Monday, November 25, 2024
Homeនយោបាយកូនស្រីលោកកឹម សុខា រងការចោទពាក់ព័ន្ធក្រុមចារកម្មបរទេស

កូនស្រីលោកកឹម សុខា រងការចោទពាក់ព័ន្ធក្រុមចារកម្មបរទេស

ភ្នំពេញ ៖ កូនស្រីរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺកញ្ញាកឹម សម្មាធីតា ត្រូវបានបណ្តាញសង្គមហ្វេសប៊ុកមួយ ទម្លាយរឿងចោទប្រកាន់ថា ពាក់ព័ន្ធនឹងក្រុមចារកម្មបរទេស ដែលបង្កប់ខ្លួនក្នុងបក្សប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សកាន់អំណាច។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ “កូនខ្មែរ” នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានសរសេរផ្សាយនូវអត្ថបទមួយ មានចំណងជើងថា “ចារកម្មម្នាក់ទៀត បង្កប់ខ្លួនក្នុងបក្សសង្គ្រោះជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល” ដោយ បញ្ជាក់ថា ក្រុមចារកម្មនោះ មានទំនាក់ទំនងជិតស្និទ្ធជាមួយកូនស្រីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយធ្លាប់ឃុបឃិតជាមួយបក្សប្រឆាំង នៅកូរ៉េខាងត្បូង ក្នុងការទម្លាក់លោកស្រីផាក គិនហេ (Park Geun Hye) តាមរយៈការប្រើប្រាស់អត្ថបទកាសែត ដែលមានចរិតអុជអាល ញុះញង់ រិះគន់វាយប្រហារខ្លាំងៗមកលើលោកស្រី។

គណនីហ្វេសប៊ុកដដែលនោះ បានរៀបរាប់ខ្លឹមសារទាំងស្រុងថា “ជនជាតិអាមេរិកាំងមួយរូប ឈ្មោះ Geoffrey Cain បាននិងកំពុង ជ្រកក្រោមស្លាកអ្នកកាសែតឯករាជ្យ (Free lancer) និងធ្លាប់ជាមេខ្លោង រៀបចំចលនា មហាជន ក្នុងការផ្តួលរំលំអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye ទទួលជោគជ័យ បានបែកធ្លាយនូវសកម្មភាព ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនាងកឹម សម្មាធីតា ជាកូនស្រីរបស់លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ។

លោក Geoffrey Cain

បើតាមការទម្លាយឱ្យដឹងពីមន្ត្រីដែលជិតស្និទ្ធជាមួយកូនស្រីលោកកឹម សុខា ឈ្មោះ Geoffrey Cain នេះបានជួបសម្ងាត់ជាញឹកញាប់ជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេស តាមរយៈរូបថតដែលបង្ហាញនេះ Geoffrey Cain បានជួបជាមួយកឹម សម្មាធីតា នៅភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

ថ្មីៗនេះ Geoffrey Cain ធ្លាប់បានឃុបឃិតជាមួយបក្សប្រឆាំងនៅកូរ៉េខាងត្បូង ក្នុងការទម្លាក់លោកស្រី Park Geun-Hye តាមរយៈការប្រើប្រាស់អត្ថបទកាសែត ដែលមានចរិតអុជអាល ញុះញង់ រិះគន់វាយប្រហារខ្លាំងៗ មកលើលោកស្រី Park រួមជាមួយនឹងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម (Social Media) ជាមធ្យោបាយបំពងសំឡេង។

ដោយសារតែជនជាតិអាមេរិកាំងរូបនេះ ធ្លាប់មានបទពិសោធន៍ជោគជ័យ ក្នុងការទម្លាក់លោកស្រី Park ចេញពីតំណែងជននេះក៏ត្រូវបានប្រទេសមហាអំណាចមួយ ជួលឱ្យមករៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីជួយបក្សសង្គ្រោះ ជាតិ ក្នុងការផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន។

មន្ត្រីបក្សសង្គ្រោះជាតិ ក៏បានឱ្យដឹងផងដែរថា Geoffrey Cain នេះ បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ឆ្ពោះទៅកាន់ខេត្តស៊ីនជាំង (Xinjiang) ប្រទេសចិន ដែលតំបន់នោះកំពុងប្រឈមមុខគ្នា រវាងក្រុមជនជាតិភាគតិចអ៊ុយហ្គ័រ (Uighurs) បះបោរប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។

