិពេញលេញបញ្ជាទ័ពនៅកម្ពុជា គ្មាននរណាហ៊ានទទឹងជាមួយហ៊ុន សែន

នាយករដ្ឋមន្ត្រីថា មានសិទ្ធិពេញលេញបញ្ជាទ័ពនៅកម្ពុជា គ្មាននរណាហ៊ានទទឹងជាមួយហ៊ុន សែន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា សម្តេចមានសិទ្ធិពេញលេញក្នុងការបញ្ជាទ័ព ហើយនៅកម្ពុជា គ្មាននរណាហ៊ានទទឹងជាមួយសម្តេចឡើយ ពោលគឺសម្តេច មានអំណាចគ្រប់គ្រាន់ទាំងអស់ ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល ដែលត្រូវអនុវត្តនយោបាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស នេះមិនទាន់គិតដល់ឋានៈនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ផងទេ។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់បែបនេះ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣៣០២ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឆ្លើយតបទៅមជ្ឈដ្ឋានមួយចំនួន ដែលរិះគន់ចំពោះការបញ្ជាទ័ពរបស់សម្តេចក្នុងការត្រៀមកម្ចាត់កងទ័ពឡាវ ដែលបានចូលឈ្លានពានទឹកដីកម្ពុជា នៅចំណុចព្រំដែន ខេត្តស្ទឹងត្រែង នាពេលថ្មីៗនេះ។

សម្តេចហ៊ុន សែន បានថ្លែងនៅពេលនោះ ថា “…សុំយល់ឱ្យច្បាស់ ការដែលខ្ញុំឡើងទៅឡាវសុំឱ្យឡាវដកទ័ព បើឡាវមិនព្រមដកយើងវ៉ៃ អត់មានអីខុសទេ យើងប្រើអស់សុច្ឆន្ទៈក្នុងការចរចា ហើយសុំផ្តាំនេះមិនមែនជាការឱនក្បាលទេ ក៏ប៉ុន្តែជាកម្រិតនៃនយោបាយ គេហៅថា នយោបាយការទូតដែលមានភាពទន់ភ្លន់ និងសុច្ឆន្ទៈ មេបក្សដែលត្រូវបានចាប់ខ្លួន ក្រោយពីការប្រមាថកងទ័ពនេះ បែរជាប្រើពាក្យ ខ្ញុំឱនក្បាលទៅរកសត្រូវ។ ឡាវមិនទាន់ជាសត្រូវរបស់យើងទេ តែរឿងរ៉ាវរបស់ទ័ពនៅលើយើង យើងក៏មិនទាន់បានឈានដល់ថ្នាក់កំពូលនៅឡើយដែរ អ៊ីចឹងការដែលខ្ញុំហោះទៅឡាវ សម្រេចបានជោគជ័យ អ្នកឯងយល់ថាម៉េច? បើកុំខ្ញុំស្រែកប៉ុណ្ណឹង ខ្ញុំកុំទៅប៉ុណ្ណឹង ពេលនេះឡាវ មិនទាន់ដកកងទ័ពចេញទេ សុំយល់អារឿងកន្លែងហ្នឹង ថោកអីនឹងដៃ ថ្លៃអីនឹងមាត់ ព្រោះរឿងយើងត្រូវសម្រេចចិត្តថា បើមិនដក យើងវ៉ៃហើយ ព្រោះយើងមិនអាចទុកឱ្យមកឈរជើង របៀបហ្នឹងនៅក្នុងទឹកដីរបស់យើងនោះទេ។ ប៉ុន្តែ រឿងរ៉ាវដ៏គួរឱ្យសោកស្តាយ មិនមែនជាកំហុសរបស់នាយករដ្ឋមន្ត្រីទេ កំហុសរបស់រដ្ឋមន្ត្រី ការបរទេស ! សំបុត្ររបស់ខ្ញុំ ថ្ងៃ២ ខែសីហា អត់ទាន់ទៅដល់នាយករដ្ឋមន្ត្រី ទៅដល់ភ្លាម អត់ទាន់ចរចារួមទេ ចរចាតែ២នាក់ គាត់ថា គាត់ទើបនឹងបានមើលយប់មិញ អ៊ីចឹងទេ ខ្ញុំអាចនិយាយបានថា កំហុសរដ្ឋមន្ត្រីការបរទេស ហើយខ្ញុំនិយាយថា បើរដ្ឋមន្ត្រីការបរទេសរបស់ខ្ញុំ ខ្ញុំទម្លាក់ចោលហើយ ខ្ញុំអត់ទុកទេ រឿងអីដែលសារលិខិតរបស់ប្រទេសមួយ ប្រមុខរដ្ឋាភិបាលប្រទេសមួយ មិនត្រូវបានដាក់ជូនភ្លាមៗ ទៅនាយករដ្ឋមន្ត្រី ធ្វើឱ្យនាយករដ្ឋមន្ត្រីខកខានមិនបានឆ្លើយតប។ មួយទៀត ឯកឧត្តមថងលូន ក៏ក្តាប់មិនជាប់នូវសភាពការណ៍ខាងក្រោម យើងព្រមព្រៀងគ្នា នៅថ្ងៃទី១០ ខែឧសភា នៅទីក្រុងភ្នំពេញ ការពិតកម្ពុជាមានសិទ្ធិស្របច្បាប់ ក្នុងការធ្វើផ្លូវតាមខ្សែព្រំដែនរបស់ខ្លួន សិទ្ធិស្របច្បាប់របស់យើង គឺយើងត្រូវធ្វើផ្លូវ ក៏ប៉ុន្តែដើម្បីចៀសវាងបង្កទៅជាជម្លោះ ខ្ញុំសុខចិត្តឱ្យបទបញ្ជាទៅកងវិស្វកម្មដកភ្លាមនូវកម្លាំងនេះត្រឡប់ទៅវិញ បញ្ឈប់ការធ្វើផ្លូវនៅត្រឹមហ្នឹងចុះ កុំឱ្យកម្ទេចភ្លើងមួយ ក្លាយទៅជាអគ្គិភ័យ សូម្បីតែនេះជាសិទ្ធិស្របច្បាប់របស់កងកម្លាំងកម្ពុជា ក៏ប៉ុន្តែខ្ញុំសុខចិត្តឱ្យបញ្ជាដកកម្លាំងនេះ ប៉ុន្តែខ្ញុំក៏ឱ្យឯកឧត្តមថងលូន ដកកម្លាំងដែល ឯកឧត្តមចូលមកនេះ ចេញត្រឡប់ទៅវិញ គាត់ត្រឡប់ទៅវិញ ក៏មិនបានដឹងថា កម្លាំងនេះវានៅទេ នៅពេលដែលចរចាជាមួយគ្នានេះ អ៊ីចឹង បានខ្ញុំយកតាំងពីរូបភាពទាហានគាត់បោះអង្រឹងចង ពេលហ្នឹងខ្ញុំបានបង្ហាញថា ឯកឧត្តម ឥឡូវ បើរូបភាពបែបនេះ រូបភាពកងទ័ពយើងឈរជើង គឺមានលេណដ្ឋាន មានស្អីៗច្រើន ឯរូបភាពគាត់ចងអង្រឹងតាមដើមឈើរួចហើយ គាត់មិនដឹងអ៊ីចឹងទេ គាត់បង្ហាញពីការសោកស្តាយ។ ខ្ញុំបានប្រគល់អានេះឱ្យមួយច្បាប់ កងទ័ពយើង អគ្គមេបញ្ជាការ ដែលបានបង្ហាញថា កម្លាំងរបស់គាត់ បានចូលមកតាំងពីថ្ងៃណា ខែណា សរុបទៅគាត់ចូលតាំងពីខែ២ ប៉ុន្តែយើងបានស្រុះស្រួលបញ្ឈប់ត្រឹមខែ៤ ខែ៥ ខ្ញុំឱ្យបញ្ជាដក