ក្រុមអ្នករកស៊ីដឹកទំនិញចេញចូលកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានខ្សឹបឱ្យឮតាម “នគរធំ” ថា លោកវរសេនីយ៍ទោ យើ យ៉ាណូ មន្ត្រីនៃនាយកដ្ឋានសណ្តាប់ធ្នាប់ ប្រចាំការនៅច្រកកំពង់ផែនេះ កំពុងតែកាក់កបកើបលុយពីរថយន្តដឹកទំនិញ ដោយពុំបានខ្វាយខ្វល់អំពីលក្ខណៈបច្ចេកទេសរថយន្តអ្វីឡើយ ហើយទោះបីរថយន្តគ្រប់លក្ខណៈបច្ចេកទេសយ៉ាងណា ក៏ត្រូវបង់លុយឱ្យមន្ត្រីរូបនោះដែរ ពិតជាពូកែស៊ីតាមជំនាញមែន។
ក្រុមឈ្មួញរកស៊ីដឹកទំនិញ បានខ្សឹបឱ្យឮថា កាលពីមុន នៅក្នុងច្រកកំពង់ផែនេះ មានសមាសភាពចម្រុះចូលរួមក្នុងការត្រួតពិនិត្យ ដោយមានតម្លាភាពត្រឹមត្រូវ ចំពោះរថយន្តណាដែលខ្វះបច្ចេកទេស ត្រូវធ្វើការផាកពិន័យ ដោយបានចេញប័ណ្ណផាកត្រឹមត្រូវ។ ប៉ុន្តែពេលនេះ ពុំឃើញក្រុមការងារចម្រុះពិនិត្យដូចមុននោះទេ ពោលគឺឃើញតែលោកវរសេនីយ៍ទោ យើ យ៉ាណូ តែម្នាក់ប៉ុណ្ណោះ ដែលតែងដើរប្រមូលលុយពីរថយន្តដឹកទំនិញ ដោយពុំខ្វល់ អំពីលក្ខណៈបច្ចេកទេសអ្វីឡើយ មិនតែប៉ុណ្ណោះ ទោះរថយន្តខ្លះគ្រប់លក្ខណៈបច្ចេកទេសទៅហើយ ក៏ត្រូវលោកយើ យ៉ាណូ កោសរូសបានដែរ ហើយពួកគាត់សូមសរសើរលោកយើ យ៉ាណូ ណាស់ ដែលធ្វើការងារយ៉ាងសកម្ម សូម្បីតែម៉ោង៩ យប់ទៅហើយ ក៏នៅតែដើរប្រមូលលុយគ្មានសម្រាកដែរ។
ក្រុមឈ្មួញបានខ្សឹបបន្តថា ចំពោះរថយន្ត ដឹកទំនិញ ទោះដឹកតិចបំផុត ក៏ត្រូវបង់ជូនលោក យើ យ៉ាណូ ចំនួន៥ម៉ឺន ទៅ១០ម៉ឺនរៀលដែរ ក្នុង១គ្រឿង នេះបើគ្រប់លក្ខណៈបច្ចេកទេស តែបើខ្វះអ្វីមួយហើយ លោកយ៉ាណូ កាប់ដល់ឆ្អឹង តែម្តង គឺមានរថយន្តខ្លះត្រូវបង់ជូនលោកយ៉ាណូ រហូត២លានរៀល ក្នុង១គ្រឿង ក៏មានដែរ ដោយ លោកយកលេសខុសនេះខុសនោះរហូត។
ក្រុមឈ្មួញខាងលើ បានខ្សឹបឱ្យឮទៀតថា ជាញឹកញាប់ គេតែងសង្កេតឃើញរថយន្តដឹកទំនិញដែលខ្វះលក្ខណៈបច្ចេកទេស បើកចេញពីកំពង់ផែដោយសុវត្ថិភាព ពុំដែលឃើញលោក យ៉ាណូ ឃាត់ធ្វើការណែនាំបំពាក់បច្ចេកទេស មុននឹងចេញដំណើរម្តងណាឡើយ ដោយមានរថយន្តខ្លះពុំមានសញ្ញាត្រីកោណ ខ្វះគន្លឹះថ្ពក់ កុងតឺន័រ ខ្វះភ្លើងស៊ីញ៉ូជាដើម…៘ ជាក់ស្តែង មួយរយៈចុងក្រោយនេះ គេសង្កេតនៅលើផ្លូវជាតិលេខ៤ មានរថយន្តដឹកទំនិញជាច្រើនជួបគ្រោះថ្នាក់ចរាចរណ៏ដោយពុំមានមូលហេតុច្បាស់លាស់ឡើយ រហូតដាច់កង់ក្រឡាប់ខ្លួនឯងក៏មាន។ ហេតុនេះ គួរណាស់មន្ត្រីពាក់ព័ន្ធថ្នាក់លើ ជាពិសេសអគ្គនាយកដ្ឋានសណ្តាប់ធ្នាប់ សូមមេត្តាពិនិត្យលើសកម្មភាពរបស់លោកវរសេនីយ៍ទោ យើ យ៉ាណូ ផង កុំឱ្យខូចឈ្មោះដល់ អង្គភាព ឬដូចពាក្យថា “ត្រីមួយកន្ត្រក ស្អុយ ១ ស្អុយទាំងអស់”។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកវរសេនីយ៍ទោ យើ យ៉ាណូ បានទេ កាលពីម្សិលមិញ ដូច្នេះមិនដឹងថា មកពីពួកឈ្មួញ ខឹងលោកយើ យ៉ាណូ និងមន្ត្រីជំនាញត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ និងផាកពិន័យតាមច្បាប់ ចំពោះរថយន្តខុសបច្ចេកទេស ទើបចេះតែចោទប្រកាន់មួលបង្កាច់មន្ត្រីជំនាញ ឬយ៉ាងណានោះទេ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវទុំ