ភ្នំពេញ ៖ អនុប្រធានទី១ គណបក្សមហាសាមគ្គីជាតិខ្មែរ លោកហ៊ាង គឹមស្រឿន បានដាក់ពាក្យបណ្តឹងចូលទៅកាន់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ប្តឹងចោទប្រកាន់ លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភា កម្ពុជា ចំនួន៨បទល្មើស ក្នុងនោះ ក៏មានបទចោទក្បត់ជាតិផងដែរ។
ពាក្យបណ្តឹងរបស់លោកហ៊ាង គឹមសឿង ចុះថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៧ មានខ្លឹមសារថា “ខ្ញុំបាទហ៊ាង គឹមស្រឿន អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអនុប្រធានទី១ គណបក្សមហាសាមគ្គីជាតិខ្មែរ មានលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមគោរជូន
ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ
កម្មវត្ថុ ៖ ប្តឹងឈ្មោះសុខ ទូច ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ មុខងារប្រធានរាជបណ្ឌិត្យសភាកម្ពុជា ១-ពីបទគំរាមកំហែងកេរ្តិ៍ ២-ពី បទញុះញង់ឱ្យមានការរើសអើង ៣-ពីបទ ប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈ ៤-ពីបទជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការ បំពេញមុខងារសាធារណៈ ៥-ពីបទប្រើប្រាស់ លិខិតនិងឯកសារដែលបង្កើតឱ្យមានការភ័ន្ត ច្រឡំ ៦-ពីបទផ្តល់ព័ត៌មានមិនពិត ៧-ពីបទ លក្ខខណ្ឌអត្ថិភាពនៃការញុះញង់ និង៨-ក្បត់ ជាតិ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមជម្រាបជូនឯកឧត្តមមេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ឈ្មោះសុខ ទូច ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ មុខងារ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយ បំភ្លៃប្រវត្តិសាស្ត្រ ស្តីពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ ដែលជាកន្លែងកំណើតរបស់សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដែលជាស្ថាប័នកំពូលរបស់ជាតិថា ទៅយកដីវៀតណាម រស់នៅ ដោយពុំមានការពិត។ ដូច្នេះការនិយាយលើកឡើងរបស់ ឈ្មោះសុខ ទូច ខាងលើនេះ គឺនិយាយក្នុងន័យ បំភ្លៃប្រវត្តិសាស្ត្រ ធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ និយាយក្នុងន័យញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរ កាន់តែបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅវិញទេ គឺខុសពីអ្វីដែលសម្តេចតែង លើកយកបញ្ហាដោះស្រាយកំណត់ព្រំដែនជាមួយប្រទេសជិតខាង ហើយសម្តេចព្រមទាំង បានលើកឡើងទៀតថា សម្តេចកំពុងលះបង់ ទាំងកម្លាំងកាយចិត្ត កម្លាំងប្រាជ្ញា ដើម្បីរក្សា បាននូវស្ថិរភាពនយោបាយ និងរក្សាបាននូវ សន្តិភាព ព្រមទាំងការអភិវឌ្ឍ ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែររស់នៅសុខដុមរមនា យ៉ាងសុខក្សេមក្សាន្ត។ ម៉្យាងទៀត សម្តេចថា លោកកំពុងដោះស្រាយបញ្ហាព្រំដែនគោក និង ព្រំដែនទឹក រវាងប្រទេសជិតខាង ដោយផ្អែក តាមផែនទីខ្នាតដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិ ដើម្បីជាប្រយោជនួជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរទាំងអស់ មិនទាន់ចប់ផងនោះ។ ផ្ទុយទៅវិញ ឈ្មោះសុខ ទុច បែរជានិយាយក្នុងន័យ មានចេតនាបំបែកបំបាក់សាមគ្គីជាតិ និងឱ្យ ប្រជាពលរដ្ឋខ្មែរ ចងកំហឹង ចោទប្រកាន់ថ្នាក់ដឹកនាំស្នេហាជាតិមួយចំនួន និងរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំដោយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាច្រើន អាណត្តិ ដែលសម្តេចកំពុងប្តេជ្ញាចិត្តការពារ ព្រំដែនប្រទេសកម្ពុជា នេះទាំងស្រុង។ ក្នុងន័យរបស់ឈ្មោះសុខ ទូច នេះហើយ ដែលធ្វើឱ្យ ប្រជាពលរដ្ឋខ្មែរ កាន់តែដាក់ទោសកំហុសទៅលើរាជរដ្ឋាភិបាល ក៏ដូចជាញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរ មានការរើសអើង ដោយសារសម្តី អគតិរបស់មនុស្សមួយចំនួន ដូចជាឈ្មោះសុខ ទូច នេះបានធ្វើឱ្យគណបក្សខ្លះបង្កើតឡើងក្នុង ន័យផលប្រយោជន៍ផ្ទាល់ខ្លួនកេងយកឱកាស ភ្លេចគិតពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ខ្មែរជាធំ ហើយបានធ្វើការចោទប្រកាន់ លាបពណ៌ បំភ្លៃ ដាក់កំហុសឱ្យប្រជាពលរដ្ឋខ្មែរ មានការយល់ច្រឡំអំពីប្រវត្តិសាស្ត្រ ពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ដូចជា ការលើកឡើងរបស់ឈ្មោះសុខ ទូច នេះផងដែរ។
សំណូមពរ ៖
១-សុំឱ្យឈ្មោះសុខ ទូច បង្ហាញឯកសារ ដែលថា សម្តេចហេង សំរិន ទៅយកដីវៀតណាម រស់នៅ និងផែនទីជាក់លាក់របស់ព្រះរាជាណាចក្រកម្ពុជា ជាសាធារណៈ ដើម្បីឱ្យ ប្រជាពលរដ្ឋខ្មែរ អាចជឿទុកចិត្តបាន ព្រមទាំង ភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំ។
២-សុំឱ្យបើកការស៊ើបអង្កេតស្រាវជ្រាវ ស្វែងរកការពិត ដែលឈ្មោះសុខ ទូច ចោទប្រកាន់ សម្តេចហេង សំរិន យកដីវៀតណាមរស់នៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម មេត្តាជួយរកយុត្តិធម៌ជូនជាតិមាតុភូមិ និងថ្នាក់ដឹកនាំ ដែលទទួលរងគ្រោះដោយសារ ការនិយាយបំភ្លៃការពិត មួលបង្កាច់របស់ឈ្មោះ សុខ ទូច ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ ដោយ ក្តីអនុគ្រោះ”។
បន្ថែមលើពាក្យបណ្តឹងនេះ លោកហ៊ាង គឹមស្រឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ថា លោកប្តឹងលោកសុខ ទូច មិនមែនក្នុងន័យជួសមុខឱ្យសម្តេច ហេង សំរិន ជាសាមីខ្លួនទេ គឺលោកប្តឹងក្នុង នាមប្រជាពលរដ្ឋម្នាក់ និងតំណាងឱ្យប្រជាពលរដ្ឋជាច្រើននាក់ទៀត ដែលឈឺចាប់នឹងសម្តី បំភ្លៃការពិតរបស់លោកសុខ ទូច។
លោកហ៊ាង គឹមស្រឿន បានមានប្រសាសន៍ ថា “បាទ! និយាយឱ្យចំទៅ ខ្ញុំធ្វើការប្តឹងលោក បណ្ឌិតសុខ ទូច ទៅតុលាការនេះ ដោយសារ វាមានមូលហេតុរបស់គាត់ ដែលគាត់ថ្លែងនៅ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹង ព្រំដែនរបស់ប្រទេសជិតខាង ហើយគាត់ប្រើពាក្យមួយ ដែលមិនអាចលើកលែងដល់គាត់ បានដោយសារគាត់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ជាតិ សេចក្តីថ្លៃថ្នូររបស់ជាតិ ហើយនិង ឱនភាពរបស់ជាតិខ្មែរយើង ក៏ដូចជាប៉ះពាល់ ដល់ថ្នាក់ដឹកនាំជាតិដ៏កំពូល ដែលជាកិត្តិយសនៅលើឆាកអន្តរជាតិ ក៏ដូចជាពិភពលោក ហើយកាលណា គាត់និយាយប៉ះពាល់អ៊ីចឹងទៅ មានន័យថា វាបាត់បង់នូវកិត្តិយសខ្មែរ សេចក្តីថ្លៃថ្នូរ របស់ខ្មែរ ដែលគាត់និយាយមួយវាស្មើនឹងផ្តល់ ព័ត៌មានឱ្យប្រទេសជិតខាង ហើយការលើក របស់គាត់នេះ ខ្ញុំយល់ឃើញថា តាមប្រវត្តិសាស្ត្ររបស់ខ្មែរ ឃើញថា មិនដែលខ្មែរទៅនៅ ឈ្លានពានប្រទេសណាមួយ ឬក៏ចង់ទៅតាំងទី លំនៅលើប្រទេសណាទេ។ អ៊ីចឹងការប្តឹងលោក បណ្ឌិតសុខ ទូច នេះ គឺខ្ញុំចង់ឱ្យស្វែងរកភាព ស្អាតស្អំ និងសិក្សាអំពីប្រវត្តិសាស្ត្រឱ្យបានច្បាស់ ឱ្យប្រជាពលរដ្ឋទទួលយកបាន ក៏ដូចជាថ្នាក់ដឹកនាំដែលកំពុងតែទទួលរងបាត់បង់នូវកិត្តិយស ដោយសារគាត់លើកឡើងនេះ។ ក្នុងករណីប្តឹង នេះ ខ្ញុំមិនមែនប្តឹងក្នុងនាមតំណាងឱ្យសម្តេច ហេង សំរិន