Monday, November 25, 2024
Homeនយោបាយសម្តេចហ៊ុន សែន ព្រមានបក្សប្រឆាំង កុំការពារបុគ្គលក្បត់ជាតិ ប្រយ័ត្នរលាយបក្ស

សម្តេចហ៊ុន សែន ព្រមានបក្សប្រឆាំង កុំការពារបុគ្គលក្បត់ជាតិ ប្រយ័ត្នរលាយបក្ស

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងព្រមាន បក្សប្រឆាំង កុំការពារបុគ្គលក្បត់ជាតិ ប្រយ័ត្នរលាយបក្ស។

ការថ្លែងបែបនេះ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចបានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ កញ្ញា ២០១៧ និងក្រោយពេលដែលលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានឃាត់ខ្លួនទាំងកណ្តាលយប់ ហើយពេលនេះ ត្រូវបានឃុំខ្លួននៅមន្ទីរអប់រំកែប្រែត្រពាំងផ្លុង ម.៣ នៅខេត្តត្បូងឃ្មុំ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅពេលនោះថា ការចាប់ខ្លួនលោកកឹម សុខា ព្រោះតែលោកកឹម សុខា បានបង្ហាញ ផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់គាំទ្រដោយសហរដ្ឋអាមេរិក ដែលនេះជាទោសក្បត់ជាតិ មិនអាចអត់ឱនបានឡើយ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមាន ប្រសាសន៍នៅពេលនោះថា “យប់មិញនេះ យើងត្រូវចាប់លោកកឹម សុខា ទាំងយប់ អំពីទោសក្បត់ជាតិតែម្តង។ ហេតុអីយើងត្រូវចាប់? បើគ្មានរឿងធ្ងន់ យើងមិនចាំបាច់ចាប់ធ្វើអីទេ តែរឿងនេះវាធ្ងន់ពេក ហើយវាកំពុងតែឈានជាបណ្តើរៗ យើងក៏បានស្វែងរកអាបាតដៃទី៣ ជាអ្នកណា? ឥឡូវយើងរកឃើញអាបាតដៃទី៣ហើយ…។ ឥឡូវព្រឹកមិញនេះ បានបញ្ចាំងគ្រប់ទូរទស្សន៍ហើយ វីដេអូនេះវាវែងបន្តិច តែបើវីដេអូចាក់ទាំងអស់ អាហ្នឹងស្ថានទម្ងន់ហ្នឹង វាកាន់តែធ្ងន់ហើយ។ ប៉ុន្តែរឿងក្បត់ជាតិ ហើយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវ តម្រូវឱ្យចាប់ខ្លួន ហើយមិនត្រូវបរទេសណាមក លូកលាន់ចំពោះកិច្ចការរបស់កម្ពុជាទេ។ ជាពិសេស អ្នកដែលបាតដៃទី៣ ដែលធ្លាប់ប្រើលន់ នល់ ធ្វើរដ្ឋប្រហារ ឥឡូវរឿងដដែលវាកើត…។ បន្ទាប់ ពីការនិយាយហើយ បានជាមានងាប់មនុស្សនៅ ផ្លូវវេងស្រេងអ្វីៗទាំងអស់ មនុស្សនេះអ្នកកសាង។ ដូច្នេះការចាប់ខ្លួននៅពេលនេះ គឺជាការទូទាត់ បញ្ជីពីដើមដល់ចប់ ហើយបាតដៃពីក្រោយ វា នៅតែដដែល គឺអាមេរិកាំង។ អំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្បត់ជាតិខ្លួនឯង គឺ តម្រូវឱ្យមានការចាប់ខ្លួនភ្លាមៗ។ មិនអាចទេ ក្នុងពាក្យសម្បថ អ្នកដែលចូលស្បថនៅចំពោះ ព្រះភក្ត្រ ព្រះមហាក្សត្រ ចំពោះស្វេតច្ឆត្រ ចំពោះ ព្រះសង្ឃរាជ្យទាំង២គណៈ សុទ្ធតែបញ្ជាក់បង្ហាញ អំពីការដែលមិនឱ្យពួកបរទេស មកបង្គាប់បញ្ជា គោលនយោបាយក្នុងនិងក្រៅប្រទេស ឥឡូវ នេះសារភាពច្បាស់ណាស់ “ខ្ញុំមិនមែនធ្វើតាម ចិត្តខ្លួនឯងទេ គឺមានសាស្ត្រាចារ្យ…” ស្អីៗ អ៊ីចឹង បម្រើបរទេសដាច់ខាតហើយ។ បងប្អូន បាន បោះឆ្នោតគាំទ្រគេខុសហើយ ស្មារតីជាតិនិយម នៅកន្លែងណា? ឯករាជ្យជាតិ នៅកន្លែងណា? បានជាមកអំពាវនាវ ឱ្យគេមកជាន់ឈ្លីអធិបតេយ្យរបស់យើងបែបនេះ។ ដូច្នេះការចាប់ខ្លួន ត្រូវធ្វើភ្លាម អត់មានបង្អង់ទេ ហើយបើសិន ជាគណបក្សហ៊ានចេញការពារ គណបក្សនោះ ក៏នឹងត្រូវជួបវាសនានៃការរំលាយចោលគណបក្ស។ ឥឡូវមេដឹកនាំសង្គ្រោះជាតិ ខ្លួនត្រូវ ទទួលខុសត្រូវបែបណា? ដើម្បីធានាជាមួយ នឹងប្រជាពលរដ្ឋ? ដើម្បីធានាថា បក្សខ្លួនមិនត្រូវបានរំលាយ? ហើយរឿងនេះ យើងទុកឱ្យតុលាការ ដើម្បីនឹងវិនិច្ឆ័យទៅ។ យោងទៅលើ ច្បាប់ការជាប់គុកអំពីបទក្បត់ជាតិបែបនេះ គឺ ក្នុងរង្វង់ពី១៥ ទៅ៣០ឆ្នាំ វាមិនយូរទេ”។

សម្តេចហ៊ុន សែន បានបន្តថា “ហេតុអី បានគ្រាន់តែចង់ប្តូររបប ចង់ផ្តួលមេដឹកនាំពី មុនមានម្តងហើយ អំពាវនាវឱ្យទាហាន បែរ ចុងកាណុងមករករាជរដ្ឋាភិបាល តែយើងអត់នឹក ស្មានការឃុបឃិតមួយបែបនេះ មានរយៈពេល ជាង២០ឆ្នាំ បំផ្លាញប្រទេសនេះ។ ដូច្នេះភាព រំជើបរំជួល កើតឡើងជាបន្តបន្ទាប់ម្នាក់នេះ។ តាមរយៈនេះ យើងនឹងស្វែងរកនូវជនបរទេស  ណាខ្លះដែលជាប់ពាក់ព័ន្ធ? វាមិនមែនជាបញ្ហា លេងសើចទេ រឿងនេះរឿងជាតិធំណាស់។ ដូច្នេះនៅពេលទទួលបានឯកសារ យើងត្រូវប្រជុំ ទាំងយប់ ចេញសេចក្តីថ្លែងការណ៍ទាំងយប់ ចាប់ខ្លួនទាំងយប់។ អ៊ីចឹងយើងអត់មានជម្រើស ទេ តើយកជម្រើសចាប់ខ្លួនតែម្នាក់ ឬត្រូវ ជម្រើសបញ្ជូនកងទ័ព ដើម្បីចូលបង្ក្រាបនៅ ស្នាក់ការគណបក្សទាំងអស់? ជម្រើសចាប់ខ្លួន ម្នាក់ល្អជាង។ ប្រសិនមានទង្វើណាដែលផ្ទុយ នឹងច្បាប់ៗនឹងបន្តធ្វើរហូតដល់ដំណាក់កា់ល។ បើសិនជាបក្សចេញមុខមកការពារបុគ្គលធ្វើ ខុសច្បាប់ បក្សក៏ត្រូវប្រឈមមុខ ជាមួយនឹងការ ត្រូវរំលាយចោលដែរ ហើយរឿងវាទាក់ទង ជាមួយបក្សនេះ រឿងនេះនិយាយនៅអូស្ត្រាលី ថ្ងៃ០៨ ខែធ្នូ ត្រឡប់មកវិញហើយ បានវា មានអាចលនាកើតឡើង ផ្ទុះងាប់មនុស្សនៅផ្លូវ វេងស្រេងស្អីៗ។ អ៊ីចឹងបូកឱ្យម្នាក់ហ្នឹងទទួល ខុសត្រូវទៅ  ហើយមានប៉ុន្មានទៀត មេខ្យល់ ប៉ុន្មានទៀត កុំថាប្រទេសនេះផ្តាច់ការណា៎! អត់ទេ រដ្ឋអធិបតេយ្យមួយ មិនអាចបរទេស មកធ្វើរបៀបនេះទេ នេះជាអំពើក្បត់ជាតិ លក់ ផលប្រយោជន៍ជាតិ ឱ្យបរទេស គ្រាន់តែដើម្បី ផ្តួលរំលំ និងឡើងកាន៉អំណាចខ្លួនឯង អាមេរិកាំង ធ្លាប់ធ្វើរឿងនេះជាមួយលន នល់ ឥឡូវ អាមេរិកាំង ក៏ធ្វើរឿងនេះជាមួយកឹម សុខា។ បងប្អូនជនរួមជាតិ សុំមេត្តាស្ងប់ស្ងាត់ ទុកឱ្យ តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ មិនឱ្យទុក អំពើក្បត់ជាតិបែបនេះ កើតមាននៅលើទឹកដី កម្ពុជា សាជាថ្មីម្តងទៀតទេ យើងឈឺចាប់លើស ពីការគ្រប់គ្រាន់ទៅហើយ ប្រជាពលរដ្ឋរបស់ យើង ឈឺចាប់ខ្លាំងណាស់ហើយ ល្មមផ្តល់ ឱ្យពួកគាត់នូវសេចក្តីសុខ។ គ្រាន់តែស្អប់ហ៊ុន សែន ម្នាក់ ឬស្អប់គណបក្សប្រជាជនកម្ពុជា អ្នក ឯងនាំបរទេសមកធ្វើវិធីសាស្ត្រផ្តួលរំលំ ហើយ ខ្ញុំអំពាវនាវចំពោះសហរដ្ឋអាមេរិក និងប្រទេស មួយចំនួនទៀត សុំកុំលូកដៃជាមួយនឹងកិច្ចការ ទាំងឡាយ ដែលស្ថិតក្នុងដែនអធិបតេយ្យ និង ផលប្រយោជន៍ជាតិរបស់កម្ពុជា។ ទោសក្បត់ ជាតិ គឺជាទោសដែលធ្ងន់ជាងគេ ក្នុងចំណោម ទោសដែលត្រូវមាន។ ជនបរទេសដែលឃុប- ឃិត បើមិនមែនជារដ្ឋាភិបាល គេត្រូវតែមាន ការបកស្រាយសមហេតុសមផលមួយ តើរដ្ឋាភិបាលអាមេរិក ឬបុគ្គលអាមេរិក ធ្វើរឿងនេះ?…”។

