Monday, November 25, 2024
Homeនយោបាយសួន សេរីរដ្ឋា តុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួន

សួន សេរីរដ្ឋា តុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួន

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេច ចោទប្រកាន់ និងឃុំខ្លួន បន្ទាប់ពីត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពី ដំណើររឿងប្រមាថដល់កងទ័ពកម្ពុជា។

ជាមួយគ្នានេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការប្រមាថកងទ័ពជាតិ និងប្រមាថព្រះមហាក្សត្រ មិនអាចអត់ឱនឱ្យបានឡើយ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ បានធ្វើការសាកសួរលើលោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ រួចហើយ បានសម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះនៅថ្ងៃនោះតែម្តង ប៉ុន្តែដោយមានការស្នើសុំពីជនជាប់ចោទ ដើម្បីទុកពេលរកមេធាវីទុកការពារក្តី ទើបចៅក្រមបានសម្រេចឃុំខ្លួនលោកសួន សេរីរដ្ឋា ជាបណ្តោះអាសន្ន ដោយនឹងបន្តបើកសវនាការជំនុំជម្រះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៧។

ការចេញដីកាឃុំខ្លួនលោកសួន សេរីរដ្ឋា ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារង លោកសៀង សុខ បានសម្រេចចោទប្រកាន់ជាផ្លូវការ និងបញ្ជូនទៅចៅក្រមរស់ ពិសិដ្ឋ បើកសវនាការ កាត់ក្តីភ្លាមៗតែម្តង ដោយសារតែករណីនេះ ជាបទល្មើសជាក់ស្តែង។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ  លោកលី សុផាណា បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា បន្ទាប់ពីបានសាកសួរពិនិត្យសំណុំរឿង និងប្រាប់ពីសិទ្ធិរបស់ជនជាប់ចោទនៅក្នុងសវនាការ ចៅក្រមជំនុំជម្រះ បានសម្រេចបន្តសវនាការនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដោយសារជនជាប់ចោទស្នើសុំរកមេធាវីការពារក្តីឱ្យខ្លួន ហើយចៅក្រមបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនជាប់ចោទឈ្មោះសួន សេរីរដ្ឋា ដើម្បីរក្សាទុកជូនតុលាការជំនុំជម្រះ។ ពោលគឺ បន្ទាប់ពីបានសាកសួរ និងពិនិត្យសំណុំរឿងនេះ ចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថា អង្គហេតុខាងលើ បានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទជាបទល្មើស ព្រហ្មទណ្ឌ ចំនួន៣ករណី។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មានខ្លឹមសារទាំង ស្រុងថា  “អយ្យការអមសមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ឈ្មោះសួន សេរីរដ្ឋា ភេទប្រុស អាយុ៤៣ឆ្នាំ មុខងារជាប្រធានគណបក្សអំណាចខ្មែរ ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធទៅនឹងអង្គហេតុនៃការបង្ហោះសារជាសាធារណៈនៅលើ Page ឈ្មោះ Sourn Serey Ratha  ក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដែលសារនោះ មានចរិតបង្កគ្រោះថ្នាក់ដល់វិស័យការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ការឃាត់ខ្លួនខាងលើនេះ ត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ស្របតាមបញ្ញត្តិមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានធ្វើការពិនិត្យស្រាវជ្រាវសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថា អង្គហេតុខាងលើ បានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ដែលជាបទល្មើសព្រហ្មទណ្ឌ រួមមាន ៖

១-បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១នៃក្រមព្រហ្មទណ្ឌ

២-បទធ្វើឱ្យខូចទឹកចិត្តកងទ័ព តាម បញ្ញត្តិ មាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ

៣-បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជា អាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដោយហេតុថា ករណីខាងលើ ជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះ បានបំពេញលក្ខខណ្ឌនៃនីតីវិធីនៃការបង្ហាញខ្លួនភ្លាម តាមបញ្ញត្តិមាត្រា៤៧ និងមាត្រា៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងបញ្ជូនជនជាប់ចោទឈ្មោះសួន សេរីរដ្ឋា រួមទាំងសំណុំរឿងព្រហ្មទណ្ឌ លេខ៥០៩០ ចុះ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ តាមកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម លេខ ០១៨ អ.យ.ឋ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះ។

