ជាតារាឯកពុំសូវសមប្រកបក្នុងរឿងស្នេហាប៉ុន្មានឡើយ សម្រាប់តារាល្បី ចេនី ធៀនផូសុវណ្ណ ព្រោះច្រើនឆ្នាំក្នុងពិភពសិល្បៈកន្លងមកនេះ យើងបានឮរឿងរ៉ាវស្នេហារបស់ ចេនី ជាមួយបុរសៗជាច្រើនរូប តែសុទ្ធសឹងជាស្នេហាដែលពុំអាចឈានដល់ត្រើយសុភមង្គល។ តើបុរសណាខ្លះដែលធ្លាប់ឈានចូលមកក្នុងជីវិតតារាឯកអភ័ព្វស្នេហ៍ម្នាក់នេះ?
១-ចាប់ផ្តើមពីតារាឯកប្រុស ផែត ផាត់សុន ដែលពេលនោះកំពុងមានប្រជាប្រិយភាពខ្លាំងបំផុត ខណៈដែល ចេនី ទើបតែឈានជើងចូលក្នុងពិភពសិល្បៈថ្មីៗ។ ប៉ុន្តែរាសីអភ័ព្វស្នេហ៍របស់នាងក៏ចាប់ផ្តើមឡើងក្នុងរយៈពេលមិនយូរប៉ុន្មាន ដោយអ្នកទាំងពីរឈានដល់ផ្លូវបំបែក ស្របពេលដែលមានពាក្យលេចឮថា មកពីម្តាយខាងស្រីមិនពេញចិត្តភាគីប្រុស ទើបធ្វើឱ្យស្នេហាមានឧបសគ្គ។
២-រំលងពីនោះមិនយូរប៉ុន្មាន ស្រីស្អាត ចេនី ក៏បណ្តុះលំពង់ស្នេហ៍ជាមួយបុរសអភិជន បាត់ លៈវណ្ណ ដែលក្រសែភ្នែកមហាជនមើលឃើញថា ពុំសូវស័ក្តិសមគ្នា។ តែ ចេនី មិនខ្ចីខ្វល់ បន្តដំណើរទាក់ទងលោក បាត់ យ៉ាងបើកចំហ។ ភាគីប្រុសយកចិត្តទុកដាក់មើលថែទាំ ចេនី យ៉ាងល្អ។ អ្នកទាំងពីរទាក់ទងគ្នាយូរដល់ទៅ៧ឆ្នាំ មុននឹងបិទឆាកស្នេហាក្រោមព្យុះពាក្យលេចឮថា មានបាតដៃទី៣ ចូលមកពាក់ព័ន្ធ។
៣-ឈឺចាប់នឹងរឿងស្នេហាពេក ចេនី ក៏សម្រេចចិត្តសម្រាកបេះដូងមួយរយៈ។ ប៉ុន្តែក៏នៅតែលេចឮព័ត៌មានពាក់ព័ន្ធជាមួយបុរសដែលមានម្ចាស់កម្មសិទ្ធិហើយ ដូចជាលោក មូតាំង អត្ថឌិត ដែលពេលនោះ មានស្រី សិចស៊ី អែរិន នៅក្បែរកាយ និងលោក បយ ផានុសក្តិ ដែលពេលនោះក៏ជាប់ជំពាក់វាក់វិននឹងនាង ភិង ភិមផាផន។ ទោះជាយ៉ាងណាក៏ដោយ ចេនី អះអាងថា បុរសមានម្ចាស់កម្មសិទ្ធិទាំងពីរ គ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ។
៤-បន្តពីនោះ ចេនី ក៏ជួបស្នេហ៍ថ្មីជាមួយបុរសអភិជនពោះម៉ាយ កុបគ្រិត ណារង្គដេត ទាយាទក្រុមហ៊ុន KPN។ ម្តងនេះ ចេនី ឥតលាក់លៀមទេ ដោយសារភាពថា កំពុងទាក់ទងគ្នា ខណៈដែលភាគីប្រុសបិទមាត់ស្ងាត់ឥតវាចា។ ទីបំផុត ចេនី ក៏ត្រូវឈឺចាប់ម្តងទៀតដូចលើកមុនៗដែរ។
៥-ខណៈកំពុងមានរបួសស្នេហា ចេនី ក៏មានឱកាសសម្តែងរឿងភាគថ្មីជាមួយតារាឯក ហ្វីម រ័ដ្ឋភូមិ។ ស្រីស្អាត បាននៅក្បែរប្រុសសង្ហា ធ្វើឱ្យរងើកភ្លើងស្នេហាឆាបឆេះឡើង តែជាស្នេហាបានត្រឹមចាប់ផ្តើម ហើយត្រូវបញ្ចប់ទៅវិញ ព្រោះភាគីប្រុសផ្ទុះរឿង ធ្វើឱ្យ អែន្នី ប៊្រូក មានផ្ទៃពោះ។ ដូច្នោះ ចេនី ត្រូវពើតផ្សាបេះដូងទៀតហើយ។
