ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា បើប្រទេសកម្ពុជា ដូចប្រទេសកូរ៉េខាងជើង ដែលនៅព័ទ្ធជុំវិញដោយប្រទេសមហាអំណាច ដូចជា រុស្ស៊ី ចិន ជប៉ុន និងកូរ៉េខាងត្បូងនោះ កម្ពុជា នឹងអាចទាមទារយកបានទឹកដីកម្ពុជាក្រោម និងកោះត្រល់ ពីប្រទេសវៀតណាមមកវិញបាន។
លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ថា “ខុសអីតែ ហ៊ុន សែន រឿងពឹងយួនផ្តួលរំលំខ្មែរក្រហម ឆ្នាំ១៩៧៩ ព្រះបាទនរោត្តម សីហនុ បិតាឯករាជ្យជាតិយើង ក៏ធ្លាប់ពឹងយួនផ្តួលរំលំរបបលន់ នល់ ឆ្នាំ១៩៧០ ដូចគ្នា មិនតែប៉ុណ្ណោះ ម្ចាស់អាណានិគមបារាំង ថែមទាំងគាបសង្កត់ព្រះអង្គ ឱ្យប្រគល់ទឹកដី កូសាំងស៊ីន (កម្ពុជាក្រោម) និងកោះត្រល់ ឆ្នាំ១៩៤៩ ទៅយួនខាងត្បូង ជាថ្នូរនឹងឯករាជ្យភាពពេញលេញរបស់កម្ពុជា១៩៥៣។ កំហុសអ្នកណា? បើព្រះបាទនរោត្តម សីហនុ មិនជ្រើសរើសយកឯករាជ្យកម្ពុជា ពិតជាក្លាយចំណីយួន-សៀម បាត់ទៅហើយ។ ចំណែកក្រុមខ្មែរពឹងយួន មានសម្តេចហ៊ុន សែន ដែរ បើមិនពឹងយួន អំពើប្រល័យពូជសាសន៍ធ្លាក់ដល់កម្រិតណា? ឆ្លងកាត់សង្គ្រាមរាប់ទសវត្ស ទើបខ្មែរចេះរកតុពិភាក្សាគ្នា ២៣ តុលា ១៩៩១។ ការលាបពណ៌ ចោទប្រកាន់គ្នា គ្មានមូលដ្ឋានធ្វើឱ្យជាតិបន្តបែកបាក់ ហើយអ្នកចំណេញ គឺបរទេស ឈ្លានពាន។ តើពេលណាខ្មែរអាចរកឯកភាពជាតិពិតប្រាកដឃើញ? ខ្ញុំចង់បានត្រលប់មកវិញណាស់ ទឹកដីដូនតាខ្មែរកម្ពុជាក្រោម និងកោះត្រល់ ប៉ុន្តែយកមកវិញដោយវិធីណា? បើខ្មែរក្រមែន ប៉ុន្តែមានបរមាណូ និងរោងចក្រ ផលិតអាវុធដូចកូរ៉េខាងជើង ប្រាកដជាអាចទៅរួច”។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” ថា ខួរក្បាលខ្មែរយើងមិនអន់ទេ តែខ្មែរយើង ខ្វះឯកភាពជាតិ គឺការពង្រឹងនីតិរដ្ឋនៅកម្ពុជា។
លោករស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ ! យើងមើលឃើញពីទិដ្ឋភាពជាក់ស្តែង កន្លងមកនេះ យើងឃើញថា ពេលដែលកម្ពុជា មានទំនាស់ព្រំដែនជាមួយនឹងប្រទេសសៀម និងប្រទេសលាវ យើងឃើញថា កងទ័ពរបស់យើងមានស្មារតីប្រយុទ្ធខ្ពស់នៅក្នុងការការពារ បូរណភាពទឹកដី។ ប៉ុន្តែដោយឡែក យើងមើលពីប្រវត្តិសាស្ត្ររបស់កម្ពុជារបស់យើងៗឃើញថា មួយរយៈចុងក្រោយ នៅក្នុងសតវត្សទី២០ នេះ យើងបានបាត់បង់នូវទឹកដីមួយចំហៀងធំ គឺទឹកដីកូសាំងស៊ីន គឺកម្ពុជាក្រោមហ្នឹង។ យើងឃើញថា មូលហេតុដែលខ្មែរយើងបាត់បង់ទឹកដី គឺដោយសារតែខ្មែរយើងបែកបាក់ឯកភាពជាតិ ដណ្តើមអំណាចគ្នា រកការបង្រួបបង្រួមជាតិអត់ឃើញ។ អ៊ីចឹងធ្វើឱ្យខ្មែរខ្សោយ អ៊ីចឹងកាលណាខ្មែរខ្សោយ បរទេសដែលមានបហិច្ឆតាក្នុងការលេបត្របាក់យកប្រទេសកម្ពុជាយើង គឺគេងាយស្រួលក្នុងការលេបយក។ ក៏ប៉ុន្តែការដែលខ្ញុំប្រៀបធៀបថា បើសិនជាយើងក្រមែន ប៉ុន្តែ មានការឯកភាពច្បាស់លាស់ យើងមានសមត្ថភាពច្បាស់លាស់ ខួរក្បាលខ្មែរអត់អន់ទេ កុំច្រឡំថា ខួរក្បាលខ្មែរអន់ ខួរក្បាលខ្មែរ ធ្វើអង្គរវត្តបាន។ អ៊ីចឹងយើងថា កូរ៉េខាងជើងក្រ ប៉ុន្តែសួរថា កូរ៉េខាងជើងយ៉ាងម៉េច? កូរ៉េខាងជើងក្រមែន តែកូរ៉េខាងជើង អាចផលិតបរមាណូបាន កូរ៉េខាងជើងមានរោងចក្រផលិតអាវុធបាញ់ខ្លួនឯងបាន។ ធនធានមនុស្សរបស់កូរ៉េខាងជើង គឺល្អប្រសើរខ្លាំង។ ដោយសារអី? ថ្វីត្បិតតែប្រទេសគេតូចមែន ប៉ុន្តែគេមានការឯកភាពជាតិមួយច្បាស់លាស់ ព្រោះយើងដឹងហើយថា នៅជាប់ព្រំដែនកូរ៉េខាងជើង ភាគច្រើនគឺសុទ្ធជាមហាអំណាច មានរុស្សី មានចិន មានជប៉ុន មានកូរ៉េខាងត្បូង។ អ៊ីចឹងសុទ្ធតែប្រទេសខ្លាំង តែមិនស្រួលលេបបាត់ ប៉ុន្តែហេតុអីលេបកូរ៉េ ខាងជើងអត់បាន? ខ្សោយមែន តែគេខ្លាំង គេក្រមែន តែគេខ្លាំង គេឯកភាពជាតិ តែសួរមកយើងវិញ រាល់ថ្ងៃមានអី? ហើយយើងឃើញថា ការបាត់បង់ទឹកដីកម្ពុជាក្រោមនេះ គឺជារឿងមួយសោកស្តាយជាទីបំផុត ហើយខ្មែរគ្រប់គ្នា សុទ្ធតែចង់បានត្រឡប់មកវិញ។ ក៏ប៉ុន្តែសួរថា យើងធ្វើម៉េចបានអាចយកមកវិញបាន? ច្បាប់អន្តរជាតិ សួរយើងទៅរួចទេ? ក៏ប៉ុន្តែលទ្ធផលបានប៉ុនណា? អាហ្នឹងមួយ។ ទី២ បើសិនជាយើងមានករណីប្រដាប់អាវុធជាមួយវៀតណាម សួរថា យើងយកទៅទប់អីជាមួយវៀតណាម។ ខ្ញុំមិនមែនប្រមាថកងទ័ពកម្ពុជាយើងថា ខ្សោយទេ ក៏ប៉ុន្តែវាបីដូចជាយកពងមាន់ទៅជល់នឹងថ្ម។ អ៊ីចឹងឱ្យប្រជាពលរដ្ឋខ្មែរ យល់ច្បាស់ថា អ្នកណាក៏ចង់បានដែរដីកម្ពុជាក្រោម ប៉ុន្តែធ្វើម៉េចឱ្យបាន គឺឱ្យខ្មែរយើងពង្រឹងខ្លួនឯង ធ្វើម៉េចថែមួយដុំដែលមានឱ្យជាប់សិនទៅ ហើយពង្រឹងឯកភាពជាតិយើងឱ្យរឹងមាំ យើងមិនទាន់អស់ឱកាសទេ ឱ្យតែយើងប្រកាន់ជំហរមួយច្បាស់លាស់ ចាត់ទុកថា ទឹកដីកូសាំងស៊ីន ជាពិសេស ទឹកដីកម្ពុជាក្រោមនេះ ជាទឹកដីរបស់យើងពិតប្រាកដ”។
លោករស់ សារ៉ុម បានបន្តថា “ចំពោះខ្លឹមសារដែលខ្ញុំផ្តោតថា ឯកភាពជាតិនេះ ខ្ញុំផ្តោតសំខាន់ទៅលើការពង្រឹងនីតិរដ្ឋនៅកម្ពុជា ដែលប្រជាជនអាចចូលរួមបាន គឺតាមរយៈការប្រើប្រាស់សន្លឹកឆ្នោត។ អ៊ីចឹងក្នុង២០១៨ ខាងមុខនេះ ធ្វើយ៉ាងម៉េចឱ្យប្រជាជនបញ្ចោញនូវឆន្ទៈរបស់គាត់ គឺគាត់អាចជ្រើសរើសតំណាងណាមួយដែលគាត់ពេញចិត្ត ហើយគណបក្សកាន់អំណាចក៏ដោយ គណបក្សប្រឆាំងក៏ដោយ យើងយកស្មារតីរួមមួយ មិនមែនខ្លាំងតែគ្នាឯងទេ តែត្រូវគោរពច្បាប់ទាំងអស់គ្នា…”៕
កុលបុត្រ