Monday, November 25, 2024
Homeនយោបាយមេបក្សយុវជនកម្ពុជា ស្នើឱ្យប្តឹងសើរើពីបច្ច័យបុណ្យសពលោកកែម ឡី

មេបក្សយុវជនកម្ពុជា ស្នើឱ្យប្តឹងសើរើពីបច្ច័យបុណ្យសពលោកកែម ឡី

ភ្នំពេញ ៖ គណបក្សយុវជនកម្ពុជា ក្រោយប្រគល់ហិបរៃអង្គាសប្រាក់ ជូនក្រុមគ្រួសារ លោកបណ្ឌិតកែម ឡី រួចហើយ បានចេញសេចក្តីថ្លែងការណ៍ ស្នើឱ្យក្រុមគ្រួសារលោកកែម ឡី ប្តឹងទៅសមត្ថកិច្ចនឹងតុលាការ ធ្វើការសើរើស៊ើបអង្កេតឡើងវិញ ទៅលើប្រាក់បច្ច័យបុណ្យសពលោកកែម ឡី ដែលប្រមូលបាន ដោយគណៈកម្មការបុណ្យសពលោកកែម ឡី ពីមុន រួមមានព្រះតេជគុណប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង ជាដើម។

សេចក្តីថ្លែងការណ៍របស់គណបក្សយុវជនកម្ពុជា ជុំវិញយុទ្ធនាការ ៣០ថ្ងៃ រៃអង្គាសថវិកា ដើម្បីសាងសង់ចេតិយ ជូនលោកបណ្ឌិតកែម ឡី លេខ០៩២/១៧ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៧ មានខ្លឹមសារទាំងស្រុងថា “ដោយមាន ភាពចាំបាច់ ៖ ខ្ញុំពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំគណបក្សមួយចំនួន បានមើលឃើញនូវភាពខ្វះខាតថវិកា ដើម្បីសាងសង់ចេតិយជូនលោកបណ្ឌិតកែម ឡី ដែលអំពាវនាវស្វែងរកថវិកា ដោយលោកកែម រិទ្ធិសិត ត្រូវជាប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី ភ្លាមនោះ ក្នុងនាមជាយុវជនមួយរូប និងជាអ្នកនយោបាយជំនាន់ក្រោយផងដែរ ខ្ញុំក៏បានដឹកនាំក្រុមការងាររបស់គណបក្សយុវជនកម្ពុជា មួយចំនួន ដើម្បីស្ម័គ្រចិត្ត បង្កើតនូវយុទ្ធនាការ៣០ថ្ងៃ រៃអង្គាសថវិកា ដើម្បីចូលរួមសាងសង់ចេតិយជូនលោកបណ្ឌិតកែម ឡី ដោយយើងខ្ញុំសម្រេចចាប់ផ្តើមយុទ្ធនាការនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ គឺផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តទៅបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពង់ចាម ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

មូលហេតុដែលយើងខ្ញុំបង្កើតយុទ្ធនាការ ៣០ថ្ងៃនេះឡើង ៖ ដោយឃើញស្រាប់ហើយថា ចេតិយរបស់លោកបណ្ឌិតកែម ឡី ពិតជាមានសារសំខាន់ខ្លាំងណាស់ បន្ទាប់ពីរឿងស្វែងរកយុត្តិធម៌ពិតប្រាកដជូនលោកបណ្ឌិតកែម ឡី ដើមឡើយក្រុមយើងខ្ញុំបានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំលើគណៈកម្មការ ដែលមានព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង ជាអ្នកដឹកនាំគណៈកម្មការ ប៉ុន្តែព្រះតេជគុណប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង បានធ្វើឱ្យយើងខ្ញុំភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំងពន់ពេក ដែលអ្នកទាំងពីរ បានបោះបង់ការងារពាក់កណ្តាលទី ធ្វើឱ្យក្រុមគ្រួសាររបស់លោកបណ្ឌិតកែម ឡី ជួបការលំបាក ក្នុងការស្វែងរកថវិកាទ្រទ្រង់ការសាងសង់ចេតិយជូនលោកបណ្ឌិតកែម ឡី។

ដោយសារតែព្រះតេជគុណប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង គ្មានភាពទទួលខុសត្រូវការងារនេះ ហើយរត់ចោលកណ្តាលទីទៀតនោះ ទើបបានធ្វើឱ្យយើងខ្ញុំសម្រេចចិត្តបង្កើត យុទ្ធនាការ៣០ថ្ងៃ រៃអង្គាសថវិកានេះ។

ស្ថានភាពជាក់ស្តែង អំឡុងពេលចុះធ្វើ យុទ្ធនាការតាមបណ្តាខេត្តមួយចំនួន ៖ តាមពិតទៅ អ្វីដែលយើងខ្ញុំបានគិតមុន ពេលចុះធ្វើ យុទ្ធនាការតាមបណ្តាខេត្ត គឺយើងខ្ញុំមានក្តី-សង្ឃឹមយ៉ាងខ្លាំង ចំពោះការចូលរួមបរិច្ចាគ ថវិកាពីបងប្អូនដែលជាអ្នកកែម ឡីនិយម ពីព្រោះថា លោកបណ្ឌិតកែម ឡី ត្រូវបានក្រុមគណបក្សនយោបាយមួយចំនួនបានចាត់ទុកលោកបណ្ឌិតជាអ្នកស្នេហាជាតិ ជាវីរបុរស ប៉ុន្តែ អ្វីដែលយើងខ្ញុំគិតនោះ គឺផ្ទុយស្រឡះពីភាពជាក់ស្តែងខ្លាំងណាស់ ពោលគឺមានតំបន់មួយចំនួនមិនដែលស្គាល់លោកបណ្ឌិតកែម ឡី ផង ហើយនៅតាមតំបន់មួយចំនួនទៀត គឺមានការរើសអើងខ្លាំងណាស់ ក្នុងន័យនេះយើងខ្ញុំចង់បញ្ជាក់ថា មានប្រជាពលរដ្ឋភាគតិចណាស់ ដែលបានចូលរួមបរិច្ចាគ បើធៀបនឹងចំនួនមនុស្ស  ដែលមកហែសពលោកបណ្ឌិតកែម ឡី។ អ្វីដែល យើងខ្ញុំកត់សម្គាល់ ភាគច្រើនអ្នកមិនបានចូល រួមបរិច្ចាគនោះ គឺមកពីក្រុមបក្សប្រឆាំងផ្តាច់មុខនៅកម្ពុជា ដោយពួកគេបានរើសអើងនូវ យុទ្ធនាការមួយនេះ។

ដូច្នេះយើងខ្ញុំអាចសម្គាល់ឃើញថា អ្នកដែលបានទៅដង្ហែសពរបស់លោកបណ្ឌិតកែម ឡី កាលពីកន្លងមក គឺទៅដង្ហែផ្អើលតាមក្រុម ឬអាចនិយាយបានថា ផ្អើលតាមបក្សប្រឆាំង ផ្តាច់មុខនៅកម្ពុជា តែប៉ុណ្ណោះ គឺពួកគាត់មិន បានទៅដោយចិត្តគោរពស្រលាញ់លោកបណ្ឌិតកែម ឡី នោះទេ បើសិនជាគាត់មិនផ្អើលតាមគណបក្សប្រឆាំងផ្តាច់មុខនៅកម្ពុជា ម៉្លេះចេតិយ លោកបណ្ឌិតកែម ឡី អាចសាងសង់រួចរាល់ហើយ។

ចំពោះចំនួនថវិកាសរុបបានមកពីយុទ្ធនាការ៣០ថ្ងៃនេះវិញ ដោយសារតែមានការរើសអើង និងផ្អើលតាមក្រុម ឬអាចនិយាយបានថា ផ្អើលតាមបក្សប្រឆាំងផ្តាច់មុខនៅកម្ពុជានោះ ធ្វើឱ្យយុទ្ធនាការ៣០ថ្ងៃនេះ មានការជួបនូវឧបសគ្គយ៉ាងច្រើន ហើយចំនួនថវិកាសរុប យើងខ្ញុំប្រមូលបាន ៣លាន២ម៉ឺនរៀល តែប៉ុណ្ណោះ ។

ក្នុងន័យនេះ យើងខ្ញុំក៏ស្នើសុំឱ្យក្រុមគ្រួសារ របស់លោកបណ្ឌិតកែម ឡី ពិចារណាក្នុងការ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាតុលាការ បើកការស៊ើបអង្កេត ទៅលើប្រាក់ដែលប្រមូល បានរបស់គណៈកម្មការមុន ដែលមានព្រះតេជ គុណប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង ដើម្បី ជាការផ្តល់យុត្តិធម៌ដល់សពលោកបណ្ឌិតកែម ឡី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានចូល បុណ្យ និងចូលរួមទ្រទ្រង់ពិធីបុណ្យសព នាពេល កន្លងមក ហើយជាពិសេស សម្រាប់ការផ្តល់ យុត្តិធម៌ធំធេង ដល់ម្តាយចាស់ជរារបស់លោក បណ្ឌិតកែម ឡី និងបងប្អូនរបស់លោកបណ្ឌិតផងដែរ។

ជាចុងក្រោយ ខ្ញុំពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ជំនួសមុខឱ្យក្រុមការងារ គណបក្សយុវជនកម្ពុជា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិខ្មែរ មួយចំនួន ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងគោលបំណងចូលរួមសាងសង់ចេតិយ ជូនលោកបណ្ឌិតកែម ឡី តាមរយៈក្រុមរៃអង្គាសយើងខ្ញុំ”។

បន្ថែមលើសេចក្តីថ្លែងការណ៍ខាងលើនេះ លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ថា បើព្រះតេជគុណប៊ុត ប៊ុនតិញ មិនធ្វើការបកស្រាយ ឱ្យបានច្បាស់ លើបច្ច័យចូលបុណ្យសពលោក បណ្ឌិតកែម ឡី កន្លងមក ហើយនៅតែបន្ត វាយប្រហារមកលើគណបក្សយុវជនកម្ពុជា ក៏ ដូចជាមកលើលោកផ្ទាល់ថា ធ្វើយុទ្ធនាការ ដើម្បីអាថ៌កំបាំងនយោបាយ ឬមានគណបក្សកាន់អំណាច នៅពីក្រោយនោះ លោកអាចធ្វើ  ការតស៊ូតាមផ្លូវច្បាប់ ជំនួសឱ្យក្រុមគ្រួសារ លោកកែម ឡី ឬក្នុងនាមលោកជាអ្នកគោរព ស្រលាញ់ លោកបណ្ឌិតកែម ឡី ដោយពិត ប្រាកដ។

លោកពេជ្រ ស្រស់ បានមានប្រសាសន៍ ថា “ដោយសារតែមិនមានភ័ស្តុតាង យើងស្នើ ឱ្យមានសមត្ថកិច្ច ដែលគេមានជំនាញស្វែងរកភ័ស្តុតាងហ្នឹងស៊ើបអង្កេត។ បើយើងមាន ភ័ស្តុតាង យើងទៅស្នើធ្វើអី យើងមានភ័ស្តុតាង យើងបញ្ចោញជាសាធារណៈទៅ ប៉ុន្តែដែលយើង អាចសម្គាល់បានថា យើងសង្ស័យនោះ គឺយើង សំដៅទៅលើមនុស្សចូលរួមបុណ្យសព ដែល យើងរាប់ជាជំហាន ហើយរាប់មនុស្សដែលរួម បុណ្យលោកបណ្ឌិតកែម ឡី គឺវាល់លាននាក់។ ដូច្នេះហើយ យើងមានតែចំណុចសង្ស័យទេ យើងមិនមែនទៅចោទទេ ហើយការស្នើឱ្យ ក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ស៊ើបអង្កេត ហ្នឹងជារឿងត្រឹមត្រូវ ហើយយើងស្នើទៅក្រុមគ្រួសារគេទៅ ហើយគេចាត់ចែងឬមិនចាត់ចែង អាហ្នឹងរឿងបុគ្គលគេ ប៉ុន្តែអ្វីដែលខ្ញុំធ្វើ នេះ វាមានផលប្រយោជន៍២ ប្រយោជន៍មួយ សម្រាប់ក្រុមគ្រួសារលោកបណ្ឌិតកែម ឡី តែ ម្តង ហើយនិងសម្រាប់អ្នកដែលបានចូលរួម បុណ្យ ឱ្យពួកគាត់ដឹងថា លុយហ្នឹងមិនបាត់ទេ។ ប្រយោជន៍ទី២ ទៅដល់ព្រះអង្គប៊ុត ប៊ុនតិញ ហ្នឹងខ្លួនឯង ក៏ដូចជាលោកប៉ា ងួនទៀង បើសិន គេស៊ើបអង្កេតទៅថា ត្រឹមត្រូវហើយការងារ នេះ ការយល់ច្រឡំ ការសង្ស័យ គឺនឹងលែងមាន ហើយ វាត្រូវសាបរលត់ តាមរយៈការស៊ើបអង្កេតពីអ្នកដែលមានសមត្ថកិច្ច អ្នកដែលមាន កាតព្វកិច្ច។ អ៊ីចឹងការស្នើនេះ វាអត់មានអី ត្រូវមានទម្ងន់ ឬក៏ចេតនាអាក្រក់ទេ វាជាផល ល្អសម្រាប់មនុស្សទៅវិញ។ និយាយរួម ជាគំនិត ដែលថា អាចជួយក្រុមគ្រួសារលោកកែម ឡី ផង ជួយព្រះអង្គប៊ុត ប៊ុនតិញ ផង កុំឱ្យគេយល់ច្រឡំ។ អ៊ីចឹងការស្នើនេះវាជារឿងមួយល្អ ណាស់ តែបើគេគិតក្នុងផ្លូវអាក្រក់ អាហ្នឹងខ្ញុំ មិនអាចសន្និដ្ឋាន ឬក៏វាយតម្លៃបានទេ”។

