Monday, November 25, 2024
Homeនយោបាយបិទអង្គការ NDI បើកភ្លើងខៀវឱ្យអាមេរិក នាំសម រង្ស៊ី ចូលស្រុក

បិទអង្គការ NDI បើកភ្លើងខៀវឱ្យអាមេរិក នាំសម រង្ស៊ី ចូលស្រុក

ភ្នំពេញ ៖ មជ្ឈដ្ឋានតាមដាមសង្គម និងនយោបាយ ព្រមទាំងអ្នកវិភាគមួយចំនួន បានលើកឡើងថា ការដែលរដ្ឋាភិបាល សម្រេចបណ្តេញអង្គការ NDI ចេញពីកម្ពុជា ជាសញ្ញាវិជ្ជមានផង អវិជ្ជមានផង សម្រាប់ស្ថានភាព នយោបាយនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា ការបិទអង្គការបរទេសមកពីសហរដ្ឋអាមេរិកនេះ អាចជាការបើកភ្លើងខៀវឱ្យមហាអំណាចអាមេរិក នាំលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនោះ វិលចូលស្រុកវិញ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០១៨ ខាងមុខនេះ។

លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ថា “ការបិទអង្គការ NDI និងវិទ្យុមហានគរ (VOA, RFA…) គឺជាការបើកភ្លើងខៀវឱ្យមហាអំណាចនាំលោកសម រង្ស៊ី ចូលស្រុក ប្រកួតប្រជែងការបោះឆ្នោតដោយស្មើភាព មិនលំបាកដល់សម្តេចកាត់ដៃចោល និងជាការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សូមបញ្ជាក់ថា សម្តេចខ្ញុំកាចបន្តិចមែន ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេច ជាង ៣០ឆ្នាំ រាស្ត្របាយឆ្ងាញ់ និងឡើងគីឡូរហូត។ សម្តេចធ្វើបានល្អ និងត្រឹមត្រូវហើយ!”។

បន្ថែមលើសំណេរនេះ លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៧ ថា មានកត្តា២ ដែលលោកហ៊ានអះអាងថា ការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) អាចជាការបើកភ្លើងខៀវ ឱ្យសហរដ្ឋអាមេរិក នាំលោកសម រង្ស៊ី ចូលមកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខ ក្នុងនាមជាប្រជាពលរដ្ឋមានសិទ្ធិស្របច្បាប់ ទាំងការរស់នៅ ការចុះឈ្មោះបោះ ឆ្នោត និងការឈរឈ្មោះឱ្យគេបោះឆ្នោតនោះ។