ដោយឡែក ថ្លែងនៅក្នុងឱកាសអញ្ជើញ សម្ពោធព្រះវិហារអ៊ិស្លាម ជើមៀក ដែលមានទីតាំងនៅមិនឆ្ងាយពីទីរួមខេត្តកំពង់ចាម កាល ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រៅពីបាន ថ្លែងអំណរអរគុណបងប្អូនអ៊ិស្លាមដ៏ស្មោះ ដែល តែងតែគាំទ្រសម្តេចផ្ទាល់ និងបានបោះឆ្នោត ឱ្យគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិ (គឺ ៨០% បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា) នោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកឱ្យបន្ត ខិតខំរក្សាសន្តិភាពក្នុងដៃឱ្យជាប់ ដោយមិនឱ្យបរទេសណាមកបំផ្លេចបំផ្លាញខ្មែរ បានឡើយ ហើយបរទេស ត្រូវតែគោរពអធិបតេយ្យរបស់កម្ពុជា ព្រោះការធ្វើបដិវត្តន៍ពណ៌ កន្លងមក ដូចនៅមជ្ឈិមបូព៌ា រួមទាំងអ៊ីរ៉ាក់ លីប៊ី យឺមែន ស៊ីរី គឺបានបំផ្លាញប្រទេសជាតិ និងធ្វើឱ្យបាត់បង់ជីវិតមនុស្ស ជាច្រើនមកទល់ សព្វថ្ងៃនេះ ដែលធ្វើឱ្យកម្ពុជា ខ្លោចផ្សាខ្លាំង ណាស់ តាមរយៈសង្គ្រាម។ ដូច្នេះតម្រូវការ សំខាន់មុនគេ គឺត្រូវរក្សាសន្តិភាពឱ្យខានតែបាន មិនឱ្យជនបរទេស ប្រើប្រាស់ខ្មែរមកសម្លាប់ខ្មែរ តទៅទៀតទេ។ បានន័យថា កម្ពុជាមិនបំផ្លាញ សេចក្តីសុខរបស់អ្នកណា ហើយយើងក៏មិនឱ្យ អ្នកណា មកបំផ្លាញសេចក្តីសុខរបស់ខ្មែរបាន ដែរ។

សម្តេចហ៊ុន សែន ក៏បានបញ្ជាក់បន្ថែម ថា ទាក់ទងនឹងព្រឹត្តិការណ៍ចាប់ខ្លួនបុគ្គលក្បត់ ជាតិកន្លងទៅនេះ សម្តេចបានបញ្ជាឱ្យធ្វើការ ស្រាវជ្រាវជាបន្ទាន់ ដល់ជនបរទេសទាំងឡាយ ណាដែលបានលូកដៃចូលរួម ក្នុងការឃុបឃិត បំផ្លាញកម្ពុជា។ ជនបរទេសទាំងឡាយណាក៏ដោយ ដែលមានបំណងបំផ្លាញកម្ពុជា ត្រូវតែ បញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។ ពួកគេ មិនត្រូវមកជ្រៀតជ្រែកការងារផ្ទៃក្នុង និងផលប្រយោជន៍ប្រជាពលរដ្ឋ ព្រមទាំងផលប្រយោជន៍ ជាតិរបស់ប្រទេសកម្ពុជាឡើយ។

ជាមួយនេះ សម្តេចហ៊ុន សែន ក៏បាន ហៅសេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក  ពាក់ព័ន្ធនឹងការចាប់ខ្លួនលោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ នោះថា ជាការថ្លែងការពារអាយ៉ងរបស់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះហើយ ទើបសម្តេចប្រកាស ឱ្យមានការស៊ើបអង្កេត បន្ថែមទៀត ទៅលើជនបរទេសដែលមានការ ពាក់ព័ន្ធទង្វើក្បត់ជាតិរបស់លោកកឹម សុខា ព្រោះលោកកឹម សុខា កំពុងដើរតាមគន្លង របស់លោកសេនាប្រមុខ លន់ នល់ និងព្រះអង្គ ម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ដែលមានការឃុបឃិត ជាមួយសហរដ្ឋអាមេរិក ដូចបង្ហាញនៅក្នុង សំឡេងដែលបែកធ្លាយ។ បើដូច្នេះ ចលនាតវ៉ា បាតុកម្មដែលបង្កឱ្យមានពលរដ្ឋស្លាប់ កាលពី ឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ នៅផ្លូវវេង- ស្រេងនោះ ក៏មានការពាក់ព័ន្ធនឹងអំពើក្បត់ជាតិ នេះដែរ ដែលត្រូវតែមានវិធានការជាបន្ទាន់។ ម៉្យាងទៀត លោកកឹម សុខា បានធ្វើខុសនឹង សម្បថរបស់ខ្លួនឯង ដែលបានស្បថនៅព្រះបរមរាជវាំង និងមុខព្រះភ័ក្ត្ររបស់ព្រះមហាក្សត្រ និងសម្តេចសង្ឃទាំងពីរគណៈ  ដែលសន្យា មិនឱ្យបរទេស មកបង្គាប់បញ្ជាគោលនយោ- បាយរបស់ខ្លួនក្នុងប្រទេស