ភ្នំពេញ ៖ តៃកុងរថយន្ត២នាក់ និងអ្នកលក់ប្រេងម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ខណៈពេលកំពុងតែលួចបូមប្រេងលក់ ត្រូវម្ចាស់រថយន្តមកទាន់ ឃាត់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខខ្លោងទ្វារសាលាបឋមសិក្សាវត្តគោកបញ្ជាន់ នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ភូមិចោមចៅ ខណ្ឌពោធិ៍សែន។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទី១ ឈ្មោះសួង សាន្ត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅក្នុងការ៉ាស់រថយន្តក្នុងភូមិភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២ ឈ្មោះសាយ រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅក្នុងការ៉ាស់ជាមួយគ្នា មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ និងអ្នកទិញប្រេងឈ្មោះ សិត សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទិញលក់ប្រេងនៅមុខសាលាបឋមសិក្សាវត្តគោកបញ្ជន់ ផ្លូវវេងស្រេង។
តាមសម្តីបុរសជាម្ចាស់រថយន្តបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បើករថយន្តចេញពីការ៉ាស់រថយន្តនៅភូមិត្រពាំងជ្រៃ គោលបំណងត្រឡប់ទៅផ្ទះនៅផ្សាដេប៉ូ ខណៈ ពេលធ្វើដំណើរតាមផ្លូវវ៉េងស្រេង មកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តរបស់គាត់ចំនួន២គ្រឿង កំពុងចតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ចំកន្លែងបូមប្រេងលក់ ភ្លាមៗនោះរូបគាត់បានឈប់រថយន្តមើល ស្រាប់តែឃើញតៃកុងរថយន្តរបស់គាត់កំពុងបូមប្រេងលក់ដោយយករថយន្តមួយគ្រឿងទៀត ចតបាំងរថយន្តដែលកំពុងតែបូមប្រេងលក់ គាត់ក៏យកទូរស័ព្ទថតរូបទុក រួចហើយបានទូរស័ព្ទប្តឹងសមត្ថកិច្ចមកជួយអន្តរាគមន៍ឃាត់តៃកុងរថយន្ត២នាក់ និងអ្នកទិញប្រេងម្នាក់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ។
ក្រោយពេលកើតហេតុខាងលើជនពាក់ព័ន្ធទាំង៣នាក់ ត្រូវម្ចាស់រថយន្តប្តឹង សូមឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ជនសង្ស័យទាំង៣នាក់ ត្រូវនគរបាលប៉ុសិ៍ចោមចៅ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមច្បាប់ ៕