Wednesday, November 27, 2024
Homeព័ត៌មានជាតិភ្នំខៀវ ជិតរលាយ

ភ្នំខៀវ ជិតរលាយ

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន បានខ្សឹបឱ្យឮតាម “នគរធំ” ថា ព្រៃ តំបន់អភិរក្សជើងភ្នំខៀវ កំពុងទទួលរងការ បំផ្លាញ ក្រោមស្នាដៃម្ចាស់ដីចម្ការជាប់ៗនោះ ដែលចេះតែនាំគ្នាកាប់ទន្ទ្រាន រានព្រៃយកដី ដាំដំណាំផ្ទាល់ខ្លួន ខណៈដែលអាជ្ញាធរមូលដ្ឋាន  ក៏ដូចជាមន្ត្រីជំនាញ ហាក់មិនយកចិត្តទុកដាក់ អើពើ ចុះហាមឃាត់ ឬចាត់វិធានការអ្វីទាំង អស់ ហើយបើចេះតែបណ្តែតបណ្តោយឱ្យមាន សកម្មភាពបែបនេះទៀត ភ្នំខៀវ នឹងរលាយ ជាក់ជាមិនខាន។

ប្រជាពលរដ្ឋក្រុងប៉ៃលិន បានខ្សឹបឱ្យឮ ថា សព្វថ្ងៃអ្នកដែលមានដីចម្ការជាប់នឹងតំបន់ ព្រៃអភិរក្សជើងភ្នំខៀវ កំពុងបន្តកាប់រានព្រៃ យកដីទុកដាំពោត ដំឡូងមី ចេក…ជាដើម ធ្វើ ឱ្យភ្នំខៀវ ដែលធ្លាប់មានព្រៃខៀវស្រងាត់ កំពុង ក្លាយទៅជាវាលល្ហល្ហេវ ឃើញតែដី និងថ្មភ្ម្នំ ប៉ុណ្ណោះ។ ចំណែកខាងបរិស្ថាន និងខាងរដ្ឋ បាលព្រៃឈើ ហាក់ដូចជាមិនយកចិត្តទុកដាក់ ការពារព្រៃឈើ ដែលនៅសេសសល់តិចតួចនេះ  ឱ្យបានគង់វង្សសោះឡើយ ។

ប្រជាពលរដ្ឋ បានខ្សឹបបន្តថា ព្រៃតំបន់ អភិរក្សជើងភ្នំខៀវ ជាច្រើនកន្លែង ដែលស្ថិត នៅក្នុងភូមិបហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ត្រូវបានគេកាប់ទន្ទ្រាន និងដុតតាំងពីក្រោម រហូតដល់លើ មើលទៅមិនយូរប៉ុន្មានទេ អាច នឹងក្លាយទៅជាដីត្រងោល អស់រលីងមិនខានឡើយ។ ជាមួយនេះ បើក្រឡេកមើលទៅ ព្រៃភ្នំខៀវ ពេលនេះ ហាក់ដូចជាបាត់បង់អស់ សោភណភាព ព្រោះប្រជាពលរដ្ឋដែលមាន ដីចម្ការនៅក្បែរនោះ ចេះតែនាំគ្នាលួចកាប់ដុត ព្រៃយកដីដាំដំណាំ និងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ចំណែកព្រៃខាងក្នុងដងភ្នំ ក៏ត្រូវគេលួចកាប់យក ដីធ្វើចម្ការដូចគ្នាដែរ តែមិនឃើញមានខាង រដ្ឋបាលព្រៃឈើ ឬខាងមន្ទីរបរិស្ថាន ចុះទៅធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋទាំងនោះ ឱ្យបញ្ឈប់សកម្មភាព ខុសច្បាប់របស់ខ្លួននោះ ឡើយ។

ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮទៀតថា ពេល នេះ ពួកគាត់កំពុងព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើ ខណៈឃើញផ្សែងតែងតែហុយ ចេញពីជើងភ្នំខៀវ ដោយសារគេលួចកាប់ដុត រានទន្ទ្រានរាល់ថ្ងៃ ជាពិសេសនៅរដូវប្រាំង រាំងស្ងួតតែម្តង។ ការកាប់ព្រៃតំបន់អភិរក្សនេះ ភាគច្រើនគឺជាអ្នកដែលជិតដិតជាមួយនឹង មន្ត្រីពាក់ព័ន្ធ ព្រោះថា ប្រជាពលរដ្ឋសាមញ្ញ មិនហ៊ានកាប់ទន្ទ្រានបែបនេះទេ។ ទោះបីជា យ៉ាងណាក៏ដោយ មន្ត្រីជំនាញត្រូវយកចិត្តទុក ដាក់ចំពោះបញ្ហានេះ និងគួរតែហៅអ្នកដែល កំពុងប្រព្រឹត្តសកម្មភាព កាប់ទន្ទ្រានព្រៃទាំងនោះ មកអប់រំឱ្យរាងចាល ដើម្បីរក្សាព្រៃភ្នំដ៏ ស្រស់ស្អាតមួយនេះ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនា កម្សាន្តសប្បាយ បានប្រាក់ចំណូលដល់ខេត្ត ប៉ៃលិនផងដែរ។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើ នេះ “នគរធំ” មិនដឹងថា មានការពិតកម្រិត ណាទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺ ពីមន្ត្រីជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES