ពីធីការិនី MyTV អ្នកនាងខៀវ សានសានសាណា បានយំបង្ហូរទឹកភ្នែកជោគថ្ពាល់នៅថ្ងៃបូជាសពបងប្រុសនាងលោកខៀវ កូណែល នៅវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះ រហូតធ្វើឲ្យសាណា ចង់សន្លប់ឱបស្វាមីជាជនជាតិអូស្រា្ដលី លោកសេរ៉ាល់ សាត់ធឺន ជាប់តែម្ដង មុនពេលដែលឯកឧត្តមជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ផ្ដល់ភ្លើងរំលាយសាកសពលោកកូណែល ក្រោមការបង្ហូរទឹកភ្នែកពីក្រុមគ្រួសារសពលោកខៀវ កូឡា ដែលត្រូវជាឪពុកនិងម្ដាយរបស់លោកកូណែល រួមទាំងមន្រ្ដីប៉ូលិសជាច្រើននាក់ ដែលជាមិត្តភក្ដិធ្លាប់រួមការងារជាមួយលោកកូណែល នោះ ក៏បានមកគោរពវិញ្ញាណក្ខន្ធចុងក្រោយ ដោយទឹកមុខយ៉ាងស្រងូតស្រងាត់ផងដែរ។ ដោយឡែកនៅថ្ងៃបូជាសពលោកខៀវ កូណែល នេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងត្រូវជាពូបងបង្កើតរបស់សពផងដែរ។
សំឡេងយំលាន់ឮរំពងពេញវត្តស្រះចក នៅពេលដែលភ្លើងបានឆាបឆេះយករូបរាងកាយរបស់លោកខៀវ កូណែល ក្លាយទៅជាផ្សែងហុយខ្មួលខ្មាញ់ទៅលើវេហានោះ។
ឯកឧត្តមខៀវ សុភ័គ និងឯកឧត្តមជួន សុវណ្ណ បានបានស្រក់ទឹកភ្នែករលេងរលោងដូចគ្នា ស្របពេលដែលមានសំឡេងឮខ្លាំង ស្រែកដោយអ្នកនាងខៀវ សានសាណា ចេញពីកណ្ដាលឆាកមក ដោយអួលដើមកថា ”ឲ្យបងប្រុសខ្ញុំមកវិញមក! បងកុំទៅណាចោលខ្ញុំអីបង!”។ លោកSeret Sutton ដែលជាស្វាមីរបស់សាណា បានទាញពិធីការិនីរូបនេះមកផ្អឹបជាប់នឹងដើមទ្រូង ហើយអង្អែលក្បាលនាងដោយថ្នមៗ ជាការលួងចិត្ត ប៉ុន្តែមិនអាចឃាត់ទឹកភ្នែកពិធីការិនីដែលធ្លាប់តែមានវោហាស័ព្ទមិនចេះរីងស្ងួតរូបនេះឡើយ។
ខៀវ សានសាណា ដែលយំឡើងហើមភ្នែកគ្រងដោយឈុតកាន់ទុក្ខស្លៀកសពាក់សនោះ បាននិយាយប្រាប់អ្នកយកព័ត៌មានយើង ដោយលាយឡំជាមួយទឹកភ្នែកថា ”ខ្ញុំសោកស្ដាយខ្លាំងណាស់បង! ដែលគាត់ទៅចោលខ្ញុំ ព្រោះខ្ញុំមានតែបងប្រុសម្នាក់ហ្នឹងទេបង!។ ចំពោះមូលហេតុនៃការធ្វើអត្តឃាតនេះ ខាងប៉ូលិសកំពុងធ្វើការស្រាវជា្រវ ហើយខ្ញុំមិនអាចនិយាយបានទេរឿងហ្នឹង”។
គេមិនឃើញមានតារាសិល្បៈរួមអាជីពជាមួយខៀវ សានសាណា មកចូលរួមជូនដំណើរចុងក្រោយបងប្រុសរបស់ពិធីការិនីរូបនេះឡើយ ក្រៅពីកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ដែលឈរត្រៀបត្រានៅជុំវិញរោងពិធីបូជាសពនោះ។ ដោយឡែកម្ដាយរបស់ខៀវ សានសាណា ក៏មិនខុសពីពិធីការិនីរូបនេះឡើយ គឺយំឡើងខ្សោះខ្លួនអស់ទៅហើយ ខណៈដែលលោកខៀវ កូឡា វិញ នៅរក្សាអារម្មណ៍បាន បើទោះជាលោកសោកស្ដាយកូនប្រុសតែម្នាក់គត់របស់លោកគ្មានអ្វីប្រៀបផ្ទឹមបានក៏ដោយ។