និងក្រៅប្រទេសជាដើម។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “សូមគោរពអធិបតេយ្យរបស់ កម្ពុជា មិនត្រូវប្រើប្រាស់វិធីផ្តួលរំលំតាមរយៈ របស់ដែលហៅថា បដិវត្តន៍ពណ៌ទេ។ ខ្ញុំមិនដឹង ថា បងប្អូននៅទីនេះយល់យ៉ាងណានោះទេ ព្រោះអ្វីដែលបានកើតឡើង នៅឯមជ្ឈិមបូព៌ា បើទោះបីបងប្អូនយល់ ស្គាល់សាដដាម ហ៊ូសសេន ស្គាល់ហ្គាដាហ៊្វី ស្គាល់អាសាដ យ៉ាងណា ស្រលាញ់ អ្នកណា ខ្ញុំមិនដឹងទេ ក៏ប៉ុន្តែសោកនាដកម្មរបស់ បងប្អូននៃប្រទេសអារ៉ាប់មួយចំនួន តើកើតចេញ ពីអ្វីទៅ? នោះហើយ ខ្ញុំមិនទាន់និយាយពី អតីតកាលរបស់កម្ពុជាទេ ខ្ញុំគ្រាន់តែឱ្យទាំងអស់ គ្នាក្រឡេកមើលទៅប្រទេសអ៊ីរ៉ាក់ ទៅប្រទេស លីប៊ី ទៅប្រទេសស៊ីរី ទៅប្រទេសយេមែន ហើយ មុននោះក៏មានប្រទេសអេហ្ស៊ីប ផងដែរ ដែល យើងបានខិតខំជម្លៀសនិស្សិតរបស់យើង កាល ពេលនោះ ដែលកំពុងរៀននៅទីនោះ។ ការស្អប់ខ្ពើម ការមិនចូលចិត្តចំពោះសាដដាម ហ៊ូសសេន រួចហើយចោទថា គេមានអាវុធប្រល័យលោក កងទ័ពចូលទៅ។ ឥឡូវស្លាប់សាដដាម ហ៊ូសសេន មួយ តើប្រទេសអ៊ីរ៉ាក់ មានសន្តិភាពហើយ ឬនៅ? មានប្រជាធិបតេយ្យហើយឬនៅ? បើ វានៅក្រោមគ្រាប់បែក គ្រាប់ផ្លោង នឹងការវ៉ៃ ប្រហារនានា។ ប្រទេសលីប៊ី បន្ទាប់ពីការស្លាប់ របស់ហ្គាដាហ៊្វី តើប្រទេសលីប៊ី បានទទួល សេចក្តីសុខហើយឬនៅ? ប្រទេសស៊ីរី ភាព ខ្ទេចខ្ទាំនៅទីនោះ ដោយកាន់កាប់រហូតទៅ ដល់បែងចែក៣ក្រុម។ ក្រុមរដ្ឋាភិបាល ក្រុម ដែលពួកអាមេរិកគាំទ្រ និងក្រុមពួកអាយស៊ីស នៅតែបន្តធ្វើឱ្យប្រទេសនេះខ្ទេចខ្ទាំ។ អតីតកាលរបស់យើងនៅឆ្នាំ១៩៧០ យើងខ្លោចផ្សា ខ្លាំងណាស់ យើងរងទុក្ខវេទនារួមគ្នា។ អ៊ីចឹង ទេ បានជាយើងត្រូវឃើញចំណុចទាំងនេះ។ ជាមួយនឹងការដើម្បីឈានឡើងទៅមុខ តម្រូវ ការមុនគេ គឺការរក្សាសន្តិភាពឱ្យខាងតែបាន ទោះដោយតម្លៃណាក៏ដោយ មិនអាចឱ្យបរទេស មកប្រើប្រាស់ជនជាតិខ្មែរ ដើម្បីសម្លាប់ខ្មែរ តទៅទៀតទេ”។

