ភ្នំពេញ ៖ កាដូផលប្រយោជន៍ធំ៣ សម្រាប់កម្មករនិយោជិត ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន ៖ ១-កម្មករ-កម្មការិនី ជិះរថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ ដោយមិនបង់លុយរយៈពេល២ឆ្នាំ ២-ការថែទាំសុខភាព សម្រាប់កម្មករទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយមិនបង់ប្រាក់ និង៣-ចាប់ពីឆ្នាំ២០១៩ ទៅកម្មករនិយោជិតនឹងទទួលបានប្រាក់ចូលនិវត្តន៍ ដូចមន្ត្រីរាជការដែរ នោះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនយល់ថា បានទាក់ទាញទឹកចិត្តកម្មករ ឱ្យបន្តគាំទ្រគណបក្សកាន់ អំណាចដឹកនាំប្រទេសនៅអាណត្តិក្រោយទៀត ខណៈដែលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ ជិតចូលមកដល់។
នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ចំនួន៤ ២៧០នាក់ រួមទាំងប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រ ចំនួន៩៣ផ្សេងគ្នា។ សម្តេច ហ៊ុន សែន ក៏បានប្រកាសនៅថ្ងៃនោះថា នឹងកំណត់យករៀងរាល់ថ្ងៃអាទិត្យ ដើម្បីជួបសំណោះសំណាលជាមួយកម្មករ-កម្មការិនី ហើយនៅរៀងរាល់ថ្ងៃពុធ សម្តេចនឹងអញ្ជើញចុះសួរសុខទុក្ខកម្មករ-កម្មការិនី តាមបណ្តារោងចក្រ សហគ្រាសនានា។
គោលបំណងនៃការជួបជុំនោះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករនិយោជិត ជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួលឱ្យកម្មករ និយោជិត កាន់តែមានលក្ខខណ្ឌការងារល្អ និង មានផលិតភាពការងារប្រសើរជាងមុន។ សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកដល់ភាពខ្ទេចខ្ទាំវិស័យ កាត់ដេរ ក្នុងរបបប្រល័យពូជសាសន៍ ដែលពេលនោះ រោងចក្រ សហគ្រាស ត្រូវបានបំផ្លាញបិទចោល ដោយមិនមានការនាំចេញ នោះទេ។ តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះកម្មករ ស្ថានភាព ការងារ និងជីវភាពរស់នៅរបស់កម្មករ ក្នុងនោះ មានដូចជាការដំឡើងប្រាក់ខែ ដែលបានធ្វើជាបន្តបន្ទាប់។ ការដំឡើងប្រាក់ខែនេះ មិនមែនដំឡើងតាមការទាមទាររបស់បក្សប្រឆាំងទេ គឺជាការខិតខំប្រឹងប្រែង គិតគូរយ៉ាងយកចិត្ត ទុកដាក់បំផុតពីរាជរដ្ឋាភិបាល។ លើសពីនេះ ទន្ទឹមនឹងរាជរដ្ឋាភិបាល ដែលបានខិតខំគៀងគរ អ្នកវិនិយោគពីក្រៅប្រទេសមកកម្ពុជា បក្សប្រឆាំង ក៏ហាមមិនឱ្យប្រទេសដទៃទិញផលិតផលពីកម្ពុជាទៀត ឬមកវិនិយោគនៅកម្ពុជាឡើយ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅ និងការងារកម្មករ។ ទោះយ៉ាងណា ដោយសារស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ព្រមទាំងការអនុគ្រោះដល់ការវិនិយោគទុនពីបរទេស គឺចំនួនរោងចក្រ ត្រូវបានកើនឡើងជាបន្តបន្ទាប់ ដែលបានផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋ ហើយប្រាក់ខែ ក៏ត្រូវបានដំឡើងជាបន្តបន្ទាប់ ដែលនៅឆ្នាំ២០១៨ តិចបំផុត គឺអាចឡើងដល់១៦៨ដុល្លារ ក្នុងមួយខែ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀតជាច្រើន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅសមាគម និយោជក តំណាងអ្នកគ្រប់គ្រងកម្មករ-កម្មការិនី តាមបណ្តារោងចក្រ សហគ្រាសនានា ត្រូវមានការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ហើយខិតខំដោះស្រាយឱ្យបានល្អ នៅពេលមានបញ្ហាកើតមានឡើង។ ជាពិសេស ត្រូវចងចាំថា និយោជិត និងនិយោជក គឺជាដៃគូជីវិតនឹងគ្នា មិនអាចបាត់បង់មួយណាឡើយ។
