Tuesday, November 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាក់ច្រាំងទន្លេ ពលរដ្ឋបង្ខំចិត្តរុះផ្ទះ

បាក់ច្រាំងទន្លេ ពលរដ្ឋបង្ខំចិត្តរុះផ្ទះ

ខេត្តកំពង់ចាម ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ចំនួន៩ខ្នង បានទទួល រងផលប៉ះពាល់ដោយសារបាក់ច្រាំងទន្លេមេគង្គ ហើយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលដោយផ្ទាល់ ឃើញថាច្រាំងបានបាក់មកកាន់តែកៀកផ្ទះទៅហើយ ចំណែកប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ដោយខ្លាចគ្រោះថ្នាក់ ក៏បានបង្ខំចិត្តរុះផ្ទះ ដើម្បីទៅកាន់ទីតាំងថ្មី មានសុវត្ថិភាព។

លោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន បានបញ្ជាក់ប្រាប់ថា នៅតាមភូមិឋាននានា ពីមុនជាប្រភេទផ្លូវដី ដែលមានផលវិបាកក្នុងការធ្វើដំណើរ (ខែប្រាំងហុយ រដូវវស្សាបែកភក់)។ ដោយមើលឃើញតែលំបាកនេះ អាជ្ញាធរបានអភិវឌ្ឍន៍ស្ថាបនាផ្លូវបេតុង ចាប់តាំងពីអំឡុងឆ្នាំ២០១៩ បានរហូតរាប់ពាន់ម៉ែត្រ ស្ទើរតែពេញឃុំកោះសូទិន។

លោកស្រីមេឃុំកោះសូទិន បន្តថា ដោយសារកត្តាច្រាំងទន្លេបានចាប់ផ្តើមបាក់ ជាបន្តបន្ទាប់បន្តិចម្តងៗ ចូលមកកាន់លំនៅឋានពលរដ្ឋ ក្នុងឆ្នាំ២០២២ មកដល់ឆ្នាំ២០២៥ នេះ គឺផ្ទះឈើរបស់ពលរដ្ឋ ត្រូវបានរុះរើរួចរាល់ទាំងស្រុង ចំនួន៦ខ្នង ដោយនៅសល់ចំនួន ៣ខ្នងទៀត ក្នុងនោះ មានម្ចាស់ខ្លះបិទទ្វារផ្ទះចោល ទៅរស់នៅភ្នំពេញ តែអាជ្ញាធរបានជូនដំណឹងរួចរាល់ហើយដែរ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៥ លោកស្រីបានដឹកនាំប្រធានភូមិក្រុមប្រឹក្សាឃុំ ជាច្រើននាក់ ដើម្បីចុះទៅត្រួតពិនិត្យ ជាមួយនោះក៏បាននាំយកថវិការបស់សម្តេច សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទៅឧបត្ថម្ភចំនួន៤គ្រួសារ រួមមាន ១-លោកថាយ អេង អាយុ៧៧ឆ្នាំ និងប្រពន្ធឈ្មោះ ដោក សៅលី អាយុ៧០ឆ្នាំ នៅភូមិទី៤ ត្រូវរុះរើផ្ទះ គេចចេញពីទីតាំងបាក់ច្រាំងទន្លេ ឧបត្ថម្ភថវិកា ១លានរៀល។ ដោយឡែក សម្តេច ក៏ បានជួយឧបត្ថម្ភប្រជាពលរដ្ឋដែលមានជំងឺ ទើបចេញពីមន្ទីរពេទ្យ ចំនួន៣នាក់ទៀត ដែលត្រឡប់មកផ្ទះវិញ ក្នុងនោះមាន ១-លោកស្រី អួន សាវ៉េន អាយុ៧៧ឆ្នាំ នៅភូមិទី១៤ មានជំងឺលើសឈាម ស្លាប់មួយចំហៀងខ្លួន ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល។ ២-លោកស្រី ម៉ាត់ ម៉ៃស្មះ អាយុ៦៥ឆ្នាំ មានជំងឺសួតធ្ងន់ធ្ងរ កំពង់សម្រាកព្យាបាលនៅផ្ទះ ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល និង៣-លោកស្រី លី សាវឿន អាយុ៥២ឆ្នាំ មានជំងឺរលាកសួតធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅផ្ទះ ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល។

លោកស្រីមេឃុំ បានបញ្ជាក់ថា ច្រាំងទន្លេ បានបាក់ផ្លូវបេតុង អស់ចំនួនបីផ្ទាំង ដោយក្នុងមួយផ្ទាំង មាន៦ម៉ែត្រ សរុប១៨ម៉ែត្រ កត្តាដែល បាក់នេះដោយសារនៅភូមិថ្មី ទីនោះដុះដីធ្វើឱ្យចរន្តទឹកហូរបុកមកចំភូមិទី៤ ដែលនៅខាងក្រោម ទើបបណ្តាលឱ្យបាក់ដូច្នេះ៕

RELATED ARTICLES