ទេ គឺខ្ញុំក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ហើយផ្អែកទៅតាមស្របតាមគោលការណ៍ ច្បាប់។ អ៊ីចឹងការប្តឹង ស្មើនឹងការជូនដំណឹងទៅ ព្រះរាជអាជ្ញា បើសិនព្រះរាជអាជ្ញាតាំងខ្លួនជា ដើមបណ្តឹងអាជ្ញា។ អ៊ីចឹងខ្ញុំមិនមែនក្នុងនាម ជាដើមបណ្តឹងរដ្ឋប្បវេណីទេ គឺខ្ញុំប្តឹងវាប៉ះពាល់ នឹងបទល្មើសប្រយោជន៍បុគ្គលផ្សេងៗ ក្នុងនាម ជនជាតិខ្មែរ ខ្ញុំទាមទារសិទ្ធិសេរីភាព ខ្ញុំទាមទារ រកយុត្តិធម៌អ្វីដែលគាត់ធ្វើប៉ះពាល់ដល់កិត្តិនាម”។
លោកហ៊ាង គឹមស្រឿន បានបន្តថា “រឿង តុលាការ គឺជានីតិវិធីដំណើរការមួយ នៃបណ្តឹង គ្រប់ភាគីដែលបានដាក់ចូលទៅគាត់ ហើយនៅ ក្នុងលក្ខខណ្ឌច្បាប់ គឺនៅក្នុងចំណាត់ការរបស់ ព្រះរាជអាជ្ញា នៅស្ថាប័នអយ្យការ គឺបានកំណត់ ជាក់លាក់បានច្បាស់។ មានន័យថា ក្រោយទទួល បណ្តឹង រយៈពេលនៃការកំណត់ចំណាត់ការរបស់ គាត់ត្រូវមានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ រួចជាស្រេចទៅហើយ។ អ៊ីចឹងបើសិនជាគាត់ បង្អាក់ ឬពុំមានចំណាត់ការនៅលើបណ្តឹងហ្នឹង ខ្ញុំនឹងមាននីតិវិធីបន្ត នឹងដាក់ឱ្យគាត់ ធ្វើឱ្យគាត់ គោរពច្បាប់ ហើយខ្ញុំសង្ឃឹមថា តុលាការនឹង ធ្វើការងារនេះឱ្យខ្ញុំ។ បើសិនមិនធ្វើ ខ្ញុំក៏មិនទៅ មានបទអន្តរាគមន៍ពីណាទេ ព្រោះរឿងនេះ រឿង ពាក់ព័ន្ធខ្ញុំ សុំឱ្យតែតុលាការស្វែងរកការពិត និង យុត្តិធម៌ជូនពលរដ្ឋខ្មែរទាំងអស់ និងកិត្តិយស ជាតិខ្មែរទាំងមូល។ និយាយជារួម ខ្ញុំអត់ចង់ លើកអ្វីវែងឆ្ងាយទេ ខ្ញុំកំពុងតែរង់ចាំនូវចំណាត់ការរបស់តុលាការ ហើយនិងបរិបទទៅថ្ងៃមុខ ខ្ញុំអត់ទាន់បានលើកពីលម្អិតយ៉ាងណាទេ ចាំមានការបញ្ចប់ ឬក៏បន្តនីតិវិធីនៅតុលាការ ចាំខ្ញុំនឹងធ្វើការលើករឿងនេះបន្តបាន”។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបណ្តឹងរបស់ លោកហ៊ាង គឹមស្រឿន អនុប្រធានទី១ គណបក្សមហាសាមគ្គីជាតិខ្មែរខាងលើនេះ លោកបណ្ឌិត្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការបញ្ជាក់ឆ្លើយតបតាមរយៈ “នគរធំ” នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ថា តាំងពី ថ្ងៃធ្វើសន្និសីទសារព័ត៌មាន រហូតមកដល់ពេល នេះ លោកមិនបានចេតនាថា សម្តេចហេង សំរិន យកដីវៀតណាមរស់នៅទេ លោកគ្រាន់តែលើក ឡើងផែនទីបោន ខ្នាត១លើ ១០០ ០០០ ដែលបន្សល់ទុកពីសម័យអាណានិគមបារាំងប៉ុណ្ណោះ។ ពោលគឺ លោកមិនបានទៅរើសអើង ប្រមាថ ក្បត់ជាតិ ដូចការចោទប្រកាន់ក្នុងពាក្យបណ្តឹងរបស់លោកហ៊ាង គឺមស្រឿន នោះឡើយ។
