Monday, November 25, 2024
Homeនយោបាយលោកកឹម សុខា ដៀមដាមលោកសម រង្ស៊ី និងសម្តេចហ៊ុន សែន

លោកកឹម សុខា ដៀមដាមលោកសម រង្ស៊ី និងសម្តេចហ៊ុន សែន

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានលើកឡើងហាក់ក្នុងន័យ ដៀមដាមទៅដល់លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថា អ្នកនយោបាយខ្មែរកន្លងមក ពេលត្រូវរ៉ូវគ្នា ធ្វើជាឱបរឹតស្និទ្ធស្នាលគ្នាទាំងគ្រួសារ តែពេលខ្វែងគំនិតគ្នា វាយប្រហារគ្នាស្ទើរតែស៊ីសាច់ហុតឈាម។

លោកកឹម សុខា បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកបានចុះជួបថ្នាក់ដឹកនាំមូលដ្ឋាន នៃគណបក្សសង្គ្រោះជាតិ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានេះ លោកកឹម សុខា ក៏បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នេះដែរថា “យើងមិនត្រូវកាប់សម្លាប់គ្នា នឹងក៏មិនចាំបាច់ឱបរឹតគ្នាដែរ សុំត្រឹមតែចាប់ដៃគ្នាដើម្បីកសាងកម្ពុជា ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងសេចក្តីសុខចម្រើន សម្រាប់ប្រជាពលរដ្ឋខ្មែរបានហើយ។”ខ្ញុំយល់ឃើញថា អ្នកនយោបាយ ឬគណបក្សនយោបាយខ្មែរ គួរប្រកួតប្រជែងគ្នាតែទស្សនៈរៀងៗខ្លួន។ អ្នកនយោបាយខ្មែរ មិនគួរបន្តការជេរប្រមាថ លាបពណ៌ គំរាមកំហែង បង្កការឈឺចាប់ចំពោះខ្មែរគ្នាឯងតទៅទៀតទេ។

ខ្ញុំសង្កេតឃើញថា អ្នកនយោបាយខ្មែរ កន្លងមក ពេលត្រូវរ៉ូវគ្នា ធ្វើជាឱបរឹត ស្និទ្ធស្នាលគ្នាទាំងគ្រួសារ។ ពេលខ្វែងគំនិតគ្នា វាយប្រហារគ្នាស្ទើរតែស៊ីសាច់ហុតឈាមគ្នា។ អាកប្បកិរិយា ទាំងនេះ វាហួសហេតុពេកហើយ ព្រោះជាលទ្ធផលវានឹងបំផ្លាញខ្លួនឯង បំផ្លាញសង្គមខ្មែរ និងរហូតដល់បំផ្លាញប្រទេសជាតិយើងទៀតផង”។

ដោយឡែក ថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋាននៃគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ និងខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ លោក កឹម សុខា បានលើកឡើងក្នុងន័យដូចគ្នាថា “គណបក្សសង្គ្រោះជាតិ មិនបានគិត មិនបានត្រៀមខ្លួន ដើម្បីធ្វើបាតុកម្មនោះឡើយ”។ គឺគណបក្សសង្គ្រោះជាតិ បាននឹងកំពុងរៀបចំខ្លួន ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ នេះ។ ដូច្នេះ សូមគ្រប់គូប្រកួតទាំងឡាយ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ គួររួមគ្នារៀបចំការបោះឆ្នោតខាងមុខនេះ ឱ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអ្នកឈ្នះ ឈ្នះដោយ កិត្តិយស អ្នកចាញ់ ចាញ់ដោយអស់ចិត្តទៅល្អជាង។ គណបក្សសង្គ្រោះជាតិ ចង់បានលទ្ធផលនៃការបោះឆ្នោត ដែលឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ។ គណបក្សនឹងយកកម្មវិធីនយោបាយ និងគោលការណ៍របស់គណបក្ស ដើម្បីដាក់ជូនប្រជាពលរដ្ឋខ្មែរ ជាអ្នកសម្រេច ដោយយើងមិនយកទឹកប្រាក់ តួនាទីបុណ្យស័ក្តិ ដើម្បីទៅទាក់ទាញទឹកចិត្ត ប្រជាពលរដ្ឋនោះទេ។ ដូច្នេះគណបក្ស ត្រូវរៀបចំកម្មវិធីនយោបាយជាក់ស្តែង ដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ និងធ្វើយុទ្ធសាស្ត្រប្រកបដោយភាពវិជ្ជមាន ដើម្បីទៅដណ្តើមយកជ័យជម្នះ ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខនេះ”។

គួរបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ លោកសម រង្ស៊ី ដែលពេលនោះ នៅជាប្រធានគណបក្សសង្គ្រោះជាតិ និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នា ពិសាអាហារសាមគ្គី ជាលក្ខណៈគ្រួសារ នៅសណ្ឋាគារកាំបូឌីយ៉ាណា យ៉ាងស្និទ្ធស្នាល ដោយមានការជួបជុំគ្នា រវាងកូនៗរបស់សម្តេចហ៊ុន សែន និងកូនៗរបស់លោកសម រង្ស៊ី ព្រមទាំងមានការថតរូបស៊ែលហ៊្វី (Selfie) ទៀតផង។ ក្រោយមានព្រឹត្តិការណ៍នោះ សម្រាប់គណបក្សប្រឆាំង ក៏ដូចជាមជ្ឈដ្ឋានអ្នកវិភាគ បានចាត់ទុកថ្ងៃនោះ ជាថ្ងៃសំខាន់នៃការអនុវត្តវប្បធម៌ សន្ទនារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ ប៉ុន្តែរំលងពីនោះមក គណបក្សប្រឆាំង និងគណបក្សកាន់អំណាច បានផ្តាច់វប្បធម៌ សន្ទនាគ្នា ព្រោះបក្សកាន់អំណាចគិតថា វប្បធម៌សន្ទនាគ្មានអីសំខាន់ទៀតទេ ព្រោះតែលោក សម រង្ស៊ី ចាប់ដៃជាន់ជើង គឺនៅតែបន្តវាយប្រហារ ចោទប្រកាន់មកលើសម្តេច និងគណបក្សប្រជាជនកម្ពុជា ឥតឈប់ឈរ។

លោកសម រង្ស៊ី ថតរូបស៊ែលហ្វីជាមួយសម្តេចហ៊ុន សែន

រហូតមកដល់ពេលនេះ អ្វីដែលមជ្ឈដ្ឋាន នយោបាយមើលឃើញ គឺជីវិតនយោបាយរបស់លោកសម រង្ស៊ី គ្មានឱកាសនឹងស្តារឡើងវិញបាន ខណៈដែលលោកមានឈ្មោះជាទណ្ឌិត និងបានលាឈប់ពីសមាជិកភាព គណបក្សសង្គ្រោះជាតិ ហើយវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក៏បានចូលជាធរមាន ដែលមិនអនុញ្ញាតឱ្យទណ្ឌិត ចូលរួមសកម្មភាពជាមួយគណបក្សនយោបាយបាន។ ហេតុនេះហើយ ទើបលោកកឹម សុខា បានលើកឡើងក្នុងន័យខាង លើនេះ ដែលអ្នកវិភាគយល់ថា ជាការលើកឡើង ក្នុងន័យនឹកស្តាយវប្បធម៌សន្ទនា រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានបញ្ជាក់ថា ជាការពិតគណបក្សប្រឆាំង ពិតជាចង់ឱ្យមានវប្បធម៌សន្ទនា ឬការជជែកគ្នា ដោយសន្តិវិធីប្រសើរជាងចាត់ទុកគ្នាជាសត្រូវ ស៊ីសាច់ហុតឈាមក្នុងនាមជាខ្មែរដូចគ្នា។

លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “បាទ! គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺយើងបានប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់យើង ដែលយើងមិនយក ខ្មែរណាធ្វើសត្រូវ មិនយកគណបក្សនយោបាយ ណាធ្វើសត្រូវ ហើយយើងតែងប្រកាសថា សមាជិក សមាជិកា ថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជា គឺជាបងប្អូននឹងយើងៗមិនអាចចាត់ទុកអស់លោកទាំងអស់នោះ គឺជាសត្រូវទេ គ្រាន់តែជាគូបដិបក្ខផ្នែកនយោបាយប៉ុណ្ណោះ ហ្នឹងរឿងមួយ។ ដូច្នេះគណបក្សសង្គ្រោះជាតិ នៅតែបើកទ្វារជានិច្ច នៅតែចង់បានជានិច្ចនូវការជជែកគ្នា។ យើងចាំហើយ យើងច្បាំងគ្នា ១០ឆ្នាំ នៅពេលដែលបរទេសឈ្លានពានពេញស្រុក មានខ្មែរអ្នកតស៊ូ អ្នកស្នេហាជាតិហ្នឹង លោកទៅច្បាំងពីជំរំ ពីជាយដែនមកវិញនោះ។ ដូច្នេះការឈ្នះនឹងចុងកាណុងនោះ វាតិចតួចណាស់ ទីបញ្ចប់យើងចរចាគ្នា យើងច្បាំងគ្នា នឹងកាំភ្លើំងផង ចរចាគ្នា ចំណែកយើងធ្វើអី? ទៅប្រជុំសភាជាមួយគ្នា និយាយគ្នាបានទៅវិញ ទៅមកតើ ! ដូច្នេះគណបក្សសង្គ្រោះជាតិ បើក ទ្វារជានិច្ច ចង់បានជានិច្ចនូវវប្បធម៌សន្ទនាហ្នឹង ដើម្បីប្រទេសជាតិ”។

ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មិនដែលចាត់ទុក លោកសម រង្ស៊ី ឬគណបក្សប្រឆាំង ជាសត្រូវឡើយ។ ប៉ុន្តែចំពោះវប្បធម៌សន្ទនា លោកយល់ថា កប៉ាល់បានចេញចោលហើយ ដូច្នេះ កំពង់ផែហ្នឹងមិនអាចរត់តាមកប៉ាល់បានទេ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនចង់ឱ្យមានអរិភាពនៅក្នុងសង្គម កម្ពុជា ជាពិសេស ក្នុងទំនាក់ទំនងរវាងគណបក្សនយោបាយ និងគណបក្សនយោបាយទេ សុំឱ្យតែធ្វើយ៉ាងម៉េច គឺធ្វើសកម្មភាពដោយគោរព មានការទទួលខុសត្រូវចំពោះមុខច្បាប់តែប៉ុណ្ណោះទេ។ អ៊ីចឹងយើងមិនចង់បង្កើតបញ្ហាទេ អ៊ីចឹង ការដែលឱបរឹតគ្នា គឺយើងចង់បានណាស់ ក៏ប៉ុន្តែការដែលមើលមុខគ្នាមិនត្រង់ មិនមែនកើតឡើងដោយសារគណបក្សប្រជាជន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទេ គឺកើតឡើងពីភាគីម្ខាងទៀត ដែលវាឆ្លុះបញ្ចាំងថា មិនសម្តែងការស្មោះត្រង់។ នៅពេលដែលនិយាយត្រូវរ៉ូវគ្នា រាប់អានគ្នា គឺរាប់អានតែរូបភាពខាងក្រៅ ក៏ប៉ុន្តែក្នុងខួរក្បាល មិនស្មោះត្រង់ជាមួយគ្នា អាហ្នឹងក៏ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានដែរ”។

លោកសុខ ឥសាន បានបន្តថា “យើងអត់មានចាត់ទុកជាសត្រូវទេ រឿងដែលគាត់ (សម រង្ស៊ី) និរទេសទៅក្រៅ រឿងដែលគាត់ត្រូវចេញផុតពីឆាកនយោបាយនេះ ជារឿងដែលកើ់តឡើងដោយសារលទ្ធផលនៃអំពើល្មើសច្បាប់របស់គាត់ប៉ុណ្ណោះ។ ចំពោះវប្បធម៌សន្ទនា ខ្ញុំយល់ថា កប៉ាល់បានចេញចោល ដូច្នេះ កំពង់ផែហ្នឹង មិនអាចរត់តាមកប៉ាល់បានទេ ពីព្រោះការងារ យើងបាននិយាយ វាមិនមែនតែម្តងហើយ គឺជ្រាបស្រាប់ហើយ គឺថា ការងារ ដែលពាក់ព័ន្ធរវាងគណបក្សប្រជាជនជាមួយគណបក្សផ្សេងៗ ក៏ដូចជាគណបក្សប្រឆាំងនេះ គឺមានបទពិសោធន៍ច្រើនដងហើយ ទោះបីថា ការព្យាយាមផ្សះផ្សា ការព្យាយាមលុបបំបាត់ ចោលនូវវប្បធម៌លាបពណ៌ ឬមួយវប្បធម៌ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោច ស៊ីត្រី នៅក្នុងអង្គប្រជុំពេញអង្គនៅក្នុងរដ្ឋសភា យ៉ាងណាក្តី ទោះបីថា បក្សប្រឆាំងហ្នឹង បានប្តេជ្ញាជាឱឡារិកចំពោះប្រជាជន ក៏គាត់ធ្វើមិនបាន។ ដូច្នេះគាត់មានល្បិចកលពីក្រោយ ខ្នង។ អ៊ីចឹងទេមិនអាចឱ្យយើងទុកចិត្តទេ ហើយមិនអាចឱ្យយើងអនុគ្រោះបានទេ ពីព្រោះរឿងហ្នឹង មិនមែនយើងអ្នកធ្វើគាត់ទេ គឺគាត់ធ្វើខ្លួនឯង”។