គួរបញ្ជាក់ថា បន្ទាប់ពីមានការចាប់ខ្លួន លោកកឹម សុខា ភ្លាមៗនៅយប់ថ្ងៃដដែលនោះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា ការចាប់ខ្លួនមេបក្សប្រឆាំងនេះ គឺ ក្នុងបទល្មើសជាក់ស្តែង ដោយអនុលោមតាម ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ច ប្រមូលបាន ភ័ស្តុតាងអំពីផែនការសម្ងាត់ នៃការឃុបឃិត គ្នារវាងលោកកឹម សុខា និងបក្ខពួក ជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។

សេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ មានខ្លឹមសារថា “រាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណមតិជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០០ៈ៣៥នាទីនេះ ឈ្មោះកឹម សុខា ត្រូវបាន ចាប់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ក្នុងបទល្មើសជាក់ស្តែង ដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល សូមជម្រាបជូនថា តាមរយៈវីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយដោយ បណ្តាញ CBN (Cambodian Broadcasting Network) ដែលមានទីតាំងនៅអូស្ត្រាលី និងភ័ស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ច ប្រមូលបាន គឺបានបង្ហាញឱ្យឃើញច្បាស់អំពី ផែនការសម្ងាត់ នៃការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្ខពួក ជាមួយបរទេស ដែល ធ្វើឱ្យប៉ះពាល់ ដល់ព្រះរាជាណាចក្រកម្ពុជា។ អំពើនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោស តាមប្បញ្ញត្តិនៃមាត្រា៤៤៣ (បទសន្ឋិដ្ធិភាពជា- មួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ពាល់ដល់ សន្តិសុខនៃរដ្ឋមាតិកាទី១ ស្តីពីការប៉ះពាល់ដល់ ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើស ប្រឆាំងនឹងជាតិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ វីដេអូខាងលើនេះ ក៏កំពុង តែបន្តផ្សាយ រហូតមកដល់ពេលនេះផងដែរ។ បច្ចុប្បន្ន ឈ្មោះកឹម សុខា ស្ថិតនៅក្រោមការឃាត់ខ្លួន និងការចាត់ការតាមច្បាប់ ដោយ ស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ។

រាជរដ្ឋាភិបាល សូមអំពាវនាវឱ្យរក្សាភាព ស្ងៀមស្ងាត់ និងទុកករណីនេះ ជូនតុលាការ ដើម្បីចាត់ការបន្ត ជាសមត្ថកិច្ចស្របច្បាប់ និង និតិវីធីជាធរមាន…”។

អ្នកនាំពាក្យទីស្តីគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា ការចាប់ខ្លួនលោកកឹម សុខា គឺរដ្ឋាភិបាលមានភ័ស្តុតាងគ្រប់គ្រាន់ ដែល បញ្ជាក់ថា លោកកឹម សុខា ពិតជាបានប្រព្រឹត្តកំហុស។ រាជរដ្ឋាភិបាលកម្ពុជា ធ្វើបែបនេះ ដើម្បីការពារអធិបតេយ្យ និងសន្តិភាព ដោយ មិនឱ្យបរទេសជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង កម្ពុជា ហើយការចាប់ខ្លួនលោកកឹម សុខា នេះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា និង អាមេរិកនោះទេ។