ចឹងខ្ញុំឱ្យអាណឹងទៅគាត់១ផ្ទាំង ព្រោះកងទ័ព បើធ្វើគ្មានកំណត់ហេតុទេ យើងមិនអាចធ្វើអីគេកើតទេ ការប្តឹងផ្តល់គ្នា ក៏អាចនឹងមានបញ្ហាដែរ អ៊ីចឹងខ្ញុំប្រគល់អាហ្នឹងឱ្យគាត់ ដល់រួចហើយ ផែនទីកម្លាំងដែលគាត់ចូលមកនេះ យើងប្រើផែនទីខ្នាត ១/១០០ ០០០ ដោះស្រាយបាន ៨៦ភាគរយទៅហើយ ប៉ុន្តែនេះព្រំដែនត្រូវរត់តាមទន្លេសេកុង ជាប់រហូតឡើងមកដល់លើ ដល់គាត់ទៅយកផែនទីឯណា ខ្នាត ១/១ ០០០ ០០០ យកមកពង្រីកអ៊ីចឹងទេ ត្រូវបាត់ដីយើង អស់ ៤៩១,១០គីឡូម៉ែត្រការ៉េ មិនមែន៤០០ ហិកតារទេណា បានខ្ញុំថា ឯកឧត្តម ខ្ញុំមិនអាចទទួលបានទេ អាហ្នឹងហើយកម្លាំងគាត់នៅខាង ណេះ គាត់ឆ្លងទន្លេសេកុង មកចូលដីយើងនៅខាងណេះ ក្នុងចន្លោះពី២០០ ទៅ៧០០ម៉ែត្រ ទៅដល់១០០០ម៉ែត្រ អ៊ីចឹងតើយើងទុកស្ថានភាព អ៊ីចឹងបានទេ? ខ្ញុំបានលើកបង្ហាញថា ផែនទី ណាក៏ដោយ វាត្រូវតែចេញពីខ្នាត ១/១០០ ០០០ ខ្ញុំបានបញ្ជូនអានេះទៅឱ្យគាត់ ខ្ញុំប្រាប់ថា បង ថងលូន (ខ្ញុំហៅគាត់បង) ផែនទីបងឯង ដែលយកទៅតម្កល់នៅក្រុមភូមិសាស្ត្ររដ្ឋ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៩២ ចំណុចនេះ គឺជាចំណុច ដែលគាត់ទទួលស្គាល់អូរអាឡៃ អូរតាង៉ាវ ជាដីខ្មែរទៅហើយ អ៊ីចឹងទេ ក៏បានឯកភាពគ្នារហ័សៗ នាងផាត ចូលទៅថា អាហ្នឹង ៥នាទី តើដកបានហើយ ចឹងទេ រឿងនេះកើតចេញមកពីការមិនយល់ ការយឺតយ៉ាវរបស់ថ្នាក់ក្រោម ហើយនិងការក្តាប់មិនជាប់នូវសកម្មភាពកម្លាំង”។

សម្តេចហ៊ុន សែន ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សម្តេចហ៊ុន សែន បានមានប្រសាសន៍បន្តថា “អ៊ីចឹងទេ ពេលដែលឯកភាពគ្នារួចហើយ បានទៅប្រជុំរួម ដល់ទៅប្រជុំរួម យើងប្រកាសតែម្តង ហើយខ្ញុំទាមទារឱ្យមានសន្និសីទសារព័ត៌មានរួមគ្នាមួយ ហើយពេលហ្នឹង ខ្ញុំចាប់ចេញ បញ្ជានៅមុខគាត់ហ្នឹងថា ឥឡូវឡាវព្រមដក កងទ័ពនៅព្រឹកស្អែក សូមឱ្យកម្លាំងទាំងអស់ ដែលចល័តតាំងពីល្ងាចថ្ងៃសុក្រ និងព្រឹកនេះ ត្រឡប់វិលមកកាន់អង្គភាពវិញ ប៉ុន្តែយោងទៅលើល្បឿននៃការអនុវត្តជាក់ស្តែង ម៉ោង១២ ថ្ងៃ ត្រង់ បានចាប់ដក ហើយម៉ោង៤ល្ងាច បានដកអស់ទៅហើយអ៊ីចឹងការខិតខំដើម្បីនឹងធ្វើដំណើរទៅកាន់ប្រទេសឡាវ តើជាការឱនក្បាលទទួលយកនូវស្ថានភាពកម្លាំងរបស់គេឬ? នេះគឺជាវិធីការទូតមួយ ដែលភាគីទាំងពីរស្រុះស្រួលគ្នា មានការអី ឯកឧត្តមថងលូន អាចមកដល់ភ្នំពេញ ហើយមានការអី ខ្ញុំអាចទៅដល់ទីក្រុងវៀងចន្ទន៍ ដើម្បីពិភាក្សាគ្នា ពេលហ្នឹង ពេលដែលភាគីទាំងពីរឯកភាពគ្នា ហើយនាយអគ្គសេនាធិការកងទ័ព ឡាវ បាននិយាយជាមួយឯកឧត្តម ទៀ បាញ់ ថា បើឡាវដក ត្រូវឱ្យកម្ពុជាដកដែរ បាន ទៀ បាញ់ ប្រាប់ថា ឱ្យវាដកទៅណា បើដីវានៅហ្នឹង ប៉ុន្តែខ្ញុំបាននិយាយថា ខ្ញុំបានបញ្ជាហើយ បើមិនស្តាប់ គឺខ្ញុំដកចេញពីតំណែង ខ្ញុំក៏ចង់ប្រាប់ទៅមិត្ត ឡាវ ថា អំណាច គឺមិនអាចនឹងបំពានបានទេ គាត់ក្រោយពីការបញ្ជា ហើយនៅអគ្គសេនាធិការ ប៉ុន្តែបានរដ្ឋមន្ត្រីការពារជាតិ ដែលអង្គុយបាយជាមួយខ្ញុំ គឺគាត់តាមជាប់រឿងហ្នឹង អ៊ីចឹងខាងយើងក៏រាយការណ៍គ្រប់ពេល គាត់ក៏រាយការណ៍គ្រប់ពេល ពេលដែលបាយរួច គឺបានសេចក្តីថា ៣កង ក្នុងចំណោម៤កង បានដករួចស្រេចទៅហើយ ដល់ពេលដែលខ្ញុំមកដល់ផ្ទះ រាយការណ៍ពីស្ទឹងត្រែងមកថា ដកអស់ហើយ។ អ៊ីចឹងសូមបងប្អូនយល់ កម្ពុជា និងឡាវ ដែលជាមិត្តភក្តិ មិនគប្បីធ្វើសង្គ្រាមជាមួយគ្នាទេ ហើយបើខ្ញុំមិនទៅ សង្គ្រាមផ្ទុះដាច់ខាតត្រូវតែផ្ទុះហើយ ហើយរឿងចង់ផ្ទុះនេះ វាចង់ផ្ទុះប៉ុន្មានសាទៅហើយ ដោយសារតែវាជិតផ្ទុះ។ ខ្ញុំចាំបានកាលដែលខ្ញុំនៅរៀប ជួបប្រធានាធិបតី ស៊ី ជីនពីង សភាពការណ៍វាក្តៅពេក ខ្ញុំក៏ចុចទូរស័ព្ទពីប៉េកាំង នៅក្នុងខែឧសភា មកកាន់នាយករដ្ឋមន្ត្រីឡាវ ថា ឱ្យពិនិត្យមើលយើងទាំងពីរនាក់ អាចយល់គ្នា តែខាងក្រោមមិនយល់គ្នាទេ គេមានអាវុធ ចឹងទេ សូមបញ្ជាក់ជូនបញ្ហានេះ អ្នកខ្លះយល់ខុសថា ការធ្វើដំណើររបស់ខ្ញុំទៅនេះ គឺជាការដាក់ខ្លួន ឱនក្បាលទៅរកសត្រូវ។ ខ្ញុំសូមបញ្ជាក់ថា ឡាវ មិនមែនជាសត្រូវរបស់យើងទេ យើងមិនទាន់បាននិយាយអស់នៅឡើយ ហើយពេលដែលយើងទៅដល់បានភ្ញាក់ថា នាយករដ្ឋមន្ត្រីឡាវ អត់ទាន់បានទទួលលិខិត ខ្ញុំមិនដឹងថា បើសិនជាខ្ញុំមិនស្រែក ហើយខ្ញុំមិនទៅ តើ៣ខែ ទៀត រដ្ឋមន្ត្រីការបរទេសឡាវ ប្រគល់អាហ្នឹងទៅឱ្យនាយករដ្ឋមន្ត្រីទេ? សម្រាប់ខ្ញុំ បើសិនរដ្ឋមន្ត្រីណាធ្វើការបែបនេះ ខ្ញុំដកចេញ មិនថា រដ្ឋមន្ត្រីនោះជាអីទេ ព្រោះរឿងនេះ លិខិតនេះ គេសរសេរទៅនាយករដ្ឋមន្ត្រី មិនមែនសរសេរមកត្រឹមរដ្ឋមន្ត្រីទេ ស្ថានភាពកម្លាំងនៅខាងក្រោម យើងមានការកត់ត្រាល្អិតល្អន់ណាស់ អគ្គបញ្ជាការទ័ព ក៏ដូចជាសេនាធិការគ្រប់ថ្នាក់  បានធ្វើតាំងពីកម្លាំងចូលប៉ុន្មានថ្ងៃណា ម៉ោង ប៉ុន្មាន? គឺមានទាំងអស់នៅក្នុងកំណត់ត្រានេះ ប៉ុន្តែឥឡូវយ៉ាងណាក៏ដោយ សភាពការណ៍វាបានផុតហើយ ហើយយើងបានសន្យាជាមួយគ្នាថា កុំឱ្យឧប្បត្តិហេតុដដែលនេះកើតឡើងវិញ រវាងកម្ពុជា និងឡាវ។ កម្ពុជាអត់ចំណោទទេ គ្មានអ្នកណាមានសិទ្ធិបញ្ជូនកម្លាំងទេ អ្នកខ្លះថា លោកហ៊ុន សែន ប្រើអំណាចធំហួសបញ្ជាទ័ព។ ធ្វើនាយករដ្ឋមន្ត្រី បើបញ្ជាទ័ពបញ្ជាប្រដាប់អាវុធមិនបាន កុំធ្វើនាយករដ្ឋមន្ត្រី សូម្បីចៅអធិការវត្ត ក៏ត្រូវបញ្ជាគ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង និងសង្ឃទាំងអស់ អាចារ្យ យាយជីទាំងអស់ដែរ បើឱ្យធ្វើនាយករដ្ឋមន្ត្រី មិនអាចបញ្ជាទ័ពបាន  មិនអាចបញ្ជាកម្លាំងប្រដាប់អាវុធបាន កុំធ្វើនាយករដ្ឋមន្ត្រី ! ខ្ញុំមានអំណាចគ្រប់គ្រាន់ទាំងអស់ ក្នុងឋានៈជាប្រមុខ រដ្ឋាភិបាល ដែលត្រូវអនុវត្តនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស មិនទាន់គិតទៅដល់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ផង ហើយនៅក្នុងឧត្តមក្រុមប្រឹក្សា ការពារជាតិផងនោះ អ្នកឯងសុំកុំច្រឡំៗ ហើយ នៅប្រទេសកម្ពុជា អត់មានអ្នកទទឹងជាមួយ ហ៊ុន សែន បានទេ សុំផ្តាំឱ្យអ្នកឯង សូម្បីតែទៅជប៉ុន អគ្គរដ្ឋទូតជប៉ុន ៣នាក់ អតីត២ ទូតបច្ចុប្បន្ន១ ក្នុងសមាគមមិត្តភាព គាត់និយាយពីរឿងកម្លាំងប្រដាប់អាវុធខ្ញុំថា ជាគោលការណ៍កម្លាំងប្រដាប់អាវុធ គេបង្កើតឡើងដើម្បីការពាររដ្ឋ អ៊ីចឹងសូមកុំប្រមាថ ខ្ញុំមិនប្រើតួនាទីប្រធាន គណបក្សប្រជាជនកម្ពុជាដើម្បីបញ្ជាលើកម្លាំងប្រដាប់អាវុធទេ ខ្ញុំប្រើតួនាទីរបស់ខ្ញុំជានាយករដ្ឋមន្ត្រី បញ្ជាលើទ័ព បញ្ជាលើនគរបាល សូមលោកបណ្ឌិតមួយចំនួន