ភ្នំពេញ ៖ មេធាវីដែលធ្លាប់ការពារក្តីឱ្យ លោកកឹម សុខា និងជាមន្ត្រីបក្សប្រឆាំង លោកស្រីម៉េង សុភារី បានដាក់លិខិតសុំលាលែងពីតំណែងអនុប្រធានចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតគោរពជូនលោកកឹម សុខា ស្តីពីការសុំលាលែងពីតំណែងអនុប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិ នោះ លោកស្រីម៉េង សុភារី បញ្ជាក់ថា ការដែលលោកស្រីសុំលាលែងពីតំណែងនេះ មិនមែនមានន័យថា លោកស្រីលាឈប់ពីសមាជិកភាពគណបក្សសង្គ្រោះជាតិនោះទេ គឺលោកស្រីគ្រាន់តែលាលែងតំណែងមួយនេះ ទុកតែតំណែងមួយនៅក្នុងគណបក្ស ព្រោះក្រៅពីតំណែងជាអនុប្រធានចលនាស្ត្រី លោកស្រីក៏នៅមានតំណែងជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម។ ដូច្នេះ មូលហេតុចម្បងនៃការបោះបង់តំណែងជាអនុប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិនេះ ដើម្បីឱ្យលោកស្រីមានពេលគ្រប់គ្រាន់ទៅបំពេញការងារនៅក្នុងនាយកដ្ឋានកិច្ចការបោះឆ្នោត ឱ្យកាន់តែមានប្រសិទ្ធភាព និងដំណើរការល្អ ខណៈដែលការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ជិតចូលមកដល់។
ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ លោកស្រីម៉េង សុភារី បានបញ្ជាក់ពីចំណុចនេះថា កន្លងមក ក្នុងនាមជាអនុប្រធានចលនាស្ត្រីរបស់គណបក្សសង្គ្រោះជាតិ លោកស្រីធ្វើការងារ ច្រើនហើយជាមួយស្ត្រី ជាពិសេស នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានជួយជំរុញលើកទឹកចិត្ត លើកកម្ពស់ ឱ្យស្ត្រីបានក្លាយជាថ្នាក់ដឹកនាំមូលដ្ឋាន។ ប៉ុន្តែ ពេលនេះ លោកស្រីត្រូវតែលះបង់តួនាទីនេះ ទៅឱ្យអ្នកដទៃដែលមានសមត្ថភាពធ្វើបន្ត ហើយលោកស្រីងាកតែមកចាប់ការងារនៅក្នុងនាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មរបស់គណបក្ស តែមួយមុខ ព្រោះលោកស្រីមិនអាច ធ្វើការ២ក្នុងពេលតែមួយបានទេ ដែលនាំឱ្យការងារមានភាពមិនច្បាស់លាស់។
លោកស្រីម៉េង សុភារី បានមានប្រសាសន៍ថា “ចាស! នៅជាសមាជិករបស់គណបក្សដដែលតើ ! គ្រាន់តែថា ការងារខ្ញុំវាមានច្រើន អ៊ីចឹងទៅ ខ្ញុំមិនអាចធ្វើការងារទាំងអស់កើតទេ ត្រូវលាលែងមួយ ព្រោះខ្ញុំត្រូវធ្វើការនៅនាយកដ្ឋានកិច្ចការបោះឆ្នោតផង និងនីតិកម្មផង។ អ៊ីចឹងការងារដូចដឹងស្រាប់ហើយ ឥឡូវរឹតតែរវល់ទៀតហើយ ព្រោះកៀកបោះឆ្នោត។ ចំពោះកន្លងមក ក្នុងនាមខ្ញុំជាអនុប្រធានចលនាស្ត្រីរបស់គណបក្ស