ក្រៅពី Geoffrey Cain ក៏មានចារកម្មបរទេសផ្សេងទៀតដែរ ដែលបានបង្កប់ខ្លួននៅក្នុងបក្សប្រឆាំង។ កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ កន្លងទៅនេះ ចារកម្មជនជាតិអូស្ត្រាលី ១រូប ឈ្មោះ James Ricketson ដែលជ្រកក្រោមស្លាកអ្នកនិពន្ធ និងផលិតករភាពយន្ត ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួន ក្រោយពីជនបរទេសរូបនេះ បានឃុបឃិតជាមួយលោកសម រង្ស៊ី និងបានថតសកម្មភាពឃោសនារបស់គណបក្ស សង្គ្រោះជាតិ ដើម្បីយកទៅផ្សព្វផ្សាយបំភ័ន្តសាធារណមតិ ក្នុងនិងក្រៅប្រទេស។ តាមការបញ្ជាក់ពីមន្ត្រីបក្សសង្គ្រោះជាតិ បានទម្លាយឱ្យដឹងថា James Ricketson នេះ ជាចារកម្មដ៏សំខាន់ និងមានបទពិសោធន៏ខ្ពស់ ដែលធ្លាប់បានជួយបក្សប្រឆាំងនៅក្នុងប្រទេសផ្សេងៗកន្លងមក។

ម៉្យាងវិញទៀត កូនស្រីលោកកឹម សុខា គឺនាងកឹម មនោវិទ្យា ក៏ធ្លាប់បានបែកធ្លាយ ព័ត៌មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារសម្ងាត់របស់អាមេរិក (CIA) ផងដែរ ហើយក៏មានការថតរូបរួមគ្នាជាមួយលោកកឹម សុខា ប្រពន្ធ អមដោយកូនស្រីទាំងពីរនាក់ទៀតផង។ ភ័ស្តុតាងដែលបានបង្ហាញនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ជនជាតិបរទេស ជាពិសេសជនជាតិអាមេរិកាំង បាននិងកំពុងលូកដៃយ៉ាងជ្រៅ ចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា តាមរយៈការបង្កប់ខ្លួន និងឃុបឃិតជាមួយបក្ស CNRP”។

ជាមួយគ្នានោះដែរ ទំព័រ Facebook ដដែល ក៏បន្តទម្លាយរឿងថ្មីទៀតថា អង្គការ CANVAS ជ្រកក្រោមស្លាក IRI ផ្តល់លុយ និងឧបាយកិច្ចជួយគណបក្សសង្គ្រោះជាតិ ដើម្បីបង្កើតបដិវត្តន៍ពណ៌ ផ្តួលរំលំនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ហ្វេសប៊ុកដដែល បានសរសេរថា “ក្រោមជំនួយឧបត្ថម្ភជាសម្ងាត់ពីអាមេរិក CANVAS ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយមេដឹកនាំក្រុមចលនា OTPOR ឈ្មោះ Srdja Popovic បន្ទាប់ពីក្រុមចលនា OTPOR នេះ បានផ្តួលរំលំមេដឹកនាំប្រទេស Serbia លោក Slobodan Milošević ក្នុងខែតុលា ឆ្នាំ២០០០។ CANVAS ក៏បានយកគំរូជោគជ័យនៅប្រទេស Serbia ទៅអនុវត្តនៅប្រទេសផ្សេងទៀត ដូចជា បដិវត្តន៍ផ្កាកុលាបក្នុងប្រទេស Georgia ឆ្នាំ ២០០៣ បដិវត្តន៍ពណ៌ទឹកក្រូចនៅប្រទេស Ukraine ឆ្នាំ២០០៤ និងបដិវត្តន៍សេដា Cedar ក្នុងប្រទេស Lebanon កាលពីឆ្នាំ២០០៥ និងដឹកនាំធ្វើបដិវត្តន៍ពណ៌នៅប្រទេសមួយចំនួនទៀត នៅមជ្ឈិមបូព៌ា។ តាមការស្រាវជ្រាវពីបណ្តាញនៅតៃវ៉ាន់ អង្គការ CANVAS ត្រូវបន្តអនុវត្តនូវបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាលនៅប្រទេស ទុយនេស៊ី លីបី ស៊ីរី និងកម្ពុជា។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ដើម្បីអនុវត្តផែនការក្នុងការផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺអង្គការ CANVAS ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកូនស្រីកឹម សុខា គឺកឹម មនោវិទ្យា បានបញ្ជ្រាបមនុស្ស ជំនាញរបស់ខ្លួន ចូលមកកម្ពុជា ក្រោមលេសពង្រឹងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែធាតុពិត គឺជាការរៀបចំអនុវត្តនូវគម្រោងការធ្វើបដិវត្តន៍ពណ៌ នៅពេលវេលាសមស្របណាមួយ ដែលពួកគេប្រមូលកម្លាំង និងចងបណ្តាញបានគ្រប់គ្រាន់។ ក្នុងចំណោមអង្គការទាំងនោះ លោក Jackson Cox ត្រូវបានអាមេរិក ចាត់បញ្ជូនមកឱ្យធ្វើជាប្រធាន IRI ប្រចាំនៅកម្ពុជា ក្នុងឆ្នាំ២០០៤។ គាត់ជាមនុស្សម្នាក់ ដែលជាអ្នករៀបចំចាប់ផ្តើមធ្វើផែនការផ្តួលរំលំរដ្ឋាភិបាល ដោយមានការសហការជាមួយលោកកឹម សុខា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។ Jackson Cox ធ្លាប់បានចូលរួម ក្នុងក្បួនបាតុកម្មតវ៉ានានាជាច្រើនដែលរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។

