ភ្នំពេញ ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា យោងតាមបរិបទនយោបាយកម្ពុជាបច្ចុប្បន្ន ជាឱកាសអំណោយផលឱ្យគណបក្សសង្គ្រោះជាតិ ដណ្តើមយកជ័យជម្នះឆ្នាំ២០១៨ ខាងមុខនេះ ដោយ ហេតុថា ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនទៅៗ ចង់ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ។
លោកកឹម សុខា បានថ្លែងបែបនេះទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ ក្នុងខណ្ឌមានជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។
លោកកឹម សុខា បានមានប្រសាសន៍នៅ ពេលនោះថា “យោងតាមបរិបទនយោបាយ កម្ពុជាបច្ចុប្បន្ន គណបក្សសង្គ្រោះជាតិ មានអំណោយផល (ឱកាស) ដើម្បីដណ្តើមយកជ័យជម្នះឆ្នាំ២០១៨ ខាងមុខនេះ ដោយហេតុថា ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនទៅៗ ចង់ឱ្យមានការផ្លាស់ប្តូរជាវិជ្ចមាន ។
ការចង់ឱ្យមានការផ្លាស់ប្តូរ មានតាំងពីឆ្នាំ១៩៩៣ មកម៉្លេះ ព្រោះបានបង្ហាញតាមរយៈលទ្ធផលបោះឆ្នោតកាលនោះ។ លើសពីនេះទៅទៀត ចំនួនអ្នកដែលចង់ឱ្យមានការផ្លាស់ប្តូរនោះ មកដល់បច្ចុប្បន្ន អាចកាន់តែកើនច្រើន ឡើងថែមទៀត ស្របតាមប្រព័ន្ធព័ត៌មានកាន់តែទូលំទូលាយ។
ដូច្នេះខ្ញុំសូមឱ្យថ្នាក់ដឹកនាំសកម្មជនគណបក្សសង្គ្រោះជាតិ មិនត្រឹមតែរៀបចំខ្លួន ដើម្បីយកជ័យជម្នះក្នុងការបោះឆ្នោតនោះទេ ពិសេស គឺត្រូវរៀបចំខ្លួនបម្រើប្រជាពលរដ្ឋខ្មែរឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានឱ្យកាន់តែប្រសើរជាងនេះ”។
នៅព្រឹកថ្ងៃដដែលនោះដែរ ថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ ក្នុងខណ្ឌដង្កោ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អំពី “សារសំខាន់នៃផែនការសកម្មភាព” លោក កឹម សុខា បានបញ្ជាក់ថា “ការបំពេញការងារ តាមផែនការសកម្មភាព មានសារសំខាន់ណាស់ ព្រោះអាចនាំយើងឱ្យទៅដល់គោលដៅដែល យើងចង់បាន។ ទោះបីមានតាក់ទិក (ល្បិចកល) យ៉ាងណាក៏ដោយ បើគ្មានយុទ្ធសាស្ត្រ និងបើ មិនដាក់តាក់ទិក (ល្បិចកល) ទៅក្នុងយុទ្ធសាស្ត្រ នោះទេ ក៏មិនបានជោគជ័យនោះដែរ។
ផែនការយុទ្ធសាស្ត្រ ត្រូវយកទៅអនុវត្ត តាមរយៈផែនការសកម្មភាព ទើបអាចនាំមក នូវជោគជ័យ និងដល់គោលដៅដែលយើងចង់ បាន។
សូមកុំចូលលេងល្បែងរបស់គេ សូមធ្វើ តែអ្វីដែលយើងត្រូវធ្វើ តាមរយៈផែនការសកម្មភាព ដែលយើងកំណត់នេះទៅបានហើយ”។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៧ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ មូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង ស្រុកពញាឮ និងស្រុកអង្គស្នួល ខេត្តកណ្តាល លោកកឹម សុខា បានបញ្ជាក់សង្កត់ធ្ងន់ថា “ខ្ញុំសូមឱ្យថ្នាក់ ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ចូលរួមកសាង និងអនុវត្តនូវផែនការសកម្មភាព ឱ្យស្របតាមផែនការយុទ្ធសាស្ត្ររបស់យើង។ ទោះបីយើងមានផែនការយុទ្ធសាស្ត្រ ដើម្បី ដណ្តើមយកជ័យជម្នះ ក្នុងការបោះឆ្នោតឆ្នាំ ២០១៨នេះក៏ដោយ ក៏យុទ្ធសាស្ត្រ និងសកម្មភាពរបស់យើង មិនធ្វើអ្វីឱ្យប្រជាពលរដ្ឋខ្មែរ មានការភ័យខ្លាច និងមិនឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ ជាដាច់ខាត។ យើង ប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា និងផែនការ ជាវិជ្ជមាន”។