ជាមួយគ្នានោះដែរ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា “ចម្លើយរបស់ខ្ញុំ គាត់ (លោកកឹម សុខា) គាត់ឆ្លុះបញ្ចាំងពីខ្លួនគាត់ផ្ទាល់ទេ អ្វីដែលគាត់និយាយថា ទិញមិនលក់ គំរាមមិនខ្លាច  គឺមិនអាច នរណាបំបែកបំបាក់រវាងគាត់ ហើយនិងសម រង្ស៊ី បាននោះទេ រហូតទៅដល់ថា មានរូបភាពថាចាប់ដៃគ្នា ល្អូកល្អិនជាមួយគ្នា ប៉ុន្តែការពិតហ្នឹង គឺធាក់គ្នាពីក្រោយខ្នង រឿងដណ្តើមអំណាចគ្នាពីក្រោយខ្នង ហើយចំពោះសម្តេច លោកបានផ្តល់នូវព្រហ្មវិហារធម៌ គ្រប់ជ្រុងអី ទាំងអស់ ទាំងអ្នកនយោបាយ ទាំងអ្នកមិននយោបាយ ក៏ប៉ុន្តែអ្នកទាំងអស់នោះ គឺក្បត់គ្នាជាមួយសម្តេចទេ ដែលគេដើរចោលសម្តេច  មិនមែនសម្តេចទេ គឺគេដើរចោល ដែលសម្តេចមិនចង់បានអំណាចពីអ្នកទាំងអស់នោះ គឺសម្តេចមានមូលដ្ឋានគ្រឹះរបស់លោករឹងមាំនោះ គឺប្រជាពលរដ្ឋ គឺកម្មករហ្នឹងឯង ដែលគេតែងតែគាំទ្រ លោកគ្រប់អាណត្តិមកហើយ យើងឃើញហើយ ដែលច្បាស់ជាក់ស្តែង ដែលខុសគ្នានឹងកឹម សុខា បានសន្យាថា ទិញមិនលក់ សម្លុតមិនខ្លាច មិនអាចបែកបាក់គ្នាទេ ក៏ប៉ុន្តែពីក្រោយខ្នង គឺ ធ្វើគ្រប់មធ្យោបាយ ដើម្បីទៅដណ្តើមតួនាទី ជាប្រធានគណបក្សនេះឯង”។

លោកផៃ ស៊ីផាន បន្តថា “រឿងចាត់ទុក ជាសត្រូវ សម្តេចអត់ដែលមានទេ លោកនៅតែចង់បានភាពជាដៃគូតែប៉ុណ្ណឹង ដូចបង្កើតនូវការចរចាគ្នា និយាយអំពីការអនុវត្តនូវវប្បធម៌ សន្ទនា ដែលជាការចាប់ផ្តើមធ្វើឱ្យមានគំនិតហ្នឹង គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហ្នឹង លោកនាំមុខនៅក្នុងសាច់រឿងហ្នឹង គឺមានតែលោកសម រង្ស៊ី និងលោកកឹម សុខា ទេ ដែលតែងតែមើលសម្តេចតេជោ ជាខ្មាំងស្លាប់រស់ជាមួយគ្នាហ្នឹង។ រហូតដល់ចោទលោកថា ជាខ្ញុំយួន រហូតដល់ចង់ទម្លាក់ចេញពីតំណែង ដែលខុសនឹងច្បាប់នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ដូច្នេះប្រវត្តិសាស្ត្រនៅចាំរហូត យើងមិនអាចលុបបានទេ គឺគាត់និយាយយ៉ាងម៉េចក៏ដោយ គឺយើងបានឃើញជាក់ស្តែង នៅទំព័រសារព័ត៌មាន ក៏ដូចភាសារបស់គាត់ហ្នឹងដែរ។ ដូច្នេះអ្វី ដែលខ្ញុំឆ្លើយចំពោះឯកឧត្តមកឹម សុខា គួរតែ ឯកឧត្តមកឹម សុខា ផ្លាស់ប្តូរឥរិយាបថមួយឱ្យបានសមរម្យ ដើម្បីក្លាយទៅជាដៃគូ ក្នុងកិច្ចអភិវឌ្ឃន៍ប្រទេសជាតិ  មិនមែនបានសេចក្តីថា គ្រាន់តែបោកយកសន្លឹកឆ្នោតពីមហាជន ហើយនាំគ្នាដើរលេង ហើយនាំគ្នាចាយលុយដែលអត់ធ្វើនៅក្នុងរដ្ឋសភានោះទេ អាហ្នឹងជាការចាប់អារម្មណ៍របស់ខ្ញុំ”។

អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិតមាស នី បានមាន ប្រសាសន៍ថា “សម្រាប់ខ្ញុំៗយល់ថា អ្នកដឹកនាំខ្មែរ គួរតែយល់ថា ស្ថានភាពសង្គមរបស់ខ្លួនឯងនៅត្រង់ណា? គឺសព្វថ្ងៃនេះ យើងឃើញថា បើនិយាយអំពីភាពបែកបាក់គ្នា គ្រាន់តែយើងមិនទាន់សង្គ្រាម ទាញកាំភ្លើងបាញ់គ្នា ប៉ុន្តែបើនិយាយអំពីការបែបបាក់គ្នា តាមបែបបង្កើតគណបក្សនយោបាយ រាល់ថ្ងៃនេះ គឺយើងឃើញថា អ្នកដឹកនាំខ្មែរហ្នឹងហាក់ដូចជាមានប្រកាន់គុំកួនគ្នា ឬស៊ីសាច់ហុតឈាមគ្នា នៅពេលសម័យណាៗទាំងអស់ ប៉ុន្តែសម្រាប់ខ្ញុំក៏មិនចម្លែកដែរ ព្រោះខ្ញុំគិតថា នេះជាចរិតខ្មែរ ដែលប្រហែលជាយើងមានលំនាំពីដើមមក ដែលធ្វើឱ្យខ្មែរ យើងចេះតែបាត់បង់ រហូតដល់បាត់បង់មិនមែនត្រឹមតែបែកបាក់ផ្ទៃក្នុងទេ រហូតដល់បាត់បង់ទឹកដីម្តងបន្តិចៗ រហូតដល់សព្វថ្ងៃនេះ ប្រហែលដោយសារចរិតអ្នកដឹកនាំខ្មែរយើង មិនចេះមានអ្នកណាមួយមានឯកភាព មានសមត្ថភាព ក្នុងការដើរទៅរកការធ្វើឱ្យ មានឯកភាពជាតិ ដូចព្រះបាទជយវរ្ម័នទី៧ មានតែការគុំកួនគ្នា និងបែកបាក់គ្នា។ អ៊ីចឹងសម្រាប់ ខ្ញុំគឺមើលឃើញតែផ្លូវមួយទេ ដែលអ្នកដឹកនាំ ត្រូវតែមានការសម្របសម្រួល ហើយដឹកនាំសង្គមជាតិមួយ ទៅរកការឯកភាពជាតិ អាហ្នឹង បានយើងអាចការពារខ្លួន កុំឱ្យអ្នកជិតខាងគេ មើលងាយយើងបាន។ បើមិនអ៊ីចឹងទេ ការឈ្លោះគ្នារវាងអ្នកដឹកនាំខ្មែរ គឺមិនខុសពីការដងដាវទៅឱ្យប្រទេសជិតខាង គេមើលងាយយើង ហើយគេឆ្លៀតឱកាសយកចំណេញលើ យើងទៀត”៕

RELATED ARTICLES