ជាមួយនោះ ដើម្បីជួយសម្រួលដល់ ជីវភាពរស់នៅរបស់កម្មករ ឱ្យបានប្រសើរឡើង សម្តេចហ៊ុន សែន ក៏បានប្រកាសឱ្យសាលារាជធានីភ្នំពេញ ផ្តល់សេវារថយន្តក្រុងសាធារណៈ ដឹកបងប្អូនកម្មករ-កម្មការិនី ដោយឥតគិតថ្លៃ (Free) មានរយៈពេល២ឆ្នាំ (ខែសីហា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩)។ ហើយក៏បានណែនាំមន្ត្រីអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ពិនិត្យក្នុងការតបណ្តាញទឹកនឹងភ្លើង ទៅតាមផ្ទះដែលកម្មករជួលនៅ ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ ចំពោះស្ត្រីជាកម្មការិនីមានផ្ទៃពោះ ដោយបានផ្តល់ប្រាក់បន្ថែម ១២០% សម្រាប់សម្រួលនៅពេលឆ្លងទន្លេ។ ក្រៅពីនេះទៀត សម្តេចបានយកចិត្តទុកដាក់ចំពោះរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាពរបស់កម្មករ ដែលកន្លងមក ត្រូវបង់ថ្លៃពាក់កណ្តាល (៥០%) ដោយនិយោជក និងនិយោជិត។ ប៉ុន្តែចាប់ពីខែមករា ឆ្នាំ២០១៨ទៅ បងប្អូននិយោជិត (កម្មករ) មិនចាំបាច់បង់តទៅទៀតទេ គឺនិយោជក (ក្រុមហ៊ុន) ទទួលរ៉ាប់រងបង់លើការចំណាយនេះទាំងអស់ (១០០%)។ ដូច្នេះ កម្មករ អាចនៅសល់ប្រាក់រវាងពី ៨០០០ ទៅ ១២០០០រៀលក្នុងមួយខែ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល ត្រូវរៀបចំឱ្យមានមណ្ឌល ដើម្បីងាយស្រួលក្នុងការផ្តល់សេវាកម្មថែរក្សា សុខភាពដល់បងប្អូនកម្មករ-កម្មការិនី រួមទាំងរៀបចំឱ្យមានឡានពេទ្យប្រចាំការ ដើម្បីត្រៀមដឹកកម្មករនៅពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើង។ ចំពោះរបបសន្តិសុខសង្គម ផ្នែកសោធននិវត្តន៍ ចាប់ពីឆ្នាំ២០១៩ ទៅកម្មករនិយោជិតទាំងអស់ នឹងទទួលប្រាក់សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) មានន័យថា ពេលនៅមានកម្លាំងធ្វើការ ក៏ទទួលប្រាក់ខែ ហើយពេលចាស់ ទៅធ្វើការមិនកើត ក៏មានប្រាក់រ៉ឺត្រែត ដូចជា មន្ត្រីរាជការដែរ គឺមិនចាំបាច់មានក្របខ័ណ្ឌការងាររដ្ឋឡើយ ប៉ុន្តែត្រូវខិតខំធ្វើការឱ្យបានល្អ។
សម្តេចហ៊ុន សែន បានបញ្ជាក់ថា “កម្ពុជា បានដូរពីប្រទេសប្រល័យពូជសាសន៍ មកប្រទេសមានសុខសន្តិភាពពេញលេញ ដូរពីប្រទេសក្រ ១០០% ក្លាយមកជាប្រទេស ដែលមានអត្រាក្រីក្រតែ១៣,៥% ដូរពីកម្មករដែលមានប្រាក់ខែ ត្រឹមតែ៥០ដុល្លារ មកប្រាក់ខែជាង១៦៨ដុល្លារ (អត្ថប្រយោជន៍ផ្សេងៗទៀត) គឺបានធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរទៅមុខជាលំដាប់ ព្រោះច្បាស់ណាស់ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានដូរនូវអ្វីៗគ្រប់យ៉ាង ឱ្យបានល្អប្រសើរសម្រាប់កម្ពុជា”។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសដែរថា ដើម្បីសម្រួលដល់ក្មួយៗកម្មករ អាចចុះឈ្មោះបោះឆ្នោតបាន គឺក្មួយៗកម្មករ អាចទៅចុះឈ្មោះ នៅទីតាំងជិតកន្លែងធ្វើការផ្ទាល់តែម្តង ដោយមិនចាំបាច់ធ្វើដំណើរទៅ ខេត្ត ដែលត្រូវចំណាយពេលវេលាច្រើនប៉ះពាល់ដល់ការងារ។ ដោយសម្តេចបញ្ជាក់ថា “ការចុះឈ្មោះបោះឆ្នោត គឺចាប់ផ្តើមធ្វើនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នេះ។ សូមក្មួយៗ កម្មករ-កម្មការិនី ទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា”។
មុននឹងបញ្ចប់សម្តេចហ៊ុន សែន ក៏បានជូនពរកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមក្នុងថ្ងៃនោះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន និងបានថតរូប Selfie ដែលបង្ហាញនូវក្តីស្រឡាញ់ចំពោះបងប្អូន កូន ក្មួយជាកម្មករ-កម្មការិនី ក្នុងលក្ខណៈស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង។
អ្វីដែលជាការចាប់អារម្មណ៍ផងដែរ មន្ត្រីរដ្ឋាភិបាល ជាពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអះអាងថា នឹងអនុវត្តតាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នូវការផ្តល់ជូនកាដូធំៗទាំង៣ របស់សម្តេចនាយករដ្ឋមន្ត្រី ជូនដល់កម្មករ-កម្មការិនីឱ្យមានប្រសិទ្ធភាព។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់តាម ទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ថា “សូមចូលរួមអបអរសាទរចំពោះបងប្អូនកម្មករ-កម្មការិនី ទាំងអស់ ដែលទទួលបានកាដូពីសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ អនុញ្ញាតឱ្យប្រើប្រាស់សេវាដឹកជញ្ជូនរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង City Bus ដោយឥតគិតថ្លៃ រយៈពេល ០២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៩។ នេះជាកាដូថ្មីមួយ បន្ថែមទៀតពីសម្តេច បន្ទាប់ពីការគិតគូរពីអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការិនី រួមមានការដំឡើងប្រាក់ខែអប្បបរមា ជារៀងរាល់ឆ្នាំ ការបញ្ចុះតម្លៃទឹក ភ្លើង និងតបណ្តាញដល់ផ្ទះជួល, បន្ទប់ជួល…៘
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយដល់កម្មករ។
លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណ ពីព្រោះការគាំទ្រហ្នឹងមានគ្រប់អាណត្តិកន្លងមកហើយពីអាណត្តិមួយទៅអាណត្តិមួយ យើងទទួលបានកម្មករ កសិករ ហើយនិងមន្ត្រីទាំងអស់ហ្នឹង គឺបានផ្តល់សេចក្តីទុកចិត្ត ហើយគោរពនូវការយកចិត្តទុកដាក់របស់គណបក្សប្រជាជន ក៏ដូចជានាយករដ្ឋមន្ត្រីជាក់ស្តែង ដែលលោកមានភាពសាមញ្ញ ចុះទៅដល់ផ្ទាល់នៅនឹងកន្លែងនោះ នៅកន្លែងភូមិ-ឃុំដែលរស់នៅ ក៏ដូចនៅ តាមរោងចក្រ។ ដូច្នេះបើគ្មានការគាំទ្រកន្លងមកទេ គឺគ្មានគោលការណ៍៣ចំណុច ដែលបានលើកឡើងនោះទេ។ ដូច្នេះជាការតបស្នងសងគុណ យើងរួមគ្នាទៅមុខ ហើយនឹងបន្តអនុវត្តគោលការណ៍បន្ថែមទៀត ដល់ជីវភាពកម្មករ និងកសិករនេះឯង”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បញ្ជាក់ថា ការដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់កាដូទាំងនោះជូនកម្មករនោះ គឺឆ្លុះបញ្ចាំងពី ទឹកចិត្តដ៏ជ្រាលជ្រៅ យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កម្មករ គ្រប់ពេលវេលា របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ប៉ុន្តែលោកមានការសោកស្តាយដែលមេបក្សប្រឆាំងមួយនោះ និយាយថា សម្តេចហ៊ុន សែន ទិញចិត្តកម្មករ ដែលចំណុចនេះ លោកយល់ថា មេបក្សប្រឆាំងនោះ មិនចង់ឱ្យកម្មករទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីគោលនយោបាយរបស់សម្តេចនាយករដ្ឋមន្ត្រីទេ។ បានសេចក្តីថា គេមិនចង់ឱ្យជីវិតកម្មករ មានលក្ខណៈល្អប្រសើរឡើងទេ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការធ្វើនេះ អត់មានធ្វើតាមការទាមទាររបស់បក្សប្រឆាំង កន្លងមកទេ អត់មានទេ គឺសម្តេចមានកម្មវិធីជួបជាមួយកម្មករនិយាជិតនេះ ជារៀងរាល់ចុងសប្តាហ៍ ហើយឥឡូវខានស្អែកនេះ គឺសម្តេចនឹងអញ្ជើញទៅជួបកម្មករនិយោជិត នៅកំពង់ផែស្ងួត នៅខាងលិចទីក្រុងភ្នំពេញ ទៀត។ អ៊ីចឹងទេ បានបញ្ហាហ្នឹងឃើញថា ជាការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ជាមួយនឹងកម្មករនិយោជិត របស់យើង។ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា បងប្អូននិយោជិតកម្មករ នឹងផ្តល់យុត្តិធម៌ជូនសម្តេចតេជោ ហ៊ុន សែន ជូនគណបក្សប្រជាជនកម្ពុជា ពីព្រោះដែលបងប្អូនមានការងារធ្វើទាំងក្នុងប្រទេស ទាំងក្រៅប្រទេសនេះ ក៏ដោយសារ គោលនយោបាយទាក់ទាញវិនិយោគពីខាងក្រៅ ឱ្យមកធ្វើរោងចក្រ សហគ្រាស ហើយដំណើរការ រោងចក្រ សហគ្រាសនេះ ដែលជាទីផ្សារឱ្យ បងប្អូនកូនចៅ ជាកម្មករនិយោជិតហ្នឹងមាន ការធ្វើ ហើយកែប្រែជីវភាពរស់នៅ មិនមែន ត្រឹមតែខ្លួនឯងទេ រហូតដល់ជួយទំនុកបម្រុង ក្រុមគ្រួសារនៅស្រុកស្រែចម្ការនោះថែមទៀត”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនអាចទាក់ទងសុំយោបល់ជុំវិញ បញ្ហានេះបានទេ កាលពីម្សិលមិញ។ ប៉ុន្តែសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ លោកជាម ច័ន្ទនី បានបញ្ជាក់ថា លោក សូមសាទរចំពោះការយកចិត្តទុកដាក់ដល់កម្មករ ពីសំណាក់ប្រធានគណបក្សកាន់អំណាច។
លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ខ្ញុំគិតថា នេះជាជំហានវិជ្ជមានមួយ ដែលបក្សកាន់អំណាច បើកភ្លើងខៀវដល់កម្មករ មុន ការបោះឆ្នោតនេះ។ ដូច្នេះ ខ្ញុំមិនថាវាជាជោគជ័យរបស់គណបក្សសង្គ្រោះជាតិ ទេ តែវាជា ជោគជ័យរបស់ក្មួយៗ ប្អូនៗដែលជាកម្មករ ហ្នឹង។ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថា ក្មួយៗ ប្អូនៗ ដែលជាកម្មករហ្នឹង មិនភ្លេចទេនូវអនុស្សាវរីយ៍ ដែលយើងទាមទារហ្នឹង ហើយការដែលគាត់ មិនធ្វើតាម ក៏ហីទៅ យើងអត់ឱ្យធ្វើតាមយើង ទេ ប៉ុន្តែយើងបានទាមទារហ្នឹងមក។ ទោះបីគាត់ ថា មិនមែនទាមទារតាមយើង ក៏យើងចេញ មុនដែរ យើងចេញថា បើយើងធ្វើ យើងធ្វើបាន តែគាត់ថា ធ្វើមិនបាន តែពេលនេះគាត់ធ្វើបាន យើងស្វាគមន៍ ហើយចង់គាត់និយាយថា មិន មែនជាការធ្វើតាមរបស់យើងក៏ហីទៅចុះ អត់បញ្ហាទេរឿងហ្នឹង ប៉ុន្តែយើងគិតថា បងប្អូន គាត់នឹងយល់បញ្ហានេះ”។