ខ្ញុំបានធ្វើការងារតាមរចនាសម្ព័ន្ធជាធម្មតា ជាពិសេស គឺយើងពង្រឹងសមត្ថភាពស្ត្រីតែម្តង ដើម្បីជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់។ បំណងយើងៗចង់បានស្ត្រី២៥នាក់ ជាមេឃុំ ហើយឥឡូវនេះ យើងអាចធ្វើផែនការបានស្ត្រីរហូតដល់៣៥នាក់។ ចំណែកកិច្ចការងារបោះឆ្នោត គឺឥឡូវហ្នឹង យើងត្រូវពង្រឹងសមត្ថភាពដល់ភ្នាក់ងារ ហើយយើងកំពុងតែសម្រេច ជ្រើសភ្នាក់ងារធ្វើការសង្កេតការណ៍ចុះឈ្មោះ បោះឆ្នោត ហើយការងាររបស់ខ្ញុំនេះ គឺត្រូវ បណ្តុះបណ្តាលដល់គ្រូបង្គោល ពីរឿងការសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតជាដើមហ្នឹង ដើម្បីឱ្យគ្រូបង្គោលហ្នឹង គាត់ធ្វើការបណ្តុះបណ្តាល បន្តទៅភ្នាក់ងារយើងដែលជាអ្នកសង្កេតការណ៍ ហ្នឹងបន្តទៀត”។
លោកស្រីម៉េង សុភាវី មានប្រសាសន៍បន្តថា “ក្នុងនាមប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម ដើម្បីឱ្យការងារហ្នឹង មានប្រសិទ្ធភាព គឺថាមានតែពង្រឹងការបណ្តុះបណ្តាលទៅភ្នាក់ងាររបស់គណបក្សរបស់យើង ហើយនិងការទទួលព័ត៌មានពីរឿងបោះឆ្នោតពីភាគីពាក់ព័ន្ធ ជាពិសេសហ្នឹង គឺគ.ជ.ប ដើម្បីបញ្ជូនព័ត៌មានបោះឆ្នោតទាំងអស់ហ្នឹងអំពីនីតិវិធី។ ជាពិសេស ការចុះឈ្មោះបោះឆ្នោត នីតិវិធីវានឹងកែប្រែអីបន្តិចបន្តួចបន្ថែមទៀត យើងត្រូវបញ្ជូនព័ត៌មានទៅដល់ពួកគាត់ ដែលជាភ្នាក់ងារហ្នឹង ឱ្យគាត់បានដឹងអំពីការកែប្រែ នីតិវិធីទាំងអស់ហ្នឹង ហើយនិងសេចក្តីជូនដំណឹង សេចក្តីណែនាំអីផ្សេងៗរបស់ គ.ជ.ប ហ្នឹង គឺ យើងមានតួនាទីផ្តល់ព័ត៌មានទៅតាមថ្នាក់ដឹកនាំនៅតាមបណ្តាខេត្ត ដើម្បីឱ្យគាត់បាន ដឹង និងយកទៅអនុវត្តតាមសេចក្តីណែនាំរបស់ គ.ជ.ប ឱ្យមានប្រសិទ្ធភាព។ ដូច្នេះជាការសរុប ខ្ញុំសូមជម្រាបថា ការលាលែងរបស់ខ្ញុំមិនមែនជាការលាលែងដោយសារមានបញ្ហាអ្វីនោះទេ គឺជាការលាលែង ទី១ ដោយសារខ្ញុំជាប់រវល់ការងារនៅនាយកដ្ឋានកិច្ចការបោះឆ្នោត។ ទី២ អ្នកមានសមត្ថភាពជាច្រើនទៀត ដែលគាត់អាចមានសមត្ថភាពលើខ្ញុំទៀត អាចទៅធ្វើការងារនៅខាងចលនាស្ត្រីបាន។ ដូច្នេះដើម្បីអាចឱ្យគាត់មានឱកាសក្នុងការចូលរួមជាមួយនឹងខាងស្ត្រី ពង្រឹងសមត្ថភាពស្ត្រី ព្រោះយើងដឹង ហើយថា ស្ត្រីនៅក្នុងវិស័យនយោបាយ នៅមានកម្រិត នៅមានចំនួនតិចតួចនៅឡើយ យើងចង់ឱ្យមានស្ត្រីបានចូលរួមឱ្យបានកាន់តែច្រើន ពីព្រោះថា បញ្ហាដែលកើតមានចំពោះស្ត្រី មាន តែស្ត្រីទេដែលយល់ដឹងពីទុក្ខធុរៈរបស់ស្ត្រីគ្នាឯង ច្រើនជាងបុរស។ អ៊ីចឹងបើសិនជាមានស្ត្រី ចូលរួមនៅក្នុងវិស័យនយោបាយឱ្យបានច្រើន វាជាការជួយលើកទឹកចិត្តដល់ស្ត្រីដែលជាជនរងគ្រោះផងដែរ។ ខ្ញុំសង្ឃឹមថា នឹងមានការគាំទ្រពីស្ត្រី ហើយមានស្ត្រីជាច្រើនទៀត ដែលគាត់ចង់ចូលរួមក្នុងវិស័យនយោបាយហ្នឹង គាត់ សូមអញ្ជើញមក ហើយជាពិសេសហ្នឹង គឺថា ស្វាមីគួរលើកទឹកចិត្តភរិយារបស់គាត់ ដើម្បី នឹងផ្តល់ឱកាសដល់ភរិយារបស់គាត់ ដើម្បីអាចឱ្យភរិយារបស់គាត់ បងស្រីរបស់គាត់ ឬម្តាយ របស់គាត់ហ្នឹង បានចូលរួមនៅក្នុងវិស័យនយោបាយផងដែរ ពីព្រោះមិនថាវិស័យអីទេ ស្ត្រីសុទ្ធតែអាចធ្វើបាន ប៉ុន្តែបញ្ហាមួយ គឺខ្វះការលើកទឹកចិត្តហ្នឹងខ្លាំងជាងគេ ពីព្រោះខ្ញុំជឿថា ស្ត្រីមានសមត្ថភាពមានច្រើនណាស់ ជាចំណុច ដែលខ្ញុំចាប់អារម្មណ៍”។
ចំពោះការងារជាមេធាវី លោកស្រីម៉េង សុភារី បញ្ជាក់ថា មិនពាក់ព័ន្ធជាមួយការងារគណបក្សសង្គ្រោះជាតិទេ។ ប៉ុន្តែលោកស្រីនៅអាចមានសិទ្ធិតាមផ្លូវច្បាប់បានក្នុងការការពារ ក្តីឱ្យលោកកឹម សុខា ប្រធានគណបក្ស ឬសមាជិកគណបក្ស ឬបុគ្គលណាមួយ បើមានរឿងត្រូវប្រឈមនឹងបណ្តឹងរបស់តុលាការ ហើយពឹងពាក់លោកស្រីឱ្យជួយការពារក្តីឱ្យនោះ។
លោកស្រីម៉េង សុភារី បានមានប្រសាសន៍បន្ថែមថា “សុំទោស! ការងារមេធាវី វាអត់ពាក់ព័ន្ធនឹងការងារនេះទេ ខ្ញុំសុំមិនអត្ថាធិប្បាយទេ ការងាររឿងក្តីក្តាំ ធម្មតាមេធាវីគួរបំពេញ តាមតួនាទីខ្លួនជាមេធាវី ដែលមានកាតព្វកិច្ច ការពារកូនក្តី ដូចមានចែងនៅក្នុងច្បាប់។ ប៉ុន្តែ មិនមានន័យថា នៅពេលថ្នាក់ដឹកនាំ ឬសមាជិក មានរឿងក្តីក្តាំ មិនទៀងថា ខ្ញុំត្រូវធ្វើមេធាវី ការពារក្តីឱ្យនោះទេ លុះត្រាតែមានការពឹងពាក់បានយើងអាចទទួលការពារក្តីបាន”។
ប្រធានចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ គឺលោកស្រីគុណ លំអង ភរិយារបស់ លោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា ពីគណបក្សសម រង្ស៊ី ដែលនៅកាន់តំណែងនេះដដែល បន្ទាប់ពីបានជាប់ជាសមាជិកព្រឹទ្ធសភាថ្មី នៃគណបក្សសម រង្ស៊ី ជំនួសស្វាមីដែលកំពុង ជាប់ពន្ធនាគារ និងបានលាលែងពីសមាជិកភាពគណបក្ស។ ប៉ុន្តែចំពោះតំណែងអនុប្រធានថ្មី ចលនាស្ត្រី នៃគណបក្សសង្គ្រោះជាតិ មិនទាន់ដឹងថា គណបក្សសង្គ្រោះជាតិ នឹងជ្រើសបុគ្គល ជាស្ត្រីរូបណាទេ ក្រោយពីលោកស្រីម៉េង សុភារី បានសុំលាលែងនេះ៕
កុលបុត្រ