ប្រជាពលរដ្ឋរស់នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាម ខេត្តសៀមរាប បានខ្សឹបឱ្យឮ តាម “នគរធំ” ថា ឈ្មួញដុះស្លែពូកែខាងជីកដី លក់យ៉ាងសកម្ម ប្រចាំក្រុងសៀមរាបម្នាក់ បានជីកកកាយយកអាចម៍ដីលក់ រហូតដល់រណ្តៅ ដីមានជម្រៅដល់ប៉ះក្បាលប្រេតទៅហើយ នៅតែមិនឃើញមានអាជ្ញាធរណាចុះមកពិនិត្យមើល ឬហាមឃាត់ទាល់តែសោះ។
ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮថា ឈ្មួញដុះ ស្លែដែលពូកែខាងជីកដីលក់ប្រចាំក្រុងសៀមរាបនេះ មានឈ្មោះយ៉ន យ៉ុង ដែលបានប្រកប របរអាជីវកម្មជីកដីលក់ រាប់សិបឆ្នាំមកហើយ ហើយរណ្តៅដីនីមួយៗ ដែលត្រូវឈ្នួញរូបនេះ ជីក គឺជ្រៅៗខ្លាំងណាស់ មិនគោរពតាមការកំណត់ ឬច្បាប់ទម្លាប់អ្វីនោះទេ។ ជាក់ស្តែងគោលការណ៍ ច្បាប់របស់រាជរដ្ឋាភិបាល តម្រូវឱ្យជីកដីក្នុង ជម្រៅត្រឹមតែ៧ទៅ៨ម៉ែត្រប៉ុណ្ណោះ តែបែរ ជាឈ្មួញជីកដី យ៉ន យ៉ុង ជីកយកតែ១ឈ្នះដៃ រហូតដល់រណ្តៅដីនីមួយៗ មានជម្រៅមិនក្រោម ២០ម៉ែត្រនោះទេ គឺជីកដីមិនប្រណីដល់ក្បាល ប្រេតសោះតែម្តង។
ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮថា សព្វថ្ងៃ នេះ មេឈ្មួញដីដុះស្លែ យ៉ន យ៉ុង កំពុងជីក រណ្តៅដីមួយកន្លែង នៅចំណុចវាលក្រោម ក្បែរភ្នំក្រោម ស្ថិតនៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដែលក្នុងមួយ ថ្ងៃៗ សកម្មភាពជីកដី និងដឹកជញ្ជូនដី មិនក្រោម ពី១០០រថយន្តនោះ។ ចំណែកការដឹកដីទៀតសោត មិនបានគ្របឱ្យបានត្រឹមត្រូវនោះទេ ធ្វើឱ្យកម្ទេចដីធ្លាក់ហុយពេញផ្លូវ បង្កការលំបាក ក្នុងការធ្វើដំណើរ ពិសេសនៅពេលមេឃធ្លាក់ភ្លៀង តែងរអិល បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ អ្នកដំណើរជាញឹកញាប់។
ប្រជាពលរដ្ឋ បានខ្សឹបបន្តថា មូលហេតុ ដែលឈ្មួញដី យ៉ន យ៉ុង អាចជីកកាយរណ្តៅ យកអាចម៍ដីលក់ក្នុងជម្រៅដល់ក្បាលប្រេតបែបនេះបាន ក៏ដោយសារតែឈ្មួញរូបនេះ មាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងត្រូវរ៉ូវជាមួយលោក ជូ រ៉ាម៉ី ប្រធានមន្ទីររ៉ែថាមពលខេត្តសៀមរាប ទើបហ៊ានជីករណ្តៅដីមួយៗ មានទំហំមិនតូច ជាង១០០ម៉ែត្របួនជ្រុង ហើយមានជម្រៅ រហូតដល់ជិត២០ម៉ែត្រ។ ប្រជាពលរដ្ឋខាងលើ សូមខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធ ជួយពិនិត្យមើល ករណីនេះផង ព្រោះមិនគួរបណ្តែតបណ្តោយ ឱ្យឈ្មួញ និងមន្ត្រីខិលខូចមួយចំនួនតូច ស៊ុម គ្រលុំគ្នាធ្វើស្រេចតែអំពើចិត្តបែបនេះទេ ហេតុ អីចៅហ្វាយខេត្តមើលមិនឃើញ… ឱ ! ក្រុង ទេសចរ។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើ “នគរធំ” មិនដឹងថា មានការពិតកម្រិតណាទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោក យ៉ន យ៉ុង និងអាជ្ញាធរដែនដី ក៏ដូចជាមន្ត្រីជំនាញ ពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់៕
ខៀវទុំ