Monday, November 25, 2024
Homeនយោបាយបក្សប្រឆាំងថា យុទ្ធសាស្ត្រឈ្នះឆ្នោត២០១៨ មិនបាច់ខ្ចីដៃបរទេសផ្តួលគូបដិបក្ខ

បក្សប្រឆាំងថា យុទ្ធសាស្ត្រឈ្នះឆ្នោត២០១៨ មិនបាច់ខ្ចីដៃបរទេសផ្តួលគូបដិបក្ខ

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) បានលើកឡើងថា យុទ្ធសាស្ត្រឈ្នះឆ្នោតឆ្នាំ២០១៨ មិនបាច់ខ្ចីដៃបរទេសមកផ្តួលគូបដិបក្ខ នោះទេ។ ជាមួយគ្នានេះ គណបក្សប្រឆាំងនេះ ក៏ចេញសេចក្តីថ្លែងការណ៍ស្នើឱ្យ រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សកាន់អំណាចពិចារណាឡើងវិញ ក្នុងការបិទអង្គការ NDI និងវិទ្យក្នុងស្រុកមួយចំនួន។

ការលើកឡើងរបស់គណបក្សប្រឆាំងខាងលើនេះ ឆ្លើយតបទៅនឹងការចោទប្រកាន់ថ្មីៗនេះថា គណបក្សនេះ បានពឹងពាក់អង្គការបរទេស មួយចំនួនឱ្យជួយរៀបចំយុទ្ធសាស្ត្រ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដើម្បីឈានទៅគ្រប់គ្រងអំណាចនៅកម្ពុជា នាពេលខាងមុខ។

លោកមុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ បានអះអាងថា គណបក្សសង្គ្រោះជាតិ មិនបាច់ខ្ចីដៃបរទេស ឬអង្គការបរទេស មកជួយរៀបចំយុទ្ធសាស្ត្រផ្តួលគូបដិបក្ខ (គណបក្សកាន់អំណាច) នោះទេ។

លោកមុត ចន្ថា បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “គណបក្សសង្គ្រោះជាតិ មានអ្នកយុទ្ធសាស្ត្រគ្រប់គ្រាន់ ដែលបានរៀបចំយុទ្ធសាស្ត្រ និងផែនការប្រាកដនិយម ដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតខាងមុខយ៉ាងប្រាកដ។ គណបក្សសង្គ្រោះជាតិ មិនចាំបាច់អីត្រូវការខ្ចីដៃបរទេស ឬអង្គការបរទេស មកជួយរៀបចំយុទ្ធសាស្ត្រ ដើម្បីផ្តួលគូបដិបក្ខរបស់ខ្លួន តាមរយៈការបោះឆ្នោតនោះទេ។ យើងមានការគាំទ្រពីប្រជាពលរដ្ឋ ខ្មែរភាគច្រើន ដែលមានបំណងប្រាថ្នាចង់ឱ្យ មានការផ្លាស់ប្តូរ ហើយកម្មវិធីនយោបាយរបស់ យើងឆ្លើយតបទៅនឹងបំណងប្រាថ្នានេះ។ ប៉ុន្តែ អ្វីដែលយើងចង់បាន និងឃើញនោះ គឺការ សម្តែងនូវឆន្ទៈដោយសេរីរបស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងការបោះឆ្នោតមួយដែលគ្មានបរិយាកាសគំរាមកំហែង បំភិតបំភ័យ និងគ្មានការ លួចបន្លំសន្លឹកឆ្នោត ព្រមទាំងការប្រកួតគ្នានៅលើទីលានប្រជាធិបតេយ្យ ដែលមានចិត្តជាកូនប្រុស ដោយហ៊ានលេង ហ៊ានចាញ់ និងសុខចិត្តទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយកិត្តិយស  និងសេចក្តីថ្លៃថ្នូរ”។

