ភ្នំពេញ ៖ រថយន្តដឹកដែកមួយគ្រឿងបានផ្ទុកដែកហួសទម្ងន់ បើកឆ្លងកាត់ផ្លូវបេតុងក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើឲ្យប្រជាពលរដ្ឋរអ៊ូរទាំខ្លាចខូចបាក់ស្រុតផ្លូវ ត្រូវបានអាជ្ញាធរខណ្ឌសង្កាត់ ចុះទៅចាប់ឃាត់រថយន្តដឹកដែកខាងលើ កាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា អ្វីជាសមទ្ធិផលផ្លូវកកើតសាងសង់រួចហើយ ជាចំណងដៃពីសាលារាជធានីភ្នំពេញ សម្រាប់ឲ្យពលរដ្ឋប្រើប្រាស់ តែអ្វីជាការថែរក្សាភាពគង់វង្សយូរអង្វែងនោះ គឺការថែទាំ ពលរដ្ឋទាំងអស់គ្នាមានសិទ្ធថែទាំផ្លូវ ជាសម្បត្តិរួម ក៏ប៉ុន្តែ នៅមានអ្នកអាត្មានិយមមួយចំនួនតូច គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតដល់អ្នកដទៃ កេងចំណេញតែខ្លួនឯង មិនបានគិតដល់ពលរដ្ឋភាគច្រើន ឆ្លៀតឆក់យកឱកាសក្នុងរូបភាពដឹកជញ្ជូនតាមរថយន្តតូចធំ ជាបញ្ហាបង្កឲ្យផ្លូវថ្នល់ប្រឈមទៅនឹងការបាត់ស្រុត។
ក្តីកង្វល់ព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រោយពីឃើញរថយន្តមួយគ្រឿង ដឹកផ្ទុកដែកចេញចូលដាក់នៅសំណង់ឃ្លាំងមួយកន្លែង ក្នុងភូមិរោងចក្រ ខណៈដែលផ្លូវកំពុងទទួលរងទ្រុឌទ្រោមស្រាប់ផង ម្យ៉ាងកំពុងដាក់បណ្តាញលូថ្មីផង ទោះជាពលរដ្ឋហាមប្រាប់ ស្នើសុំដាក់ដឹកល្មមៗបានហើយ ដើម្បី រួមចំណែកការពាររក្សាផ្លូវបេតុងមួយនេះឲ្យបានគង់វង្ស តែនៅមិនស្តាប់ បន្តដឹកកាន់តែច្រើន ទ្រាំលែងបាន ក៏រាយការណ៍ប្តឹងអាជ្ញាធរខណ្ឌ ដឹកនាំដោយលោកសាំង សុភ័ក្រវិចិត្រ អភិបាលរងខណ្ឌសែនសុខ ចុះទៅឃាត់រថយន្តដឹកលើសចំណុះ យកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ។
តាមអាជ្ញាធរបានឲ្យដឹងថា ឃ្លាំងដែលកំពុងសាងសង់ ហើយរថយន្តដឹកដែកចេញចូលសេរីនោះ ខាងអាជ្ញាធរខណ្ឌសែនសុខ អត់បានដឹងទេ សង្ស័យអត់ច្បាប់ ទោះជាយ៉ាងណាក្តី អាជ្ញាធរ ដឹកនាំកម្លាំងចម្រុះចុះបិទផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន ក្នុងពេលចុះឃាត់រថយន្តដឹកដែកលើសទម្ងន់នេះដែរ ៕