Jackson Cox ប្រធាន IRI និងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយអាមេរិក បានជ្រើសរើសយកកឹម សុខា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាមនុស្សម្នាក់ សម្រាប់ធ្វើកិច្ចការនេះ។ ដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្លាំងចំពោះលោក កឹម សុខា IRI ដែលមានលោក Jackson Cox ជាប្រធាន ក៏បានរៀបចំឱ្យកូនស្រីរបស់កឹម សុខា គឺកឹម មនោវិទ្យា និងកឹម សម្មាធិតា ទៅរស់នៅ និងបន្តការសិក្សានៅអាមេរិក។ នៅឆ្នាំ២០០៦ IRI បានប្តូរប្រធានថ្មីដែលមកជំនួសដោយឈ្មោះ Lazar Antonic សញ្ជាតិ ស៊ែប៊ី ដែលមានជាប់ពាក់ព័ន្ធយ៉ាងជ្រៅ និង ដោយផ្ទាល់ជាមួយចលនា OTPOR ដែលបានបណ្តេញ Milosevic ចេញពីអំណាច ក្នុងប្រទេសស៊ែប៊ី។ តាមរយៈការជួយជ្រោមជ្រែងរបស់ IRI និងសហរដ្ឋអាមេរិកកឹម សុខា បានលាលែងពីប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងបានចាប់ផ្តើមបង្កើតគណបក្សសិទ្ធិមនុស្ស ក្នុងឆ្នាំ២០០៧។ បើទោបីជាមានការផ្លាស់ប្តូរ ប្រធាន IRI ថ្មីប្រចាំកម្ពុជា ពីមួយទៅមួយ យ៉ាងណាក៏ដោយ ក៏នៅក្នុង IRI នៅតែមាន វត្តមានមនុស្សពីរនាក់ជាប្រចាំ គឺ Jackson Cox (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៤-២០០៦) និង Lazar Antonic (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៦-២០០៧) ដើម្បីបន្តអនុវត្តនូវផែនការផ្តួលរំលំរដ្ឋាភិបាលហ៊ុន សែន។ ជាក់ស្តែងគេបានឃើញមនុស្សទាំងពីរនាក់នេះ នៅក្នុងប្រទេសកម្ពុជា អំឡុងពេលបាតុកម្ម ឆ្នាំ២០១៣”។

លោកកឹម សុខា ជាមួយកូនស្រីទាំង២ កឹម សម្មាធីតា និងកឹម មនោវិទ្យា

ទំព័រហ្វេសប៊ុកដដែលបានសរសេរទៀតថា “ប្រភពដដែលបន្ថែមថា នៅចុងខែសីហា ឆ្នាំ២០១៣ នៅស្នាក់ការកណ្តាល CNRP អង្គការ CANVAS បានបង្រៀនអ្នកដឹកនាំ និងសកម្មជន CNRP អំពីយុទ្ធសាស្ត្រ និង យុទ្ធវិធីធ្វើបាតុកម្ម និងកុប្បកម្ម មុនការចាត់តាំងធ្វើបាតុកម្មទ្រង់ទ្រាយធំថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣។ CANVAS ដែលបានគិតគូរពីផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ជាយូរមកហើយ ដើម្បីជួយបក្សប្រឆាំង ដោយជ្រកក្រោម ស្លាកIRI បានវាយតម្លៃថា CNRP ត្រូវតែរួមគ្នា ដោយត្រូវប្រមែប្រមូលការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលបន្ថែមទៀត ព្រោះខ្លួនមានជំនឿយ៉ាងមុតមាំថា CNRP នឹងមានឱកាសផ្តួលរំលំរដ្ឋាភិបាលបាន។

បណ្តាញស្រាវជ្រាវនៅក្រៅប្រទេស បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ CNRP ឈានទៅសម្រេចគោលដៅផ្តួលរំលំនេះ គឺនៅដើមខែមករា ឆ្នាំ២០១៥ CANVAS បានផ្តល់ថវិកាចំនួន ៣៩០០០០ដុល្លារអាមេរិក ដើម្បីជួយណែនាំ CNRP អំពីការរៀបចំផែនការ និងចាត់តាំងអនុវត្តនូវយុទ្ធសាស្ត្រក្នុងការសហការចងបណ្តាញជាមួយអង្គការសង្គមស៊ីវិល និងយុវជន។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៤ CANVAS បានដឹកនាំបញ្ជាផ្ទាល់ ពីទីតាំងមួយកន្លែង ក្បែរទីលានប្រជាធិបតេយ្យដល់មេដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិ ដើម្បីធ្វើបដិវត្តន៍ពណ៌ទម្លាក់រដ្ឋាភិបាលហ៊ុន សែន ក្រោមលេសប្រឆាំងលទ្ធផលបោះឆ្នោត។

បណ្តាញស្រាវជ្រាវនៅក្រៅប្រទេស ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា ដើម្បីបន្តអនុវត្តនូវផែនការផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន អតីតប្រធាន IRI លោក Jackson Cox និងលោកកឹម សុខា បានណាត់ជួបគ្នាជាសម្ងាត់ នៅទីក្រុងបាងកក កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ដូចមានរូបថតជាភ័ស្តុតាង”។

ទោះបីយ៉ាងណា ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បំភ្លឺពីកញ្ញាកឹម សម្មាធិតា កូនស្រីលោកកឹម សុខា បានទេ កាលពីម្សិលមិញ ខណៈដែលអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយឹម  សុវណ្ណ ក៏មិនអាចទាក់ទងសុំយោបល់បំភ្លឺបានដែរ នៅរសៀលថ្ងៃដដែលនោះ។

លោកមុត ចន្ថា

ដោយឡែក លោកមុត ចន្ថា នាយកខុទ្ទកាល័យ និងជាជំនួយការផ្ទាល់របស់លោកកឹម សុខា បានប្រតិកម្មថា ការចោទប្រកាន់ខាងលើនេះជាការលាបពណ៌ពីសទៅខ្មៅតែប៉ុណ្ណោះ។

លោកមុត ចន្ថា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ថា “ពូកែខាងលាបពណ៌ គឺលាបពណ៌ និងផាត់ម្សៅពីសទៅខ្មៅ។ មនុស្សល្អ គេមិនធ្វើបែបនេះទេ ព្រោះគេមានភាពអៀនខ្មាស និងខ្លាចទទួលរងនូវបាបកម្មតាមសងវិញ។ បើតាំងខ្លួនជាអ្នកលេងឬអ្នកមែន ត្រូវគោរពគោល ការណ៍ សមភាព និងយុត្តិធម៌។ បើគ្រាន់តែគេនិយាយរឿងពិតអំពីខ្លួនវិញ កុំខឹង”៕

កុលបុត្រ

RELATED ARTICLES