ដែលតែងតែវិភាគមិនច្បាស់ ហើយលម្អៀង បើមិនចេះទេ បិទមាត់ទៅ វាមិនដែលអ្នកណាធ្វើនាយករដ្ឋមន្ត្រី បញ្ជាកម្លាំងមិនបានទេ! ហើយខ្ញុំបានប្រាប់ទៅទូតជប៉ុន ទាំង៣ និងសមាគមមិត្តភាពថា ក្នុងកាលៈទេសៈបែបនេះ ខ្ញុំត្រូវពង្រឹងការគ្រប់គ្រងរបស់ខ្ញុំ លើកងទ័ព និងនគរបាល នេះជាសិទ្ធិអំណាចរបស់ខ្ញុំ ខ្ញុំមិនអាចប្រហែសបានទេ ហើយមានអាម្សៀ១នោះ ពូកែណាស់ខាងវិភាគ ថាមើល ទៅទ័ពដូចមិនសូវត្រូវគ្នាអីអ៊ីចេះអ៊ីចុះ មិនសូវស្តាប់បញ្ជា ចាំទៅអាពៅ ! ផ្តាំទៅពីចម្ងាយ បើមិនច្បាស់ទេ នៅឱ្យស្ងៀមទៅប្រយ័ត្នជាប់ខ្នោះទៀត ជាប់ខ្នោះ១ហើយតើម្សិលមិញ អានេះស្គាល់គុកដែរតើ ! កាលពីមុនរួចខ្លួននៅ អាមេរិក ហើយឯងទៅឡើងប៉ុស្តិ៍ថៃ ដែលកំពុងតែទាមទារដីយើង ទាមទារប្រាសាទព្រះវិហារ  វាទៅឡើងប៉ុស្តិ៍អាវលឿងថៃ អ្នកទូរទស្សន៍អាវលឿងថៃហ្នឹងហើយដែលមកធ្វើសកម្មភាព កាលពីម្សិលថា បើសង្គ្រាមកើតឡើងរវាងកម្ពុជា និងឡាវ វាមិនខុសគ្នាជាមួយកម្ពុជា-ថៃទេ អ្នកដែលស្លាប់គឺប្រជាជន និងកងទ័ព ស្លាប់ដោយ វេទនា ប៉ុន្តែមេទ័ពចោរ នឹងឡើងបុណ្យស័ក្តិ ឥឡូវល្អហើយដែលអ្នកឯងបានទៅដេកគុកនោះ កុំអីងាប់ ចាប់បានកាន់តែរហ័សកាន់តែល្អ ដូចជាយើងការពារវាដែរ នៅខាងក្រៅគេវ៉ៃងាប់ ! អ្វីទៅទ័ព បើអ្នកឯងហៅគេចោរហើយ អ៊ីចឹងចោរវានឹងទៅវ៉ៃ។ អ៊ីចឹងអស់លោកទាំងឡាយ ប្រយ័ត្នរឿងធ្វើអត្ថាធិប្បាយប៉ះពាល់ទៅដល់កងកម្លាំងប្រដាប់អាវុធ និងភាពថ្លៃថ្នូរនៃកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឬរដ្ឋបាលសាធារណៈ ហើយមានអាម្សៀ១ហ្នឹង គឺថាអត់ទេ ចុះឡើងៗ ខ្ញុំមិនមែនហាមឃាត់អ្នកណាបញ្ចោញមតិទេ បញ្ចោញទៅ បញ្ចោញប៉ុន្មានក៏បញ្ចោញទៅ តែកុំឱ្យប៉ះពាល់សិទ្ធិគេ បើអ្នកឯងមកប៉ះពាល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី មិនឱ្យនាយករដ្ឋមន្ត្រីបញ្ជាទ័ព អាហ្នឹងគឺចប់ហើយ វាខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញ ខុសក្រឹត្យក្រមពិតប្រាកដ អ្នកឯងចង់ធ្វើបដិវត្តន៍ពណ៌ឬអី បានអ្នកឯងចង់អព្យាក្រឹតទ័ព? ខ្ញុំអាចចោទអ្នកឯងទៅលើផ្លូវហ្នឹង