លោករស់ សារ៉ុម

លោករស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ ! ខ្ញុំយល់ឃើញបែបហ្នឹង គឺយើងខ្ញុំផ្តោត ចេញកត្តា២។ កត្តាទី១ ខ្ញុំសំដៅទៅលើផលប្រយោជន៍ខាងសេដ្ឋកិច្ច។ ប្រទេសកម្ពុជាយើង ភាគច្រើន គឺវិស័យវាយនភណ្ឌ គឺកម្មករកាត់ដេរ ដែលមានការងារធ្វើហ្នឹង ដោយសារតែការនាំ ចេញនូវផលិតផលផ្នែកវាយនភណ្ឌហ្នឹង ទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ភាគច្រើន ដាច់ខាត ដែលកម្មករជិត១លាននាក់ហ្នឹង។ អ៊ីចឹងផលប្រយោជន៍សេដ្ឋកិច្ចនេះ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចនៅក្នុងការ បិទអង្គការ NDI ហើយនិងវិទ្យុមហានគរ ទាក់ទង RFA ហើយនិង VOA ហ្នឹង មានន័យថា ជាការប្រឈមមួយផ្ទាល់ជាមួយនឹងសហរដ្ឋអាមេរិក។ អ៊ីចឹងកាលណាប្រឈមជាមួយសហរដ្ឋអាមេរិក វាត្រូវប្រឈមមុខផ្នែកសេដ្ឋកិច្ច ជាមួយអាមេរិក ពីព្រោះសហគមន៍អឺរ៉ុប ហើយនិងអាមេរិក ជាក្រុមរបស់គេតែមួយទេ។ អ៊ីចឹងវាមានសម្ពាធ មកកាន់រដ្ឋាភិបាលកម្ពុជាវិញ។ អ៊ីចឹងរបៀបដែលសម្តេចហ៊ុន សែន ដឹកនាំ ប្រទេសជាង៣០ឆ្នាំនេះ ខ្ញុំយល់ឃើញថា ពាក់ព័ន្ធជាមួយ នឹងផលប្រយោជន៍សេដ្ឋកិច្ចនេះ សម្តេចប្រុងប្រយ័ត្នណាស់។ អ៊ីចឹងវាមិនអាចនៅក្នុងការធ្វើសភាពការណ៍ ឱ្យកាន់តែពិបាក ស្រោចស្រង់កាន់តែខ្លាំងនោះទេ។ អ៊ីចឹងការប្រឈមមុខផ្នែកសេដ្ឋកិច្ច ជាមួយនឹងប្រទេសមហាអំណាចនេះ គឺវាលំបាក នៅពេលដែល អាមេរិកដាក់សម្ពាធ។ អានេះយើងនិយាយ អំពីអធិបតេយ្យរបស់ប្រទេសយើង ក៏ប៉ុន្តែ នៅពេលដែលសហរដ្ឋអាមេរិក មានផែនការគោលនយោបាយយ៉ាងម៉េចចំពោះកម្ពុជា ទៅ ទាក់ទងនឹងសម្ពាធសេដ្ឋកិច្ច បិទការនាំចូល ឬ មួយក៏ឥតលើកលែងពន្ធ ឬមួយក៏យ៉ាងម៉េចទៀត។ អ៊ីចឹងផលលំបាកគឺធ្លាក់មកលើប្រជាជនខ្មែរហើយ ជាពិសេស គឺកម្មករប្រឈមមុខនឹងបិទរោងចក្រ អត់ការងារធ្វើ។ ទោះបីជានិយោជកភាគច្រើនមកពីចិន មកពីប្រទេសផ្សេងៗទៀត ដែលមិនមែនអាមេរិកក៏ដោយ ក៏ប៉ុន្តែ ទីផ្សារអាមេរិក ហើយនិងសហគមន៍អឺរ៉ុប។ អ៊ីចឹងកាលណាបិទទីផ្សារ យើងមានបញ្ហាហើយ។ អ៊ីចឹងចាំបាច់យើងត្រូវតែរកផ្លូវចរចាគ្នាថា ត្រូវធ្វើម៉េច ដើម្បីឱ្យស្ថានភាពល្អប្រសើរឡើងវិញ។ អ៊ីចឹងពាក់ព័ន្ធនឹងគោលនយោបាយការបរទេស សហរដ្ឋអាមេរិក គឺពាក់ព័ន្ធជាមួយនឹងលទ្ធិ-ប្រជាធិបតេយ្យ។ អ៊ីចឹងដើម្បីឱ្យគេបើកវិញ លុះត្រាតែបញ្ហាប្រជាធិបតេយ្យ នៅប្រទេស កម្ពុជាហ្នឹង ត្រូវបានលើកឡើងវិញ។ ដូចស្ថានទូតអាមេរិក លើកឡើងអ៊ីចឹង។ អ៊ីចឹងអានេះខ្ញុំ  និយាយអំពីគោលនយោបាយសេដ្ឋកិច្ច ជាកត្តា ទី១ ។ ចំពោះកត្តាទី២ ដែលខ្ញុំយល់ឃើញហ្នឹង គឺពាក់ព័ន្ធនឹងបញ្ហានយោបាយ។ អ៊ីចឹងពាក់ព័ន្ធនឹងបញ្ហានយោបាយនេះ ខ្ញុំយល់ឃើញថា យើងដឹងហើយថា វាម្តងជាពីរដងជាបីដង គឺឯកឧត្តម សម រង្ស៊ី តែងតែទទួលបាននូវការលើកលែងទោសពីព្រះមហាក្សត្រ តាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ អ៊ីចឹង ក្នុងនយោបាយចុងក្រោយនេះ យើងឃើញថា សម្តេច ហ៊ុន សែន បានប្រកាសហើយថា កាលណា លោកលើកលែងទោសឱ្យសម រង្ស៊ី សម្តេចសុខចិត្តកាត់ដៃចោលខ្លួនឯង ព្រោះនយោបាយស្រុកខ្មែរ នាពេលបច្ចុប្បន្ននេះ ខ្ញុំយល់ឃើញថា វាពិបាកក្នុងការបដិសេធបុគ្គលសម រង្ស៊ី ណាស់ ព្រោះនយោបាយដើរសុទ្ធតែ៣០ឆ្នាំរៀងៗខ្លួន ហើយ។ អ៊ីចឹងវាពិបាក ដោយសារអី ? ប្រជាជននៅប្រទេសកម្ពុជា សឹងកន្លះប្រទេសទៅហើយ ដែលពេញចិត្តនឹងការដឹកនាំ ហើយនិងទស្សនវិស័យនយោបាយរបស់លោកសម រង្ស៊ី ។ អ៊ីចឹង ពិបាកបដិសេធណាស់ ហើយចរន្តនយោបាយ នេះ គឺមិនមែនអាចដើរថយក្រោយបានទេ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ គឺបើកាលណាយើងដើរថយក្រោយ មានន័យថា យើងលុបកិច្ចព្រមព្រៀងទីក្រុងប៉ារីសចោល។ អ៊ីចឹង កាលណាយើងលុបកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាប្រឈមមុខកាន់តែធ្ងន់ទៀត ជាមួយសហគមន៍អន្តរជាតិ បញ្ហានយោបាយហ្នឹង។ អ៊ីចឹង គន្លឹះមួយដែលល្អបំផុតហ្នឹង គឺដូចខ្ញុំបានលើកឡើងនៅក្នុងហ្វេសប៊ុករបស់ខ្ញុំអ៊ីចឹងថា វាគឺជាសេណារីយោមួយថ្មី ដែលអនុញ្ញាតឱ្យមហាអំណាច ព្រោះមហាអំណាចលើលោកនេះគេ ឈ្លោះគ្នាមែន តែគេធ្វើម៉េចដើម្បីចំណេញ ដើម្បីប្រទេសយើងតូចៗពិបាកណាស់ ជាមួយមហាអំណាច។ អ៊ីចឹងឱ្យមហាអំណាចត្រូវរកវិធីណាមួយដែលល្អបំផុត ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើរទៅមុខបានរឹងមាំល្អ ប្រសើរ។ អ៊ីចឹង ដើម្បីឱ្យរឹងមាំ លុះត្រាតែ យ៉ាងម៉េច ? លុះត្រាតែសហគមន៍អន្តរជាតិ គិតគូរឡើងវិញថា ការប្រកួតប្រជែងប្រជាធិបតេយ្យនៅកម្ពុជានេះ មិនអាចអត់វត្តមាន សម រង្ស៊ី បានទេ។ អ៊ីចឹង គេត្រូវរកគន្លឹះមួយ ហើយ ព្រោះវាមិនមែនតែម្តងទេ វាច្រើនដង មកហើយ ជាពិសេស តាមខ្ញុំចាំ ដូចជាក្នុងឆ្នាំ ២០០៨ គឺមិនមែនអាមេរិកទេ ដែលជួយចូកជួយចែវ ដើម្បីឱ្យសម រង្ស៊ី ចូលស្រុកវិញនោះ គឺប្រទេសជប៉ុន បានធ្វើកិច្ចការងារម្តងរួចទៅ ហើយ។ ប៉ុន្តែសួរថា ជប៉ុន អាមេរិក ជានរណា? ជាគ្នាគេទេ។ អ៊ីចឹងកត្តាទី២នេះ ខ្ញុំទាញជា សេចក្តីសន្និដ្ឋានបានថា ឬជាផ្លួវមួយដែលបើក ឱកាសឱ្យលោកសម រង្ស៊ី កាន់តែមានលទ្ធភាព ខ្ពស់ក្នុងការវិលត្រឡប់មកកម្ពុជាវិញ ចូលរួម ការបោះឆ្នោតមួយ ដែលប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយគណបក្សប្រជាជន ក៏ចង់បានអ៊ីចឹងដែរ”។

