ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានធ្វើសន្និសីទសារព័ត៌មាន បំភ្លឺអំពីករណីបិទវិទ្យុ ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលមិនបានបិទវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ទេ គឺបិទតែវិទ្យុណាដែលមិនគោរពគោលការណ៍របស់ក្រសួង និងរំលោភកិច្ចសន្យា ដែលបានតម្កល់ទុកនៅក្រសួងតែប៉ុណ្ណោះក្នុងនោះ ក៏មានវិទ្យុមហានគរ ដែលលក់ម៉ោងផ្សាយឱ្យគណបក្សប្រឆាំងនោះផងដែរ។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅទីស្តីការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១៧ លោកខៀវ កាញារីទ្ធ បានច្រានចោលព័ត៌មានដែលថា រដ្ឋាភិបាលបិទវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ដោយ លោកលើកឡើងថា វិទ្យុបរទេសទាំងពីរនេះ នៅតែអាចជួលការផ្សាយបន្ត ពីវិទ្យុក្នុងស្រុក បានចំពោះវិទ្យុណាដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ក្រសួងព័ត៌មានគ្រាន់តែអនុវត្តទៅតាមច្បាប់ បើស្ថានីយវិទ្យុណាមិនគោរពគោល ការណ៍របស់ក្រសួង នឹងត្រូវផ្អាក ឬដកហូតអាជ្ញាប័ណ្ណបណ្តោះអាសន្ន ដូចជាវិទ្យុមហានគរ ជាដើម។
លោកខៀវ កាញារីទ្ធ មានប្រសាសន៍ថា “សុំពន្យល់ពីចំណុចខ្លះ ដោយសារថា ពីម្សិលម្ងៃ ម្សិលមិញ គឺមានការនិយាយបកស្រាយ ខុសៗគ្នាពីជំហររបស់ក្រសួង។ ជាពិសេស យើងឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលខ្ញុំតែងតែការពារ ខំរក្សា ដើម្បីបានវត្តមាននៅទីនេះ ក៏បានបកស្រាយបំផ្លើ់សអំពីការពិតមួយចំនួនដែរ។ កន្លងមកនេះ គឺមានការនិយាយបកស្រាយអំពីការដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងព័ត៌មាន ប្រឹង បិទវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក តែតាមពិតទាំងវិទ្យុអាស៊ីសេរី ទាំងវិទ្យុសហរដ្ឋអាមេរិក សុទ្ធតែបានឃើញសេចក្តីប្រកាស ហ្នឹងមួយចំនួនហើយ។ ខ្ញុំមិននិយាយពីគណបក្សនយោបាយទេ គណបក្សនយោបាយធម្មតា គេយកលេសនេះលេសនោះ ខ្ញុំចង់និយាយអំពីយើង វិជ្ជាជីវៈដូចគ្នា។ កន្លងមកនេះ ក្រសួង បានបិទវិទ្យុមួយចំនួន មិនមែនដោយសារតែវិទ្យុនោះ បានឱ្យម៉ោងផ្សាយរបស់ខ្លួនទៅវិទ្យុ អាស៊ីសេរី ឬវិទ្យុសហរដ្ឋអាមេរិកនោះទេ។ បើយើងពិនិត្យមើលឡើងវិញ ឃើញហើយ វិទ្យុមួយចំនួន គេនៅតែផ្សាយ VOA គេនៅ ផ្សាយអាស៊ីសេរី តើ! អ៊ីចឹងសួរសំណួរវិញថា ហេតុអីបានវិទ្យុមួយផ្សាយបាន វិទ្យុមួយផ្សាយ មិនបាន? តាមពិតអាស៊ីសេរី គួរតែយល់អំពីបញ្ហានេះច្បាស់ណាស់ ក្នុងពេលដែលរៀបចំអំពីការបើកទីស្នាក់ការរបស់ខ្លួននៅទីនេះ។ សុំជម្រាបថា កន្លងមកនេះ ក្រសួងបានបិទស្ថានីយមួយចំនួន ពីព្រោះតែការរំលោភលើកិច្ចសន្យារបស់ខ្លួន។ បញ្ហានេះ មិនមែនបិទដោយសារតែបញ្ហា វិទ្យុនេះ ផ្សាយអាស៊ីសេរី ឬវីអូអេទេ ពីព្រោះនៅក្នុងកិច្ចសន្យា នៅពេលដែលសុំបើកស្ថានីយ គឺម្ចាស់ស្ថានីយទាំងអស់ សុទ្ធតែបានបញ្ជាក់ថា នៅពេលជួលម៉ោងរបស់ខ្លួន គឺត្រូវឆ្លងសុំការ អនុញ្ញាតពីក្រសួងព័ត៌មាន។ អ៊ីចឹងវិទ្យុមួយ ចំនួននោះគឺអត់បានឆ្លង អ៊ីចឹងគឺក្រសួងត្រូវតែ បិទហើយក្នុងពេលបច្ចុប្បន្ននេះ ដែលត្រូវការ មានការរឹតបន្តឹងផ្នែកច្បាប់ ក្នុងការផ្សព្វផ្សាយនេះ។ អ៊ីចឹងពីម្សិលមិញ យើងឃើញថា វិទ្យុ មួយចំនួននៅតែផ្សាយទេ ដោយសារតែវិទ្យុ នោះ គេមានការសុំច្បាប់ គេសុំក្រសួងព័ត៌មាន ផ្សាយវិទ្យុវីអូអេ អាស៊ីសេរី ឬក៏នាទីអីផ្សេងៗ ទៀត ហើយម្សិលមិញ វិទ្យុនារី តាមពិត ក៏ត្រូវ ដកអាជ្ញាប័ណ្ណដែរ ប៉ុន្តែយើងថា រក្សាជាវិទ្យុ មួយរបស់នារី ដែលជួយច្រើនក្នុងការងារសង្គម ទើបយើងអនុគ្រោះ គ្រាន់តែការផ្សាយបន្ត គាត់ត្រូវតែដកចេញ ដោយហេតុអី? ពីព្រោះ ដែលគាត់សុំមកក្រសួងព័ត៌មាន ដើម្បីផ្សាយ បន្តវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ គឺគាត់សុំតែ កន្លះម៉ោងទេផ្សាយ ប៉ុន្តែឥឡូវយើងឃើញថា គាត់ផ្សាយប៉ុន្មានម៉ោង? ប៉ុន្តែគួរស្តាយ វិទ្យុ ស្ត្រីគាត់ទៅនិយាយថា មិនឱ្យផ្សាយវិទ្យុអាស៊ី សេរី និងវិទ្យុវីអូអេ។ នេះជាការខុសឆ្គងណាស់ ក្រសួងសូមអធ្យាស្រ័យ យើងអត់បានមានគំនិត ដល់ប៉ុណ្ណឹងទេ ព្រោះជំហររបស់ក្រសួងនេះ គឺ យើងចង់បានបំផុតលក្ខណៈប្លែកគ្នា ហើយយើង ចង់បានវិទ្យុទាំងអស់ ដែលដឹងនូវព័ត៌មានពីគ្រប់ ជ្រុងនៅក្នុងបញ្ហាសង្គមនីមួយៗ។ ដូច្នេះសូម បញ្ជាក់ឡើងវិញ គឺការបិទទាំងអស់នេះ គឺជា ការអនុវត្តផ្លូវច្បាប់ទេ ហើយជាការអនុវត្ត ដែលស្ថានីយនីមួយសុទ្ធតែដឹងខ្លួនឯងថា បាន ខុសមែន។ យើងឃើញហើយ គ្មានអ្នកណាមក តវ៉ាកើតទេ ពីព្រោះគាត់បានសន្យាដោយខ្លួន គាត់ដាក់ថា មុននឹងគាត់ជួលម៉ោងឱ្យគេ គឺគាត់ នឹងសុំការអនុញ្ញាតពីក្រសួងព័ត៌មាន ហើយ យើងឃើញថា វិទ្យុជាច្រើនណាស់ គាត់ត្រូវ បិទ មិនមែនដោយសារតែគាត់លក់ម៉ោង ជួល ម៉ោងទៅឱ្យវិទ្យុអាស៊ីសេរី ឬវិទ្យុវីអូអេ គឺជួល ម៉ោងទៅវិទ្យុផ្សេងទៀតក៏ដោយ បើមិនឆ្លង គឺយើងបានលុបចោល”។
