Wednesday, November 27, 2024
Homeព័ត៌មានជាតិពលរដ្ឋរើសបានខួចសម័យអង្គរ ប្រគល់ជូនអាជ្ញាធរអប្សរា

ពលរដ្ឋរើសបានខួចសម័យអង្គរ ប្រគល់ជូនអាជ្ញាធរអប្សរា

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋម្នាក់ រើសបានខួចបុរាណសម័យអង្គរ បានយកមកប្រគល់ ជូនអាជ្ញាធរអប្សរា ដើម្បីរក្សាទុក កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីបាន ទុកនៅផ្ទះរបស់ខ្លួន អស់រយៈពេល៣ខែមកហើយ ដោយសារតែមិនដឹងថាជាវត្ថុបុរាណ។

ប្រជាពលរដ្ឋដែលរើសបានខួចបុរាណ សម័យអង្គរនោះ មានឈ្មោះកង ល័រ រស់នៅភូមិត្នោតជ្រំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

តាមប្រភពអាជ្ញាធរអប្សរា បានឱ្យដឹងថា លោកកង ល័រ បាននិយាយថាគាត់រើសបានខួចបុរាណនេះ ប្រហែលជា៣ខែហើយ ពេលជីកបង្គោលធ្វើទ្រុងចិញ្ចឹមទាកាប៉ា ដែលស្ថិតនៅភូមិដែលលោកស្នាក់នៅខាងលើ។ ពេលរើសបានដំបូង មិនដឹងថា ជាវត្ថុបុរាណ ឬមានតម្លៃទេ ហើយក៏មិនដឹងប្រវត្តិអីដែរ ក៏ចេះតែ រក្សាទុកទៅ ព្រោះមិនដឹងថា យកទៅឱ្យអ្នកណា។ លុះពេលថ្មីៗនេះដឹងថា អាជ្ញាធរអប្សរា មានសមត្ថកិច្ចទទួលរក្សាទុក និងមានជំនាញ ទាំងជួសជុលអភិរក្ស ក៏ដូចជាដឹងពីប្រវត្តិនៃខួចនេះផង ទើបលោកសម្រេចយកមកប្រគល់ ជូនអាជ្ញាធរអប្សរា ដើម្បីថែរក្សាវត្ថុដូនតានេះ។

លោកកង ល័រ បានបញ្ជាក់នៅពេលនោះថា “ទោះបីជាខួចនេះមិនធំប៉ុន្មាន ប៉ុន្តែវាជារបស់ពីដូនតាខ្មែរ មិនមែនជារបស់ឯកជន ទើបខ្ញុំចង់យកវាមកឱ្យអ្នកមានសមត្ថកិច្ចរក្សាទុក បើយើងយកវាទៅលក់ វាមិនដឹងដល់ទៅណា ទៅណីទេ តែបើយើងរក្សាវាទុក វានឹងបានឃើញត្រឹមនេះផង និងតដល់កូនចៅខ្មែរជំនាន់ក្រោយផងបានស្គាល់”។

ជាមួយគ្នានេះ លោកកង ល័រ ក៏សូមអំពាវនាវឱ្យប្រជាជនដទៃទៀតដែលរើស ឬជីកបានរបស់បុរាណ គួរយកមកឱ្យអ្នកមានសមត្ថកិច្ចមើលការខុសត្រូវ ដើម្បីទុកជាកេរដំណែលដល់អ្នកជំនាន់ក្រោយបានសិក្សា និងស្គាល់ពីរូបរាង រួមទាំងប្រវត្តិសិល្បៈនៃវត្ថុទាំងនោះ ជាជាងការលក់ដូរឱ្យឈ្មួញ ឬបំផ្លិចបំផ្លាញចោល។

លោកបណ្ឌិត អ៊ា ដារិទ្ធ

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ជំនាញផ្នែកកុលាលភាជន៍ បានសម្តែងនូវការអរគុណចំពោះប្រជាពលរដ្ឋគំរូឈ្មោះ កង ល័រ ដែលមានចិត្តស្រឡាញ់សម្បត្តិវប្បធម៌ជាតិ និងផ្តល់ការទុកចិត្តចំពោះអាជ្ញាធរជាតិអប្សរា ដោយបានយកខួចបុរាណ មកប្រគល់ជូនអាជ្ញាធរអប្សរា ដើម្បីរក្សាទុកជាមរតកវប្បធម៌ជាតិ។

លោកបណ្ឌិត បានបញ្ជាក់ថា នេះជាខួច បៃតង (Green Glazed) ដែលផលិតនៅសម័យអង្គរ ក្នុងសតវត្សទី៩ ដល់ទី១០។ តាមរយៈខួចនេះដែរ គឺមានស្រទាប់រលោងស្អាត ដែលអាចដឹងថា ភាគច្រើនគឺផលិតនៅឡអន្លង់ធំ និងឡឫស្សី។ ខួចនេះប្រើវាសម្រាប់ដាក់វត្ថុរាវ ដូចជាថ្នាំ ឬទឹកឃ្មុំជាដើម។ លោកបានបញ្ជាក់បន្ថែមថា ខួច និងវត្ថុផ្សេងៗប្រភេទពណ៌បៃតងនេះ ឈប់ឃើញមានផលិតបន្តទៀត ដោយជំនួសនូវការផលិតកុលាលភាជន៍ពណ៌ត្នោត វិញម្តង ចាប់ពីសតវត្សទី១១ ដល់ទី១៣ នៃ គ្រិស្តសករាជ៕

ខៀវទុំ

RELATED ARTICLES