លោករស់ សារ៉ុម បន្តថា “ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ថ្វីត្បិតតែខ្ញុំមិនបានស៊ីជម្រៅ ក៏ប៉ុន្តែខ្ញុំបានស្វែងយល់ពីគណបក្សមួយនេះ តាំង ពីដើមមក។ អ៊ីចឹង គណបក្សប្រជាជនកម្ពុជា គឺភាគច្រើនសម្បូរទៅដោយបញ្ញវន្ត គឺជាអ្នក ដែលចេះដឹង ហើយក៏មិនមែនជាអ្នកដែលគិត តែពីប្រយោជន៍ អាត្មានិយមពេកនោះដែរ គឺ គិតអំពីជាតិ ស្នេហាជាតិដូចគ្នា ក៏ប៉ុន្តែ គ្រាន់តែ ថា និន្នាការនយោបាយខុសគ្នាតែប៉ុណ្ណឹងឯង។  ប៉ុន្តែខ្ញុំយល់ឃើញថា ក្នុងបរិបទចុងក្រោយនេះ គឺនយោបាយនៅស្រុកខ្មែរនេះ ខ្ញុំយល់ថា មិន ដើរថយក្រោយទេ ទោះបីជាឃើញសភាពការណ៍អ៊ីចឹងៗក៏ដោយ ពីព្រោះថ្នាក់ដឹកនាំ លោកកាន់តែមានវ័យចាស់ទៅហើយ។ អ៊ីចឹងកាលណាលោកមានវ័យចាស់ វាពាក់ព័ន្ធជាមួយនឹង ថ្នាក់ដឹកនាំបន្តវេន។ អ៊ីចឹងប្រទេសមួយមាន បញ្ហាជាទូទៅ ភាគច្រើនគឺការបណ្តុះបណ្តាល មនុស្សបន្តវេនហ្នឹងឯង។ អ៊ីចឹងគេត្រូវរៀបផ្លូវ ឱ្យបានស្អាត សម្រាប់អ្នកជំនាន់ក្រោយ។ ជារួម មក ខ្ញុំចង់ឃើញខ្មែររួមគ្នា ដូចស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកិច្ចព្រមព្រៀង  ទីក្រុងប៉ារីសនេះ យើងដឹងហើយថា សម្តេច ហ៊ុន សែន ជាអ្នកផ្តើម បន្ទាប់មក ព្រះកូណា សម្តេចតាយើងហ្នឹង ព្រះអង្គហើយនិងសម្តេច ហ៊ុន សែន បានផ្តើមឱ្យមានកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ហើយក៏បានទាញភាគីដទៃទៀត បានចូលមករួមគ្នា ដើម្បីជាតិមាតុភូមិរបស់យើង។ អ៊ីចឹងនយោបាយដែលវិវត្តមកដល់ បច្ចុប្បន្ននេះ តាំងពីទសវត្សទី៨០មក រហូតមក ដល់ឥឡូវនេះ បើគ្មានការគូសវាសពីថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចហ៊ុន សែន ហ្នឹង