អាស្រ័យហេតុនេះ សូមសាធារជន និងស្ថាប័នពាក់ព័ន្ធជ្រាបជាព័ត៌មាន”។

គួរបញ្ជាក់ថា លោកសួន សេរីរដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនវ៉ៃខ្នោះភ្លាមៗ កាលពីថ្ងៃទី១៣  ខែសីហា ឆ្នាំ២០១៧ ខណៈដែលលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីលោកសួន សេរីរដ្ឋា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ថា “សាមកុក របស់លោកហ៊ុន សែន ថា កំពុងបែកកុក! សេនាប្រមុខដាក់បញ្ជាឱ្យកងទ័ពត្រៀមប្រយុទ្ធ ដាក់ឱសានវាទឱ្យសត្រូវ… តែបែរជាឱនក្បាល ចូលបន្ទាយសត្រូវ ដើម្បីសុំចរចា !  ពេលសង្គ្រាមកើតឡើងជាមួយប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយប្រទេសសៀមទេ! គឺកូនខ្មែរកងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ព ចោរនឹងឡើងបុណ្យស័ក្តិ ប្រមូលលុយកាក់សប្បាយ ជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង។ តែទោះបីជាយ៉ាងណា និងទោះបីជាយើងដឹងថា វាជាសង្គ្រាម ដើម្បីដំឡើងមុខ ដំឡើងឋានៈ បំពាក់ខ្លួនឥស្សរៈចោរ បន្លំឱ្យក្លាយទៅជាឥស្សរជនបំភាន់យើងយ៉ាងណាក៏ដោយ… ក៏សូមឱ្យពលរដ្ឋខ្មែរ យុវជនខ្មែរ ត្រូវរួមសាមគ្គីគ្នា លើកទឹកចិត្ត និងជួយ គ្រប់យ៉ាងដែលអាចជួយបាន ដល់កងទ័ពជាតិរបស់យើង ដែលតែងយកទ្រូងទៅពាំងគ្រាប់ រំសេវ ដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដ”។

