កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពេលលោកអ៊ុង សូឡាំង ដែលគេស្គាល់ថា ជាគូដណ្ដឹងរបស់តារាទឹកភ្នែកនី មុន្នីនាថ បង្ហោះសារឈឺចាប់ជួបស្នេហាបោកប្រាស់ ស្រាប់តែត្រូវបានទំព័រហ្វេសមួយទៀត ឈ្មោះ Vann sina បានទម្លាយសារចោទប្រកាន់នី មុន្នីនាថ យ៉ាងចាស់ដៃ ដោយអះអាងថា បានបោកប្រាស់គូដណ្ដឹងទិញឡាន ទិញដី ទិញផ្ទះ និងទិញគ្រឿងអលង្ការជាដើម ហើយទីបំផុត ក៏សុំផ្ដាច់ពាក្យ ក្រោយពេលធ្លាក់វីសាត្រូវចេញទៅរស់នៅសហរដ្ឋអាមេរិក។
លោកអ៊ុង សូឡាំង បានបង្ហោះសារដូច្នេះថា ”ក្ដីស្រលាញ់នឹងភាពស្មោះត្រង់របស់ខ្ញុំ ដែលផ្ដល់ឲ្យអ្នក បែរជាទទួលបានដោយក្ដីឈឺចាប់បំផុតពីក្ដីស្រលាញ់ក្នុងភាពបោកប្រាស់ ដូចជាអ្នកក៏គ្មានតម្លៃឲ្យខ្ញុំត្រូវឈឺចាប់ដែរ តែអ្វីដែលខ្ញុំឈឺចាប់គឺជាការសោកស្ដាយនូវទំហំនៃក្ដីស្រលាញ់ និងភាពស្មោះត្រង់របស់ខ្ញុំ ដែលធ្លាប់ផ្ដល់ឲ្យមនុស្សបោកប្រាស់ដូចជាអ្នកតែប៉ុណ្ណោះ”។
ក្រោយពេលលោកសូឡាំង បង្ហោះសារខាងលើនេះ ទំព័រហ្វេសបុកឈ្មោះ Vann sina ក៏បានបង្ហោះសំណេរចោទប្រកាន់ធ្ងន់ៗផងដែរថា ”តារាសម្ដែងនី មុន្នីនាថ ពិតជាពូកែសំដែងមែន កុំថាឡើយតែក្នុងខ្សែរភាពយន្ត សូម្បីតែក្រៅខ្សែភាពយន្ត ក៏ពូកែដែរ ហេតុតែដើម្បីលុយ តារាសម្ដែងម្នាក់នេះប្រើល្បិចបោកប្រាស់សាហាវបំផុត ដោយយកការភ្ជាប់ពាក្យជាមួយបុរសអាណិកជនខ្មែរក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចិត្តអោយគូដណ្តឹងម្នាក់នេះផ្តល់លុយឲ្យទិញឡានជិះ ទិញដី នឹងធ្វើផ្ទះឲ្យនាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀផង។ ចុងក្រោយដល់ពេលសម្ភាសន៍ជាប់ ហើយធ្លាក់វីសា ត្រូវទៅរស់នៅអាមេរិក នី មុន្នីនាថ បែរជាបដិសេធមិនទៅវិញ ថែមទាំងសុំផ្តាច់ពាក្យនឹងគូដណ្តឹង។ទង្វើរបស់នី មុន្នីនាថ មិនត្រឹមតែមិនផ្តល់តម្លៃដល់ខ្លួនឯងនោះទេ ថែមទាំងធ្វើអោយអ្នកសិល្បៈដែលគេថ្លៃថ្នូរផ្សេងៗទៀត ត្រូវអាប់ឱនដោយសារនាងតែម្នាក់គត់។ ហេតុដូច្នេះ សូមអណិកជនខ្មែរនៅក្រៅប្រទេសមួយចំនួន នឹងឧញ៉ាដែលនៅក្នុងស្រុកខ្មែរ បើមានទំនាក់ទំនងស្នេហ៍ជាមួយតារាសម្ដែងនី មុន្នីនាថ ម្នាក់នេះ គួតែប្រុងប្រយ័ត្នឲ្យមែនទែន ដើម្បីកុំឲ្យចាញ់បោកដូចអាណិកជនខ្មែរ ដែលនៅក្នុងរូបភាពនេះតទៅទៀត”។
ក្រោយពេលផ្ទុះរឿងនេះ មិត្តភក្ដិក្នុងហ្វេសប៊ុករបស់លោកអ៊ុង សូឡាំង ជាច្រើនបានបង្ហោះសារចោទសួរលោកថា តើរឿងនេះជាការពិតដែរឬទេព្រោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមុន្នីនាថ ជាខ្លាំង។ លោកសូឡាំង បានផ្ដល់ចម្លើយដោយអះអាងថា សំណេរដែលចោទមុន្នីនាថ ជារឿងពិត។
យ៉ាងណាក៏ដោយ នី មុន្នីនាថ បញ្ជាក់យ៉ាងខ្លីថា នាងគ្មានការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់នេះទេ ព្រោះនាងបានដឹងខ្លួនរួចហើយថា នឹងមានរឿងនេះកើត។ នាងទុកឲ្យអ្នកដែលបកអាក្រាតនាងសប្បាយចិត្តសិនចុះ ខណៈដែលនាងកំពុងស្វែងរកភស្តុតាងដើម្បីបកមុខវិញ៕