ភ្នំពេញ ៖ ទីប្រឹក្សារាជរដ្ឋាភិបាល លោកអានន្ទដា យ៉ាត បានលើកឡើងថា យួនសេរី នឹងជួយគណបក្សសង្គ្រោះជាតិ បានឡើងកាន់អំណាច ហើយនឹងទទួលបានមកពីបក្សប្រឆាំង នូវខេត្តភាគឦសានចំនួន៤ គឺរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រមទាំងសញ្ជាតិខ្មែរ ដោយចារឹកក្នុងរដ្ឋធម្មនុញ្ញ។
ការលើកឡើងរបស់លោកអានន្ទដា យ៉ាត ខាងលើនេះ មិនមែនទើបតែជាការលើកឡើង នៅពេលនេះទេ គឺមុននេះ លោកក៏បានបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៣ លោកសម រង្ស៊ី និងលោកកឹម សុខា ដែលជាអតីត និងជាប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន បានចុះកិច្ចព្រមព្រៀងជាមួយមេចលនាយួនសេរី នៅសហរដ្ឋអាមេរិក ដោយសារសន្យាថា នឹងកាត់ខេត្ត ៤ គឺមានខេត្តរតនគិរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង ជូនមេចលនាយួនសេរី។ ដូច្នេះហើយ ទើបលោកចង់ឱ្យលោកកឹម សុខា បកស្រាយ ទាក់ទងនឹងរឿងនេះ ព្រោះក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ លោកបារម្ភអំពីការបាត់បង់ទឹកដី។ លោកក៏បានអំពាវនាវដល់អ្នកដែលស្រលាញ់ សន្តិភាព និងបងប្អូនប្រជាពលរដ្ឋខ្មែរ អ្នកដែលគាំទ្រគណបក្សសង្គ្រោះជាតិ ត្រូវដឹងថា បើសិនជាស្ថានការណ៍ប្រែប្រួលនៅពេលដែលយួនសេរី មានអំណាចខ្លាំង មានថវិកាសមគួរក្នុងការជួយជ្រោមជ្រែងគណបក្សសង្គ្រោះជាតិ ឱ្យឡើងកាន់អំណាចនៅថ្ងៃណាមួយ ប្រទេសខ្មែរ នឹងបាត់បង់៤ខេត្ត បូកទាំងយួនសេរី ដែលនៅខេត្ត ទាំង៤នោះ ចូលជាសញ្ជាតិខ្មែរ ដោយស្វ័យប្រវត្តិ ហើយទង្វើនេះ លោកយល់ឃើញថា រំលោភទៅនឹងរដ្ឋធម្មនុញ្ញ ខុសនឹងច្បាប់សញ្ជាតិ។ ហេតុនេះលោក សុំឱ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កុំចេះតែគាំទ្រទាំងងងឹតងងុល។ អ្វីដែលលោកយល់ឃើញជាងនេះ បើសិនជាលោកកឹម សុខា មិនព្រមចេញបកស្រាយរឿងនេះទេ ក្នុងនាមជាខ្មែរ លោកនឹងតស៊ូមតិម្នាក់ឯង ក៏លោកធ្វើដែរ ដើម្បីយ៉ាងហោចណាស់ក៏ឱ្យប្រវត្តិសាស្ត្របានកត់ត្រាថា មានលោកម្នាក់ ជាអ្នកប្រឆាំង នឹងគោលការណ៍ផែនការបែងចែកទឹកដីឱ្យយួនសេរី មកលើខេត្តខ្មែរ ៤ខេត្ត របស់គណបក្សសង្គ្រោះជាតិ នៅពេលគណបក្សនេះឈ្នះឆ្នោត បានដឹកនាំប្រទេសនៅឆ្នាំ២០១៨។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ថា មិនត្រឹមតែចង់ឱ្យលោកកឹម សុខា ប្រធានគណបក្សប្រឆាំងបកស្រាយពីព័ត៌មានចចាមអារ៉ាមដែលថា បានចុះហត្ថលេខា ព្រមពៀងជាមួយមេចលនាយួនសេរី នោះទេ តែលោកក៏ចង់ឱ្យលោកសម រង្ស៊ី បកស្រាយដែរ ដែលលោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់ខ្លួនថា នឹងមានការរំលាយខណ្ឌសីមាចូលគ្នារវាងកម្ពុជា និងវៀតណាម។
លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “បាទ ! ខ្ញុំឮពាក្យហ្នឹង ចចាមអារ៉ាមអ៊ីចឹងបាន យើងរង់ចាំថា តើពាក្យហ្នឹង ដែលឆ្លើយ គឺឯកឧត្តមកឹម សុខា ដែលពាក់ព័ន្ធជាមួយនឹងពួកយួនសេរីនេះឯង ដែលលោកត្រូវតែមាន កាតព្វកិច្ចបំភ្លឺមហាជន។ ចំពោះខ្ញុំៗអត់មានអ្វី ដែលអាចជម្រាបជូនបានទេ ក៏ប៉ុន្តែបើអ្វីដែលជាការពិត ដូចការលើកឡើងហ្នឹងមែន យើងមិនអនុញ្ញាតជាដាច់ខាត ព្រោះទឹកដីខេត្តទាំង ៤នេះ ជាទឹកដីរបស់កម្ពុជា ពិតប្រាកដ ហើយឥឡូវនេះ បច្ចុប្បន្នកាលនេះ យើងកំពុងតែបន្តការបោះបង្គោលព្រំដែន ដោយយើងរៀបចំឱ្យមានខ្សែខណ្ឌសីមាជាក់ស្តែងនៅលើធរណី ដើម្បីរក្សាប្រទេសកម្ពុជាយើងនៃបូរណភាពទឹកដី ហើយយើងក៏ប្រឆាំងនូវអ្វី ដែលបានលើកឡើងនៅតាមទំព័រហ្វេសប៊ុករបស់លោកទណ្ឌិតសម រង្ស៊ី ដែលលោកលើកឡើងថា ជាការរំលាយ ព្រំដែនកម្ពុជា និងវៀតណាមរលាយចូលគ្នា យើងប្រឆាំងជាដាច់ខាត។ ដូច្នេះរឿងទី២ ដែលផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុករបស់ទណ្ឌិតមួយសំណួរដែលថា រំលាយព្រំដែនកម្ពុជា និងវៀតណាម? ឯរឿងទី២ ជារឿងដែលនិយាយថា ជាកិច្ចព្រមព្រៀងរបស់សម រង្ស៊ី និងកឹម សុខា ជាមួយនឹងយួនសេរី អំពីការបែងចែកខេត្ត ទាំងបីទាំងបួនហ្នឹងទៅវៀតណាម អាហ្នឹងលោក ត្រូវតែបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ឱ្យបានច្បាស់លាស់”។
លោកផៃ ស៊ីផាន បានបន្តថា “ប្រជាពលរដ្ឋជាម្ចាស់វាសនារបស់ប្រទេសជាតិ ហើយលោកក៏ជាម្ចាស់នៃទឹកដីរបស់កម្ពុជាដែរ គួរតែនាំគ្នាស្នើសុំតាមរយៈតុលាការ ដើម្បីធ្វើបណ្តឹង ឱ្យអ្នកដែលពាក់ព័ន្ធហ្នឹង មកស្រាយបំភ្លឺឱ្យបាន ច្បាស់លាស់ ពីព្រោះបញ្ហាទឹកដីរបស់កម្ពុជា មិនត្រូវមានអ្នកណាមួយ ដែលត្រូវទទួលអនុញ្ញាត ក្នុងការកាត់ដីឱ្យបរទេសនោះឡើយ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតឈឹម ផលវរុណ បានមានប្រសាសន៍ថា “រឿងលក្ខណៈសម្បត្តិរបស់គណបក្សសង្គ្រោះជាតិ ឬគណបក្សប្រឆាំងនៅកម្ពុជា គឺមានបរទេសនៅពីក្រោយ គឺសហរដ្ឋអាមេរិក។ ឯរឿងចលនាយួនសេរី ក៏មានមែន គឺមានទីតាំង នៅទឹកដីសហរដ្ឋអាមេរិកដែរ ដែលជារបស់ពួកចាញ់សង្គ្រាម របស់ពួកវៀតណាមខាងត្បូង គឺក្រុមធីវគី ហើយចលនានេះត្រូវបានបង្កើត មានមែននៅឯសហរដ្ឋអាមេរិក។ អ៊ីចឹងសហរដ្ឋអាមេរិក ជាអ្នកផ្ចុងផ្តើមចលនាយួនសេរី ដើម្បីប្រឆាំងនឹងរដ្ឋការក្រុងហាណូយ តែដោយវិធីអី យើងមិនដឹងទេ។ ប៉ុន្តែទិដ្ឋភាពហ្នឹង វាមានអ៊ីចឹង ប៉ុន្តែដើម្បីឱ្យចលនាយួនសេរីនេះ មានភាពសន្ទុះខ្ពស់ គឺវិធីសាស្ត្រដូចជំនាន់ទី៦០ ៧០ ដដែល គឺអាមេរិក ត្រូវការចូលដៃពីភាគីខ្មែរ។ អាហ្នឹងដូចយើងកាលជំនាន់សង្គមរាស្ត្រនិយម ដែលអាមេរិក ចង់គាំទ្រពួកយួន ធីវគី អ៊ីចឹងក៏ត្រូវកៀងពួកខ្មែរយើង ដើម្បីមកបម្រើឱ្យនយោបាយរបស់អាមេរិកហ្នឹងដែរ គាំទ្ររឿងយួនខាងត្បូងហ្នឹងឯង។ ដូច្នេះហើយ បានវាកើតចលនារដ្ឋប្រហារ ទម្លាក់សម្តេចសីហនុ ហ្នឹងឯង ដែលពួកខ្មែរសេរីហ្នឹង គឺទ្រង់ ស៊ីសុវត្ថិ សិរីមតៈ។ ឥឡូវនេះ អាចបង្កើតឱ្យមានសាជាថ្មី តាមរយៈក្រុមប្រឆាំងនៅកម្ពុជាយើងនេះ។ ដូច្នេះហើយ យើងត្រូវតែមានបេសកកម្មមួយ ក្រោមការរៀបចំសេណារីយោ ដោយបរទេស គឺសហរដ្ឋអាមេរិក ហ្នឹង គ្រាន់តែនៅក្នុងទម្រង់ពីអ្វីជាក្រុមនយោបាយ ឬក្រុម អីយើងមិនដឹងទេ ប៉ុន្តែនៅសហរដ្ឋអាមេរិក ពីព្រោះចលនាយួនសេរី គឺកើតមាននៅលើទឹកដីអាមេរិក ហើយយើងមានរូបថត គ្រាន់ថា រូបហ្នឹងវាយ៉ាងម៉េច យើងមិនដឹងទេ គឺមានការជួបគ្នារវាងមេដឹកនាំយួនសេរី នៅអាមេរិក និងលោកសម រង្ស៊ី នៅអាមេរិក ហើយបានចុះហត្ថលេខាលើឯកសារ និងកិច្ចសហប្រតិបត្តិការណាមួយ ខ្ញុំមិនបានឃើញខ្លឹមសារទេ តែយើងឃើញមានចុះហត្ថលេខា។ អ៊ីចឹងខ្ញុំ គិតថា គេត្រូវតែមានកិច្ចសហប្រតិបត្តិការគ្នា ដោយសារតែនៅកម្ពុជា យើងមានពលរដ្ឋខ្មែរ ដើមកំណើតវៀតណាម ច្រើន ដូចយើងឃើញ ហើយយើងមានពលរដ្ឋខ្មែរ តែដើមកំណើត ជាជនជាតិវៀតណាម។ អ៊ីចឹងដំបូងឡើយ គណបក្សប្រឆាំង តែងតែវាយប្រហារថា ពលរដ្ឋខ្មែរដើមកំណើតវៀតណាម បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ហើយតែងតែចោទថា គណបក្សប្រជាជនកម្ពុជា បើកដៃឱ្យយួនចូលស្រុក ដើម្បីមកបោះឆ្នោត។ ប៉ុន្តែក្នុងរយៈពេល ថ្មីៗនេះ សម រង្ស៊ី, កឹម សុខា ហាក់ដូចជាដូរ ឥរិយាបថ លែងចោទអំពីការនាំយួនមកបោះឆ្នោតទៀតហើយ បែរទៅជាដូរឥរិយាបថដែល យើងមើលទៅលើលទ្ធផលបោះឆ្នោត។ លទ្ធផលបោះឆ្នោតនៅឆ្នាំ២០១៧ នេះ យើងឃើញថា នៅឃុំសង្កាត់ ដែលមានពលរដ្ឋខ្មែរដើម កំណើតវៀតណាម រស់នៅច្រើន គឺឃុំ-សង្កាត់ នោះ គណបក្សសង្គ្រោះជាតិ ឈ្នះ។ នេះជា ភ័ស្តុតាងបញ្ជាក់ថា ពលរដ្ឋខ្មែរ ដើមកំណើត វៀតណាម គាំទ្រគណបក្សសង្គ្រោះជាតិ ដែលមានន័យមិនមែនត្រឹមតែជាគាំទ្រនយោបាយនៅកម្ពុជាទេ គឺគាំទ្រចលនាប្រឆាំងរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទទួលបាននូវការដឹងគុណមកវិញ ក្នុងការរក្សាពង្រឹងចលនាឱ្យមានសន្ទុះ គឺចលនាយួនសេរីហ្នឹងឯង។ ទី២ ដែលយើងមើលឃើញថ្នាក់ដឹកនាំវៀតណាម ចុងក្រោយនេះ បានសំណូមពរទៅថ្នាក់ដឹកនាំកម្ពុជា មានទាំងសម្តេចហេង សំរិន សម្តេចតេជោ ស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជា កុំផ្តល់លទ្ធភាពឱ្យ ពួកអមិត្ត អាហ្នឹងវៀតណាម គេហៅពួកអមិត្ត ដែលប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីធ្វើចលនា ប្រឆាំងនឹងរដ្ឋការក្រុងហាណូយ។ អ៊ីចឹងគេមិនប្រើពាក្យថាយួនសេរីទេ ប៉ុន្តែគេថាពួកអមិត្ត។ ចំណុចនេះ សបញ្ជាក់ថា រដ្ឋការហាណូយ បានយល់អំពីសភាពនៃចលនាយួនសេរីនៅលើទឹកដីកម្ពុជា ហើយមិនមែនមានតែនៅលើទឹកដី អាមេរិកទេ គឺបានហៀរមកចូលលើទឹកដីកម្ពុជា ហើយតាមរយៈពលរដ្ឋខ្មែរដើមកំណើតវៀតណាម។ អ៊ីចឹងហើយ បានគេសុំឱ្យកម្ពុជា ត្រូវម៉ឺងម៉ាត់លើបញ្ហាហ្នឹង ហើយជាការពិត ព្រោះយោងតាមរដ្ឋធម្មនុញ្ញកម្ពុជា គឺយើងមិនអាច ឱ្យមានជនណាបង្កើតចលនាដើម្បីប្រឆាំងរដ្ឋាភិបាលនៃប្រទេសដទៃបានទេ។ អាហ្នឹង ច្បាប់កម្ពុជា ហើយច្បាប់កម្ពុជា ក៏មិនអនុញ្ញាតឱ្យ ប្រទេសដទៃ មកបង្កើតចលនាសម្រាប់ប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជាដែរ។ ហើយអានេះ បើ យើងគិតទៅ វាឆ្លុះឱ្យឃើញពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសផង ដែលតម្រូវឱ្យប្រទេស ពាក់ព័ន្ធទាំងអស់ មិនត្រូវផ្តល់ដីឱ្យចលនាណាមួយប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញ ក៏ដូចជា រដ្ឋាភិបាលក្រុងភ្នំពេញ មិនត្រូវអនុញ្ញាតឱ្យចលនាណាប្រឆាំងនឹងរដ្ឋាភិបាលប្រទេសជិតខាង និងប្រទេសដទៃ។ អ៊ីចឹងការស្នើឡើងរបស់រដ្ឋាភិបាលវៀតណាម ជាការសបញ្ជាក់ថា ស្ថានភាពសព្វថ្ងៃនេះ មានន័យថា ទទួលស្គាល់ថា ចលនាយួនសេរី បានមកបោះទីតាំងឈរជើង ជាសម្ងាត់ លាក់ខ្លួននៅលើនៅលើទឹកដីកម្ពុជាហើយ”។
លោកឈឹម ផលវរុណ មានប្រសាសន៍បន្តថា “ការពិតទៅ បើសិនជាស្ថាប័នសមត្ថកិច្ចរបស់យើងរកឃើញនូវទឡ្ហីករណ៍តូចណាមួយ មិនចាំបាច់ដល់ធំទេ ឬក៏ភ័ស្តុតាងនៃទំនាក់ទំនងណាមួយ ឧទាហរណ៍ដូចជាភ័ស្តុតាង នៃការចុះហត្ថលេខា រវាងមេដឹកនាំចលនាយួនសេរី និងលោកសម រង្ស៊ី កាលហ្នឹងនៅលើទឹកដីអាមេរិក អាហ្នឹងភ័ស្តុតាងហ្នឹង ក៏យើងអាចទាមទារឱ្យលោកកឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ បច្ចុប្បន្ន ធ្វើការបកស្រាយ ឬក៏គាត់ត្រូវចេញធ្វើការបដិសេធ បើសិនជាគាត់ថាវាអត់ពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិ នេះគឺជារឿងមួយ។ ទី២ បើយើងមានភ័ស្តុតាងបច្ចប្បន្នទៀត