Monday, November 25, 2024
Homeនយោបាយបក្សហ៊្វុនស៊ិនប៉ិច ប្រជុំរៀបចំដោះដូរស្លាកសញ្ញា

បក្សហ៊្វុនស៊ិនប៉ិច ប្រជុំរៀបចំដោះដូរស្លាកសញ្ញា

ភ្នំពេញ ៖ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានធ្វើ លិខិតទូលថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើការផ្លាស់ប្តូរ នូវសញ្ញាសម្គាល់របស់គណបក្សហ៊្វុនស៊ិនប៉ិច ក្នុងរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃដែលច្បាប់ គណបក្សនយោបាយបានចូលជាធរមាន ដោយសារគណបក្សហ៊្វុនស៊ិនប៉ិច ប្រើប្រាស់រូបសញ្ញា (Logo) ជារូបសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នោះមក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ គណបក្សរាជានិយមនេះ បានបើកកិច្ចប្រជុំ ដើម្បីរៀបចំដោះដូរស្លាកសញ្ញាគណបក្ស តែមិនទាន់សម្រេចជ្រើសរូបសញ្ញា (Logo) ថ្មី មកជំនួសនៅឡើយ។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើលិខិតទូលថ្វាយសម្តេច ក្រុមព្រះនរោត្តមរណប្ញទ្ធិ ស្តីពីការបំពេញលក្ខខណ្ឌ ដែលកំណត់ដោយច្បាប់ ស្តីពីគណបក្ស នយោបាយ ដោយក្នុងខ្លឹមសារក្នុងលិខិតនោះ បានបញ្ជាក់ថា “ទូលបង្គំសូមទូលថ្វាយសម្តេច ក្រុមព្រះ ប្រធានគណបក្ស មេត្តាជ្រាបថា អនុលោម តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/ រកម/០៧១៧/០០៧ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់មាត្រា១១ថ្មី ចំណុចទី៣ បាន ចែងថា “គណបក្សនយោបាយ ត្រូវមានឈ្មោះ និងសញ្ញាសម្គាល់តាមការកំណត់ដូចខាងក្រោម ៖ សញ្ញាសម្គាល់របស់គណបក្សនយោបាយ មិន ត្រូវចម្លង ឬយកតាមសញ្ញាជាតិ រូបភាពតំណាងឱ្យសាសនា ប្រាសាទអង្គរវត្ត ឬព្រះឆាយាល័ក្ខណ៍ ឬរូបសំណាករបស់ព្រះមហាក្សត្រខ្មែរគ្រប់អង្គ ឬរូបភាពរបស់រូបវន្តបុគ្គលឡើយ”។

ពាក់ព័ន្ធនឹងបទប្បញ្ញត្តិខាងលើនេះ ក្រសួង មហាផ្ទៃ សូមស្នើឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើការប្តូរនូវសញ្ញាសម្គាល់គណបក្ស ក្នុងរយៈពេល៩០ ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូល ជាធរមាន។

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

អាស្រ័យហេតុនេះ សូមសម្តេចក្រុមព្រះ មេត្តាជ្រាប និងចាត់ចែងអនុវត្តតាមស្មារតី ខាងលើ ប្រកបដោយការទទួលខុសត្រូវ”។

អនុប្រធាននិងជាអ្នកនាំពាក្យហ៊្វុនស៊ិនប៉ិច លោកញេប ប៊ុនជិន បញ្ជាក់ថា ឆ្លើយតបតាមលិខិតរបស់ក្រសួងមហាផ្ទៃខាងលើនេះ គណបក្សហ៊្វុនស៊ិនប៉ិច នឹងធ្វើសមាជនៅក្នុងពេល ឆាប់ៗនេះ ហើយទំនងជាបោះពុម្ពស្លាកសញ្ញា គណបក្សថ្មី យកទៅបិទនៅពីលើស្លាកគណបក្ស ចាស់ ដែលការងារនេះ លោកថា ចំណាយអស់ តិច ក្នុងទំហំទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ដែលយកទៅប្រើប្រាស់នៅទូទាំងប្រទេស។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការចំពោះកិច្ច ក្រោមអធិបតីភាពលោក យូ ហុកគ្រី អនុប្រធានគណបក្ស និងមានការចូលរួមពីលោកឈឹម សៀកឡេង ប្រធានក្រុម ព្រឺទ្ធាចារ្យ លោកគីង សំណាង សមាជិកក្រុមព្រឹទ្ធាចារ្យ លោកញេប ប៊ុនជិន អនុប្រធានគណបក្ស លោកសៅ រ៉ានី អនុប្រធានគណបក្ស លោកឆឹង ចំរើន អនុប្រធានគណបក្ស លោក ហេង ចាន់ថា អនុប្រធានគណបក្ស លោកចាប ញ៉ាលីវុធ អនុប្រធានគណបក្ស លោកសាយ ហាក់ អនុប្រធានគណបក្ស លោកយឹម សាវី អគ្គលេខាធិការប្រតិបត្តិ លោកភាព ភាជន៍ ប្រធានលេខាធិការដ្ឋានគណបក្ស ដើម្បីពិភាក្សាផ្តោតសំខាន់លើការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ។

ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោកភាព ភាជន៍ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ថា ការប្រជុំនោះ គឺបានលើកឡើងពីការធ្វើសមាជគណបក្ស ដើម្បីដោះដូរស្លាកគណបក្ស ឱ្យត្រឹមត្រូវតាមច្បាប់ ស្តីពីគណបក្សនយោបាយ។ ប៉ុន្តែការធ្វើការ សមាជនោះ មិនទាន់កំណត់ថា នឹងធ្វើនៅថ្ងៃ ណាទេ គឺទើបតែនឹងពិភាក្សាគ្នាជាជំហានដំបូង។

លោកភាព ភាជន៍ បានមានប្រសាសន៍ ថា “បាទ ! គណបក្សប្រហែលជានឹងអាចធ្វើ សមាជដោះដូរដែរ ព្រោះយើងដឹងហើយ យើងគោរពច្បាប់ទៅតាមបទប្បញ្ញត្តិនៃច្បាប់ដែល បានអនុម័ត។ ប៉ុន្តែមិនទាន់មានព័ត៌មានអីច្បាស់ ទេ គ្រាន់តែថ្នាក់ដឹកនាំរៀបចំប្រជុំ ដើម្បីធ្វើការ ដោះដូរហ្នឹង។ និយាយទៅ ការប្រជុំហ្នឹង គ្រាន់តែ ដើម្បីត្រៀមលក្ខណៈដោះដូរតែប៉ុណ្ណឹង សម្រេចទៅលើឡូហ្គោ ឬថាត្រូវយកឡូហ្គោ យ៉ាងម៉េចៗ។ ដូច្នេះមិនទាន់មានព័ត៌មានទេ ប៉ុន្តែរយៈពេល៩០ថ្ងៃ ដែលក្រសួងមហាផ្ទៃ បានកំណត់ យើងគិតថា វាមិនជាអីទេ ព្រោះយើងមានភ្នាក់ងារគណបក្សនៅតាមខេត្ត របស់ យើងហ្នឹងដែលគាត់ត្រៀមលក្ខណៈ ដើម្បីនឹង ធ្វើការដោះដូរហ្នឹង សំខាន់នៅខាងថ្នាក់លើ រៀបចំឡូហ្គោយ៉ាងម៉េចៗ ហើយយើងធ្វើសមាជ ដោះដូរតែប៉ុណ្ណឹង ហើយនឹងធ្វើការព្រីនឡូហ្គោ ព្រីនអីយកទៅបិទ ដោះដូរតែប៉ុណ្ណឹង។ សរុបទៅ មិនទាន់ដឹងថា យកឡូហ្គោយ៉ាងម៉េច ជំនួស ឱ្យរូបរបស់សម្តេចក្រុមព្រះ ប្រធានគណបក្ស នោះទេ គឺគ្រាន់តែមានការត្រៀមប៉ុណ្ណោះ ហើយ សមាជ ពិតជានឹងធ្វើនៅពេលខាងមុខនេះ”។

ក្រៅពីគណបក្សរាជានិយមរបស់សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្រសួងមហាផ្ទៃ ក៏បានផ្ញើលិខិតទៅកាន់គណបក្សចំនួន១០ផ្សេងទៀត ដើម្បីឱ្យបំពេញកាព្វកិច្ច ឱ្យស្របទៅ តាមច្បាប់ស្តីពីគណបក្សនយោបាយនេះ។ គណបក្សទាំង១០ នោះ រួមមានគណបក្សសម រង្ស៊ី គណបក្សអំណាចខ្មែរ គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ គណបក្សខ្មែរអង្គរ គណបក្ស ប្រជាធិបតេយ្យខ្មែរ គណបក្សសង្គមប្រជាធិបតេយ្យ គណបក្សមហានគរ គណបក្សរណសិរ្ស សង្គមជាតិនិយម គណបក្សកសាងជាតិ និង គណបក្សប្រជាធិបតេយ្យសេរីសង្គ្រោះជាតិ។

ក្នុងចំណោមគណបក្សទាំង១០នោះ លិខិត ដែលចុះហត្ថលេខាដោយសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧ ក៏បានតម្រូវឱ្យ គណបក្ស សម រង្ស៊ី ប្តូរឈ្មោះចេញ ឬបំពេញ កាតព្វកិច្ចឱ្យបានត្រឹមត្រូវក្នុងរយៈពេល៩០ថ្ងៃ ដូចគណបក្សហ៊្វុនស៊ិនប៉ិចដែរ។ ចំណែកគណបក្សចំនួន៩ទៀត គឺស្ថិតក្នុងចង្កោមតែមួយ ដែល មិនបានបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាម មាត្រា២៦ និងមាត្រា៤៨ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ គណបក្សទាំង៩នោះ មាន រយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដើម្បីបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាមមាត្រាខាងលើ នៃច្បាប់ស្តីពីគណបក្សនយោបាយ បើពុំដូច្នោះ ទេ អាចនឹងត្រូវប្រឈមផ្លូវច្បាប់។ ក្នុងករណី ខកខានមិនបានបំពេញកាព្វកិច្ចជាថ្មីទៀត ក្រសួងមហាផ្ទៃ នឹងសម្រេចចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន។

គួរបញ្ជាក់ដែរថា យោងតាមលិខិតរបស់ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ក៏បានបញ្ជាក់ថា គណបក្សនយោបាយចំនួន៩  ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រួមមាន គណបក្សប្រជាជាតិខ្មែរ គណបក្សពលរដ្ឋខ្មែរ គណបក្សសង្គមខ្មែរនិយម គណបក្សសង្គមថ្មី គណបក្សខ្មែរជាតិនិយម គណបក្សនាងនាគ នារីខ្មែរ គណបក្សពន្លឺសេរីភាពលោកថាច់ រ៉េង គណបក្សស្ត្រីសង្គ្រោះកម្ពុជា និងគណបក្សសេរី បង្រួបបង្រួមជាតិ បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិមាត្រា៣១ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំ ជូនមកក្រសួងមហាផ្ទៃ តាមឆ្នាំនីមួយៗជាបន្តបន្ទាប់ ហើយកំពុងជាប់បណ្តឹងនៅសាលាដំបូង រាជធានីភ្នំពេញ ផងដែរ។ ទន្ទឹមនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសាលក្រម ផ្អាកសកម្មភាពបណ្តោះអាសន្នចំពោះគណបក្សនយោបាយ ចំនួន៤ (បួន) ក្នុងចំណោម៩ (ប្រាំ បួន) គណបក្សខាងលើ រួមមានគណបក្សនាង នាគនារីខ្មែរ គណបក្សពន្លឺសេរីភាពលោកថាច់ រ៉េន គណបក្សសេរីបង្រួបបង្រួមជាតិ និងគណបក្សស្ត្រីសង្គ្រោះកម្ពុជា។ មកដល់ពេលនេះ គណបក្សនយោបាយខាងលើ មិនបានបំពេញ កាតព្វកិច្ចក្នុងការបំពេញបែបបទផ្ញើមកក្រសួងមហាផ្ទៃ ស្របតាមបទប្បញ្ញត្តិដូចមានចែងនៅ ក្នុងមាត្រា២៦ថ្មី និងមាត្រា៤៨ថ្មី នៃច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ បាន ស្នើសុំប្រធានតុលាការកំពូលពិនិត្យសម្រេចលើ សំណើប្តឹងរំលាយគណបក្សនយោបាយទាំង៩ (ប្រាំបួន) នោះ៕

កុលបុត្រ

RELATED ARTICLES