Thursday, November 28, 2024
Homeព្រឹត្តិការណ៍សង្គមសម្តេចហ៊ុន សែន ថាដំណោះស្រាយសន្តិភាពជាមួយឡាវ បង្ហាញសុច្ឆន្ទៈកម្ពុជា

សម្តេចហ៊ុន សែន ថាដំណោះស្រាយសន្តិភាពជាមួយឡាវ បង្ហាញសុច្ឆន្ទៈកម្ពុជា

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ដំណោះស្រាយសន្តិភាពជាមួយឡាវ ពាក់ព័ន្ធបញ្ហាព្រំដែន នៅពេលថ្មីៗនេះ បង្ហាញច្បាស់ នូវសុច្ឆន្ទៈរបស់កម្ពុជា ជាពិសេស សម្តេចបាន ចាត់ទុកការចរចាដោយសន្តិវិធី គឺជាដំណោះស្រាយដ៏ល្អបំផុត ដែលរក្សាបាននូវចំណងមិត្តភាព និងសហប្រតិបត្តិការយូរអង្វែង សម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា-ឡាវ។

យោងតាមទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ថា “ប្រជាពលរដ្ឋ រស់នៅសុខសាន្ត ព្រោះយើងមានប្រមុខដឹកនាំ ដែលយល់ច្បាស់អំពីតម្លៃសន្តិភាព ដែលតែងតែ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ដំណោះស្រាយសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយប្រទេសឡាវ ដោយគ្មានការបង្ហូរឈាម កាលពីពេលថ្មីៗនេះ គឺបានបង្ហាញច្បាស់នូវសុច្ឆន្ទៈដ៏ល្អរបស់កម្ពុជា។

សម្តេចតេជោ សែន បានចាត់ទុកការចរចាដោយសន្តិវិធី គឺជាដំណោះស្រាយដ៏ល្អបំផុត ដែលរក្សាបាននូវចំណងមិត្តភាព និងសហប្រតិបត្តិការយូរអង្វែង សម្រាប់ប្រជាជាតិទាំងពីរ។ គុណធម៌ និងការទទួលខុសត្រូវប្រកប ទស្សនវិស័យដឹកនាំច្បាស់លាស់នេះហើយ ដែលបានធ្វើឱ្យសម្តេចតេជោ ក្លាយជាមេដឹកនាំដ៏ មានឥទ្ធិពលម្នាក់នៅក្នុងតំបន់។

សម្តេចហ៊ុន សែន ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ ក្នុងពេលពិសាអាហាររួមគ្នា

អរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រ និងចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ដើម្បីយើងទាំងអស់គ្នា កាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនទៅមុខ។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាបានប្រកាសដាក់ឱសានវាទ៦ថ្ងៃ ឱ្យកងទ័ពឡាវ ដែលបានចូលឈ្លានពានទឹកដីកម្ពុជា នៅតំបន់ក្បែរអូរអាឡៃ និងអូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែងនោះ ដកចេញឱ្យផុតពីទឹកដីកម្ពុជា ព្រមទាំងបានចល័តទ័ពទៅតំបន់សមរភូមិព្រំដែននោះ ដើម្បីត្រៀមកម្ចាត់កងទ័ពឡាវឈ្លានពានពីទឹកដីកម្ពុជា រួចស្រេចហើយក៏ដោយ ក៏សម្តេច នាយករដ្ឋមន្ត្រី បានបន្តអត់ធ្មត់ ជ្រើសយកដំណោះស្រាយសន្តិភាព តាមផ្លូវការទូត ជាមុនសិន ដោយបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅជួបពិភាក្សាពិសេស ជាមួយលោកថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អំពីដំណោះស្រាយបញ្ហាកងទ័ពឡាវ ចូលមកលើទឹកដីកម្ពុជានោះ។ ក្រោយជំនួបពិសេសនោះ ដោយសារដំណោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យការចរចាទទួលបានជោគជ័យដ៏ធំធេង គួរជាទីមោទនៈ ដោយភាគីឡាវ បានយល់ព្រមដក ទ័ពចេញផុតពីទឹកដីកម្ពុជាអស់ភ្លាមៗ នៅថ្ងៃ ដដែលនោះតែម្តង។ ចំណែកកងទ័ពរបស់កម្ពុជា ដែលបានចល័តទៅតំបន់សមរភូមិព្រំដែន ដើម្បីត្រៀមកម្ចាត់កងទ័ពឡាវ ឈ្លានពានទឹកដីកម្ពុជា  ក៏បានវិលត្រឡប់ចូលអង្គភាពដើមវិញអស់នៅ ថ្ងៃបន្ទាប់ផងដែរ។

លទ្ធផលផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នាពេលនោះ បានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ឡាវ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ ដោយបញ្ចៀសបាននូវសង្គ្រាមរក្សា បាននូវសន្តិភាពនៅព្រំដែន នៃប្រទេសទាំងពីរ  និងបញ្ជាក់ពីដំណោះស្រាយសន្តិភាពរបស់សម្តេច ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងដើម្បីភាព សុខសាន្តរបស់ប្រជាពលរដ្ឋ៕

ខៀវទុំ

RELATED ARTICLES