ដោយឡែក នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបពិភាក្សាការងារជាមួយលោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជា ទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ខណៈពេលដែលលោកស្រី អញ្ជើញមកបំពេញទស្សនកិច្ចលើកទី៤ នៅកម្ពុជា។
លោកកឹម សុខា បានឱ្យដឹងថា ក្នុងជំនួបនោះ លោកនិងលោកស្រីរ៉ូណា ស្មីត (Rhona Smith) បានពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្ស និងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការប្រមើលស្ថានភាពនយោបាយ និងសិទ្ធិ មនុស្ស ពីពេលនេះ រហូតដល់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨។
ជុំវិញការលើកឡើងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ខាងលើនេះ លោកអានន្ទ ដាយ៉ាត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានបញ្ចោញមតិផ្ទាល់ខ្លួនតាមគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ថា “១-ផែនការយុទ្ធសាស្ត្រ ដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោត២០១៨ នេះ គឺកិច្ចព្រមព្រៀងជាមួយយួនសេរី ពោរពេញទៅដោយអាថ៌កំបាំង ដែលលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាង រាស្ត្រ គួរណាស់បកស្រាយបង្ហាញការពិតក្រៅ តែពីបំបែកបួនខេត្តរបស់ខ្មែរ និងផ្តល់សញ្ជាតិ ឱ្យយួនសេរីទាំងនោះ តើនៅមានអ្វីទៀតជាអាថ៌កំបាំងដែលប្រជាជនកម្ពុជា គប្បីដឹងឮ? បើពុំដូច្នោះទេ “ផែនការយុទ្ធសាស្ត្រ ដើម្បី ដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោត២០១៨ នេះ” នឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានការភ័យខ្លាច និងប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ ជាក់ជាពុំខានឡើយ ទន្ទឹមនឹងនាំប្រទេសជាតិធ្លាក់ក្នុងភាពមហន្តរាយជាថ្មីម្តងទៀត។
២-លោកកឹម សុខា បន្តថា “យើងប្រកាន់ ខ្ជាប់នូវគោលការណ៍អហិង្សា និងផែនការវិជ្ជមាន”។ សំណួរសួរថា តើលោកប្រកាន់គោលការណ៍អហិង្សាយ៉ាងម៉េច ខណៈដែលគណបក្សសង្គ្រោះជាតិ បំបែកទឹកដី និងផ្តល់សញ្ជាតិឱ្យ យួនសេរី ដោយបំពានរដ្ឋធម្មនុញ្ញ? រីឯ “ផែនការវិជ្ជមាន” វានៅសល់តែបំបែកបួនខេត្តរបស់ខ្មែរ និងផ្តល់សញ្ជាតិឱ្យយួនសេរីទាំងនោះ។
តើប្រជាជនកម្ពុជាប៉ុន្មាននាក់ យល់ព្រម តាម “ផែនការយុទ្ធសាស្ត្រដើម្បីដណ្តើមយក ជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨ នេះ?”។
ទោះជាយ៉ាងណា ជុំវិញការលើកឡើង ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់បន្ថែម និងការឆ្លើយតបពីលោកកឹម សុខា និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានទេ កាលពីម្សិលមិញ៕
ខៀវទុំ