Monday, November 25, 2024
Homeនយោបាយសម្តេចហ៊ុន សែន ៖ ខ្ញុំ ៣សុំ បក្សប្រឆាំង ៣កុំ

សម្តេចហ៊ុន សែន ៖ ខ្ញុំ ៣សុំ បក្សប្រឆាំង ៣កុំ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចហ៊ុន សែន បានលើកឡើងថា សម្តេចបន្តនូវគោលនយោបាយ “៣សុំ” គឺ សុំផ្តល់ជំនួយ សុំការវិនិយោគ និងសុំទិញទំនិញ។ ផ្ទុយពីបក្សប្រឆាំង ដែលប្រើគោលការណ៍ “៣កុំ” គឺកុំឱ្យបរទេសផ្តល់ជំនួយ កុំឱ្យបរទេសមកវិនិយោគ និងកុំឱ្យទិញទំនិញពីកម្ពុជា។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកឡើង បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ដើម្បីស្វែងយល់ពីសុខទុក្ខ និងបានស្តាប់កម្មករអំពីបញ្ហាប្រឈម និងតម្រូវការ ចាំបាច់នានាក្នុងន័យជំរុញប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អប្រសើរឡើង ស្របពេលដែលរាជរដ្ឋាភិបាល កំពុងជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥។

មានប្រសាសន៍នៅពេលនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា កាលពីប៉ុន្មានឆ្នាំមុន ពេលរាជរដ្ឋាភិបាលដាក់ចេញនយោបាយជំរុញវិស័យកសិកម្ម គេតែងឃើញសម្តេចជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាកសិករតាមវាលស្រែ និងប្រឡាយទឹក។ តែពេលបច្ចុប្បន្ន ជាពេលដែលជំរុញវិស័យឧស្សាហកម្ម គឺជាពេលដ៏សមស្រប សម្រាប់សម្តេចត្រូវជួប សំណេះសំណាលជាមួយកម្មករ-កម្មការិនី។ សម្តេចបានរំលឹកដល់កម្មករ-កម្មការិនីថា មុន ពេលកម្ពុជា មានរោងចក្រសហគ្រាសឱ្យពួក គេបម្រើការងារនេះ ប្រទេសកម្ពុជា បានហែលឆ្លងទុក្ខលំបាកយ៉ាងច្រើននៃភ្លើងសង្គ្រាមឈ្លានពានដោយពួកចក្រពត្តិ។ សង្គ្រាមនេះ ធ្វើឱ្យកម្ពុជា ខ្ទេចខ្ទាំយ៉ាងខ្លាំង តែតាមរយៈនយោបាយបង្រួបបង្រួមជាតិ និងឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជា បិទបញ្ចប់ភ្លើងសង្គ្រាម ទាំងស្រុង និងមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យបានរីកចម្រើន ដូចពេលបច្ចុប្បន្ន។ ពោលគឺនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញ តែមួយរាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ។ ក្នុងនោះ រោងចក្រសហគ្រាស គ្រប់វិស័យនៅកម្ពុជា នាពេលបច្ចុប្បន្ន មានប្រមាណ ១ ១៦៨ មានកម្មករ-កម្មការិនីសរុប ជាង១លាននាក់ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានរោងចក្រ សហគ្រាស ចំនួន ១ ១០៧ មានកម្មករ-កម្មការិនីជាង៧៤ ម៉ឺននាក់។ ការនាំចេញពីពេលមុន ដែលមានជាង២០០លានដុល្លារ បច្ចុប្បន្នមានជាង ៧ ០០០ លានដុល្លារអាមេរិក ខណៈលទ្ធភាពនាំចេញ លើគ្របវិស័យ មានរហូតដល់១២ពាន់លាន ដុល្លារអាមេរិក។ ប៉ុន្តែភាពរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងតែទាក់ទាញ អ្នកវិនិយោគឱ្យកាន់តែច្រើនថែមទៀតមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា បង្កើនការងារជូន កម្មករ-កម្មការិនី។

ភ្ជាប់ជាមួយចំណុចនេះ សម្តេចហ៊ុន សែន បានថ្លែងរិះគន់បក្សប្រឆាំង ដោយសម្តេចបានបញ្ជាក់អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងរួមសុខរួមទុក្ខជាមួយកម្មករ មិនដូចមួយក្រុមទៀត (បក្សប្រឆាំង) ដែលបានតែមាត់ តែការពិតមិនបានជួយអ្វីដល់ កម្មករឡើយ។ ព្រោះទន្ទឹមនឹងការខិតខំរបស់រដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិន ដើម្បីបង្កើនការងារដល់បងប្អូនកម្មករ គឺក្រុមនោះបានអនុវត្តយុទ្ធសាស្ត្រ “៣កុំ” ដែលសំដៅលើ ទី១-កុំផ្តល់ជំនួយឱ្យប្រទេសកម្ពុជា។ ២-កុំ មកវិនិយោគនៅកម្ពុជា និង៣-កុំទិញទំនិញពីកម្ពុជា។

សម្តេចហ៊ុន សែន បានដាក់ជាសំណួរថា តើនេះគឺជាទង្វើស្នេហាជាតិ ឬជាទង្វើក្បត់ជាតិ?  ព្រោះបានធ្វើឱ្យបងប្អូនកម្មករ-កម្មការនីបាត់បង់ ការងារដែលប៉ះពាល់ដល់ជីវភាពរស់នៅយ៉ាងធ្ងន់ ដែលផ្ទុយស្រឡះពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុងអនុវត្តយុទ្ឋសាស្ត្រ “៣សុំ” គឺ១- សុំឱ្យបរទេសជួយ និងផ្តល់ជំនួយមកកម្ពុជា ២-សុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និង ៣-សុំឱ្យបរទេសជួយទិញទំនិញពីកម្ពុជា។ សម្តេចបានខិតខំធ្វើកិច្ចការទាំងនេះ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស គ្មានពេលសម្រាកឡើយ ដើម្បីកៀងគរអ្នកវិនិយោគិន មកវិនិយោគ បង្កើតការងារដល់កម្មករឱ្យមានប្រាក់ចំណូល និងជីវភាពរស់នៅកាន់តែល្អប្រសើរ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “យើងប្រភេទមនុស្ស២ក្រុម។ ក្រុម១ គឺក្រុម “៣សុំ” ក្រុមមួយទៀត គឺក្រុម “៣កុំ”។ ខ្ញុំ សុំពន្យល់ ក្រុម “៣កុំ” និងក្រុម “៣សុំ” ជា អ្នកណាខ្លះ? ក្រុម៣កុំ គឺជាក្រុមក្បត់នូវផល ប្រយោជន៍ជាតិសាសន៍ឯងតែម្តង សម្លាប់ជាតិ សាសន៍ឯងតែម្តង។ ប្រសិនបើអស់លោកអ្នក ក្មួយៗ ក៏ដូចជាជីដូនជីតា ឪពុកម្តាយ យកទៅ ពិចារណា “៣កុំ” មានន័យថាម៉េច? គេទៅ ប្រាប់ថា កុំផ្តល់ជំនួយឱ្យប្រទេសកម្ពុជា នេះជា ទង្វើអ្វីទៅ? គេបានធ្វើពិតប្រាកដ គេបានដើរ ទៅគ្រប់ទីកន្លែង រាប់ទាំងពេលប្រជុំស៊ីហ្សេ នៅតាមប្រទេសនានា ទៅចលនាប្រទេសគេ កុំ ឱ្យផ្តល់ជំនួយមកកម្ពុជា។ នេះគឺកុំទី១ កុំផ្តល់ ជំនួយឱ្យកម្ពុជា។ កុំទី២ គឺកុំវិនិយោគមកកាន់ កម្ពុជា នេះជាទង្វើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង  សម្លាប់ប្រជាជនខ្លួនឯង គ្រាន់តែស្អប់ហ៊ុន សែន គ្រាន់តែចង់កាន់អំណាច គឺបែរទៅជាបំផ្លាញ នូវជីវភាពសម្រាប់ប្រជាជនខ្លួនឯង។ ឯកុំទី៣ ទៅស្នើសុំបរទេស កុំឱ្យទិញទំនិញពីកម្ពុជា។ ដូច្នេះ៣កុំនេះ យកទៅពិចារណាគួបផ្សំគ្នា តើ វាជាទង្វើស្នេហាជាតិ ឬក៏ជាទង្វើនៃជនក្បត់ ជាតិ? ផលប្រយោជន៍របស់កម្មករនៅទីនេះ ធំណាស់ ៣កុំ របស់ពួកគេ តើបម្រើដល់ផលប្រយោជន៍របស់កម្មករទេ? បើប្រទេសនានា អនុវត្តទៅតាម៣កុំ របស់គេ ទៅស្នើសុំកុំផ្តល់ ជំនួយ កុំមកវិនិយោគ កុំទិញពីកម្ពុជា សួរថា ក្មួយៗជាង១ម៉ឺននាក់នេះ មានការងារធ្វើឬអត់? មានប្រាក់ចំណូលសម្រាប់ផ្ទាល់ខ្លួន និងមានប្រាក់ចំណូលផ្ញើទៅឪពុកម្តាយទេ? នេះជា ប្រភេទក្រុម៣កុំ។ ចង់អ្នកណារើសដាក់ខ្លួន ក៏រើសទៅ ខ្ញុំមិននិយាយចំឈ្មោះអ្នកណាទេ ប៉ុន្តែ បើអ្នកឯងរើសដាក់ឈ្មោះខ្លួនឯង គឺល្អមើល ហើយ”។

សម្តេចហ៊ុន សែន មានប្រសាសន៍បន្តថា “ប៉ុន្តែជាភ័ព្វសំណាង យើងមានក្រុម ៣សុំ។ សុំទី១ សុំឱ្យគេផ្តល់ជំនួយ ដើរទៅហើយទៅច្រក់ៗគ្រប់កន្លែង ដើម្បីធ្វើយ៉ាងម៉េចឱ្យគេផ្តល់ ជំនួយ រាប់ទាំងការផ្តល់ជំនួយបណ្តុះបណ្តាល ធនធានមនុស្ស ផ្តល់ជំនួយហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ជំនួយសុខាភិបាល ផ្តល់ជំនួយនេះ ផ្តល់ជំនួយ នោះ ដើរទៅហើយ ទោះបីគេថា លោកហ៊ុន សែន ពូកែសុំ ប៉ុន្តែប្រទេសយើងក្រ យើងទៅ សុំគេ កុំខ្មាសកុំអៀន ចាំថ្ងៃក្រោយ យើងមាន លទ្ធភាព យើងផ្តល់ជំនួយទៅក្រៅប្រទេស ក៏ មិនអីដែរ ឥឡូវយើងបាននិងកំពុងផ្តល់ជំនួយ ទៅក្រៅប្រទេសហើយ ដូចជាការបញ្ជូនកងកម្លាំងទៅជួយការពារសុវត្ថិភាព ឬក៏រក្សាសន្តិភាព ក្រោមការដឹកនាំរបស់អង្គការសហប្រជា ជាតិ ជាផ្នែកមួយនៃការផ្តល់ជំនួយបរទេស។ នេះគេហៅថា ក្រុមសុំទី១ គឺសុំឱ្យគេផ្តល់ជំនួយ ឯសុំទី២  គឺសុំឱ្យគេមកវិនិយោគនៅកម្ពុជា។ ខ្ញុំធ្វើការច្រើនណាស់ ច្រើនលើសអ្វីដែលគេបានគិត គ្រាន់តែក្រុមហ៊ុនជប៉ុន ពេលណាក៏ដោយ និយាយរួម ក្រុមហ៊ុនមកពីបរទេស ខ្ញុំមិនរើសអើងទេ ជួបនេះជួប ជួបអាក្នុងប្រទេសក៏ជួប ជួបក្រៅប្រទេស ដើម្បីសុំឱ្យគេមកវិនិយោគ លទ្ធផលចុងក្រោយ ថ្ងៃនេះតំបន់សេដ្ឋកិច្ចពិសេស នេះមានកិច្ចសហការវាងដៃគូក្នុងស្រុក ពីលោកជំទាវលឹម ជាហួរ ជាមួយនឹងដៃគូរបស់គាត់ ដែលជាជនជាតិជប៉ុន ហើយក៏មានរោងចក្រ ជប៉ុន មួយចំនួនស្ថិតនៅទីនេះផងដែរ នៅមាន រោងចក្រអាមេរិកាំង និងរោងចក្រពីប្រទេស ដទៃទៀត ដែលកំពុងផលិតនៅក្នុងនេះ យើង ទៅសុំគេឱ្យមកវិនិយោគ ប្រាប់គេថា យើង មានលក្ខណៈសម្បត្តិល្អ។ គេបានប្រាប់យើង ថា តម្លៃអគ្គិសនីរបស់អ្នកឯងខ្ពស់ណាស់ តម្លៃ កម្មករ ក៏ខ្ពស់ដែរ អ៊ីចឹងយើងក៏ត្រូវរកវិធីធ្វើ ម៉េចដៃម្ខាងរុញបៀវត្សកម្មកររបស់យើង ឱ្យ កើនឡើង និងដៃម្ខាងទៀត ដើម្បីជំរុញរកវិធី សម្រួលឱ្យអ្នកវិនិយោគ ដែលគេអាចទ្រាំទ្រ បាន មិនដករោងចក្រចេញពីកម្ពុជា។ រក្សាចាស់ បង្កើតថ្មី គឺជាគោលដៅនៃគោលនយោបាយ ទាក៉ទាញវិនិយោគរបស់យើង។ ឯសុំទី៣ គឺ សុំអី? សុំឱ្យគេជួយទិញទំនិញពីកម្ពុជានោះ ទៅសុំប្រទេសនានា សុំធ្វើម៉េចឱ្យគេពង្រីក នូវទំហំនៃការនាំចេញពីកម្ពុជា ទៅសុំគេ សុំ អនុគ្រោះកុំឱ្យគេយកពន្ធ ឬកាត់បន្ថយពន្ធ ដើម្បី យើងនាំចូលឱ្យបានកាន់តែច្រើន។ យើងបាន ស្នើសុំការយោគយល់ពីគេ សម្រាប់ប្រទេស ក្រីក្រមួយនេះងើបឈរឡើង។ ជាភ័ព្វសំណាង យើងបានពង្រីកទីផ្សារកាន់តែធំទៅៗ ពាណិជ្ជកម្មរបស់យើងដែលនាំឆ្ពោះទៅសហរដ្ឋអាមេរិក គឺមានចំនួនប្រមាណ៣ពាន់លានដុល្លារ។ ទំនិញ ដែលយើងកំពុងនិងបាននាំទៅសហភាពអឺរ៉ុប  ប្រមាណជា៣លានដុល្លារ។ យើងនាំចេញទំហំ ពាណិជ្ជកម្មទ្វេទិស រវាងយើងនិងជប៉ុន ឆ្នាំទៅំ មាន១ពាន់៥រយលាន ទំហំពាណិជ្ជកម្មទ្វេទិស រវាងយើងនិងចិនឆ្នាំនេះ ត្រូវសម្រេចឱ្យបាន ៥ពាន់លានដុល្លារ ទំនិញពាណិជ្ជកម្មទ្វេទិស រវាងយើងនិងថៃ ជាង៤ពាន់លានដុល្លារ ជាមួយវៀតណាម មានជាង៣ពាន់លានដុល្លារ។ ដូច្នេះ យើងបាននិងកំពុងធ្វើការខិតខំ ដើម្បីពង្រីក ទីផ្សាររបស់យើង ទាំងក្នុងវិស័យកសិកម្ម ទាំងក្នុងវិស័យឧស្សាហកម្ម។ ទៅប្រទេសចិន មិត្ត ចិនបាននិយាយដោយត្រង់ៗថា ចិនមិនខ្វះអង្ករ ទេ លើកមុន គាត់ឱ្យ១០លានតោន ឆ្នាំទៅ ជួប គ្នានៅឯវៀងចន្ទន៍ គាត់ដំឡើងពី១០លានតោន ទៅដល់២០លានតោន ឆ្នាំនេះ នៅពេលទស្សន- កិច្ចនាយករដ្ឋមន្ត្រីលី គីចាង របស់សាធារណរដ្ឋ ប្រជាមានិតចិន បានប្រាប់ច្បាស់ៗថា ឯកឧត្តម ចិន មិនខ្វះអង្ករទេ ចិន នៅសល់អង្ករស្តុកទៀត ផង ក៏ប៉ុន្តែដើម្បីជួយដល់កម្ពុជា ជួយដល់កសិករ កម្ពុជា ចិន ដំឡើងការទិញអង្ករពីកម្ពុជា ចំនួន ៣០លានតោន នៅឆ្នាំ២០១៨។ បន្ថែមលើនោះ ការទិញរបស់មួយចំនួន ប្រភេទមួយចំនួនទៀត គឺបាននិងកំពុងអនុវត្ត ហើយនិងបន្តអនុវត្ត។ ខ្ញុំទៅប្រទេសជប៉ុន ក៏ស្នើឱ្យគាត់ទិញតាំងពី ស្វាយ ទិញទាំងពីម្រេច ទាំងពីស្អីៗជាផលិតផល ដែលយើងមាន។ ដូច្នេះបងប្អូនគិតមើលទៅ មួយ៣កុំ មួយ៣សុំ  អ្នកណាជោគជ័យជាង?”។

សម្តេចហ៊ុន សែន បានបន្តទៀតថា “ដោយសារតែ៣សុំ ហ្នឹងហើយ បានជាមានវត្តមាន ក្មួយៗ ដែលមានប្រាក់ចំណូលមិនតិចជាង១៥០-១៦០ដុល្លារ មិនតិចជាង១៥៣ទេ អាហ្នឹងអតិបរមា។ បន្តិចទៀត នឹងឡើងទៀតហើយ អប្បបរមា នៅក្នុងប្រទេសយើង គឺមិនទាបជាង១៦០ ដុល្លារទេ នៅឆ្នាំខាងមុខនេះ។ ប៉ុន្តែនិយាយ យ៉ាងដូច្នេះ មិនមែនឱ្យក្រុមហ៊ុនដែលមាន១៨០ ដុល្លារ ទម្លាក់មក១៦០ទេ អត់ទេ។ នៅហ្នុង ឡើងបានកាន់តែច្រើន ខ្ញុំកាន់តែទះដៃអបអរ សាទរ។ ក្មួយៗមានលទ្ធភាព ដោយសារក្មួយៗ បានមកធ្វើការនៅទីនេះ ឪពុកម្តាយរបស់ក្មួយៗ ខ្វះកម្លាំងពលកម្ម ដូច្នេះវិធីដែលល្អរបស់ពួកគាត់ គឺពួកគាត់ប្រើប្រាស់ដែលក្មួយៗផ្ញើជូនទៅពួកគាត់ នេះ ដើម្បីនឹងជួយ ឬក៏ទិញគ្រឿងយន្ត កសិកម្ម ដើម្បីបម្រើឱ្យការដាំដុះរបស់ពួកគាត់។ តើ ក្មួយៗចង់មានការងារធ្វើបន្ត ឬក៏ចង់ឈប់? ឥឡូវបើថា ចង់បន្ត ទះដៃមួយទៅ គាំទ្រអាអ្នក ៣សុំទៅ កុំគាំទ្រអាអ្នក៣កុំ។ អាអ្នក៣កុំ គឺ ចង្រៃផុតលេខ ផុតពូជតែម្តង។ យើងគិតមើល! មិនឱ្យគេផ្តល់ជំនួយ តើអ្នកណាទទួលផលប៉ះពាល់? មិនមែនហ៊ុន សែន ទេ គឺប្រជាជន  អាហ្នឹងមួយទៅ។ កុំឱ្យគេវិនិយោគ តើផលប៉ះពាល់ អ្នកណាទៅ? គឺក្មួយៗកម្មករ ដែលត្រូវរក ការងារធ្វើនេះ។ កុំឱ្យគេទិញទំនិញ តើផលប៉ះពាល់ទៅអ្នកណាទៅ គឺក្មួយៗនោះហើយ មិនមែនហ៊ុន សែន ទេ។ ហ៊ុន សែន មិនស្លាប់ទេ ប៉ុន្តែអ្នកដែលស្លាប់ គឺប្រជាជន គេមិនបានគិត អំពីជីវិតរបស់ប្រជាជនទេ ប៉ុន្តែអ្វីដែលគេគិត គឺអំណាចរបស់គេ និងការបំផ្លិចបំផ្លាញរបស់គេ ចំពោះពលរដ្ឋរបស់ខ្លួន ដោយគ្មានការអៀនខ្មាស ហើយពេលខ្លះ គេមកតាំងខ្លួនជាអ្នកទារ ៣យ៉ាង។ ទារដូររបប អាហ្នឹងពូកែណាស់  ដូរៗ ឬមិនដូរ ស្រែកហើយ ចង់ដូរប្រកាច់ទៅត្រង់ ណា អត់ដឹងថាស្អីទេ ដូរឬមិនដូរៗ។ យើងធ្វើ ដូររួចហើយ ដូរតាំងពីប្រទេសមានសង្គ្រាម រហូតមកប្រទេសមានសន្តិភាព។ ដូរតាំងពី ក្មួយៗអត់ស្បែកជើងពាក់ ឥឡូវសុទ្ធតែអេស្កាប៉ាំង ខ្វៀរ តើអាហ្នឹងវាមិនដូរហើយស្អី? មិន- មែនទាល់តែដូរនាយករដ្ឋមន្ត្រី បានគេហៅថា ដូរទេណា៎!…”។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា “ការ ទាមទារគិតតែពីដូរៗៗហើយ ទោះបីតម្លៃណា ក៏ដោយ គិតតែពីដូរ ហើយបាតុកម្មមួយទៀត ហើយខ្ញុំនិយាយអាទារ៣យ៉ាង។ អា៣កុំហើយ អាទារ៣យ៉ាងទៀត។ ទារអី? ធ្វើឯងមកទារ ដំឡើងប្រាក់ខែ ដើម្បីយកទឹកចិត្តកម្មករ ហើយ កម្មករ-កម្មការិនីរបស់យើង កុំភ័ន្តច្រឡំ អ្នក ដែលមានលទ្ធភាព ដើម្បីចរចាដំឡើងបៀវត្ស ឱ្យក្មួយៗ គឺមានតែរាជរដ្ឋាភិបាលតែប៉ុណ្ណោះ គ្មានបាតដៃពួកប្រឆាំងទេ គ្មានបាតដៃបក្សដែលនៅក្រៅរដ្ឋាភិបាលទេ សុំកុំភ័ន្តច្រឡំ មិន មែនប្រាក់ដែលក្មួយៗបានទទួលនេះ វាបានចេញ មកពីការទាមទាររបស់បក្សប្រឆាំងទេ។ បាតុកម្ម ម៉ែអាណាធ្វើម៉ោង២យប់ តើកម្មករណា ធ្វើការទាមទារម៉ោង២យប់? ដល់ឥឡូវស្រែក ថា បាត់មនុស្ស ចុះអ្នកឯងមានបានមកចុះឈ្មោះ ធ្វើបាតុកម្មហើយអត់? អ្នកឯងធ្វើបាតុកម្មម៉ោង ២យប់ តើជាបាតុកម្មស្អី? ជាបាតុកម្មផ្តួលរំលំ ហើយដឹងថា មនុស្សអ្នកឯងមកចូលរួមប៉ុន្មាន អីប៉ុន្មាន? អាណាទៅដឹង។ ដល់វាបាត់ខ្លួន ជួន កាលវាទៅគ្រឿងញៀនឯណា វាទៅឯណា រួចហើយមកឱ្យរដ្ឋាភិបាលរកអាហ្នឹង ត្រូវចាប់ មេពួកបាតុកម្ម យកមកដាក់ខ្នោះអាហ្នឹង ទើប វាត្រូវ។ ខ្ញុំថ្ងៃណាមួយ ខ្ញុំនឹងនិយាយបញ្ហាហ្នឹង ជាមួយអង្គការសហប្រជាជាតិ អ្នកស្រាវជ្រាវ ទៅស្រាវជ្រាវ ត្រូវចាប់ពួកអាមេបាតុកម្ម យក មកសួរចម្លើយ តើមនុស្សប៉ុន្មាននាក់ ដែលឯង គ្រប់គ្រងបាតុកម្ម?…។ ទារទី១ ដូរ ទារទី២ ដំឡើងប្រាក់ខែ អាហ្នឹងគេប្រឹងធ្វើដែរ ទារទី ៣ ទារធ្វើបាតុកម្ម។ សូម្បីតែគេមិនព្រមធ្វើ បាតុកម្ម កម្មករខ្លះមិនព្រមធ្វើបាតុកម្មទេ ប៉ុន្តែ គេទៅគំរាមកំហែង ថ្ងៃក្រោយអត់បានទេ សុំ ជម្រាបជូន សិទ្ធិអ្នកឯងមានធ្វើបាតុកម្ម កូដកម្ម ធ្វើប៉ុន្មាននាក់ទៅ កុំទៅរាំងអ្នកដទៃទៀតដែល គេចង់ធ្វើការ កុំឱ្យមកចូលរួមបាតុកម្មជាមួយខ្លួន។ ខ្លួនបានទៅទម្លាយទ្វារឱ្យកម្មករមកធ្វើ បាតុកម្ម តើនេះជាទង្វើទទួលខុសត្រូវទេ? ខ្ញុំបាននិយាយហើយ មិនឱ្យរឿង២០១៣ វិលត្រឡប់មកវិញទេ ចំណុចអស់ទាំងនេះ ជាខិតខំ មួយរបស់យើង ដែលយើងបានធ្វើឱ្យស្ថានភាពនៅប្រទេសរបស់យើងមានការប្រែប្រួល…”។