ព្រោះបដិវត្តន៍ពណ៌ដែលគេដណ្តើមយកអំណាចបាន ដូចជានៅហ្ស៊កហ្ស៊ី ទ័ពមិនចេញការពារប្រធានាធិបតីទេ ត្រូវរត់ចេញ ហើយទីបំផុត បក្សប្រឆាំងអត់មានធ្វើអី នៅស្រុកខ្មែរ អត់បានទេ អ្នកឯងហ៊ាននិយាយអព្យាក្រឹតភាព ទ័ពនៅក្រោមបញ្ជារដ្ឋាភិបាលអព្យាក្រឹតទ័ព ចំពោះបក្សនយោបាយ អូខេ អាហ្នឹងបានការពារឱ្យទាំងអស់គ្នា កងទ័ព គេបង្កើតកងទ័ព នគរបាល អាវុធហត្ថ គេបង្កើតឡើងដើម្បីការពាររដ្ឋ គុកគេបង្កើតឡើង ដើម្បីដាក់អាអ្នកធ្វើខុស បើកុំធ្វើខុស តើអ្នកណាគេទៅចាប់វា? ថ្ងៃមុន ម្នាក់ហ្នឹងទៅនិយាយនៅរាជបណ្ឌិត្យសភា វាថា ខ្មែរគ្រាន់តែគិតជិតជាប់គុកហើយ ដល់និយាយចេញចូលបទគុក អើ ! ឥឡូវឯងនិយាយ ចេញចូលគុកហើយតើ! ព្រោះឯងនិយាយប៉ះពាល់គេ អាទី១ អត់ទាន់អីទេ តែអាម្សិលមិញ បានធ្ងន់…”។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកទាក់ទង នឹងករណីនេះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នោះដែរថា “គោរពជម្រាបជូនបណ្តាញសារព័ត៌មាន និងជនរួមជាតិ ជាទីមេត្រី

ចម្លើយតបនឹងការបំពុលព័ត៌មាន ប្រតិបត្តិការយោធា។

អនុលោម ទៅតាមការអនុវត្តន៍គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល តេជោ សែន ក៏ដូចជាគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលកំពុងស្ថិតនៅក្នុងអាណត្តិអំណាចរបស់ខ្លួន ហើយស្របជាមួយ និងរដ្ឋធម្មនុញ្ញែខ្មរ ដែលផ្តល់បុព្វសិទ្ធិ និងអំណាច ដល់រាជរដ្ឋាភិបាលផ្តាច់មុខ ក្នុងកិច្ចការពារជាតិនោះ ដូចនេះមិនត្រូវមានបុគ្គលណា ឬក្រុមណា មានសិទ្ធិជ្រៀតជ្រែកលូកលាន់ក្នុងកិច្ចចំណាត់ការរបស់សម្តេចតេជា នាយករដ្ឋមន្ត្រី ដែលលោកជាអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ដែលចែងនៅមាត្រា២៣ រដ្ឋធម្មនុញ្ញ។ នេះជាការងារ ទ័ពសុទ្ធសាធ មិនមែនការងារស៊ីវិលនោះឡើយ។ អាស្រ័យហេតុនេះ សម្តេចតេជោ មានបុព្វសិទ្ធគ្រប់គ្រាន់ ក្នុងកិច្ចចាត់ការ ឬបញ្ជាកងទ័ពជាបន្ទាន់ ក្នុងកិច្ចការពារជាតិ ឬការពារទឹកដីកម្ពុជា ដោយមិនចាំបាច់ទទួលការអនុញ្ញាតជាមុនពីស្ថាប័នណាមួយនោះឡើយ លើកលែងតែការធ្វើសង្គ្រាមមួយមុខគត់តែប៉ុណ្ណោះ។