ពាក់ព័ន្ធករណីនេះដែរ សម្តេចហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ថាមិនអាចអត់ឱន ឱ្យលោកសួន សេរីរដ្ឋា បានទេ ចំពោះការប្រមាថកងទ័ព និងមិនអាចឱ្យនៅក្រៅឃុំបានទេ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ នៅពេលនោះថា “…ខ្ញុំគួរតែត្រូវបានបញ្ជាក់បន្តិចថា ហេតុអីបានជាត្រូវមានរឿងអ៊ីចឹង? ហើយមូលហេតុអីទៅ សុំអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ ហើយការប្រមាថរបស់អ្នកមិនអាច ទទួលយកបានទេ! ល្អហើយដែលបើបានទៅដេកគុក អាហ្នឹងវាស្រួល បើនៅក្រៅគុក អាហ្នឹងច្បាស់ជាកងទ័ពដើររករឿងរាល់ថ្ងៃ។ ប៉ុន្តែ ច្បាប់ គឺមិនតម្រូវឱ្យអ្នកឯងនៅក្រៅគុកទេ ការប្រមាថមេទ័ពចោរ អ៊ីចឹងមេទ័ពចោរ មាស សុភា មេទ័ពចោរ ប៉ុល សារឿន… សុទ្ធតែ មេទ័ពចោរ…ហេ ! អត់បានទេ បទល្មើសជាក់ស្តែង ត្រូវតែដាក់គ្រឹប កុំថាអ្នកឯងប្រធានបក្ស អ្នកឯងស្អីក៏ដោយ មានអភ័យឯកសិទ្ធិសភាក៏ដោយ ព្រឹទ្ធសភាក៏ដោយ ឱ្យតែបទល្មើស ជាក់ស្តែង គឺវ៉ៃខ្នោះភ្លាមហ្មង ! នេះសន្តិសុខរបស់រដ្ឋ សន្តិសុខរបស់ជាតិ អត់ត្រូវបានប្រមាថទេ ហើយសម្តីរបស់គេប្រើប្រាស់ មិនខុសពីសម្តីដែលគេឡើងប៉ុស្តិ៍អាវលឿងៗ បានវាមានរឿងកាត់ទោសហើយ ខ្ញុំហើយជាអ្នកសម្រប សម្រួល ធ្វើការលើកលែងទោស តែមិននឹកថា ភាពជម្លើយរបស់គេ មិនព្រមចោល ឥឡូវប្រហែលជាម៉ោងនេះ ត្រូវបញ្ជូនទៅតុលាការ ឮថាតុលាការកាត់ថ្ងៃហ្នឹង…ហើយម៉្យាងទៀត សារប្រមាថចំពោះព្រះមហាក្សត្រ ត្រូវបានសាមីខ្លួនសារភាពហើយសារប្រមាថថា ទាត់ឱ្យធ្លាយវាំងនោះ សាមីខ្លួនបានចុះហត្ថលេខាថា ខ្លួនបានសរសេរសារហ្នឹងថា ចេញសារហ្នឹង ឱ្យទៅអ្នកនៅស្រុកបារាំង…”។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានបញ្ជាក់ថា ក្រៅពីលោកសួន សេរីរដ្ឋា  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងតុលាការឃុំខ្លួន ពីបទសង្ស័យថា បានជេរប្រមាថកងទ័ព និងមេដឹកនាំរដ្ឋាភិបាលនោះ អ្នកផ្សេងៗទៀត ក៏អាចនឹងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ទៀតដែរ ប្រសិនជាអ្នកទាំងនោះ នៅតែបន្តប្រមាថកងទ័ពជាតិ ពាក់ព័ន្ធការដោះស្រាយជម្លោះ ជាមួយប្រទេសជិតខាងនៅពេលថ្មីៗនេះ ព្រោះអ្វីដែលសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកសួន សេរីរដ្ឋា នោះ មិនមែនជាការបញ្ចោញមតិទេ តែទី១ ជាការរិះគន់បរិហារកេរ្តិ៍ ប៉ះពាល់ទៅដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទរបស់កម្ពុជា ឬជាការប្រមាថដល់កងទ័ពជាតិ ដែលជាអ្នកលះបង់ជីវិត ដើម្បីសេចក្តីសុខពលរដ្ឋ ក្នុងពេលដែលរៀបចំ ការពារទឹកដី កន្លងមក និងទីពីរ បាននិយាយ ប៉ះពាល់ដល់កិត្តិយស របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ថា “កិច្ចការពារខឿនការពារជាតិ គឺជាភារកិច្ចចម្បងបំផុតរបស់ប្រទេសនីមួយៗ ជនដែលមានចេតនាបំផ្លាញកិច្ចការពារជាតិ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ទោះប្រទេសណាក៏ដោយ។ ការញុះញង់ឱ្យកងទ័ពមិនស្តាប់បញ្ជា ឬធ្វើឱ្យកងទ័ពបាក់ទឹកចិត្ត គឺជាការបំផ្លាញកិច្ចការពារជាតិ ដែលនាំឱ្យមានការប៉ះពាល់ដល់សន្តិសុខរដ្ឋ។ អំពើនេះ គឺជាអំពើល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ពោលគឺទង្វើរបស់លោកសួន សេរីរដ្ឋា ជាអំពើល្មើសជាក់ស្តែង ដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ ហេតុនេះជាធម្មតាទេ ដែលសមត្ថកិច្ចមានចំណាត់ការលើរឿងនេះ”។

ជាមួយគ្នានេះ មន្ត្រីយោធាកំពូលៗ ក៏បានថ្កោលទោស និងទាមទារឱ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់ និងដាក់ទោសឱ្យបានធ្ងន់បំផុត ដោយគ្មានការលើកលែងទៅលើលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។