លោកបណ្ឌិតសុខ ទូច បានមានប្រសាសន៍ ថា “ខ្ញុំមិនឆ្លើយតបទេ គ្រាន់តែខ្ញុំផ្តាំទៅវិញថា បើគណបក្សខ្លួនតូច ហើយចង់ល្បី កុំបាច់យក រឿងខ្ញុំទៅភ្ជាប់ជាមួយ ទី១។ ទី២ សូមលោក ទៅមើលផែនទី ខ្ញុំអត់មានថា សម្តេចហេង សំរិន ទៅយកដីវៀតណាមទេ ខ្ញុំគ្រាន់តែនិយាយ ថា អាអ្នកគូសផែនទីបារាំងហ្នឹង វាអត់បាន លើកមនុស្សនៅ ហើយវាគូរទៅលើរបស់វា ដែលយើងឃើញ ហើយផែនទីឱ្យគាត់មើល សន្លឹក ២០៩ី ហើយនិងសន្លឹកផែនទី ២១០ឹ តៃនិញ ហើយមួយទៀត អាចទៅមើលរដ្ឋាភិបាល លោកធ្លាប់ធ្វើបទបង្ហាញអីៗនៅក្នុង សៀវភៅនោះ គេបានចែងច្បាស់អ៊ីចឹងដែរ។ ខ្ញុំ គ្រាន់តែនិយាយថា វាខ្លាចឡាវ កាន់កាប់លើ ហ្នឹង ហើយភាសាបារាំង ហៅថា ឌេ ធុចតៀ ហ្នឹង។ ដោយសារអ៊ីចឹងហើយ បានជាយើងខំ ទៅដេញគេចេញ ខ្លាចកុំឱ្យមាន ព្រោះដីលោក តាហេង សំរិន ហ្នឹង ឬសម្តេចពញាចក្រីហ្នឹង បានន័យថា យើងកាន់កាប់យូរហើយ រាប់រយ ឆ្នាំហើយ។ អ៊ីចឹងដីហ្នឹងវាជារបស់យើងរួចជា ស្រេចហើយ ប៉ុន្តែបើមើលនៅតាមផែនទី គឺវា អ៊ីចឹង តែប៉ុណ្ណឹងទេ ហើយរឿងគាត់ប្តឹង ខ្ញុំចាំតែបកស្រាយទេ ប៉ុន្តែគាត់មុននឹងប្តឹងគេ ខ្លួនឯងទាំងមិនទៅមើលឯកសារអីផង មិនមើលផែនទីផង មកប្តឹងគេប្រយ័ត្នខ្ញុំប្តឹងបកវិញ ប៉ុន្តែ ខ្ញុំគ្មានពេលសម្រាប់ក្រុមហ្នឹងទេ ខ្ញុំគិតពេលរបស់ខ្ញុំ គឺគិតទៅលើការសិក្សាស្រាវជ្រាវ និងរៀបចំស្ថាប័នតែប៉ុណ្ណឹងទេ គ្មានត្រូវមួយចំណុចណាទេ គាត់ប្តឹងហ្នឹងនោះ។ គាត់យកអារម្មណ៍ទៅប្តឹង គាត់យកទិដ្ឋភាពនយោបាយទៅប្តឹងទេ លក្ខណៈបច្ចេកទេសសូន្យតែម្តង។ អ៊ីចឹងទេ បើសិនជាតុលាការដំបូង គេកោះហៅខ្ញុំៗឱ្យផែនទី ទៅមើលសិន ព្រោះទោះខំពន្យល់មនុស្សក៏អត់ប្រយោជន៍ ឬមួយគាត់ចេះហើយ គាត់ធ្វើមិនចេះ? ឬក៏ភ្នែកភ្លឺ ហើយមើលមិនឃើញ ? បើគាត់មើលផែនទីថា ចេះហើយអាហ្នឹងបាន ហៅខ្ញុំទៅបកស្រាយបាន ហើយបើសិនណាជា គាត់អត់ទាន់ចេះទេ ខំទៅពន្យល់យ៉ាងម៉េច ក៏អត់ដែរ វានៅតែប្តឹងតទៅទៀតដែរ”។