ជាការឆ្លើយតបនឹងការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលនេះដែរ សហភាព សហព័ន្ធសហជីពជាច្រើន ក៏បានសម្តែងការចាប់ អារម្មណ៍រីករាយត្រេកអរ កោតសរសើរ ចំពោះ ការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី។
ប្រធានសភាសហជីពជាតិកម្ពុជា លោកសោម អូន បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍ និងការយកចិត្តទុកដាក់ដ៏សំខាន់ ដែល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់កាដូធំៗចំនួន៣ សម្រាប់កម្មករនិយោជិត ជាង៧០ ម៉ឺននាក់។
លោកសោម អូន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ថា “នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករនិយោជិត ដែលជាប្រធានក្រុម ប្រធានផ្នែក និងជំនួយការរដ្ឋបាល ចំនួនជាង៤០០០នាក់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ សម្តេចតេជោ បានប្រកាសផ្តល់កាដូធំៗចំនួន៣ ជូនដល់កម្មករ និយោជិតទូទាំងប្រទេស ៖
ទី១-ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កម្មករនិយោជិត ត្រូវបានជិះរថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ ដោយមិនបង់លុយ។
ទី២-ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ កម្មករនិយោជិត មិនបាច់បង់ប្រាក់ថ្លៃសេវា គាំពារសុខភាព ចំនួន១,៣ភាគរយទៀតទេ គឺ តម្រូវឱ្យថៅកែរោងចក្រ បង់ជំនួសកម្មករ ១០០%តែម្តង បានន័យថា ថៅកែរោងចក្រ បង់ចំនួន ២,៦%ទៅ ប ស ស (បច្ចុប្បន្ន កម្មករបង់១,៣% និងថៅកែបង់បន្ថែមឱ្យ កម្មករចំនួន១,៣% សម្រាប់ការថែទាំសុខភាព សម្រាប់កម្មករនិយោជិតទៅពិនិត្យនិងព្យាបាល ជំងឺនៅមន្ទីរពេទ្យ ដោយមិនបង់ប្រាក់)។
ទី៣-ចាប់ពីឆ្នាំ២០១៩ទៅ កម្មករនិយោជិត នឹងទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការដែលឱ្យម្ចាស់ក្រុមហ៊ុនបង់ថ្លៃសេវាគាំពារ សុខភាពជូនកម្មករ កម្មការិនី នឹងធ្វើឱ្យកម្មករ កម្មការិនី អាចសន្សំប្រាក់ថ្លៃសេវាសុខភាព បានយ៉ាងតិច ៨,០០០រៀល ទៅ១២ ០០០ រៀលក្នុងមួយខែ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ ប្រឹងប្រែងធ្វើការងារឱ្យ បានល្អប្រសើរ”។
ប្រធានសហភាពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា កាដូទាំង៣ ដែល ផ្តល់ឱ្យដោយប្រមុខរាជរដ្ឋាភិបាលនេះ ជាតម្រូវការពិតប្រាកដរបស់កម្មករ។ ដូច្នេះលោកសូមអរគុណដល់រដ្ឋាភិបាល និងជឿថា កម្មករនឹង បន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកប៉ាវ ស៊ីណា “បាទ! សម្រាប់ខ្ញុំៗ រីករាយ នៅពេលទទួលដំណឹងនេះ ហើយក៏សូមថ្លែងអំណរគុណ ទៅដល់ប្រមុខដឹកនាំដែរ ដែលលោកបានសម្រេចនៅក្នុងការបញ្ឈប់ឱ្យកម្មករ ចំណាយទៅលើការបង់ថ្លៃសេវាថែទាំ សុខភាពអីទៀត ដោយតម្រូវឱ្យការចំណាយជា បន្ទុករបស់ភាគីនិយោជក ហើយនិងជាពិសេស មួយទៀតនោះ គឺទាក់ទងទៅនឹងបញ្ហាការ ជិះរថយន្តក្រុងសាធារណៈ ដោយមិនចាំបាច់ចំណាយថវិការយៈពេល២ឆ្នាំ ខ្ញុំមើលឃើញថា វាជារូបភាពមួយល្អ សម្រាប់កម្មករនយោជិត ដែលអាចធ្វើឱ្យគាត់ ជួយកាត់បន្ថយនូវការ ចំណាយរបស់ពួកគាត់មួយផ្នែកទៀត ហើយ ដែលសំខាន់នោះ យើងចង់បានការយកចិត្តទុកដាក់ ជាពិសេស គឺការពិនិត្យឱ្យបានហ្មត់ចត់ ចំពោះប្រព័ន្ធសុខាភិបាល ធ្វើម៉េចឱ្យមានគុណភាព ការទទួលខុសត្រូវពីសំណាក់មន្ត្រីពេទ្យ ដោយសារកន្លងមក សហជីពបានមើលឃើញ រឿងរ៉ាវជាច្រើន ដែលយើងទទួលបានពីកម្មករ និយោជិត ទាក់ទងទៅនឹងការមិនយកចិត្តទុក ដាក់នៅក្នុងការពិនិត្យ និងព្យាបាល ផ្តល់ឱ្យពួកគាត់ ដែលត្រូវបានគ្រូពេទ្យមិនសូវយកចិត្តទុក ដាក់ហ្នឹង អ៊ីចឹងក្នុងន័យនេះ មានន័យថា ទោះបី កម្មករមិនបានចំណាយទៀត ប៉ុន្តែសំខាន់ គឺធ្វើ ម៉េចឱ្យពួកគាត់មានទំនុកចិត្ត ទៅដល់ប្រព័ន្ធ សុខាភិបាល។ ហើយទាក់ទងទៅនឹងប្រាក់សោធននិវត្តសម្រាប់កម្មករ ខ្ញុំមើលឃើញថា វាជា រូបភាពល្អ ដោយសារតែនៅប្រទេសមួយចំនួន គេបានអនុវត្តហើយ។ ដូច្នេះនៅពាក់ព័ន្ធនឹង ចំណុចនេះ ច្បាប់ស្តី់ពីការងារហ្នឹង គឺបានចែង ហើយថា មានហានិភ័យ ទាក់ទងទៅនឹងការ ទទួលខុសត្រូវ ហានិភ័យការងារ ការថែទាំ សុខភាព និងប្រាក់សោធននិវត្តអីជាដើមនេះ ខ្ញុំ ឃើញថា ឥឡូវនេះ កំពុងតែចាប់ផ្តើមដំណើរការហើយ។ ដូច្នេះ យើងគ្រាន់តែតម្រូវឱ្យមាន ការប្រជុំពីភាគីពាក់ព័ន្ធដើម រួមចំណែកនៅក្នុង ការពិគ្រោះយោបល់គ្នា ដើម្បីយកបញ្ហាទាំងអស់នេះឆ្លើយតបមកកាន់កម្មករ ក៏ដូចជាចង់ បាននូវការយល់ឃើញរបស់កម្មករ ដើម្បីឱ្យ យើងអនុវត្តទៅ វាមិនមានបញ្ហាប្រតិកម្មពីកម្មករ”។
លោកប៉ាវ ស៊ីណា បានបន្តថា “សរុបទៅ យើងឃើញថា តម្រូវការកម្មករចាំបាច់បំផុត គឺបញ្ហាប្រាក់ឈ្នួល ប៉ុន្តែបន្ទាប់ពីប្រាក់ឈ្នួល មានគោលនយោបាយក្នុងការដំឡើងជារៀងរាល់ឆ្នាំហើយ អ៊ីចឹងវា គឺជារឿងមួយល្អប្រសើរ ហើយ។ អ៊ីចឹងអ្វីដែលនៅសល់នេះ គឺបញ្ហាសុខភាព និងសុវត្ថិភាព ដែលយើងត្រូវតែយកចិត្ត ទុកដាក់ឱ្យបានខ្ពស់បំផុត។ អ៊ីចឹងដែលសម្តេច បានសម្រេចលុបចោលការចំណាយរបស់កម្មករ ទៅជាបន្ទុកររបស់នាយកវិញ អាហ្នឹង គឺជារឿង មួយដែរ ដែលកម្មករកំពុងតែចង់បាន ហើយ គាត់កំពុងតែត្រូវការឱ្យក្រសួងពាក់ព័ន្ធ ជាពិសេស សហជីព ដែលតំណាងដោយពួកគាត់ហ្នឹង ស្នើ ធ្វើម៉េចឱ្យលុបអាហ្នឹងវិញ មានន័យថា គាត់ អត់ចង់បង់ទេ ដោយសារតែគាត់យល់ថា ប្រាក់ ឈ្នួលគាត់នៅទាបនៅឡើយ។ អ៊ីចឹងឯង ខ្ញុំឃើញថា រឿងនេះវាជារូបភាពមួយ ដែលធ្វើ ឱ្យកម្មករ មានការរីករាយយ៉ាងខ្លាំង។ ដូច្នេះ ទាក់ទងទៅនឹងកាដូពិសេសនេះ ក្នុងនាមតំណាង ឱ្យកម្មករ គ្មានអ្វីអំពីការថ្លែងអំណរគុណទៅ ដល់ប្រមុខដឹកនាំទេ ហើយមួយទៀតនោះ ក៏ អំពាវនាវដែរ ឱ្យកម្មករយើងបន្តការបំពេញ ការងារ ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីធ្វើ ឱ្យការផលិតហ្នឹង មានសកម្មភាពប្រសើរឡើង ជាងឆ្នាំនេះ ដោយសារតែយើងឃើញថា អត្ថប្រយោជន៍ចេះតែមានការប្រែប្រួលជាបន្តបន្ទាប់។ អ៊ីចឹងដើម្បីភាគីនាយកកក់ក្តៅដែរ លុះត្រាតែ យើងជាកម្មករហ្នឹង បន្តការបំពេញការងារ ដោយការទទួលខុសត្រូវ និងការខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើម៉េចឱ្យមានភាពរីកចម្រើនទាំង