មាត្រា៤៩ រដ្ឋធម្មនុញ្ញ ក៏បានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែក… ការពារមាតុភូមិ។

បណ្តាំរបស់ព្រះបាទបរមរតនកោដ្ឋ ឬព្រះមហាវីរក្សត្រ ក្នុងទម្រង់ជាព្រះរាជបណ្តាំ ក៏ដូចជាលាយលក្ខណ៍អក្សរ ដែលបានឆ្លាក់តាំង នៅមុខព្រះបរមរាជវាំង មានន័យថា ត្រូវតែ រួមសាមគ្គី និងឯកភាពគ្នាក្នុងកិច្ចការការពារជាតិ។

ក៏ដូចជាបទពិសោធន៍នានា ពីប្រទេសនីមួយៗ នៅលើពិភពលោក គេតែងតែសាមគ្គី និងឯកភាពគ្នាចំពោះចំណាត់ការរបស់រដ្ឋាភិបាល នៅក្នុងអាណត្តិទៅលើវិស័យការពារជាតិ ក៏ដូចជាកិច្ចការពារផលប្រយោជន៍របស់ជាតិ របស់គេ។

ប្រធានាបតី ឬនាយករដ្ឋមន្ត្រី មានបុព្វសិទ្ធចំណាត់ការជាបន្ទាន់ នាកាលៈទេសៈណាមួយ។ ក្នុងកិច្ចការពារជាតិ និងអាចសូមស្នើដល់រដ្ឋសភា ក្នុងកិច្ចស្នើច្បាប់អនុវត្តន៍ បន្ថែមលើកិច្ចការពារជាតិនោះ រួមទាំងថវិកាបន្ថែម ផងដែរ ឬមួយឆ្លើយពន្យល់ដល់រដ្ឋសភា រាល់ហេតុផលនៃចំណាត់ការយោធាជាបន្ទាន់ណាមួយនេះ។

អាស្រ័យហេតុដូចនេះ ខ្ញុំសូមជម្រាបជូនដល់អ្នកនយោបាយ ឬអ្នកតាំងខ្លួនជាអ្នកវិភាគនយោបាយ មេត្តាចូលរួមស្មារតីក្នុងកិច្ចការពារជាតិនេះ។ អ្វីដែលមានប្រសិទ្ធភាព ក៏ដូចជា របបនយោបាយការពារជាតិ ដែលមានស្រាប់ រួចមកហើយ។ រាល់សកម្មភាព ឬការបញ្ជោញមតិណាដែលធ្វើឱ្យបាត់បង់ប្រសិទ្ធភាពនៃកិច្ច ប្រតិបត្តិការយោធា គឺជាអំពើវិទ្ធង្សនា ប្រឆាំង នឹងផលប្រយោជន៍ការពារជាតិ ក៏ដូចក្រមព្រហ្មទណ្ឌផងដែរ។

ជាបទពិសោធន៍ រាជរដ្ឋាភិបាលបានទទួលការវាយប្រហារបំបាក់ស្មារតីប្រយុទ្ធរបស់កងប្រដាប់អាវុធប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពាន ជាក់ស្តែងរបស់បរទេស នៅលើសមរភូមិតំបន់ប្រាសាទព្រះវិហារ ក៏ដូចជាបច្ចុប្បន្នកាល ដែលក្រុមទាំងនោះ ធ្វើការវាយប្រហារស្មារតីប្រយុទ្ធរបស់កងប្រយុទ្ធកម្ពុជា នៅលើសមរភូមិអូរអាឡៃ ដែលកងទ័ពឡាវ ឈរជើងខុសច្បាប់ នៅលើទឹកដីកម្ពុជា ។

ការបំពុលព័ត៌មានយោធា ជាអំពើខុសច្បាប់ ដែលត្រូវផន្ទាទោសតាមច្បាប់”៕

កុលបុត្រ

RELATED ARTICLES