លោកសុខ ទូច បានបន្តថា “សម្រាប់ខ្ញុំ អត់បានញុះញង់ទេ ខ្ញុំគ្រាន់តែឱ្យដឹងថា កុំឱ្យ ឈរលើប្រវត្តិច្រំដែល បើយើងធ្លាប់បានជួប ហើយ ដូចករណីដីសម្តេចពញាចក្រីហេង សំរិន ហ្នឹងវាអ៊ីចឹង។ អ៊ីចឹង បើសិនណាយើងមិនបង្ខំ ធ្វើនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ និងចំណុច ប្រសព្វទេ ខ្លាចវាដូចអ៊ីចឹងទៀត។ អាហ្នឹងខ្ញុំ ទៅញុះញង់ឯណា ខ្ញុំទៅក្រើនរំលឹកអ្នកនយោបាយឱ្យដឹង ដើម្បីកុំឱ្យគេយកទឹកដីរបស់យើង កុំឱ្យគេកាន់កាប់យូរ គេកាន់កាប់ត្រឹមតែបួនប្រាំ ខែហ្នឹងបានហើយ អាហ្នឹងចំណុចនេះទេ ខ្ញុំគ្មានទៅ ញុះញង់ឯណា ខ្ញុំគ្រាន់តែពន្យល់តើ ! រឿងហ្នឹង វាអ៊ីចឹង។ ទី២ ខ្ញុំមានទៅក្បត់ជាតិក្បត់អីឯណា ខ្ញុំគ្មានក្បត់ជាតិទេ ខ្ញុំក្បត់ជាតិអី ខ្ញុំបម្រើជាតិ ដែលប្រវត្តិសាស្ត្រតាំងពីដើមមក មិនទាន់មាន សៀវភៅណា ? សារិន ឆាក សរសេរអត់ចប់ ទេ គាត់សរសេរពីពូជ្រីវ មកបង្គោល៣១៤ ហើយចុះអាទី៧៤ ឡើងទៅបង្គោល ០ មានហើយឬអត់? អត់ដែលមានអ្នកណាសរសេរផង តើខ្ញុំទៅបំផ្លាញជាតិអាម៉េច? គាត់ដែលបាន អានសៀវភៅចប់មួយក្បាលទេ អ្នកថាហ្នឹង? តើគាត់បានអានឬអត់? អាហ្នឹងចំណុចទី២។ ចំណុចទី៣ គាត់ថា ខ្ញុំហ្នឹងអីទៅញុះញង់។ ញុះញង់ពីណា? ខ្ញុំមានទៅបង្កើតគណបក្សអី ញុះញង់ឯណា? ខ្ញុំគ្រាន់តែប្រាប់ថា អ្វីដែល យើងបានចុះ អ្វីដែលយើងស្រាវជ្រាវ វាបង្ហាញ អ៊ីចឹង កំហុសរបស់បារាំង ដែលវាគូរ វាមិនបាន ឃើញមនុស្ស វាគូសតាមតែអារម្មណ៍របស់វា ហ្នឹង។ អ៊ីចឹងយើងទទួលយកអី ? យើងទទួល យកផែនទីបោន ខ្នាត១លើ១០០ ០០០ ដែលបន្សល់ពីអាណានិគមនិយមបារាំង។ អ៊ីចឹងបើ យើងយកអាហ្នឹង គឺអាហ្នឹងហើយដែលជាវត្ថុ គោល ដែលធ្វើឱ្យប្រទេសយើងទាំង២ បោះបង្គោលព្រំដែនដល់សព្វថ្ងៃនេះ ប៉ុន្តែយើងមាន កិច្ចព្រមព្រៀងជាមួយគ្នា អ្នកណានៅត្រង់ណា នៅត្រង់ហ្នឹងសិន ហើយយើងដោះដូរទៅតាម ស្អីដែលជាកញ្ចប់ ហើយអ្នកណាកាន់កាប់ចាប់ពី៥០ឆ្នាំទៅ គេហៅថា ការកាន់កាប់ស្របច្បាប់ គឺមានកិច្ចព្រមព្រៀងអ៊ីចឹង។ អ៊ីចឹងខ្ញុំឯណាទៅ មើលងាយសាធារណៈឯណា ខ្ញុំអត់ទេ”។
លោកសុខ ទូច បន្ថែមថា “ខ្ញុំអត់ត្រៀម អីទេ ខ្ញុំឱ្យគាត់ត្រៀមអាន សំខាន់ឱ្យអ្នកប្តឹង គាត់ចេះសិន កាលណាគាត់អត់ចេះហ្នឹង គាត់ នៅតែប្តឹងៗមិនចេះចប់ ពីព្រោះមនុស្សគាត់ អត់យល់ផងហ្នឹង។ អ៊ីចឹងបើគាត់យល់ ឱ្យគាត់ ទៅមើល ឱ្យគាត់អានសៀវភៅឱ្យបានច្រើន បន្តិច អ្នកប្តឹងគេហ្នឹង កុំយកអារម្មណ៍មកប្តឹង ត្រូវយកបច្ចេកទេសប្តឹង ព្រោះអានេះជារឿង បច្ចេកទេស