សងខាង”។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សោភ័ណ បានលើកឡើងថា សម្រាប់ អ្នកស្រីសូមសាទរចំពោះរាជរដ្ឋាភិបាល ដែលថា នឹងផ្តល់កាដូ៣ទៀត ឱ្យកម្មករនោះ ព្រោះ នេះជាអ្វីដែលកម្មករធ្លាប់ទទួលរងការប្រឈម ហើយចង់ជួបជាមួយរាជរដ្ឋាភិបាល ដើម្បីជួយ ដោះស្រាយពីបញ្ហានេះ ឬស្តាប់ពីកង្វល់របស់ ពួកគាត់។ ដូច្នេះការជួបសំណេះសំណាលរវាង ប្រមុខរាជរដ្ឋាភិបាល គឺបានប្រយោជន៍ទាំងសងខាងទាំងកម្មករ និងរាជរដ្ឋាភិបាល។
អ្នកស្រីយ៉ាង សោភ័ណ បញ្ជាក់ថា “ខ្ញុំគិតថា បើសិនជាគាត់បន្ទាបខ្លួននៅក្នុងការជួប ជាមួយនឹងកម្មករ ខ្ញុំគិតថា វាជាការល្អប្រសើរ ហើយ ព្រោះមិនថាតែកម្មករទេ សូម្បីប្រជាពលរដ្ឋក៏ដោយ ក៏គាត់មានចិត្តមួយថា គាត់ ចង់ឱ្យនាយករដ្ឋមន្ត្រីមានការបន្ទាបខ្លួននៅក្នុង ការជួបគ្នាជាមួយពួកគាត់។ សម្រាប់ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំមើលឃើញមានការចាប់ អារម្មណ៍របស់គាត់បែបហ្នឹង ហើយគាត់គួរតែ ធ្វើយូរហើយ មិនមែនទើបធ្វើនៅពេលហ្នឹងទេ។ ហើយចំណុចមួយទៀត ដែលខ្ញុំចង់លើកឡើង ខ្ញុំគាំទ្រឱ្យមានការជួបដោយលក្ខណៈស្ថិតស្ថេរ ខ្ញុំមិនគិតថា រដូវបោះឆ្នោតបាន គាត់មានគំនិតថា ចង់ជួប ជាមួយកម្មករទេ គឺខ្ញុំថា បើសិនជាគាត់ព្យាយាមជួបគ្នាជាមួយកម្មករ និងពលរដ្ឋជាប្រចាំ ខ្ញុំគិតថា វាចំណុចល្អ ពីព្រោះបើគាត់ជួបនៅមុនពេលបោះឆ្នោតដល់ពេលបោះឆ្នោតហើយ ក៏ត្រូវតែជួបទៀតដែរ ដើម្បីអាប់ដេតព័ត៌មាន ប្រាប់ទៅដល់កម្មករវិញ អានេះរឹតជាការល្អទៀត។ ពីព្រោះធម្មតា ពលរដ្ឋ កម្មករ នៅពេលដែលគាត់បានជួបហើយ គាត់តែងតែចង់ដឹង នូវបញ្ហាដំណោះស្រាយត្រឡប់ មកវិញ ហើយបើសិនណាគាត់ប្រាប់ពីដំណោះស្រាយត្រឡប់មកវិញ ខ្ញុំគិតថា ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ គាត់គាំទ្ររដ្ឋាភិបាលហើយ។
អ្នកស្រីយ៉ាង សោភ័ណ បានបញ្ជាក់បន្តថា “ខ្ញុំគិតថា ជាទូទៅ គឺសុទ្ធតែមានសារសំខាន់ ទាំងសងខាងដូចគ្នា ពីព្រោះរដ្ឋាភិបាល គាត់បានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ ហើយទី២ គាត់ជាមនុស្សម្នាក់ ដែលប្រឈមមុខនៅក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ ពីព្រោះរដ្ឋាភិបាល ជាម៉ែឪរបស់កម្មករ ជាម៉ែឪរបស់ប្រជាពលរដ្ឋ ហើយប្រសិនណាគាត់បានដឹងពីសុខទុក្ខរបស់កម្មករ បានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋហើយ គាត់ត្រូវតែព្យាយាមក្នុងការដោះស្រាយហើយ។ សម្រាប់ខ្ញុំ គ្រាន់តែមានគំនិតស្នើទៅរដ្ឋាភិបាលថា ទី១ បើសិនណារដ្ឋាភិបាល ព្យាយាមនៅក្នុងការជួបជាមួយកម្មករ និងការយកចិត្តទុកដាក់ចំពោះ កម្មករមែន ខ្ញុំគាំទ្រ ហើយសាទរឱ្យមានការ ជួបជុំជាមួយកម្មករបែបហ្នឹង ហើយត្រូវតែព្យាយាមក្នុងការដោះស្រាយបញ្ហា ជូនពួកគាត់ដែរ ហើយខ្ញុំសំណូមពរមួយទៀត ខ្ញុំគិតថា បញ្ហារបស់កម្មករ មិនជាបញ្ហាធំដុំទេ។ អាបញ្ហាចម្បងៗ អាទិភាពហ្នឹងមិនមានច្រើនទេ មានតិចតួចទេ។ ឧទាហរណ៍ថា បីបួនចំណុចអីអ៊ីចឹងទេ ហើយបើសិនណាយើងព្យាយាមដោះស្រាយបញ្ហាទាំងអស់ហ្នឹងហើយ វាអត់មានបញ្ហាអីដែលឡើងផ្សេងៗ លើហ្នឹងទៀតទេ វាគ្រាន់តែជាចំណុចតិចតួចទេ។ បញ្ហាធំដុំជាងគេទាក់ទងនឹងប្រាក់ឈ្នួលបញ្ហាទី២ ទាក់ទងនឹងកម្មករដួលសន្លប់អីអ៊ីចឹងទៅ បញ្ហាទី៣ ពាក់ព័ន្ធ នឹងការធ្វើដំណើររបស់កម្មករ ពាក់ព័ន្ធនឹងការកំណត់ចំនួន ដែលឱ្យកម្មករធ្វើការហួសកម្លាំងអីអ៊ីចឹងទៅ។ អ៊ីចឹង បើសិនណារដ្ឋាភិបាល ព្យាយាមដោះស្រាយ ចំណុចទាំងអស់ហ្នឹង ខ្ញុំគិតថា ប្រហែលជានឹងអាចជម្លោះនៅផ្ទៃក្នុងវិស័យឧស្សាហកម្មកាត់ដេរហ្នឹង បានច្រើនមែនទែន”។
ដោយឡែក អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិតមាស នី បានបញ្ជាក់ថា ការដែលឃើញរដ្ឋាភិបាលប្តូរឥរិយាបថមកជួយយកចិត្តទុកដាក់ទៅលើកម្មករវិញ វាជារឿងល្អហើយ ប៉ុន្តែសំណូរសួរថា តើអ្វីដែលបានធ្វើមកលើកម្មករពីមុនមក អាចយកជួសជុលបានដែរឬអត់? ប៉ុន្តែលោកទទួលស្គាល់ថា ការដែលគណបក្សកាន់អំណាច ងាកមកយកចិត្តទុកដាក់នឹងកម្មករនេះ ក៏ជាការទាក់ទាញ ការគាំទ្រពីកម្មករបន្ថែមទៀត ហើយបក្សប្រឆាំង ក៏ពិបាកនឹងប្រជែងបាន។
លោកមាស នី បានមានប្រសាសន៍ថា “បាទ ! សម្រាប់ខ្ញុំវិញ ខ្ញុំគិតថា អ្វីក៏ដោយ ដែលជាការយកចិត្តទុកដាក់ របស់រដ្ឋាភិបាល ពិសេសការមើលខុសត្រូវទៅលើសុខុមាលភាពរបស់កម្មករ វាជារឿងប្រសើរ ហើយរាល់ទង្វើជាវិជ្ជមានអ៊ីចឹង គឺខ្ញុំតែងតែគាំទ្រ។ ក៏ប៉ុន្តែ នៅស្រុកយើងនេះ វាហាក់ដូចជាធ្វើអីទៅវាអត់យូរ បានតែមួយប្រាវៗ ហើយវាច្រើនតែ កើតឡើងនៅមុនពេលបោះឆ្នោត។ ប៉ុន្តែនៅក្នុងលក្ខខណ្ឌហ្នឹង វាក៏ជារឿងធម្មតារបស់អ្នក នយោបាយដែរ ព្រោះនយោបាយនៅប្រទេសណាក៏ធ្វើអ៊ីចឹង គ្រាន់តែប្រទេសយើងពេលខ្លះ យើងឃើញថា វាស្តែងពេក។ បានន័យថា ការដែលឃើញរដ្ឋាភិបាលប្តូរឥរិយាបថមកជួយយកចិត្តទុកដាក់ទៅលើកម្មករវិញ វាជារឿងល្អ ហើយ ប៉ុន្តែសំណួរសួរថា តើអ្វីដែលបានធ្វើមកលើកម្មករពីមុនមកអាចយកជួសជុលបានដែរឬអត់? អានេះជាការមើលឃើញរបស់ខ្ញុំ”។
លោកមាស នី បានបន្តថា “តាមពិតរឿង នេះជារឿងកម្មករ ដោយសារកម្មករនេះគឺមានសំឡេងធំ ហើយយើងមើលការផ្លាស់ប្តូរក្នុងការបោះឆ្នោតឆ្នាំ២០១២ រហូតមក២០១៣ យើងឃើញដោយសារតែរដ្ឋាភិបាល បានធ្វើបាប កម្មករ ដល់អ៊ីចឹងទៅ យើងឃើញថា សំឡេងរបស់កម្មករហ្នឹង ហាក់ដូចជាហូរចូលមកគាំទ្រ គណបក្សសង្គ្រោះជាតិ ហ្នឹងច្រើន រហូតដល់ ឡើងពី១លាន៨ទៅ២លាន៩។ ហើយកម្មករនេះ បើយើងមើលទៅវាមិនមែនគ្រាន់តែជា សំឡេងរបស់កម្មកររៀងខ្លួនទេ កម្មករនេះ កាលណាធ្វើអីមិនឱ្យគ្នាសប្បាយចិត្ត គឺគេប្រាប់បងប្អូនគេទៀត មិនឱ្យបោះឱ្យ ព្រោះកម្មករ ទោះបីមានប្រាក់ខែតិចតួច ក៏ពួកហ្នឹងមានឥទ្ធិពលទៅលើគ្រួសារគេនៅស្រុកដែរ ព្រោះអីគេ បានផ្តល់លុយកាក់ទៅឱ្យបងប្អូនឪពុកម្តាយគេអានេះយើងឃើញ។ អ៊ីចឹងមានសារសំខាន់ណាស់សម្រាប់អ្នកនយោបាយ។ បានន័យថា នេះជាជំហរល្អហើយរបស់រដ្ឋាភិបាល ក៏ប៉ុន្តែ យើងចង់ឃើញធ្វើអីកុំឱ្យយឺតពេល ទើបបានយើងងាកមកស្តារវិញ ក្រែងស្តារវាមិនរួច។ ប៉ុន្តែខ្ញុំគិតថា សម្រាប់អ្នកនយោបាយ ស្អីក៏វាមិនចេះហួសពេលដែរ ឱ្យតែយើងយកចិត្តទុកដាក់ទៅលើពលរដ្ឋ ហើយនិងធ្វើម៉េចយើងអនុវត្តនូវគោលនយោបាយអ្វី ដែលផ្តល់ផលប្រយោជន៍របស់ពលរដ្ឋ៕
កុលបុត្រ