Thursday, April 25, 2024
Homeព័ត៌មានជាតិភ្នាក់ងារមន្ត្រីឥណទាន ចូលផឹកកាហ្វេ១កែវ១៥០០រៀល ចេញមកវិញបាត់ម៉ូតូតម្លៃ១៥០០ដុល្លារ

ភ្នាក់ងារមន្ត្រីឥណទាន ចូលផឹកកាហ្វេ១កែវ១៥០០រៀល ចេញមកវិញបាត់ម៉ូតូតម្លៃ១៥០០ដុល្លារ

ភ្នំពេញ ៖ យុវជនជាមន្រ្តីឥណទានម្នាក់ ក្រោយបញ្ចប់ម៉ោងការងារបម្រើសេវាអតិថិជនរបស់ខ្លួននៅតាមមូលដ្ឋាន ឆ្លៀតពេលទំនេរចូលហូបកាហ្វេមួយកែវ តម្លៃត្រឹមតែ១៥០០រៀលតែប៉ុណ្ណោះ លុះចេញមកវិញ ចោរលួចម៉ូតូទៅបាត់ដោយសុវត្តិភាព អស់១៥០០ដុល្លារទៅវិញ ទើបឆោឡោកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅហាងកាហ្វេមួយកន្លែង តាមផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូដែលជនសង្ស័យលួចកាច់សោកយកទៅបាត់ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1DE-3398  មានម្ចាស់ជាជនរងគ្រោះឈ្មោះ គង់ សុខគីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាមន្រ្តីឥនទានឯកជន ស្នាក់នៅផ្ទះជួលភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិត្រពាំងវែង ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ក្រោយបញ្ចប់ម៉ោងការងារបម្រើសេវាជាមួយអតិថិជនរបស់ខ្លួនតាមមូលដ្ឋាន វេលាថ្ងៃត្រង់ទៅហើយ ក្តៅហើយស្រេកទឹកទៀត ឆ្លៀតពេលធ្វើដំណើរដល់ហាងកាហ្វេមួយកន្លែង តាមផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង ក៏ចូលអង្គុយសម្រាក សំចតហូបកាហ្វេមួយកែវសិន អស់រយៈពេល៣០នាទីក្រោយ អស់កាហ្វេមួយកែវ តម្លៃ១៥០០រៀល លុះចេញមកវិញ ទើបដឹងថា ចោរលួចម៉ូតូទៅបាត់ គិតតម្លៃ១៥០០ដុល្លារ ទើបឆោឡោ ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានមិត្តភក្តិរួមការងារឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ឲ្យជួយស្រាវជ្រាវ ៕

RELATED ARTICLES