លោកមុត ចន្ថា បានសរសេរបន្តថា “គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត នឹងគ្មានសង្គ្រាម នោះទេ ពីព្រោះយើងគ្មានកម្លាំងទ័ព និងកម្លាំង សន្តិសុខជាតិ។ ជាងនេះទៀត យើងតែងតែ និយមសន្តិភាព យើងឈ្នះឆ្នោត គឺខ្មែរគ្រប់គ្នាជាអ្នកឈ្នះ និងខ្មែរទាំងអស់គ្នាអាចរួមរស់ជាមួយគ្នា និងចូលរួមអភិវឌ្ឍជាតិជាមួយគ្នា។  សូមកុំលាបពណ៌អង្គការមួយដែលធ្វើវិភាគទាន កសាងលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជា អស់រយៈពេលជិត២៥ឆ្នាំ។ សង្គ្រោះជាតិ ទទួលបាននូវលទ្ធផលបច្ចុប្បន្ន នេះ ដោយសារយើងដើរលើផ្លូវត្រូវ គឺផ្លូវដែល ប្រជាពលរដ្ឋខ្មែរចង់បាន ហើយយើងមានយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយឆ្លើយតប។ កុំខឹងគោវ៉ៃរទេះ!”។

ជាមួយគ្នានោះដែរ គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ស្នើរដ្ឋាភិបាល ពិចារណាឡើងវិញអំពីការបិទអង្គការ ណឌី និងវិទ្យុមួយចំនួនដែលជួយផ្សាយឱ្យគណបក្ស ប្រឆាំង ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរ ជាតិ ជួយអន្តរាគមន៍ឱ្យលទ្ធិប្រជាធិបតេយ្យ និងស្ថានការណ៍នយោបាយនៅកម្ពុជាវិលមក រកប្រក្រតីភាពវិញ។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ មាន ខ្លឹមសារថា “គណបក្សសង្គ្រោះជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នយោបាយនាពេលថ្មីៗនេះ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ ដោយសារព្រឹត្តិការណ៍នៃការគំរាមបញ្ឈប់ដំណើរការសារព័ត៌មានឯករាជ្យ កាសែតខមបូឌាដេលី និងការបញ្ឈប់ដំណើរការអង្គការមិនមែនរដ្ឋាភិបាល ដូចជាវិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ (NDI) រួមទាំងស្ថានីយវិទ្យុ មួយចំនួន ដែលបានចាក់ផ្សាយកម្មវិធីវិទ្យុរបស់គណបក្សសង្គ្រោះជាតិ អាស៊ីសេរី និងវីអូអេ រួមមានស្ថានីយវិទ្យុមហានគរ FM93.50MHz និងស្ថានីយវិទ្យុផ្សាយបន្ត FM93.50MHz នៅតាមបណ្តាខេត្តនានា ព្រមទាំងស្ថានីយវិទ្យុ FM95.50MHz ខេត្តសៀមរាប FM88.70MHz ខេត្តកំពត FM88.25MHz ខេត្តបន្ទាយមានជ័យ FM98.75 MHz ខេត្តបាត់ដំបង FM 105MHz ខេត្តបាត់ដំបង FM106.50MHz ខេត្តស្ទឹងត្រែង FM106.70MHz រាជធានីភ្នំពេញ FM100.25MHz ខេត្តកំពង់ធំ FM 88.50 MHz ខេត្តព្រះសីហនុ និង FM99.70 MHz ខេត្តកំពង់ចាម។

គណបក្សសង្គ្រោះជាតិ ស្នើដល់រដ្ឋាភិបាល ពិចារណាឡើងវិញ និងអនុញ្ញាតឱ្យវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ព្រមទាំងបណ្តាស្ថានីយវិទ្យុដែលត្រូវបានបញ្ឈប់ដំណើរការ ដោយក្រសួងព័ត៌មាន ឱ្យដំណើរការឡើងវិញ និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយ អន្តរាគមន៍ ដើម្បីធានាឱ្យមានការគោរពសិទ្ធិ សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដែលនឹងធ្វើឱ្យស្ថានការណ៍នយោបាយនៅកម្ពុជា វិលត្រឡប់មកធម្មតាវិញ ដើម្បី ធានាឱ្យការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”។