ក៏ដូចជាសម្តេចតា ក៏យើងអត់អាចដើរដល់ថ្ងៃនេះបានដែរ ពីព្រោះ វត្តមាននៃអ្នកនយោបាយខ្មែរជើងចាស់បុច្ចុប្បន្ន សម្តេចហ៊ុន សែន សម្តេចក្រុមព្រះ ហើយនិង ឯកឧត្តមសម រង្ស៊ី សុទ្ធតែសាក្សីរស់នៅក្នុង កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អ៊ីចឹងអ្នកទាំងអស់ ហ្នឹង គឺធ្វើនយោបាយដើម្បីផលប្រយោជន៍រួម របស់ជាតិ។ អ៊ីចឹងធ្វើឱ្យជាតិរបស់យើងអន្តរាយ ធ្វើឱ្យជាតិរបស់យើងអន់ថយ ខ្ញុំយល់ថា ពួកគាត់ពិតជាមិនចង់ឃើញការចារឈ្មោះមួយនៅ ក្នុងប្រវត្តិសាស្ត្រ ដែលបញ្ជាក់ថា គាត់សុខចិត្ត បម្រើផលប្រយោជន៍ខ្លួនឯង ហើយក្បត់ជាតិ នោះទេ។ ខ្ញុំគិតថា គាត់មិនអាចធ្វើយ៉ាងដូច្នោះ ទេ គាត់នឹងរកវិធីធ្វើយ៉ាងម៉េចឱ្យប្រទេសជាតិ របស់យើងចម្រុងចម្រើន ឱ្យមានអធិបតេយ្យ ជាតិពិតប្រាកដ ហើយប្រជាជនរស់នៅដោយ សេចក្តីថ្លៃថ្នូរ។ ជាក់ស្តែង ដូចកាលពីម្សិលមិញ ពាក់ព័ន្ធនឹងកម្មករ ខ្ញុំក៏សម្តែងការអបអរសាទរ ផងដែរថា កម្មករទូទាំងប្រទេស ជាពិសេស ផ្នែកវាយនភណ្ឌហ្នឹង គឺទទួលបាននូវសេវាសុខភាពដោយឥតគិតថ្លៃ ចាប់ពីខែមករា ឆ្នាំ២០១៨ ហ្នឹងទៅ។ អ៊ីចឹងវាជំហានមួយ ដែលល្អប្រសើរ ដែលរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាហ្នឹង លោកបានគិតគូរដែរ។ អ៊ីចឹងផលប្រយោជន៍របស់ជាតិហ្នឹង គឺទាំងអស់ គ្នាសុទ្ធតែគិតគូរ។ អ៊ីចឹងគ្រាន់តែតិចនិកនយោបាយ កាលណាវាកើតឡើងភ្លាម យើងមិនអាច សន្និដ្ឋានបានភ្លាមទេ ប៉ុន្តែលទ្ធផលចុងក្រោយ គឺនៅពេលដែលចេញយ៉ាងណា។ ប៉ុន្តែគ្រាន់តែ ថា អ្វីដែលបានកើតឡើង គឺមិនបានរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យដើរថយក្រោយ ទេ ខ្ញុំសុំសន្និដ្ឋានតែប៉ុណ្ណឹង”។

ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ ថា ជីវិតនយោបាយរបស់លោកសម រង្ស៊ី បាន បញ្ជប់ក្នុងនាមជាទណ្ឌិតនៅឯក្រៅប្រទេសនោះ ហើយ គ្មានហេតុផលអីដែលឱ្យលោកសម រង្ស៊ី ចូលស្រុកវិញ ទាំងស្របច្បាប់នោះទេ គឺមិន អាចយកអាមេរិក មកជួយបានឡើយ។

លោកសុខ ឥសាន

លោកសុខ ឥសាន បានមានប្រសាសន៍ថា “បាទ ! អាហ្នឹងជាការយល់របស់គាត់ទេ ក្នុង សង្គមប្រជាធិបតេយ្យ ការយល់មិនដូចគ្នាទេ។ ប៉ុន្តែសម រង្ស៊ី ឈប់និយាយហើយចេញផុត ហើយ មិនអាចត្រឡប់ក្រោយបានទេ។ សម រង្ស៊ី ជាមនុស្សដែលគេបដិសេធចេញ ដែលមិន តែកម្ពុជាទេ ក្នុងពិភពលោក គ៏គ្មានអ្នកណាគេរាប់អានដែរ។ ដូច្នេះ ទោះមានការលើកឡើង បែបណាក៏ដោយ ក៏ព័ត៌មានហ្នឹងមិនអាចកើត ឡើងបានទេ អត់ផ្លូវទេ។ គ្រាន់តែបោះឆ្នោត ក៏មិនបានបោះផង កុំថាតែមានមុខនៅក្នុងឆាក នយោបាយអីទៀតនោះ គឺបញ្ចប់ហើយ សម រង្ស៊ី។ បានន័យថា អាមេរិក មិនអាចមាន ឥទ្ធិពលអ្វីនាំលោកសម រង្ស៊ី ចូលស្រុកទេ អត់ មានផ្លូវទេ និយាយឱ្យច្បាស់ទៅ អត់ទៅរួចតែ ម្តង ដាច់ខាតទោះបីអាមេរិក នៅពីក្រោយក៏ ដោយ។ ម៉្យាងទៀត អាមេរិក គេកំពុងតែច្របល់ នឹងគ្នាគាត់ ផ្ទៃក្នុងគាត់ហ្នឹង គាត់ទៅយកចិត្តទុកដាក់ឯណាជាមួយសម រង្ស៊ី នោះ? សម រង្ស៊ី មានប្រយោជន៍អីដល់អាមេរិកនោះ? សម រង្ស៊ី ជាក្រូចដែលគេច្របាច់យកទឹករួចហើយ អត់ បានប្រយោជន៍ គេបោះសម្បកចោល រួចហើយ ចប់ហើយ។ ដូច្នេះអាហ្នឹងការយល់ឃើញរបស់គេ យើងមិនអាចទប់ស្កាត់ការយល់ឃើញរបស់ ម្នាក់ៗទេ ក៏ប៉ុន្តែជារឿងជីវិតនយោបាយ ក៏ដូចជាជីវិតសង្គម សេដ្ឋកិច្ចរបស់សម រង្ស៊ី គឺ ចប់រួចទៅហើយ”។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ថា លោក មើលមិនឃើញអង្គហេតុដែលឱ្យអាមេរិក នាំ លោកសម រង្ស៊ី ចូលស្រុកនោះទេ។

លោកផៃ ស៊ីផាន

លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “បាទ ! ខ្ញុំថា ការលើកឡើងនេះ គ្រាន់តែជា ការបង្វែរនូវការពិត នៃអង្គហេតុ នៃមូលដ្ឋាន ក្នុងការបិទ NDI ដែលការពិតនៃការបិទ ណឌី  ហ្នឹង តាមរយៈនៃការប្រកាសរបស់ក្រសួងការបរទេស បានបង្ហាញមូលដ្ឋានគ្រឹះនៃការសម្រេចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាហ្នឹង បានសម្រេច បណ្តេញពួក NDI ឱ្យចេញពីទឹកដីខ្មែរ។ ដូច្នេះ ចំពោះថា អាមេរិកអាចនឹងនាំលោកសម រង្ស៊ី ចូលស្រុកនោះ ខ្ញុំមើលមិនឃើញជាអង្គហេតុ នោះទេ។ នៅក្នុងចំណុចនេះ កម្ពុជា មានសិទ្ធិ ផ្តាច់មុខនៅលើទឹកដីកម្ពុជា ក្នុងការទទួល ស្វាគមន៍អ្នកណាចូលមកធ្វើការ ឬសហប្រតិបត្តិការនៅកម្ពុជា នៅក្រោមដែនអំណាចរបស់  កម្ពុជា។ ជនណាអង្គការណា បរទេសណា ដែលមិនអនុវត្ត ដែលឆ្លើយតបនឹងច្បាប់កម្ពុជា នឹងបណ្តេញចេញតែប៉ុណ្ណឹង។ មិនមែនពាក់ព័ន្ធ នឹងរឿងនយោបាយ ដែលអង្គហេតុនេះ ក្រសួងការបរទេស បានបង្ហាញពីមូលដ្ឋានគ្រឹះនៃការ បណ្តេញចេញនេះរួចហើយ។ រឿងខ្មែរ ទោះបី ជាសម រង្ស៊ី ជាអាយ៉ងរបស់អាមេរិក មានទម្ងន់ប៉ុនណាក៏ដោយ ក៏ប៉ុន្តែមិនអាចមករំលោភ លើច្បាប់ទម្លាប់របស់ខ្មែរនោះទេ ដោយសារដូចយើងឃើញហើយ គឺសម រង្ស៊ី គាត់មាន កាតព្វកិច្ចតុលាការ ហើយរាជរដ្ឋាភិបាល មិនដែលបានបង្ហាញគោលជំហរថា មិនមានរឿងអី ដែលជាឧបសគ្គ ក្នុងការវិលត្រឡប់របស់សម រង្ស៊ី ទេ”៕

កុលបុត្រ

RELATED ARTICLES