លោកពេជ្រ បានបន្តថា “យើងក្នុងនាម ជាអ្នកធ្វើបុណ្យ ប្រកូកប្រកាសបុណ្យ យើងអត់ មានអីត្រូវខកបំណងទេ យើងមានតែសប្បាយ លុយជាង៣លានរៀលនេះ បើគិតជាទឹកលុយ តិចណាស់ ប៉ុន្តែបើយើងគិតជាមនុស្សច្រើន ព្រោះ ម្នាក់ គឺអត់មាន១ម៉ឺនរៀលឯណា ឬក៏១០ដុល្លារ ឯណាម្នាក់ជួនកាល១ពាន់ ជួនកាល៥រយ ជួនកាល ១០០រៀល ក៏មានដែរ។ អ៊ីចឹង៣លានរៀល ហ្នឹងវាច្រើនមនុស្សដែរ អ៊ីចឹងជាការសាទរមួយ ដែលថា ទឹកចិត្តបងប្អូនហ្នឹងគាត់គាំទ្រយុទ្ធនាការ៣០ថ្ងៃ ខ្ញុំសប្បាយចិត្តដែរ ដែលមានថវិកា បងប្អូនទៅដល់៣លាន២ម៉ឹនរៀល ប៉ុន្តែជាការ  ឆ្លុះបញ្ចាំងជាក់ស្តែងមួយថា អ្នកកែម ឡីនិយម ភាគច្រើនហ្នឹង គឺសុទ្ធតែកែម ឡីនិយមក្លែងក្លាយទេ បើសិនជាកែម ឡីនិយមពិតប្រាកដ គឺពួកគាត់ចូល ក៏រួមគ្នារៃអង្គាស មិនចាំបាច់មាន ខ្ញុំក៏បានដែរ ដើម្បីយកលុយហ្នឹងប្រគល់ទៅឱ្យ លោកកែម រិទ្ធិសិត ដើម្បីបញ្ចប់គម្រោងសាងសង់ចេតិយហ្នឹងឱ្យឆាប់ ហើយទុកជាកន្លែង សក្ការបូជា និងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ ឯការចំណាយនោះទៀតសោត ខ្ញុំ សុំជម្រាបថា លុយផ្ទាល់ខ្លួនរបស់ខ្ញុំអស់ ២៣០០ ដុល្លារ ដែលខ្ញុំមិនមានលុយសោះ ប៉ុន្តែខ្ញុំធ្វើការ លះបង់រហូតទៅដល់២៣០០ដុល្លារ គឺចេតនា បុណ្យដ៏ធំធេងរបស់ខ្ញុំមួយ ហើយខ្ញុំក៏អត់ស្តាយ អីដែរ ព្រោះខ្ញុំសប្បាយចិត្តនឹងធ្វើវា។ អ៊ីចឹង ក្នុង២៣០០ដុល្លារនេះ គឺយើងផ្គត់ផ្គង់ទាំងការ ស្នាក់នៅ ហូបចុក សេវាកម្មសុខភាព ថ្នាំពេទ្យ ក្តី ក្នុងក្រុមខ្ញុំ៥នាក់ហ្នឹង រយៈពេល៣១ថ្ងៃហ្នឹង មានកន្លែងគេង សាំងឡាន ជួលជុលឡាន៘ និង៘ ស្អីក៏ដោយ ឱ្យតែចំណាយនៅក្នុង ហ្នឹង សុទ្ធតែលុយរបស់ខ្ញុំហើយ។ អ៊ីចឹង២៣០០ ដុល្លារនេះ គឺយើងចំណាយក្នុងក្រុមការងារ យើងហ្នឹងតែម្តង។ ចំពោះជំហររឿងស្នើនោះ ខ្ញុំមិនហ៊ានអះអាងយ៉ាងណាទេ ប៉ុន្តែឆន្ទៈរបស់ ខ្ញុំនៅតែចង់ដឹងភាពពិតមួយ កុំឱ្យមន្ទិលសង្ស័យ ហើយចង់ដឹងឱ្យច្បាស់លាសទាំងអស់គ្នា ទាំង ព្រះសង្ឃប៊ុត ប៊ុនតិញ ទាំងអ្នកចូលរួមបុណ្យ អ្នក ដែលស្រលាញ់លោកបណ្ឌិតកែម ឡី។ ខ្ញុំនឹង ពិចារណា ហើយនឹងពិភាក្សាផ្លូវច្បាប់សិន ខ្ញុំ មិនហ៊ានធ្វើអីឱ្យខុសពីផ្លូវច្បាប់ទេ អាហ្នឹងជា ជំហរទី១។ ទី២ ខ្ញុំមើលជំហរព្រះអង្គប៊ុត ប៊ុនតិញ នៅតែបន្តវាយប្រហារ សកម្មភាពមនុស្សធម៌ របស់ខ្ញុំនេះបន្តទៀត ហើយបើព្រះអង្គមិនកែប្រែនូវឥរិយាបថហ្នឹងទេ ប្រហែលជាខ្ញុំសម្រេច ចិត្តខ្លួនឯង ក្នុងនាមជាអ្នកស្រលាញ់លោក បណ្ឌិតកែម ឡី ហើយតស៊ូតាមផ្លូវច្បាប់ហើយ មិនអាចទុកឱ្យបុគ្គលព្រះអង្គប៊ុត ប៊ុនតិញ ហ្នឹង នៅនិយាយអ្វីដែលខុសពីការពិត តាមសារព័ត៌មាននោះទេ”។