លោកខៀវ កាញារីទ្ធ បានបន្តថា “ហើយ ខ្ញុំក៏ត្រូវការកែតម្រូវអំពីវិទ្យុអាស៊ីសេរី និងវិទ្យុ វីអូអេដែរ ដើម្បីបង្ហាញថា ខ្លួនឯងពិតជាវិទ្យុ ដែលមានវិជ្ជាជីវៈមែនទែន នេះជាការចេញ សេចក្តីថ្លែងការណ៍របស់ខ្ញុំនៅក្នុងថ្ងៃនេះ គឺចង់ បញ្ជាក់លើបញ្ហាប៉ុណ្ណឹង ចៀសវាងកុំយកបញ្ហា នេះទៅជាបញ្ហានយោបាយ។ ទី២ រឿងបញ្ហា ខែមបូឌាដេលី ខ្ញុំឃើញសេចក្តីថ្លែងចុះឡើងហើយ រវាងពន្ធដារ និងខែមបូឌាដេលី។ សូមជម្រាប ថា បើអ្នកដែលប្តឹងខែមបូឌាដេលី ដំបូងបំផុត គឺ កាសែតគ្នាឯង។ គឺមានកាសែតបរទេសជាច្រើន បានធ្វើការប្តឹង ដោយសារថា ខែមបូឌាដេលី ដំបូង គាត់ចេញកាសែត គឺជាកាសែតរបស់អង្គការ ក្រៅរដ្ឋាភិបាល។ ជាច្បាប់កាសែតរបស់អង្គការ ក្រៅរដ្ឋាភិបាល គឺយើងមិនយកពន្ធទេ ប៉ុន្តែ បន្ទាប់ទៀត គាត់ចាប់ផ្តើមយកលុយ។ ដូច្នេះ មានការតវ៉ាពីកាសែតបរទេសជាច្រើន ទាមទារ ឱ្យមានស្មើភាពគ្នា ព្រោះកាសែតទាំងអស់ គេ បង់ពន្ធ អត់តែខែមបូឌាដេលី។ អ៊ីចឹងរឿងនេះ ក៏បានជូនទៅខាងផ្នែកហិរញវត្តុ ហើយខ្ញុំគិត ថា នេះជាបច្ចេកទេសរបស់ពន្ធដារ គេពិនិត្យ គេ មើ់លបច្ចេកទេសគ្រប់អស់ បានគេដាក់។ ខ្ញុំមិន អត្ថាធិប្បាយទេ អំពីការងាររបស់ពន្ធដារ ប៉ុន្តែ សុំបញ្ជាក់ថា ពេលនិយាយថា ជារឿងការងារ នយោបាយនេះ សូមជម្រាបថា អ្នកដែលប្តឹង នេះ គឺអ្នកកាសែតផ្សេង ដែលគេប្តឹងអំពីបញ្ហា នេះដែរ ហើយខ្ញុំជឿថា ខែមបូឌាដេលី គាត់ដឹង អំពីបញ្ហានេះ គាត់គ្រាន់តែយកជាលេសមួយ នៅក្នុងបញ្ហាហ្នឹង។ ខ្ញុំយល់ថា អ្នកកាសែតនៅ ខាំ បូឌាដេលី មិនគួរធ្វើបាតុកម្ម The Freedom The Press អីទេ អានេះមិនមែនជា The Freedom The Press ទេ ជាច្បាប់ប្រទេសណា ក៏ត្រូវអនុវត្តដែរ ហើយយើងមិនបានឃាត់ថា អ្នកឯទៀតហ្នឹងមិនអាចធ្វើកាសែតបាន ឯណា នាំគ្នាធ្វើកាសែតទៅ បានតើ ! ពីព្រោះ ច្បាប់មានឃាត់អ្នកណា លើកលែងតែមនុស្ស ដែលមានទោស ដែលយើងមិនឱ្យបើកកាសែត។ អ៊ីចឹងមិនមែនជាបញ្ហាហ្នឹងទេ បញ្ហាធំ គឺកុំយក បញ្ហានយោបាយនៅលើស្អីដែលយើងបានធ្វើ នៅខាងផ្នែកផ្លុវច្បាប់នេះ ខ្ញុំជម្រាបជូននៅពេល នេះមានតែប៉ុណ្ណឹងទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ សីហា ក្រសួងព័ត៌មាន បានសម្រេចបញ្ឈប់ការផ្សាយ ទាំងស្រុង របស់ស្ថានីយវិទ្យុមហានគរ FM ៩៣.៥ ដែលផ្សាយបន្តកម្មវិធីវិទ្យុវីអូអេ និងអាស៊ីសេរី និងលក់ម៉ោងផ្សាយឱ្យគណបក្សសង្គ្រោះជាតិ ក្រោមហេតុផលថា ការផ្សាយកម្មវិធីវិទ្យុនេះ ពីប្រភពខាងក្រៅ មិនសុំការអនុញ្ញាតពីក្រសួង។ ខណៈវិទ្យុជាយដែន នាខេត្តពាយ័ព្យប្រទេស ក៏ត្រូវបានក្រសួងបញ្ឈប់ ការផ្សាយដូចគ្នា។ ចំណែកវិទ្យុស្ត្រី FM ១០២ ក៏បានសម្រេចឈប់ផ្សាយព័ត៌មានបន្តពីវិទ្យុទាំងពីរនេះ ចាប់ពីយប់ថ្ងៃទី២៣ សីហា បន្ទាប់ពីក្រសួងព័ត៌មានថា វិទ្យុនេះ អនុវត្តខុសកិច្ចសន្យាជាង១០ឆ្នាំហើយ។
