ប្រជាពលរដ្ឋរស់នៅភូមិព្រែក ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានខ្សឹប ឱ្យឮតាម “នគរធំ“ ថា សំណង់ស្ថានីយប្រេងឥន្ធនៈ អត់ច្បាប់១កន្លែង កំពុងត្រូវបានអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ បិទភ្នែកបណ្តែតបណ្តោយ ឱ្យឈ្មួញសាងសង់រំលោភលើដីចំណីផ្លូវ យ៉ាងគឃ្លើន ដោយមិនខ្វល់ពីផលប៉ះពាល់ចំពោះ ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋសោះឡើយ។
ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮថា ស្ថានីយប្រេងឥន្ធនៈអត់ច្បាប់ ដែលកំពុងតែសាងសង់ រំលោភលើដីចំណីផ្លូវនេះ មានទីតាំងស្ថិតនៅលើដីឡូត៍ ១កន្លែង ជិតក្បាលស្ពានព្រែកតាស ជាប់មាត់ទន្លេ ស្ថិតក្នុងភូមិព្រែក ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ចំណែកដីដែល គេសាងសង់ស្ថានីយប្រេងនោះ មានទំហំតូចខ្លាំងណាស់ ពោលគឺមានទំហំ៨ម៉ែត្រ គុណនឹង ១២ម៉ែត្រ និងត្រូវបានសាងសង់យ៉ាងរំភើយ ដោយមិនបានសិក្សាពីផលប៉ះពាល់ដល់អ្នកនៅជុំវិញ ដូចជាខ្លាចកើតមានគ្រោះអគ្គិភ័យ ឆាបឆេះជាយថាហេតុអីនោះទេ។ ចំណែក អាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធ ហាក់ស្ងាត់មាត់ដូចគេចុក សូម្បីតែមកអើតមើលទីតាំងសាងសង់ក៏មិនដែលមកអើតផង មិនដឹងជាត្រូវថ្នាំសណ្តំ របស់ម្ចាស់ស្ថានីយប្រេងនោះ ធ្វើឱ្យបិទភ្នែកដេកលក់អស់ក៏មិនដឹង។
ប្រជាពលរដ្ឋ បានខ្សឹបបន្តថា ទីតាំងនោះ មានសភាពតូចចង្អៀត ហើយត្រូវបានសង់ រំលោភចំណីផ្លូវ និងនៅត្រង់ចំណុចផ្លូវកែងទៅ ទៀត ដែលងាយស្រួលក្នុងការបង្កឱ្យមានការ កកស្ទះចរាចរណ៍ខ្លាំងណាស់ ជាពិសេស ប្រសិន បើស្ថានីយប្រេងឥន្ធនៈនេះ សាងសង់ហើយ ប្រាកដជាបាំងផ្លូវ ធ្វើឱ្យមើលគ្នាមិនឃើញរវាង អ្នកធ្វើដំណើរឆ្លងស្ពានពីលិចមកកើត និងអ្នក ធ្វើដំណើរពីជើងទៅត្បូង ដែលនេះអាចជា មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ញឹកញាប់ទៅថ្ងៃក្រោយជាក់ជាមិនខានឡើយ។
ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា ស្ថានីយប្រេងដែលកំពុងសាងសង់នោះ មានម្ចាស់ ឈ្មោះប៊ុត ចាន់ថន ជាអ្នករស់នៅតំបន់ខាងលើ តែមានសែស្រឡាយ ជាប់សាច់ញាតិជាមួយ ឧកញ៉ាម្នាក់នៅឯភ្នំពេញ។ មូលហេតុ ដែលម្ចាស់ ស្ថានីយប្រេងនេះហ៊ានសាងសង់ដោយមិនខ្វល់ពីផលប៉ះពាល់ចំពោះអ្នកជិតខាង ឬអ្នកដំណើរ បែបនេះ ក៏ព្រោះតែមុននេះ គេបានរត់ការជា មួយអាជ្ញាធរពាក់ព័ន្ធអស់ហើយ ពោលគឺតាំង ពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ទើបគេហ៊ាន ធ្វើ ព្រោះជាកន្លែងតូចចង្អៀត និងជាដីចំណី ផ្លូវជាប់ផ្សារ ជិតទន្លេ និងស្ពានទៀតផង។
យ៉ាងណា ប្រជាពលរដ្ឋសូមខ្សឹបឱ្យឮដល់ ថ្នាក់ដឹកនាំស្រុក-ខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះមកពិនិត្យនិងសិក្សាមើលចំពោះ ផលប៉ះពាល់នៃការសាងសង់ស្ថានីយប្រេងឥន្ធនៈ មួយនេះផង ព្រោះប្រជាពលរដ្ឋដែលរស់នៅ ជាប់នឹងស្ថានីយប្រេងនេះ កំពុងដេកភ័យព្រួយ ខ្លាចកើតមានបញ្ហាជាយថាហេតុនៅថ្ងៃក្រោយ ហើយប្រសិនបើមានបញ្ហា ដូចពួកគាត់ព្រួយ បារម្ភនោះមែន តើអ្នកណាជាអ្នកចេញមុខ ទទួលខុសត្រូវ?
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើ នេះ “នគរធំ” មិនដឹងថា មានការពិតកម្រិត ណានោះទេ ដោយសារមិនអាចទាក់ទងសុំការ បំភ្លឺពីម្ចាស់ស្ថានីយប្រេងឥន្ធនៈខាងលើ ក៏ដូចជា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវទុំ