ពិតជាមានការភ្ញាក់ផ្អើលដោយកាលពីយប់ថ្ងៃទី៣១ សីហា កីឡាករផ្នែកប្រណាំងម៉ូតូចំនួន៤រូបរបស់កម្ពុជា បានចាកចេញពីប្រទេសទៅប្រកួតប្រណាំងម៉ូតូជាអន្តរជាតិជាលើកដំបូងចាប់តាំងពីកម្ពុជាបានបង្កើតសហព័ន្ធយានយន្តដើម្បីលើកស្ទួយដល់វិស័យប្រណាំងម៉ូតូអោយមានរូបរាងហើយនេះជាការប្រកួតដែលនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាម ដោយវៀតណាមគ្រាន់តែធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះចំណែកកីឡាករចំនួន៤ប្រទេសគឺ កីឡាករថៃ ម៉ាឡេស៊ី
ចិនម៉ាកាវ និងកម្ពុជា គឺជាអ្នកប្រកួតដណ្ដើមពានគ្នា និងប្រាក់រង្វាន់។
លោក គង់ សុធារ៉ា អ្នកចាត់ចែងកីឡាករអោយចេញប្រកួតនិងជាអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូថ្នាក់ជាតិដែលទើបបញ្ចប់កាលពីអាទិត្យទី២៧ សីហា បានថ្លែងឲ្យដឹងថាការប្រណាំងម៉ូតូដែលបានធ្វើឡើងនៅក្នុងប្រទេសវៀតណាមនេះ លោកថាគឺជាព្រឹត្តិការណ៍ដែលមានឈ្មោះថា Dainam International Cup ដោយលោកប្រកាសថាវៀតណាមបានធ្វើជាច្រើនលើករួចមកហើយ ប៉ុន្តែកម្ពុជាទើបតែមានឱកាសចូលប្រកួតក្រោយពីកម្ពុជាទើបតែបានរកឃើញកីឡាករផ្នែកប្រណាំងម៉ូតូរបស់ខ្លួន។លោកថាក្រោយពីបើកទីលាន King Track Circuit នៅក្នុងខណ្ឌសែនសុខជ្រើសរើសជើងឯកប្រណាំងម៉ូតូ ដើម្បីជ្រើសរើសជើងខ្លាំងកម្ពុជា ក៏ទទួលបានកីឡាករខាងផ្នែកប្រណាំងម៉ូតូចាប់ពីកម្លាំង១៥០សេសេចំនួន៤រូបអោយចេញប្រកួតនៅក្នុងប្រទេសវៀតណាម។
លោកបានឲ្យដឹងដែរថាព្រឹត្តិការណ៍នេះនឹងបើកការប្រកួតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ កញ្ញា ដោយវៀតណាមគឺជាអ្នករៀបចំ និងចាត់ចែងក្នុងការផ្ដល់ពាន តែវៀតណាមមិនមានកីឡាករដើម្បីចូលប្រកួតនោះទេ ដោយសារតែព្រឹត្តិការណ៍នេះ គឺវៀតណាមគ្រាន់តែបង្កើតជាពាននិងប្រាក់រង្វាន់ ហើយអោយកីឡាករខាងផ្នែកប្រណាំងម៉ូតូអោយទៅប្រកួតគ្នា។
លោកថាវៀតណាមរៀបចំព្រឹត្តិការណ៍នេះ ដើម្បីអបអរដល់បុណ្យជាតិរបស់ខ្លួន ហើយប្រាក់រង្វាន់សម្រាប់អ្នកលេខ១ គឺទទួលបានទឹកប្រាក់ស្មើនឹង២ពាន់ដុល្លារ និងចំណាត់ថ្នាក់លេខ២ លេខ៣ទទួលបានទឹកប្រាក់តិចៗជាងនេះតាមលំដាប់។
កីឡាករដែលបានចាកចេញពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី៣១ សីហា នោះ លោកថាសុទ្ធតែជាកីឡាករដែលបានចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិដែលបានធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុននៅទីលាន King Track ទាំងអស់ តែមិនមែនសុទ្ធតែជាកីឡាករជ័យលាភីលេខ១ទាំងអស់នោះទេ ដោយសារតែខាងវៀតណាមត្រូវការតែកីឡាករដែលអាចប្រណាំងម៉ូតូចាប់ពីកម្លាំងម៉ាស៊ីន១៥០សេសេឡើងទៅ ទើបក្រៅពីម្ចាស់ពានលេខ១ដែលទើបប្រកួតឈ្នះ ក៏មានចំណាត់ថ្នាក់លេខ២ និងលេខ៦ត្រូវបានជម្រើសយកទៅផងដែរ។
ក្នុងនាមជាអ្នករៀបចំជ្រើសរើសជើងឯកប្រណាំងម៉ូតូក្នុងស្រុកលើកដំបូង លោកមិនហ៊ានជម្រើសយកកីឡាករដែលខ្វះសមត្ថភាពអោយចេញប្រកួតតំណាងប្រទេសនោះទេ ដោយសារតែលោកយល់ថា បើទោះជាការប្រកួតមួយនេះគឺជាឱកាសដំបូងដែលកម្ពុជា បានប្រកួតលើឆាកអន្តរជាតិក៏មិនត្រូវត្រលប់មកវិញដោយយកតែបទពិសោធន៍ចូលស្រុក។
លោកអះអាងថា ក្នុងពេលកន្លងមក កម្ពុជាធ្លាប់មានកីឡាករចេញប្រកួតប្រណាំងម៉ូតូនៅក្នុងប្រទេសជិតខាងផងដែរ ប៉ុន្តែមិនមែនចាកចេញក្នុងគម្រោងផ្លូវការដែលមានការទទួលស្គាល់របស់សហព័ន្ធនិងគ្រាន់តែជាការចាកចេញដោយបុគ្គលៗតែប៉ុណ្ណោះ។
អ៊ីចឹងហើយទើបយល់ថាការប្រកួតលើកនេះ គឺជាការបង្ហាញអោយអន្តរជាតិបានស្គាល់ពីការបង្ហាញមុខរបស់កីឡាករប្រណាំងម៉ូតូ ដែលកាលពីមុនមិនធ្លាប់មានផ្លូវការផង និងដើម្បីទៅដកស្រង់បទពិសោធន៍ពីកីឡាករអាជីពៗរបស់ប្រទេសដែលចូលរួមប្រកួត ដែលគេមានកីឡាមួយនេះច្រើនឆ្នាំមុនកម្ពុជានោះផង។
យ៉ាងណាមិញ លោកមិនហ៊ានសង្ឃឹមនឹងទទួលបានជោគជ័យក្នុងប្រភេទវិញ្ញសារណាមួយពីសំណាក់កីឡាករកម្ពុជានោះទេ ដោយគ្រាន់តែលោកបញ្ជាក់ថាតំណាងកីឡាករ៤រូបដែលបានជម្រើសទៅ គឺសុទ្ធតែជាកីឡាករល្អៗសម្រាប់ការប្រណាំងម៉ូតូក្នុងកម្លាំងម៉ាស៊ីនចាប់ពី១៥០សេសេទាំងអស់៕