ក្រៅពីការបញ្ឈប់ការផ្សាយបន្តពីវិទ្យុ អាមេរិកាំងនេះ វិទ្យុសារិកា ដែលផ្សាយកម្មវិធីព័ត៌មានវិទ្យុ វីអូឌី (VOD) របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក៏ត្រូវបានក្រសួងព័ត៌មានបញ្ឈប់ការផ្សាយ។
នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោកប៉ា ងួនទៀង ថ្លែងថា “គេលែងឱ្យផ្សាយ ដោយសារបញ្ហាបច្ចេកទេស និងរដ្ឋបាល តែមិនបានបញ្ជាក់លម្អិត។ ខ្ញុំយល់ថា យន្តការរបស់ក្រសួងព័ត៌មាន គឺជាចំណាត់ការរបស់រដ្ឋាភិបាលដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ ទី៦ នឹងមកដល់នៅឆ្នាំក្រោយ”។
អ្នកគ្រប់គ្រងការផ្សាយស្ថានីយវិទ្យុមហានគរ ធំ៩៣.៥ អ្នកនាងយី ឆវ័ន្ត បានថ្លែងថា ការបិទវិទ្យុនេះ មិនសូវសមហេតុផល ហើយចំណាត់ការនេះ ត្រូវអនុវត្តដោយមិនយុត្តិធម៌ ព្រោះក្រសួងគួរផ្តល់ឱកាសសម្របសម្រួលជាមុន មុននឹងសម្រេចបញ្ឈប់។
អ្នកស្រីយី ឆវ័ន្ត នាយិកាវិទ្យុ មហានគរ ក៏បានសរសេរលិខិត ជម្រាបជូនលោកយឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណសង្គ្រោះជាតិ ជូនដំណឹងអំពីការផ្អាកដំណើរការ នៃវិទ្យុមហានគរទាំងស្រុង ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ តាមប្រកាសរបស់ក្រសួង ព័ត៌មានលេខ៣២៦ ព.ម ប្រក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។
លោកយឹម សុវណ្ណ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ថា “គ្មានវាចានឹងថ្លែង !
ក្រសួងព័ត៌មាន បានប្រកាសបញ្ឈប់ការផ្សាយរបស់ស្ថានីយវិទ្យុមហានគរ FM ៩៣.៥ ទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ។ គណបក្សសង្គ្រោះជាតិ បានទិញម៉ោងផ្សាយនៅវិទ្យុនេះ តាំងពីឆ្នាំ២០១២ ។ ចាប់ពីថ្ងៃនេះតទៅ ទាំង គណបក្សសង្គ្រោះជាតិ ទាំងវិទ្យុ VOA ទាំងវិទ្យុអាស៊ីសេរី មិនមានការផ្សាយកម្មវិធីរបស់ខ្លួន តាមរលកធាតុអាកាស តាមវិទ្យុនេះទៀតទេ។
ខ្ញុំមិនដឹងថា ការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ របៀបណា?
សូមបងប្អូនជនរួមជាតិ មេត្តាជ្រាបជាព័ត៌មាន និងពិចារណាតាមការគួរ”៕
កុលបុត្រ