Wednesday, November 27, 2024
Homeព្រឹត្តិការណ៍សង្គមរថយន្តដឹកផាវផ្ទុះកណ្តាលផ្លូវ ឆេះខ្ទេចទាំងមនុស្ស៣នាក់

រថយន្តដឹកផាវផ្ទុះកណ្តាលផ្លូវ ឆេះខ្ទេចទាំងមនុស្ស៣នាក់

ខេត្តបន្ទាយមានជ័យ ៖ រថយន្តដឹកផាវ គ្រាប់បែក១គ្រឿង កំពុងបើកបរនៅលើផ្លូវ ជាតិសុខៗ ក៏ស្រាប់តែផ្ទុះឡើងយ៉ាងកក្រើក ធ្វើឱ្យរថយន្តត្រូវផ្ទុះខ្ទេចជាបំណែកៗ និងមាន ការឆាបឆេះយ៉ាងសន្ធោសន្ធៅ ចំណែកអ្នកជិះ ក្នុងរថយន្ត៣នាក់ (ម្ចាស់រថយន្ត រួមនឹងព្រូរថយន្ត២នាក់) ត្រូវស្លាប់យ៉ាងអណោចអាធ័ម បំផុត ដោយសារតែសពត្រូវបែកខ្ទេចសាច់ ដងខ្លួនជាបំណែកៗ ស្ទើរមើលលែងយល់  ក្រៅពី នេះ ក៏មានអ្នកដំណើរ២នាក់ផ្សេងទៀតដែល កំពុងធ្វើដំណើរលើដងផ្លូវ ក៏ទទួលរងរបួសផងដែរ។

បំណែកសពរបស់ជនរងគ្រោះក្រោយពេលផ្ទុុះរថយន្ត

ករណីផ្ទុះរថយន្តដឹកផាវ គួរឱ្យរន្ធត់ខាងលើ នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៧ នៅកណ្តាលផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិសាស្ត្រភូមិព្រែកល្ពៅ ឃុំបត់ត្រង់ ស្រុក មង្គលបូរី។

តាមប្រភពព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ខាងលើ រួមមាន ទី១-ឈ្មោះញ៉ន វីរៈ ភេទប្រុស អាយុ ៣៥ឆ្នាំ (ជាម្ចាស់រថយន្ត) មានប្រពន្ធឈ្មោះ ញ៉ឹង កញ្ញា អាយុ៣២ឆ្នាំ មានកូន៤នាក់ រស់នៅ ភូមិ២ សង្កាត់កំពង់ស្វាយ និងទី២-ឈ្មោះព្រំ វីរៈ ភេទប្រុស អាយុ៤៣ឆ្នាំ ជាព្រូរថយន្ត រស់នៅ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។ និងទី៣ឈ្មោះសី ហា ភេទប្រុស អាយុ២៦ឆ្នាំ ជាព្រូរថយន្ត ស្នាក់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត នីសាន់ធុន១បាំងកន្លះ១គ្រឿង ផ្ទុកទំនិញពេញព្រៀបបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះ ទៅខេត្តបាត់ដំបង។ លុះពេលធ្វើដំណើរមក ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្ត បានផ្ទុះលាន់ឮយ៉ាងកក្រើកតែម្តង និងបណ្តាល ឱ្យមនុស្ស២នាក់ជិះនៅក្នុងនោះស្លាប់មួយរំពេច ដោយសពមើលមិនយល់ បែកចេញជាបំណែកៗ គ្រានោះដែរ រថយន្តក៏បានខ្ទាតផ្លោងត្រូវនឹង ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី ឆ្នាំ២០១៧  ដែលកំពុងធ្វើដំណើរ មកដល់កន្លែង កើតហេតុ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ ផងដែរ ខណៈសពបានផ្លោងជាច្រើនម៉ែត្រ។

ចំណែកប្រភពមួយទៀត បានបញ្ជាក់ថា មិនមានអ្នកណាម្នាក់ បានឃើញហេតុការណ៍ នោះផ្ទាល់ភ្នែកទេ រហូតដល់រថយន្តខាងលើ បានផ្ទុះលាន់កក្រើក ទើបមានការផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋនៅក្បែរនោះ ចោមរោមមើល និងប្រទះឃើញរថយន្តត្រូវផ្ទុះខ្ទេចគ្មានសល់  ចំណែកសពមនុស្សដែលជិះក្នុងរថយន្តវិញ ក៏បែកសាច់ខ្ទេចខ្ទីខ្ទាតរាយប៉ាយពេញផ្លូវ មើលទៅគួរឱ្យរន្ធត់បំផុត។

