Wednesday, November 27, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន បំពាក់មេដាយជូនកីឡាករពិការឈ្នះមេដាយមាស

សម្តេចហ៊ុន សែន បំពាក់មេដាយជូនកីឡាករពិការឈ្នះមេដាយមាស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់ក្រុមកីឡាជនពិការ ដែលបានទទួលមេដាយមាស ពីការប្រកួតកីឡា ប៉ារ៉ាឡាំពិកយុវជនពិការនៅសាធារណរដ្ឋកូរ៉េ និងជួបសំណេះសំណាលជាមួយប្រតិភូកីឡា ប៉ារ៉ាឡាំពិកកម្ពុជា ដែលនឹងទៅប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចហ៊ុន សែន បានឱ្យដឹងថា ថ្មីៗនេះ កីឡាករជនពិការកម្ពុជា ចំនួន៣រូប បានទៅចូលរួមប្រកួតជើងឯកយុវជនអាស៊ី នៅប្រទេសកូរ៉េ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាស និងសំរឹទ្ធ។ នៅក្នុងពិធីសំណាលសំណាលនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរ និងអបអរសាទរចំពោះកីឡាករពិការ យ៉ាវ វណ្ណៈ ដែលទទួលបានមេដាយមាស១គ្រឿង លើវិញ្ញាសាហែលទឹកសេរី ចម្ងាយ៥០ ម៉ែត្រ និងកីឡាករពិការ យ៉យ កុសល ជិះរទេះ វ័យក្មេង ដែលបានឈ្នះមេដាយសំរឹទ្ធ១គ្រឿង។

សម្តេចហ៊ុន សែន បានថ្លែងអំណរគុណ ដល់គ្រូបង្វឹកគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងហ្វឹកហ្វឺនកីឡាករជនពិការយើង រហូតទទួលបានមេដាយមាស ដែលជាមោទនភាពជាតិទាំងមូល។ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងដើម្បីជ័យជម្នះ ថ្មីៗថែមទៀត ហើយសម្តេច នៅតែបន្តធ្វើជាប្រធានកិត្តិយសនៃកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តដល់ជនពិការ។ ទន្ទឹមនឹងនេះដែរ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់មហាជន សូមកុំឱ្យរើសអើង ស្អប់ខ្ពើម និងជេរប្រមាថជនពិការឱ្យសោះ ព្រោះជនពិការក៏ជាមនុស្សដែរ គ្នាពិការតែរាងកាយទេ តែចិត្តនិងបេះដូងមិនពិការឡើយ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ផងដែរថា ជនពិការ ក៏មានឱកាសធ្វើជានាយករដ្ឋមន្ត្រីផងដែរ ដូចជារូបសម្តេចផ្ទាល់ ដូច្នេះបងប្អូនជនពិការកុំអស់សង្ឃឹមឱ្យសោះ។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនី ទាំងអស់ មុនទៅចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី គឺហាមដាច់ខាតការប្រើប្រាស់សារធាតុលើកកម្លាំង ឬសារធាតុ គ្រឿងញៀនផ្សេងៗដែលបំផ្លាញសុខភាពខ្លួនឯងផង ហើយធ្វើឱ្យខូចកិត្តិយសប្រទេសជាតិទៀតផង គឺហាមដាច់ខាតទាំងក្នុងពេលប្រកួត និងមិនប្រកួត។ ទន្ទឹមនឹងនេះ គឺត្រូវប្រកួតគោរព ឱ្យបានត្រឹមត្រូវតាមក្បូនខ្នាតច្បាប់ប្រភេទ កីឡានីមួយៗ។

ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កីឡាករ រហូតទទួលបានមេដាយមាស សម្តេចហ៊ុន សែន បានឧបត្ថម្ភចំពោះកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ ដែលត្រៀមទៅប្រកួត SEA Game នៅម៉ាឡេស៊ី ចំនួន ១០១នាក់ ក្នុងម្នាក់ៗ ៥០០ដុល្លារ។ ចំពោះ ប្រាក់រង្វាន់កីឡាករមេដាយមាស យ៉ាវ វណ្ណៈ គឺទទួលថវិការដ្ឋ ៨០លានរៀល និងថវិកា សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១ម៉ឺនដុល្លារបន្ថែម។ ជាមួយនេះ ដោយសារកីឡាករយ៉ាវ វណ្ណៈ ប្រឈមនឹងបញ្ហាគ្រួសារដែលត្រូវដោះស្រាយបន្ទាន់ រួមទាំងមានជំពាក់បំណុលធនាគារផងនោះ សម្តេចនាយករដ្ឋមន្ត្រីបានឧបត្ថម្ភ៣ម៉ឺនដុល្លារ បន្ថែមទៀត។ កីឡាករមេដាយសំរឹទ្ធ យ៉យ កុសល ទទួលបានថវិការដ្ឋចំនួន២៤លានរៀល និងថវិកាសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣ពាន់ដុល្លារ។ ចំណែកអ្នកគ្រូបង្វឹកកីឡាករ ក៏ទទួលបានថវិការដ្ឋ ចំនួន៨០លានរៀល និងថវិកាសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន១ពាន់ដុល្លារ។ គ្រូបង្វឹកជំនួយផ្នែកហែលទឹក ទទួលបានថវិការដ្ឋ ចំនួន៥៦លានរៀល និងថវិកាសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ១ពាន់ដុល្លារ និងគ្រូបង្វឹកវាយកូនឃ្លី១នាក់ទៀត ទទួលបានថវិកា រដ្ឋ២៤លានរៀល និងថវិកាសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ១ពាន់ដុល្លារ។ រីឯកីឡាករ១រូប ដែលបានទៅចូលរួមដែរ តែមិនបានមេដាយ ក៏ទទួលបានថវិកាឧបត្ថម្ភពីសម្តេចហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន២ ពាន់ដុល្លារផងដែរ។

មុននឹងបញ្ចប់ពិធីសំណេះសំណាលនោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់ពានរង្វាន់ដល់កីឡាករមេដាយមាស និងជូនមេដាយជ័យលាភី និងប្រាក់រង្វាន់ ព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយកីឡាករ កីឡាការិនី ក្នុងបរិយាកាសស្និទ្ធស្នាល រីករាយក្រៃលែង៕

ខៀវទុំ

RELATED ARTICLES