លោកពេជ្រ ស្រស់ បន្ថែមថា “រាត្រីយប់ មិញ ព្រះអង្គបានផ្តល់បទសម្ភាសផ្តាច់មុខមួយ ជាមួយវិទ្យុអាស៊ីសេរី ដែលមានលោកជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួល ព្រះអង្គបាន ចោទមកថា ខ្ញុំហ្នឹងជាអ្នកបន្ថោកេរ្តិ៍ឈ្មោះរបស់ លោកបណ្ឌិតកែម ឡី អាហ្នឹងមួយ ដែលសង្កត់ធ្ងន់។ មួយទៀត ចោទថា សកម្មភាពនេះជា សកម្មភាពដែលអាថ៌កំបាំង មានន័យថា គឺជា សកម្មភាពរៀបចំពីគណបក្សកាន់អំណាច និយាយ ឱ្យចំឈ្មោះ ព្រះអង្គចោទថា សកម្មភាពនេះ រៀបចំពីលោកហ៊ុន សែន តែម្តង។ ប៉ុន្តែទោះបី ក្នុងន័យណាក៏ដោយ ក៏ញុះញង់ឱ្យគេសង្ស័យ មកលើខ្ញុំ ហ្នឹងខ្ញុំជាជនរងគ្រោះមួយដែរ។ អ៊ីចឹង ក្នុងទស្សនៈរបស់ព្រះអង្គ ចោទ២ហ្នឹង ធ្ងន់ណាស់ សម្រាប់ទឹកចិត្តខ្ញុំ៣១ថ្ងៃ ទាំងក្រុមការងារនេះ គឺល្ហិតល្ហៃដៃតែម្តង ឮតែព្រះអង្គផ្តល់បទសម្ភាសន៍ អ៊ីចឹង គឺខ្ញុំខកបំណង ហើយមិនអាចអត់ឱន ឱ្យបានទេ ក្នុងន័យ័របស់ព្រះអង្គបែបហ្នឹង យើង ទទួលយកមិនបានទេ ព្រោះ៣១ថ្ងៃហ្នឹង ពិបាក ខ្លាំងមែន ស្មើនឹង៣១ឆ្នាំណា។ ដូច្នេះបញ្ជាក់ រួម គឺសំដៅទៅលើព្រះអង្គប៊ុត ប៊ុនតិញ និង អ្នកកែម ឡីនិយម បើមិនចង់ឱ្យរឿងហ្នឹងវែងឆ្ងាយ អ្នកកែម ឡីនិយម គួរតែក្រោកឈរ ទាំងអស់គ្នា ដោះស្រាយបញ្ហាចំពោះមុខ ចំពោះ សពលោកបណ្ឌិតកែម ឡី។ និយាយរួម គឺយើង ត្រូវរៃអង្គាស មិនបាច់តាមរយៈខ្ញុំទេ តាមរយៈ អ្នកណាក៏ដោយ តាមយន្តហោះ តាមវីង តាម អីក៏ដោយ ធ្វើម៉េចឱ្យបានលុយគ្រប់១៧ម៉ឺនដុល្លារនោះ ឱ្យធ្វើចេតិយលោកបណ្ឌិតឱ្យហើយ។ ទី២ ឱ្យព្រះសង្ឃប៊ុត ប៊ុនតិញ បន្ថយនូវឥរិយាបថអារឿងលាបពណ៌អ្នកដទៃ គ្មានការពិត ជាពិសេស ចោទប្រកាន់មកសកម្មភាពក្រុមយុវជន នេះ ឱ្យបន្ថយ ឬក៏កាត់បន្ថយ ឬក៏កុំនិយាយ តែម្តងក៏បានដែរ ឬអាចឱ្យព្រះសង្ឃប៊ុត ប៊ុនតិញ ចេញមកជាសាធារណៈ ធ្វើការបើកចំហខ្លួនឯង ឱ្យគណៈកម្មការណាមួយ ឬក៏អាជ្ញាធរទៅស៊ើប អង្កេតខ្លួនឯងតែម្តង បើខ្លួនពិតមែន។ អ៊ីចឹងធ្វើ ឱ្យអស់មន្ទិលសង្ស័យ សម្រាប់ខ្ញុំ ទាំងអ្នកកែម ឡីនិយមពិតប្រាកដ ព្រមទាំងអ្នកស្រលាញ់លោក បណ្ឌិតកែម ឡី”។

ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ មិនទាន់មានប្រតិកម្ម បញ្ជាក់បំភ្លឺឆ្លើយតបពី ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញ ព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និង លោកប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌល កម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅ ឡើយទេ កាលពីម្សិលមិញ។

ដោយឡែក លោកកែម រិទ្ធិសិត ប្អូនបង្កើត លោកកែម ឡី បានបញ្ជាក់ថា តាងនាមឱ្យក្រុម គ្រួសារលោកកែម ឡី លោកមិនហ៊ានពិចារណា ក្នុងការស្នើឱ្យអាជ្ញាធរ ឬតុលាការធ្វើការស៊ើបអង្កេតរឿងថវិកាដែលប្រមូលដោយគណៈកម្មការមុននោះទេ ហើយក៏មិនហ៊ានចោទថា មានពាក់ព័ន្ធនឹងបញ្ហាថវិកានេះដែរ។

លោកកែម រិទ្ធិសិត បានមានប្រសាសន៍ ថា “ខ្ញុំដែលជាក្រុមគ្រួសារ គឺមានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់លោកពេជ្រ ស្រស់ ដែលបានចុះយុទ្ធនាការ៣០ ថ្ងៃ ហើយក៏អរគុណដល់ប្រជាពលរដ្ឋ ដែល បានចូលរួម។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ របស់លោកពេជ្រ ស្រស់ ហ្នឹង គឺយើងជាក្រុមគ្រួសារ យើងមិនមានចំណាត់ការ ដើម្បីប្តឹងផ្តល់ គ្នាអំពីរឿងពិធីបុណ្យសព និងពិធីបុណ្យ១០០ ថ្ងៃ ដែលគណៈកម្មការ មានដូចជា លោកប៉ា ងួនទៀង និងព្រះអង្គប៊ុត ប៊ុនតិញ ទេ ពីព្រោះយើងក៏បាននិយាយហើយដែរថា យើងជាគណៈកម្មការ គឺយើងមិនបានកាន់លុយ ប្រមូលលុយទេ ប៉ុន្តែព្រះអង្គក៏បានមានថេរដីកាហើយថា ព្រះអង្គប្រមូលលុយពីស្រុកអាមេរិក ហ្នឹង ក៏ បានប្រគល់ជូនប្រពន្ធហើយៗចំពោះលុយនៅ ក្នុងស្រុកខ្មែរ គឺព្រះអង្គអត់បានប៉ះពាល់ ហើយ ខ្ញុំ ក៏មិនដែលចោទប្រកាន់ព្រះអង្គដែរ អាហ្នឹង ប៉ុណ្ណឹង។ ចំពោះគណៈកម្មការ ដូចជាព្រះអង្គ និងលោកប៉ា ងួនទៀត គឺយើងមិនបានទទួល លុយដោយផ្ទាល់ដៃទេ ចំពោះលុយ គឺលោកយាយ ហើយនិងខ្ញុំមិនបានទទួលលុយពីគណៈកម្មការសាងសង់ទេ ប៉ុន្តែខាងគណៈកម្មការ សាងសង់ហ្នឹង គឺមានលុយជុំវិញ៨ពាន់ដុល្លារ គឺលុយដែលនៅស្រុកក្រៅ ប្រទេសក្រៅ គ្រប់ ប្រទេស គឺបានចូលនៅក្នុងការសាងសង់ហ្នឹង ចំនួន៣ពាន់ជាងដុល្លារ ហើយនិងនៅស្រុកខ្មែរ យើងហ្នឹង ប្រហែលជា៥ពាន់។ គឺលុយក្នុងការ សាងសង់ ឬចំពោះអ្នកដែលកាន់មូលនិធិមុនហ្នឹង គឺមានលុយជុំវិញ៨ពាន់ដុល្លារ យកមកធ្វើការ សាងសង់។ ចំពោះលុយ៨ពាន់ដុល្លារពីមុនហ្នឹង មកពីប្រទេសអាមេរិក ហ្នឹង គឺវា២៦៣០ ហើយ ចំពោះលុយចំនួន៥ពាន់ជាងទៀត គឺយើងបាន មកអំពីធុងមូលនិធិ កាលពីបុណ្យ១០០ថ្ងៃ នៅវត្តចាស់”។

លោកកែម រិទ្ធិសិត បន្តថា “ចំពោះក្រុមគ្រួសារ ដែលមានខ្ញុំជាតំណាង គឺយើងបាន ជជែកគ្នាជាមួយព្រះអង្គប៊ុត ប៊ុនតិញ ហើយ យើងក៏មិនចោទប្រកាន់គ្នាដែរ ហើយក៏យើង បានសម្រួលគ្នាថា យើងមិនឆ្លងឆ្លើយនូវអ្វី ដែលពាក់ព់ន្ធ័ជាមួយនឹងសពលោកបណ្ឌិតទេ គឺយើងជួយគ្នា ដើម្បីសង់ចេតិយទៅមុខទៀត។ ជាចុងក្រោយ ខ្ញុំមានតែសុំអំពាវនាវប្រជាពលរដ្ឋ ខ្មែរ ក្រៅប្រទេស ក្នុងប្រទេស ពិសេសសូម អំពាវនាវដល់រដ្ឋាភិបាល បើសិនជាអាចចូលរួម ចំណែកកសាងបញ្ចប់នូវចេតិយនេះ”។

គួររំលឹកដែរថា កន្លងមកនេះ បន្ទាប់ពីមានការត្អូញត្អែរ ពីក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ថា ក្រោយធ្វើពិធីបុណ្យ១០០ថ្ងៃ នៃសពលោកកែម ឡី រួចនៅខ្វះខាតប្រាក់ចំនួន ជិត៨ពាន់ដុល្លារ សងថ្លៃបបរនោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលបុណ្យលោកកែម ឡី ចំនួន១ម៉ឺនដុល្លារ។ បន្ទាប់មក សម្តេចនាយករដ្ឋមន្ត្រីបានឧបត្ថម្ភ ៥ម៉ឺនដុល្លារទៀត សម្រាប់ការសាងសង់ចេតិយ លោកបណ្ឌិតកែម ឡី ដោយសម្តេច បានបង្ហើបថា បើការសាងសង់ចេតិយនោះ នៅមានការខ្វះខាត ហើយក្រុមគ្រួសារលោកកែម ឡី ស្នើសុំជំនួយពីសម្តេចនោះ សម្តេចនឹងជួយបន្ថែមទៀត៕

កុលបុត្រ

RELATED ARTICLES