ដោយឡែក សមាជិកព្រឹទ្ធសភាសហរដ្ឋ អាមេរិក ដ៏មានឥទ្ធិពលមួយរូប គឺលោកចន ម៉ែកខេន (John McCain) នៅថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០១៧ ក៏បានសេចក្តីថ្លែងការណ៍ ប្រតិកម្មចំពោះការដែលរាជរដ្ឋាភិបាលកម្ពុជា បណ្តេញអង្គការអាមេរិកវិទ្យាស្ថានជាតិ ដើម្បី ប្រជាធិបតេយ្យ (NDI) ចេញពីកម្ពុជា ដោយលោកបានស្នើដល់រដ្ឋបាលលោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចាត់វិធានការពង្រឹងសិទ្ធិមនុស្សនៅកម្ពុជា និងក្នុងពិភពលោក។

សេចក្តីថ្លែងការណ៍របស់ប្រធានគណៈកម្មាធិការសេវាកម្មកងទ័ព នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក JOHN McCAIN មានខ្លឹមសារថា “ខ្ញុំព្រួយបារម្ភ និងខកចិត្តចំពោះ ដំណឹងដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យបុគ្គលិក នៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចាកចេញពីប្រទេសកម្ពុជា។ NDI បានប្តេជ្ញាចិត្តចំពោះនីតិរដ្ឋ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅទូទាំងពិភពលោក ហើយពួកគេធ្វើការងារ ដ៏មានតម្លៃ និងសំខាន់ នៅក្នុងប្រទេសកម្ពុជា ដើម្បីធានានូវសុចរិតភាពនៃដំណើរការបោះឆ្នោត។ នេះជាសកម្មភាពចុងក្រោយបំផុត នៅក្នុងយុទ្ធនាការរបស់រដ្ឋាភិបាល ដើម្បីបំបិទ មាត់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ រុកកួន សង្គមស៊ីវិល និងរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយ ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីរារាំងដំណើរការ ដោយបើកចំហនិងសេរី នៅក្នុងការបោះឆ្នោត ជាតិ ដែលគ្រោងធ្វើនៅឆ្នាំក្រោយ។ តាមរយៈ ការបណ្តេញបុគ្គលិករបស់ NDI នេះ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន គ្រាន់តែបង្ហាញឱ្យឃើញថា គាត់ភ័យខ្លាចចំពោះសង្គមបើកទូលាយ និងការជជែកដេញដោល ហើយនៅពេលជាមួយគ្នា គាត់សុខចិត្តប្រើប្រាស់យុទ្ធវិធីផ្តាច់ការ ដើម្បីបង្ក្រាបពួកគេ”។

សេចក្តីថ្លែងការណ៍ដដែល បានបន្តថា “រឿង ពិតដ៏គួរឱ្យសោកស្តាយនោះ គឺថាវិធានការ ទាំងនេះ នឹងរឹតតែកើនឡើងនៅទូទាំងពិភពលោក ដោយសារពុំមានមេដឹកនាំរឹងមាំខាងសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក។ ដោយសារអវត្តមានការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យអ្នកដឹកនាំផ្តាច់ការនៅជុំវិញពិភពលោក នឹងមានអារម្មណ៍ក្លាហានក្នុងការវាយប្រហារ ទៅលើគូប្រជែងនយោបាយ សកម្មជនសិទ្ធិមនុស្ស និងសង្គមស៊ីវិល។ ដូច្នេះរដ្ឋបាលរបស់ប្រធានាធិតី Trump ត្រូវតែបញ្ជូនសារដ៏ខ្លាំងមួយ ដោយបញ្ជាក់ជំហរថា សហរដ្ឋអាមេរិក ប្តេជ្ញា ជំរុញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក”។

ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងការបិទអង្គការ NDI នេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ដែលជាសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋខ្មែរស្របតាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ២៣ តុលា។

ចំណែកបញ្ហាបិទវិទ្យុមួយចំនួននោះ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងព័ត៌មានខៀវ កាញារីទ្ធ បញ្ជាក់ថា ដោយសារម្ចាស់ស្ថានីយទាំងនោះ មិនគោរពគោលការណ៍របស់ក្រសួង និងរំលោភ កិច្ចសន្យាមិនមែនជាហេតុផលនយោបាយនោះទេ៕

កុលបុត្រ

RELATED ARTICLES