យោងតាមទំព័រហ្វេសប៊ុកកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា “នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមាន ប្រសាសន៍ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបង្ហោះសារមានចេតនា ញុះញង់ បំបែកបំបាក់ឯកភាពជាតិ បំផ្លិចបំផ្លាញ កងទ័ពជាតិ បន្ទាបបន្ថោកតួនាទីរបស់កងយោធពលខេមរភូមិន្ទ និងបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ កងរាជអាវុធហត្ថ សូមថ្កោលទោសចំពោះលោកសួន សេរីរដ្ឋា ចាត់ទុកការប្រព្រឹត្តរបស់លោកសួន សេរីរដ្ឋា ជាទង្វើក្បត់ជាតិ។ កងរាជអាវុធហត្ថ សូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលតាមផ្លូវច្បាប់ទៅលើជនក្បត់ជាតិរូបនេះ។ កងរាជអាវុធហត្ថ សូមគាំទ្រ និងស្ងើចសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដោះស្រាយបញ្ហា ព្រំដែនជាមួយភាគីឡាវ ដោយសន្តិវិធីការពារ គង់វង្សនូវបូរណភាពទឹកដី អធិបតេយ្យជាតិ ដោយគ្មានការបង្ហូរឈាម។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមថា កងរាជអាវុធហត្ថ សូមប្តេជ្ញាបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយខ្ជាប់ខ្ជួន ស្របតាមច្បាប់ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹង ការអនុវត្តច្បាប់ បង្ក្រាបនូវរាល់បទល្មើស និងទង្វើក្បត់ជាតិ។ ត្រៀមខ្លួនជាស្រេចក្នុងការ អនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល”។

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ការលើកឡើងរបស់លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ជាការឆ្កួតលេលា ដូច្នេះលោកស្នើឱ្យតុលាការផ្តន្ទាទោសឱ្យបាន ធ្ងន់បំផុត ដើម្បីស្វែងរកយុត្តិធម៌ឱ្យកងទ័ពកម្ពុជា។

មេបញ្ជាការយោធភូមិភាគទី៣ លោកឧត្តមសេនីយ៍ឯក យឿង សុខុន បានបញ្ជាក់ថា “បញ្ជាការដ្ឋាន យោធភូមិភាគទី៣ សូមថ្កោលទោសចំពោះលោកសួន សេរីរដ្ឋា ចាត់ទុកការប្រព្រឹត្តរបស់លោកសួន សេរីរដ្ឋា ជាទង្វើក្បត់ ជាតិ។ បញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល តាមផ្លូវច្បាប់ទៅលើជនក្បត់ជាតិរូបនេះ។ យោធភូមិ ភាគទី៣ សូមគាំទ្រនិងស្ងើចសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដោះស្រាយបញ្ហាព្រំដែនជាមួយភាគីឡាវ ដោយសន្តិវិធី ការពារគង់វង្សនូវបូរណភាពទឹកដី អធិបតេយ្យជាតិ ដោយគ្មានការបង្ហូរឈាម។ យោធភូមិ ភាគទី៣ សូមប្តេជ្ញាបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយខ្ជាប់ខ្ជួនស្របតាមច្បាប់ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបនូវរាល់បទល្មើស និងទង្វើក្បត់ជាតិ។ យោធភូមិភាគទី៣ ត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល”។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ក៏បានចេញញត្តិ ថ្កោលទោស លោកសួន សេរីរដ្ឋា ចំពោះការប្រមាថ បំបាក់ទឹកចិត្តកងទ័ព និងស្នើសុំតុលាការផ្តន្ទាទោសជននេះឱ្យធ្ងន់។

មេបញ្ជាការកងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សឹង សំណាង បានប្រកាសថ្កោលទោសលោកសួន សេរីរដ្ឋា ដែរថា “ការបង្ហោះសាររបស់លោកសួន សេរីរដ្ឋា មានចេតនាញុះញង់ បំបែកបំបាក់ឯកភាពជាតិ បំផ្លិចបំផ្លាញកងទ័ពជាតិ បន្ទាបបន្ថោកតួនាទីរបស់កងយោធពលខេមរភូមិន្ទ និងបំពានច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះបញ្ជាការដ្ឋានកងទ័ពអាកាស ចាត់ទុកការប្រព្រឹត្តរបស់ លោកសួន សេរីរដ្ឋា ជាទង្វើក្បត់ជាតិ។ បញ្ជាការយោធភូមិភាគទី៤ សូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល តាមផ្លូវច្បាប់ ទៅលើជន ក្បត់ជាតិរូបនេះ និងសូមគាំទ្រស្ងើចសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដោះស្រាយបញ្ហាព្រំដែនជាមួយភាគីឡាវដោយសន្តិវិធី ការពារគង់វង្សនូវបូរណភាពទឹកដី អធិបតេយ្យជាតិដោយគ្មានការបង្ហូរឈាម”។