៦-តែស្រីស្អាត មានមន្តស្នេហ៍រោលរាលដូចជារូបនាង រមែងឈឺចាប់មិនបានយូរទេ។ នាងបានជួបអ្នកស្មគ្រ័ចិត្តចូលខ្លួនមកជួយព្យាបាលរបួសបេះដូងនាងម្នាក់ទៀត។ ម្តងនេះ គឺបុរសអភិជន តាំ សិរីកៀត ហើយស្នេហាថ្មីនេះដូចជាមានសុភមង្គលខ្លាំងណាស់ ទើប ចេនី ឧស្សាហ៍បង្ហោះរូបគូគ្នាផ្អែមល្ហែមជាប្រចាំ។ លើសពីនេះ ថែមទាំងមានពាក្យលេចឮ អ្នកទាំងពីរនឹងដឹកដៃគ្នាចូលរោងការទៀតផង។ តែទីបំផុត ចេនី ដូចត្រូវរន្ទះបាញ់ចំកណ្តាលបេះដូង ព្រោះភាគីប្រុសបាត់ស្រមោលសូន្យឈឹង ពុំព្រមទាក់ទងមកនាងអស់ រយៈពេល៣ខែ។ ពិតជាចុកចាប់ណាស់សម្រាប់នាង។
៧-ជួបពិសស្នេហាញឹកញាប់ ក៏ ចេនី មិនទាន់រាងចាល ដោយសាកល្បងស្នេហាថ្មីជាមួយលោក បយ ផ្លាវុធ ទាយាទហាងផ្លែទីណាំ ក្រែងសមបំណង។ ក្នុងពេលចាប់ផ្តើមដំបូង ដូចជាទំនងណាស់ តែពេលទាក់ទងគ្នាបានមិនយូរប៉ុន្មាន ក៏ដល់កាលអវសាន ដូចមុនៗដែរ។
៨-វិលត្រឡប់ក្លាយជានារីទំនេរមិនយូរប៉ុន្មាន អ្នកលេងបណ្តេញទំនាក់ទំនងសង្គមក៏សង្កេតឃើញថា ចេនី លបលួចបង្កាត់ភ្លើងស្នេហ៍ជាមួយលោក អេ ឆុនសាវ៉ាត់។ ទាល់តែអ្នកខាងក្រៅនិយាយសុសសាយពីស្នេហាថ្មីនេះ ទើបលោក អេ សារភាពថា ពិតជាមានទំនាក់ទំនងស្នេហាជាមួយ ចេនី មែន ដោយថែមទាំងបង្ហាញសំបុត្រអេតាស៊ីវិលទៀតផង។ អ្ហូ! ស្ងាត់ៗនាងក្លាយជាភរិយាលោក អេ ទៅហើយ។
ស្នេហានេះ ក្នុងពេលដំបូងផ្អែមល្ហែមខ្លាំងណាស់ តែមិនយូរប៉ុន្មានក៏ប្រែជាល្វីងជូរចត់។ លិខិតអេតាស៊ីវិលពុំបានជួយ ចេនី ឱ្យគេចផុតពីជតាអភ័ព្វស្នេហ៍ឡើយ។ ចេនី បង្ហាញសំបុត្រលែងលះដល់បណ្តាញសារព័ត៌មាន មុននឹងត្រឡប់មកធ្វើការងារសិល្បៈវិញ។
៩-ទោះជាត្រូវចុកចាប់ស្នេហាច្រើនលើកច្រើនគ្រា ក៏ ចេនី នៅតែចាត់ទុកថា ស្នេហាជាវត្ថុស្រស់បំព្រង។ នាងនៅតែមានក្តីសង្ឃឹមថា នឹងបានជួបស្នេហាពិតក្នុងពេលណាមួយ។ នេះជាមូលហេតុនាំឱ្យការឈឺចាប់ផ្តើមស្នេហ៍ថ្មីជាមួយបុរសអភិជន គិង ឈ្លើមឆៃ ទាយាទហាងកាហ្វេដ៏ល្បី។ ថ្វីបើលើកនេះ ចេនី មិនបើកចំហជាផ្លូវការខ្លាំងដូចលើកមុនៗ តែក៏មានរូបភាពផ្អែមល្ហែមឱ្យ មហាជនបានឃើញជាប្រចាំ។ ថ្វីបើមានពាក្យលេចឮថា ក្រុមគ្រួសារខាងប្រុសមិនពេញចិត្ត ចេនី តែអ្នកទាំងពីរក៏ទាក់ទងគ្នាបានយូរជាងពីរឆ្នាំ មុននឹង ចេនី ចេញមកប្រកាសថា ទំនាក់ទំនងពួកនាងបានឈានដល់ទីបញ្ចប់ហើយ ដោយភាគីម្ខាងទៀត គឺជាដើមហេតុធ្វើ ឱ្យស្នេហាបែកផ្លូវ។
មើលទៅជីវិតនាងនឹងត្រូវចាប់ផ្តើមស្នេហ៍ថ្មីជាបន្តទៅទៀត តែជាស្នេហាមានទីបញ្ចប់ដូចមុន ឬយ៉ាងណា នៅមិនទាន់ដឹងទេ៕