នៅក្នុងពិធីសំណេះសំណាលនោះ សម្តេច ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ល្អៗ ៥ចំណុច ដល់អាជ្ញាធរ និយោជិត និងកម្មករ-កម្មការនី ធ្វើការរួមគ្នា ដើម្បីធានាដល់លក្ខខណ្ឌការងារ និងប្រាក់ចំណូលល្អ គឺទី១-ត្រូវរួមគ្នាថែរក្សា សន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់ សង្គមឱ្យបានល្អ។ ២-រួមគ្នារក្សាការងារ និង បង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការ ពង្រីក និងបង្កើនទីផ្សារបន្ថែម។ ទី៣-រួមគ្នា បង្កើនប្រាក់ចំណូល ដោយការបណ្តុះបណ្តាល ចំណេះដឹងបន្ថែមដល់កម្មករ និងកុំឱ្យកម្មករ-កម្មការិនី ភ័យខ្លាចពីការបាត់បង់ការងារ និង ប្រាក់ចំណូល។ ទី៤-ផ្តល់របបគាំពារសន្តិសុខ សង្គមដល់កម្មករចាប់ពីខែមករា ឆ្នាំ២០១៨ ដោយនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបប សន្តិសុខសង្គម ១០០ ដល់កម្មករ-កម្មការិនី ដែលបងប្អូនកម្មករ-កម្មការិនី អាចចំណេញថវិកា ពី៨ ០០០រៀល ទៅ ១២ ០០០រៀល ក្នុង១ ខែ។ ទី៥ផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ ចំពោះកម្មករ-កម្មការិនី ដែលធ្វើការនៅក្រៅ ប្រទេស។ ក្នុងនោះ រាជរដ្ឋាភិបាល បន្តគាំទ្រ និងជួយជ្រោមជ្រែងដោយធ្វើការទំនាក់ទំនង ល្អជាមួយបណ្តាប្រទេសដៃគូ ដើម្បីផ្តល់ការងារ ដែលមានប្រាក់ចំណូលខ្ពស់ និងលក្ខខណ្ឌការងារ ល្អៗ រួមទាំងជួយសម្រួលនូវលិខិតបទដ្ឋាន ដែលពាក់ព័ន្ឋការងារស្របច្បាប់ដល់ក្មួយៗ កម្មករ។

នៅថ្ងៃនេះដែរ សម្តេចហ៊ុន សែន ក៏បាន បញ្ជាក់សាជាថ្មីថា ក្មួយៗកម្មករ-កម្មការិនី ទូទាំងប្រទេស នឹងទទួលបានសេវាជិះឡាន ក្រុងសាធារណៈឥតគិតថ្លៃ (FREE) រយៈពេល ២ឆ្នាំ ពីខែសីហា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ ២០១៩។ នៅឆ្នាំ២០១៩ ខាងមុខនេះ កម្មករ ទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់ រ៉ឺត្រែត) ចំនួន៨០5 នៃប្រាក់ខែ ដែលខ្លួនធ្លាប់ បានទទួលពីមុន។ ចាប់ពីឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនីទាំងអស់ (កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺ ទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ រដ្ឋ ដោយមិនគិតថ្លៃ។ ទន្ទឹមនឹងនេះដែរ គឺក្រុមហ៊ុនត្រូវរៀបចំបង្កើត ជលិនិច នៅតាមរោង- ចក្ររបស់ខ្លួន ដើម្បីជួយដល់កម្មករ-កម្មការិនី។ ចំពោះស្ត្រីសម្រាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល៣ខែ ហើយនៅ ទទួលបានប្រាក់ខែ១២០%៕

      កុលបុត្រ

RELATED ARTICLES