Friday, April 26, 2024
Homeនយោបាយរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រសម្តេចហ៊ុន សែន ក្នុងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ឡាវ

រាជបណ្ឌិត្យសភាកម្ពុជា គាំទ្រសម្តេចហ៊ុន សែន ក្នុងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ឡាវ

ភ្នំពេញ ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្តី ថ្លែងការណ៍វាយតម្លៃខ្ពស់ និងគាំទ្រទាំងស្រុង នូវដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ឡាវ របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បន្ទាប់ពីសម្តេចហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយលោកថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាពប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ហើយបានឯកភាពគ្នា៤ចំណុចដោះស្រាយបញ្ហាព្រំដែន ជាកញ្ចប់ដើម្បីឈានទៅ បញ្ចប់ទាំងស្រុងនូវបញ្ហាព្រំដែនរវាងប្រទេស ទាំង២ កម្ពុជា-ឡាវ នៅពេលដ៏ឆាប់ខាងមុខ។

សេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា ឡាវ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នោះ មានខ្លឹមសារទាំងស្រុងថា “ជាថ្មីម្តងទៀត នៅព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នេះ សម្តេច អគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាអំពីដំណោះស្រាយបញ្ហាព្រំដែនជាមួយ ឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតឡាវ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាដោះស្រាយបញ្ហាព្រំដែនជាកញ្ចប់ ដើម្បីឈានទៅរកការបញ្ចប់ទាំងស្រុងនូវបញ្ហា ព្រំដែនរវាងប្រទេសទាំងពីរក្នុងពេលដ៏ឆាប់ ខាងមុខនេះ និងបានឯកភាពគ្នាលើចំណុច សំខាន់ៗចំនួនបួន ដូចខាងក្រោម ៖

សម្តេចហ៊ុន សែន ពេលជួបពិភាក្សាជាមួយលោកថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ

១.កម្ពុជា-ឡាវ រួមគ្នាដោះស្រាយបញ្ហា ព្រំដែនដោយគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ ដែល ធានាបាននូវព្រំដែនសន្តិភាព មិត្តភាព សាមគ្គីភាព នឹងសហប្រតិបត្តិការល្អរវាងប្រជាជាតិ នៃប្រទេសទាំងពីរ។

២.កម្ពុជា-ឡាវ ឯកភាពគ្នាក្នុងការផ្ញើ លិខិតផ្លូវការទៅកាន់ប្រទេសបារាំង ដើម្បីស្នើ សុំឱ្យផ្ទេរផែនទីពីខ្នាត ១/១០០.០០០ ទៅជា ផែនទីខ្នាត ១/៥០.០០០ និងស្នើសុំឱ្យបារាំង ផ្តល់នូវឯកសារពាក់ព័ន្ធនានា រួមជាមួយអ្នក ឯកទេសផ្នែកផែនទីមកជួយដោះស្រាយបញ្ហា ព្រំដែនផងដែរ។

៣.ភាគីឡាវ បានយល់ព្រមតាមសំណើ របស់កម្ពុជាក្នុងការដោះស្រាយបញ្ហា៤ចំណុច  ដែលនៅសេសសល់តាមរយៈលិខិត ដែលសម្តេច អគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ផ្ញើជូនឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ  ប្រជាមានិតឡាវ កាលពីពលថ្មីៗកន្លងមកនេះ។ កម្ពុជា-ឡាវ បានឯកភាពគ្នាឱ្យគណៈកម្មាធិការ ព្រំដែនចុះទៅដោះស្រាយដោយផ្ទាល់នៅនឹង កន្លែងនៅតំបន់អូរតាង៉ាវ។

៤.កម្ពុជា-ឡាវ ខិតខំដោះស្រាយបញ្ហា ព្រំដែននេះឱ្យបានចប់ជាស្ថាពរ ដើម្បីទុកជាកេរ មរតកសម្រាប់មនុស្សជំនាន់ក្រោយនៃប្រទេសទាំងពីរ។

លទ្ធផលជាផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំ កំពូលនៃប្រទេសទាំងពីរនាពេលនេះ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិតសភា កម្ពុជា យល់ឃើញថា ៖

១.កញ្ចប់នៃដំណោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ នាពេលនេះ គឺជាមេរៀនដ៏ល្អសម្រាប់បណ្តាប្រទេសនានា លើពិភពលោកដែលកំពុងមានបញ្ហាព្រំដែនជាមួយគ្នានិងដោះស្រាយបញ្ហាដោយការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ។

២.ការឯកភាពគ្នារបស់ភាគីទាំងពីរក្នុងការស្នើសុំប្រទេសបារាំង ឱ្យផ្ទេរផែនទីពីខ្នាត ១១០០.០០០ ទៅជាផែនទីខ្នាត ១/៥០.០០០ និងស្នើសុំឱ្យបារាំងផ្តល់នូវឯកសារពាក់ព័ន្ធនានា រួមជាមួយអ្នកឯកទេសផ្នែកផែនទីមកជួយ ដោះស្រាយបញ្ហាព្រំដែន គឺជាជម្រើសដ៏ល្អប្រសើរដោយឈរលើមូលដ្ឋានមិត្តភាព និងសមភាពដែលអាចជៀសផុតពីការចោទប្រកាន់នានារបស់អ្នកនយោបាយផ្សេងៗពីភាពចំណេញ ឬខាតទឹកដីនៃប្រទេសនីមួយៗ ពីព្រោះគ្មាន មេដឹកនាំប្រទេសណាមួយមានសិទ្ធិកាត់ដីរបស់ខ្លួនឱ្យប្រទេសដទៃនោះទេ។

៣.ដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេស ទាំងពីរគ្មានជម្រើសណាប្រសើរជាងការចរចា ដោយសន្តិវិធី ដោយគោរពផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរក្នុងឋានៈជាប្រទេសភូមិផងរបងជាមួយគ្នានោះទេ។ ការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានចប់ជាស្ថាពរកាន់តែឆាប់កាន់តែប្រសើរ ដើម្បីឱ្យប្រទេសទាំងពីរមាន លទ្ធភាពអភិវឌ្ឍតំបន់ព្រំដែនដោយគ្មានជម្លោះ និងទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

៤.ប្រជាជាតិកម្ពុជា ទាំងមូលជឿជាក់ និងផ្តល់សេចក្តីទុកចិត្តទាំងស្រុងចំពោះសិល្បៈ នៃការចរចាប្រកបដោយទេពកោសល្យខ្ពស់ បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ក្នុងការដោះស្រាយ បញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដែលធានាបាននូវអធិបតេយ្យ និងបូរណភាព ទឹកដីរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យបរទេស ណាមួយឈ្លានពានបានជាដាច់ខាត។

៥.ប្រជាជាតិកម្ពុជាទាំងមូលគោរព និង ដើរតាមដោយឥតងាករេចំពោះគោលនយោបាយ និងជម្រើសនានាដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង បើទោះបី ត្រូវបង្ហូរឈាមក៏ដោយ ឱ្យតែដើម្បីបុព្វហេតុ អធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា”៕

RELATED ARTICLES