មេបញ្ជាការនៃបញ្ជាការដ្ឋានការពារកោះ ឆ្នេរ នៃកងទ័ពជើងទឹក លោកឧត្តមនាវីឯក ស៊្រុន សារឿន បានបញ្ជាក់ថា “បញ្ជាការដ្ឋានការពារ កោះឆ្នេរ នៃកងទ័ពជើងទឹក សូមថ្កោលទោស ចំពោះលោកសួន សេរីរដ្ឋា ចាត់ទុកការប្រព្រឹត្តរបស់លោកសួន សេរីរដ្ឋា ជាទង្វើក្បត់ជាតិ។ បញ្ជាការដ្ឋានការពារកោះឆ្នេរ សូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល តាមផ្លូវច្បាប់ទៅលើ ជនក្បត់ជាតិរូបនេះ”។

សមាជិកនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្ស លោកហុង គឹមសួន បានលើកឡើងថា ការបញ្ចុះបញ្ចូលឱ្យមានបក្ខពួក ដើម្បីឱ្យការប្រឆាំងរដ្ឋាភិបាល និងប្រឆាំងគ្នារវាង កងទ័ពនិងកងទ័ព ហើយនាំឱ្យមានភាពច្របូក ច្របល់ និងអសន្តិសុខកើតឡើងជាក់ស្តែងនៅក្នុងសង្គមជាតិ ជាបទល្មើសធ្វើឱ្យបែកបាក់ក្នុង ជួរកងទ័ព។ ពោលគឺការលើកឡើងរបស់លោកសួន សេរីរដ្ឋា ជាការមាក់ងាយ និងចូលនៅក្នុង បទល្មើសមជ្ឈិម។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកឯម សុវណ្ណរ៉ា ថ្លែងថា ការឃាត់ខ្លួនលោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នៅពេលនេះ មិនមែនជាការគំរាមកំហែងខាង ផ្នែកនយោបាយឡើយ ព្រោះការលើកឡើងនេះ អាចធ្វើឱ្យប៉ះពាល់ដល់ស្មារតីកងទ័ព បាក់ទឹកចិត្ត នាំឱ្យខូចផលប្រយោជន៍ប្រទេសជាតិ។ ដូច្នេះនៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយត្រូវគោរពគោលការណ៍ច្បាប់ជាសំខាន់។

ដោយឡែក ទីប្រឹក្សារាជរដ្ឋាភិបាល លោកអានន្ទដា យ៉ាត ក៏បានលើកឡើងតាមគណនីហ្វេសប៊ុករបស់លោកដែរថា “ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ជាថ្ងៃជោគជ័យប្រវត្តិសាស្ត្រ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានទៅដល់ “LPDR” ប្រទេសឡាវ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ដកកងទ័ពឡាវ ដែលបានឈ្លានពានបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោល ចេញពីកម្ពុជា “ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង” ទាំងស្រុង និងគ្មានលក្ខខណ្ឌ។

តែអ្វីមួយដែលនៅជាការព្រួយបារម្ភ មិនអាចបំភ្លេចបានរបស់ប្រជាជនកម្ពុជានោះ គឺកិច្ចព្រមព្រៀងចុះហត្ថលេខាដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាមួយយួនសេរី បំបែក ខេត្តបួន និងផ្តល់សញ្ជាតិខ្មែរឱ្យយួនសេរី ក្នុងនោះមានខេត្តស្ទឹងត្រែងនេះដែរ ខណៈដែលពួកគេឈ្នះឆ្នោត គ្រប់គ្រងអំណាច២០១៨។

តើនេះជាមហិច្ឆតាអំណាច តាមផែនការក្បត់ជាតិរបស់បក្សសង្គ្រោះជាតិមែនទេ?

ប្រជាជនកម្ពុជា ត្រូវភ្ញាក់ស្មារតីឡើង រួមចំណែកជាមួយគណបក្សប្រជាជនកម្ពុជា ទប់ស្កាត់មហន្តរាយជាតិ កុំឱ្យឱកាសនោះ ក្លាយជាការពិត”៕

កុលបុត្រ

RELATED ARTICLES