លោកខៀវ កូឡា ថ្លែងក្នុងទឹកមុខក្រៀនក្រំលាយឡំសំឡេងយំអួលដើមកថា ”ខ្ញុំអរគុណដល់ឯកឧត្តមខៀវ សុភ័គ ដែលតែងតែមានការសណ្ដោសប្រណីក្មួយជានិច្ចកន្លងមក។ ខ្ញុំបានបាត់បង់កូនប្រុសជាទីស្រលាញ់បំផុតរបស់ខ្ញុំ ខ្ញុំសូមឲ្យអស់លោកនៅទីនេះ មនុស្សជាតិទាំងអស់ កុំឲ្យជួបនូវការបាត់បង់ដូចខ្ញុំ សូមឲ្យតែមានសេចក្ដីសុខសេចក្ដីរីកចម្រើន ជាពិសេសលោកនាយឧត្តមសេនីយដែលជាមេកើយផ្ទាល់ (ឯកឧត្តមជួន សុវណ្ណ) បានយកចិត្តទុកដាក់ក្នុងការមើលថែកូនខ្ញុំ តែជាអកុសល កូនខ្ញុំបានទទួលមរណភាពពេលនេះ។ ខ្ញុំសូមប្រែក្លាយសេចក្ដីសោកសង្រេងនេះ ប្រែក្លាយទៅជារឹងប៉ឹង ដើម្បីបន្ដថែរក្សាចៅខ្ញុំ ដែលជាកូនបង្កើតរបស់ខៀវ កូណែល ឲ្យបានល្អ។ ប៉ារង់ចាំឲ្យកូនមកចាប់ជាតិនៅត្រកូលរបស់ប៉ាទៀត គឺប៉ានឹងរង់ចាំទទួលកូនជាដរាបក្នុងការចាប់កំណើតថ្មី”។
គួរបញ្ជាក់ថា លោកខៀវ កូណែល ដែលត្រូវជាកូនបង្កើតរបស់លោកខៀវ កូឡា និងជាបងប្រុសរបស់ខៀវ សានសាណា និងជាក្មួយរបស់លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃនោះ បានបាញ់សម្លាប់ប្រពន្ធឈ្មោះយ៉េង លក្ខិណា អាយុ៣៧ឆ្នាំ និងបាញ់សម្លាប់ខ្លួនឯង ដោយដេកដួលក្នុងថ្លុកឈាមជាមួយប្រពន្ធនៅជាន់ទី១ ផ្ទះល្វែងក្បែរខុនដូ៩៩៩ ផ្លូវ២១BT ស្ថិតក្នុងក្រុម៣ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បន្ទាប់ពីពួកគេបានរៀបការជាមួយគ្នាបាន៣ខែ។ ប៉ុន្ដែប្ដីប្រពន្ធដែលស្លាប់ដោយអាណោចអាធមនេះ ធ្លាប់មានកូន១ដូចគ្នា មុនពេលរៀបការ ហើយជុំវិញករណីបាញ់សម្លាប់ប្រពន្ធ រួចធ្វើអត្តឃាតតាមក្រោយនេះ មានព័ត៌មានថា មកពីប្ដីកើតរឿងប្រចណ្ឌប្រពន្ធ ទើបបានជាក្លាយទៅជាសោកនាថកម្មបែប នេះ តែយ៉ាងណារឿងនេះអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេតហើយ។ ប៉ុន្ដែមហាជនខ្លះមានចម្ងល់ថា ហេតុអីបានជាសពប្ដីប្រពន្ធនេះមិនធ្វើបុណ្យ ឬបូជាជាមួយគ្នា បែរជាធ្វើបុណ្យនៅផ្ទះគ្រួសារខាងស្រីទៅវិញ?
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អ្នកយកព័ត៌មានយើងនៅថ្ងៃបូជាសពនោះថា ”រឿងហ្នឹងយើងបានធ្វើការស៊ើបអង្កេតហើយ និងបានធ្វើកោសល្យវិច្ច័យត្រឹមត្រូវពិតប្រាកដថា គឺគ្មានអ្នកទី៣ ចូលរឿងនេះទេ គឺតែ២នាក់ប្ដីប្រពន្ធហ្នឹង។ ចំពោះរឿងថាជាការប្រចណ្ឌនេះ ជារឿងត្រឹមត្រូវហើយ ព្រោះ មនុស្សប្រុសគ្មានអីក្រៅពីរឿងហ្នឹង (ប្រចណ្ឌ) ទេ គឺមានការពាក់ព័ន្ធការប្រចណ្ឌ។ ក្រុមគ្រួសារសូមអរគុណដល់សមត្ថកិច្ចដែលបានរកភាពយុត្តិធម៌ត្រឹមត្រូវ ហើយមិនមានការចោទប្រកាន់អ្នកណាទេ តាមរយៈការធ្វើកោសល្យវិច្ច័យ ទាំងសាក្សី កំណត់ហេតុ គឺស៊ីគ្នា គឺគ្មានការពាក់ព័ន្ធជាមួយជនទី៣ទេ។ ចំពោះការបូជាសពធ្វើដាច់ដោយឡែកពីគ្នា មិនធ្វើទាំង២ប្ដីប្រពន្ធនេះ គឺទី១ ដោយសារតែក្រុមគ្រួសារសពគិតថា ស្វាមីវាធ្វើអត្តឃាតប្រពន្ធ បានន័យថា វាមិនចង់នៅជួបម្នាក់ហ្នឹង (ប្រពន្ធ)។ ដូច្នេះការមិនចង់ជួបហ្នឹងហើយ គឺយើងធ្វើតាមការសំណូមពរនេះទៅ។ គឺវាមិនចង់ឲ្យឃើញ មិនចង់ឲ្យជួបហ្នឹង ហើយបានជាមានរឿងអីចឹង ក៏វ៉ៃគ្នា។ ខាងស្រីធ្វើបុណ្យនៅផ្ទះគេឯវត្តសន្សំកុសល”៕