ក្រោយកើតហេតុការណ៍ផ្ទុះរថយន្តខាងលើនេះឡើង គេឃើញមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះ រថយន្តផងដែរ បន្ទាប់មកក៏មានការរកឃើញ សពជនរងគ្រោះដាច់ជាកំណាត់ខ្ទាតចេញពីគ្នាគួរឱ្យរន្ធត់ រីឯរថយន្តត្រូវផ្ទុះឆេះខ្ទេចទាំងស្រុង។

ជុំវិញករណីផ្ទុះរថយន្តដឹកផាវខាងលើនេះ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា ក្រោយពីលោកចុះទៅពិនិត្យជាក់ស្តែង នៅកន្លែងកើតហេតុ និងក្រោយពីការសួរនាំពី ក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ករណី ផ្ទុះនេះ បានបណ្តាលឱ្យមនុស្ស៣នាក់នៅក្នុង រថយន្ត (ម្នាក់ជាម្ចាស់រថយន្ត ម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតជាព្រូ) បានស្លាប់ដោយ សពខ្លះ ត្រូវដាច់ជាច្រើនបំណែកមើលលែង យល់ ព្រមទាំងបណ្តាលឱ្យអ្នកធ្វើដំណើរតាម ម៉ូតូ២នាក់ផ្សេងទៀត ក៏រងរបួសផងដែរ។

លោកស្នងការ បានឱ្យដឹងទៀតថា ជនរងគ្រោះទាំង៣នាក់ បានធ្វើដំណើរតាមរថយន្ត ដោយដឹកម៉ូតូ៣គ្រឿង និងមានផាវគ្រាប់បែក  ដែលប្រជាកសិករទុកសម្រាប់ដេញចាបស៊ីស្រូវ ស្រាប់តែពេលធ្វើដំណើរមកដល់ទីតាំងកើតហេតុ ក៏ផ្ទុះឡើង អាចមកពីផាវនេះតែម្តង។ យ៉ាងណាក៏ដោយករណីនេះ កម្លាំងសមត្ថកិច្ច ជំនាញរបស់លោកកំពុងធ្វើការស្រាវជ្រាវបន្ត ទៀតថា តើផាវគ្រាប់បែកទាំងនេះនាំយកមកពីណា និងជារបស់អ្នកណាឱ្យពិតប្រាកដ។

យ៉ាងណាក្តី លោកស្នងការ អាត់ ខែម បានចាត់ទុកថា នេះចាត់ទុកថាជាសំណាងធំ ណាស់ ដែលផ្ទុះចំកន្លែងគ្មានមនុស្ស តែបើករណី កើតឡើងនៅទីប្រជុំជន ឬក្បែរផ្សារវិញ គឺ ច្បាស់ជាមានគ្រោះថ្នាក់ខ្លាំងជាក់ជាមិនខាន។

ជាមួយនេះ លោកសួន បវរ អភិបាលខេត្ត បន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលព័ត៌មានខាងលើរួចមក លោករួមជាមួយ លោកស្នងការ និងស្នងការរង ចុះទៅពិនិត្យឃើញថា ករណីផ្ទុះរថយន្តធុននីសាន់១បាំង កន្លះ បណ្តាលឱ្យស្លាប់ និងរបួសនោះ ឆ្លងតាម ការស្រាវជ្រាវ រថយន្តធុននីសាន់ដឹកផាវ ក្នុង កាប៊ីនផ្នែកខាងក្រោយ ហើយដឹកម៉ូតូចំនួន ៤គ្រឿង បណ្តាលផ្ទុះផាវឆាបឆេះបណ្តាលឱ្យ ស្លាប់និងរបួសរថយន្តឆេះខ្ទេច ចំណែកសពដាច់ ជាបំណែក។ លោកថា ករណីនេះ លោកបានដាក់វិធានការដល់សមត្ថកិច្ច ត្រូវស្រាវជ្រាវរក កន្លែងផលិតផាវ ក្នុងក្រុងសិរីសោភ័ណ ដែល រថយន្តផ្ទុះដឹកចេញ ត្រូវរកឱ្យឃើញ ដើម្បីចាត់វិធានការតាមច្បាប់។

សូមបញ្ជាក់ថា ករណីផ្ទុះរថយន្តដឹកផាវ ខាងលើនេះ ក្រៅពីបង្កឱ្យខូចខាតរថយន្តដឹក ផាវទាំងស្រុង និងបណ្តាលឱ្យអ្នកជិះក្នុងរថយន្ត ទាំង៣នាក់ស្លាប់យ៉ាងអាណោចអាធ័មហើយ នោះ នៅបានបង្កឱ្យមនុស្ស២នាក់ ដែលកំពុង ធ្វើដំណើរនៅលើដងផ្លូវស្របពេលជាមួយគ្នា នោះ ទទួលរងរបួស និងខូចខាតទ្រព្យសម្បត្តិ ជាច្រើនផងដែរ៕

RELATED ARTICLES