ភ័ស្តុតាងថ្មីណាៗទៀត ដែលបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មានកិច្ចសហប្រតិបត្តិការ ជាមួយចលនាយួនសេរី នៅសហរដ្ឋអាមេរិក ក៏ដូចជានៅកម្ពុជានេះ អាហ្នឹងសមត្ថកិច្ចអាចទាមទារឱ្យលោកកឹម សុខា បំភ្លឺ ហើយបើមានភ័ស្តុតាងដាក់បន្ទុកពេញលក្ខណៈទៀត ក៏អាចឈានទៅដល់ការអនុវត្តច្បាប់គណបក្ស។ ប៉ុន្តែបើគ្រាន់តែមានសញ្ញា មួយដែលជាចម្ងល់ ក៏អាចទាមទារឱ្យលោកកឹម សុខា ធ្វើការបកស្រាយ។ បើសិនជាសមត្ថកិច្ចនៃរាជរដ្ឋាភិបាល រកឃើញពីភ័ស្តុតាងដាក់បន្ទុកជាក់លាក់ណាមួយ ដែលបង្ហាញអំពីទំនាក់ទំនងលួចលាក់ខុសច្បាប់របស់គណបក្សនយោបាយ ដែលទៅជួយទ្រទ្រង់ចលនាយួនសេរី ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម អាហ្នឹង រដ្ឋធម្មនុញ្ញ ហាម ហើយច្បាប់គណបក្សក៏ហាម។ ដូច្នេះគឺជាកំហុស ដែលឈានទៅដល់ការដាក់ទណ្ឌកម្មបក្ស ដែលត្រូវរំលាយគណបក្ស អាហ្នឹង គឺអ៊ីចឹង។ ជាចុងក្រោយ យើងអនុវត្តប្រជាធិបតេយ្យ សេរី ពហុបក្ស គឺយើងអនុវត្តតែកម្ពុជាទេ គឺយើងមិនអាចឱ្យគណបក្សណាមួយ បែរទៅជាយកទឹកដីកម្ពុជា ទៅសហការជាមួយ នឹងចលនានយោបាយបរទេសណាមួយ ដើម្បី ប្រឆាំងនឹងរដ្ឋាភិបាលប្រទេសជិតខាង អាហ្នឹង គឺអ្នកហ្នឹងប្រព្រឹត្តខុសច្បាប់ហើយ។ អ៊ីចឹងហើយ គណបក្សសង្គ្រោះជាតិ មិនគួរយកសំឡេងឆ្នោត ដោយបំផ្លាញនូវគណបក្សខ្លួនឯង តាមរយៈការ រំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញោទ ហើយ រហូតដល់លក់អធិបតេយ្យជាតិ ដើម្បីតែសន្លឹកឆ្នោត ដើម្បីតែអំណាច ដើម្បីតែបម្រើនៃយុទ្ធសាស្ត្រនយោបាយបរទេសទេ គឺជាការដើរខុស ផ្លូវហើយ។ ប្រជាធិបតេយ្យសេរី ពហុបក្ស មិនមែនអនុញ្ញាតឱ្យធ្វើអ៊ីចឹងទេ។ អ៊ីចឹង ទាំងគណបក្សទាំងអស់នៅកម្ពុជា រួមទាំងគណបក្ស សង្គ្រោះជាតិ ត្រូវពិចារណារឿងនេះ ឱ្យបានច្បាស់លាស់ គឺប្រជាធិបតេយ្យ សេរី ពហុបក្ស ដើម្បីកម្ពុជា មិនមែនដើម្បីចលនាផ្តួលរំលំរដ្ឋាភិបាលនៃប្រទេសណាដទៃទេ គឺជាអំពើខុសច្បាប់”។
ទោះយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហាលើកឡើងខាងលើនេះ មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺឆ្លើយតបពី លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទេ កាលពីម្សិលមិញ។
ចំណែកលោកជាម ច័ន្ទនី បញ្ជាក់ថា ក្នុងនាមជាតំណាងរាស្ត្រ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ លោកមិនអាចបញ្ជាក់ឬបញ្ចោញទស្សនៈជុំវិញរឿងនេះបានទេ ព្រោះលោកបានដឹងច្បាស់ ទាល់ តែសួរអ្នកនាំពាក្យគណបក្ស៕
កុលបុត្រ