ខ្ញុំខុសត្រង់ណា? បើសិនជាខ្ញុំខុស ខ្ញុំបំផ្លាញជាតិ ទាល់តែខ្ញុំប្រើផែនទីស្អីណាមួយ ទៀត ឬក៏ផែនទី ទូំ របស់អាមេរិកាំង គូរជាឯកតោភាគី ហើយយកបកស្រាយ អាហ្នឹង បានខ្ញុំខុស។ បើខ្ញុំផែនទីដែលរដ្ឋាភិបាល ដែល យើងយកពីអង្គការសហប្រជាជាតិ យកពីបារាំង យកពីអាមេរិក ផែនទីតែមួយ ខ្ញុំយកអាហ្នឹងមក និយាយ ហើយខ្ញុំមានយកផែនទីផ្សេងឯណា? អ៊ីចឹងទេ ឱ្យគាត់ខំរៀនមើលផែនទីសិនទៅ សឹម មកប្តឹងខ្ញុំ។ ចំពោះរដ្ឋាភិបាល ឬថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មិនចាប់អារម្មណ៍លើ បណ្តឹងនេះឬក៏យ៉ាងណា? ខ្ញុំមិនដឹង ប៉ុន្តែខ្ញុំធ្វើ ការក្នុងរដ្ឋាភិបាល ខ្ញុំគ្រាន់តែថា មុននឹងបកស្រាយ ខ្ញុំសុំឱ្យគាត់មើលផែនទីសិន ហើយខ្ញុំ មិនទៅតតាំងមនុស្សដែលអត់បានអានសៀវភៅ ចប់មួយក្បាលផង ហើយគាត់ថា គាត់មិនសុខ- ចិត្ត បើគាត់អត់ដឹងផង មិនខុសអំពីអ្នកមិន ដែលទទួលទានស្រាវីស្គី គាត់ថា វីស្គីអត់ឆ្ងាញ់ ទាំងដែលគាត់មិនដែលហូបសោះ អាហ្នឹងធ្វើ ម៉េចត្រូវ វាអត់ត្រូវទេ ឱ្យគាត់ហូបសិន ឱ្យគាត់ ហូបឱ្យដឹងរសជាតិ ភ្លក្សស្រាម្ភៃសាមសិបស្រា សិន ហើយគាត់យកផែនទីអាត្រឹមត្រូវហ្នឹង តើផែនទីមួយណាដែលគាត់ប្តឹងខ្ញុំនោះ? យក ផែនទីអីជាគោល? បើយកបោន ខ្នាត១លើ ១០០ ០០០ ដែលបន្សល់ពីអាណានីគមនិយមបារាំង អាហ្នឹងខ្ញុំត្រូវ បើគាត់យកផែនទីខុសពីហ្នឹង បានខ្ញុំខុស ហើយបើខុស អាហ្នឹងវាខុសនឹងរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ដែលយល់ព្រម ហើយបើគាត់យកអាបោន ខ្នាត ១លើ១០០ ០០០ ដដែលហ្នឹង វាអត់ខុសទេ គាត់ទេជាអ្នក ខុស អ៊ីចឹងគាត់ត្រូវមើលសិន ទើបបាន”។
ដោយឡែក អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ថា ការប្តឹងរបស់ អនុប្រធានទី១គណបក្សមហាសាមគ្គីជាតិខ្មែរ គ្រាន់តែក្នុងការចំណេញនយោបាយប៉ុណ្ណោះ។ ព្រោះអ្វីដែលលោកសុខ ទូច លើកឡើង ដូច ដែលរាជរដ្ឋាភិបាល ធ្លាប់បានធ្វើម្តងហើយ គឺ បើយកផែនទីបោន ខ្នាត១លើ១០០ ០០០ ទម្លាក់ នៅលើទីតាំងនោះ ឃើញថា ដីភូមិកំណើតរបស់ សម្តេចហេង សំរិន ស្ថិតនៅក្នុងដីវៀតណាម មែន។
លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “បើនិយាយពីរឿងផែនទី ខ្ញុំបានស្តាប់នៅពេល ហ្នឹង គឺខ្ញុំមានវត្តមាន ពេលហ្នឹង ឯកឧត្តមសុខ ទូច បានលើក គឺលោកនិយាយជាបច្ចេកទេស សុទ្ធសាធ និយាយក្នុងគោលការណ៍ជាក់ស្តែង ហើយនិងតាមច្បាប់ យើងឃើញថា ដែលយើង ពីដើមរហូតដល់កម្ពុជាក្រោមឯណោះ ក៏ប៉ុន្តែ ដល់សម័យអាណានិគមមក ទៅកាន់កាប់ទៅ វាបែងចែកផែនទីគូសខ្សែបន្ទាត់ព្រំដែនហ្នឹង សម្រាប់រដ្ឋបាល សម្រាប់ពន្ធដារ សម្រាប់ការ គ្រប់គ្រងទេ។ ដល់ពួកអាណានិគមចេញទៅ គេបន្សល់ទុកនូវផែនទីរដ្ឋបាលហ្នឹង ហើយនៅ ក្នុងដែនច្បាប់អន្តរជាតិ ផែនទីរដ្ឋបាលដែល បន្សល់ទុកពីអាណានិគម វាក្លាយទៅជាផែនទី អន្តរជាតិ។ ឯកឧត្តមសុខ ទូច បាននិយាយ ច្បាស់ណាស់ថា ដល់ពេលដែលទម្លាក់ផែនទី ឃើញថា ផ្ទះសម្តេច ហេង សំរិន ហ្នឹងនៅក្នុងដី របស់យួន។ ក៏ប៉ុន្តែហេតុដូចម្តេច បានជាគេកាត់ ជូនសម្តេច ដោយសារគេយកគោលការណ៍ ជាក់ស្តែង ហើយរឿងនិយាយហ្នឹង គឺនិយាយ ទៅលើរឿងពាក់ព័ន្ធនឹងប្រជាពលរដ្ឋឡាវ និង កងទ័ពឡាវ មកកាន់កាប់ទឹកដីកម្ពុជា ដោយ ខុសច្បាប់ ពីព្រោះកាលណាយើងបន្សល់ទុក តទៀត វាក្លាយទៅជា ឌែ ធុចតៀ ហ្នឹងឯង លោកពន្យល់របៀបអ៊ីចឹង។ កាលណានិយាយ រឿងបែងចែកដីធ្លីតាមរយៈផែនទី អ្នកណានៅ ត្រង់ហ្នឹង គេទុកឱ្យនៅត្រង់ហ្នឹង។ អាស្រ័យ ហេតុដូច្នេះហើយ លោកបណ្ឌិតសុខ ទូច លើក ប៉ុណ្ណឹង ក៏ប៉ុន្តែអ្នកទាំងអស់នោះហ្នឹង យកអា រឿងហ្នឹងជារឿងនយោបាយ”។
លោកផៃ ស៊ីផាន បានបន្តថា “អាហ្នឹង យើងរាជរដ្ឋាភិបាលបានធ្វើម្តងរួចហើយ ដោយ- យកផែនទីមូលដ្ឋានដែលបន្សល់ទុកដោយ អាណានិគម យករៀបចំឱ្យមានបង្គោលសីមា នៅលើទឹកដីយើង បើយើងយកអាហ្នឹងទម្លាក់ មកជាក់ស្តែង គឺដីភូមិរបស់សម្តេចហេង សំរិន ក្នុងដីវៀតណាម។ ក្នុងដីវៀតណាមៗជួយសម្របសម្រួលបន្តទៅទៀត មកកាត់ដីជូនសម្តេច ក៏ ប៉ុន្តែយើងក៏ត្រូវសងគេវិញដែរ អាហ្នឹងអ៊ីចឹង។ ដូច្នេះការប្តឹងហ្នឹង មិនដឹងមាននិន្នាការយ៉ាង ម៉េច ខ្ញុំអត់យល់។ រាជរដ្ឋាភិបាល បានពន្យល់ ហើយសម្តេចបានពន្យល់ម្តងទៀតហើយនៅ ក្នុងរដ្ឋសភា មានតែអ្នកធ្វើបណ្តឹងហ្នឹង យករឿង ផែនទីព្រំដែនវៀតណាម ជារឿងនយោបាយ ក្នុងន័យយុទ្ធនាការនៅពេលមុនបោះឆ្នោតតែ ប៉ុណ្ណឹង តាមយើងមើល មិនមានសារសំខាន់ សម្រាប់ផលប្រយោជន៍ជាតិទេ។ ប៉ុន្តែគេមាន សិទ្ធិប្តឹង ហើយតុលាការទេ ដែលមានសិទ្ធិមើល អង្គហេតុត្រឹមត្រូវទេ? អាហ្នឹងជារឿងរបស់ តុលាការ លោកចាត់ការ ឬមិនចាត់ការប៉ុណ្ណោះ ចំពោះខ្ញុំអត់មានលូកដៃជ្រៀតជ្រែកក្នុងសមត្ថកិច្ចរបស់តុលាការទេ”៕
កុលបុត្រ