លោកផៃ ស៊ីផាន បានសរសេរនៅក្នុង គណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៧ ថា “សូមអរគុណ សម្តេច តេជោ ដែលបានបង្កើតនូវវប្បធម៌ស្នេហាជាតិថ្មី និងខុសប្លែកពីជំនាន់មុនៗ។ កាលមុន គេតែង តែប្រជែងគ្នា ផ្គាប់ផ្គុនបរទេសជាចៅហ្វាយ ក្នុងន័យស្នេហាជាតិ ដើម្បីអំណាចផ្ទាល់ខ្លួនរបស់គេ។ អ្នកស្នេហាជាតិ គេបែងចែកអ្នក ស្នេហាជាតិ បម្រើលោកខាងកើត និងអ្នកស្នេហា ជាតិ បម្រើលោកខាងលិច។ ប៉ុន្តែសម័យតេជោ  អ្នកស្នេហាជាតិ គឺផលប្រយោជន៍ខ្មែរជាធំ និង ជាអាទិភាពបំផុត ដែលជាលទ្ធភាព និងសមត្ថកិច្ចពង្រឹងឯករាជ្យភាព និងការពារអធិបតេយ្យ ជាតិជាចម្បង។ នេះជាភាពលេចឡើងនៃសម័យ កាលថ្មីរបស់កម្ពុជា ដែលធ្វើឱ្យក្រុមចក្រពត្តិ មួហ្មង ខូចចិត្ត ចេញជាប្រតិកម្មប្រតិកិរិយា គួរ ឱ្យខ្មាសអៀន ក្នុងកិច្ចការពារពួកអាយ៉ងរបស់ គេ ក្នុងការជៀតជ្រែកផ្ទៃក្នុង លួចប្លន់សិទ្ធិនៃ ការសម្រេចជោគវាសនាផ្ទាល់របស់ប្រជាពលរដ្ឋ ប្រាសចាកពីការជៀតជ្រែកពីខាងក្រៅ។ នេះ ជាតម្លៃអធិបតេយ្យរបស់ប្រជាពលរដ្ឋខ្មែរ ដែល ត្រូវខ្មែរទាំងអស់ និងគ្រប់និន្នាការរួបរួមគ្នា ការពារ”។

លោកសុខ ឥសាន តំណាងរាស្ត្រ និងជា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែង ថា លោកកឹម សុខា ចាញ់សម្បថនៅព្រះរាជវាំង ទើបបានជាត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះ  បញ្ជូនចូលពន្ធនាគារ។

លោកសុខ ឥសាន បានលើកឡើងថា អនុវត្តតាមរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា តំណាងរាស្ត្រទាំងអស់ ដែលជាប់ឆ្នោត ត្រូវស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ និងសម្តេច សង្ឃទាំង២គណៈ ដោយសច្ចាប្រណិធានថា មិនស្តាប់បង្គាប់ ឬធ្វើតាមបរទេស មិនលក់ ក្បាលឱ្យបរទេសទេ ដើម្បីការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យស្ថិតស្ថេរគង់វង្ស។ ប៉ុន្តែ លោកកឹម សុខា បានសារភាពដោយខ្លួនឯងថា ធ្វើតាមការបង្គាប់របស់បរទេសយ៉ាងពិតប្រាកដ។ ដូច្នេះហើយបានជាលោកកឹម សុខា ត្រូវ បានចាប់ខ្លួនពីបទក្បត់ជាតិ គឺដោយសារក្បត់ ពាក្យសម្បថ ឬចាញ់សម្បថនេះឯង។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានបញ្ជាក់តាមហ្វេសប៊ុករបស់លោក នៅថ្ងៃដដែលនោះថា “អំពើត្រូវរ៉ូវគ្នាដោយ សម្ងាត់ជាមួយបរទេស ដើម្បីបង្កបញ្ហាដល់ កម្ពុជានោះ ជាបទឧក្រិដ្ឋ ដែលមានចែងក្នុង មាត្រា៤៤៣បទសន្ទិដ្ឋិភាពជាមួយបរទេសនៃ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ប្រសិនអំពើនេះ ប្រព្រឹត្តដោយពលរដ្ឋខ្មែរ នោះ ជាអំពើក្បត់ជាតិ ដែលមានកំណត់ច្បាស់ ក្នុងមាត្រា៤៣៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ សម្តីលោកកឹម សុខា តាមរយៈវីដេអូឃ្លីប កំពុងតែផ្សព្វផ្សាយរហូតមក ដល់ពេលនេះដែលនេះគឺជាបទល្មើសជាក់ស្តែង។ ហេតុនេះ មន្ត្រីមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ស្របតាមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ អភ័យឯកសិទ្ធិសភា ពុំអាចការពារសមាជិកសភាដែលប្រព្រឹត្ត បទល្មើសជាក់ស្តែងបានទេ។ ដំណាក់កាលនេះ ស្ថិតក្រោមសមត្ថកិច្ចតុលាការកម្ពុជា ហេតុនេះ សូមទុកជូនស្ថាប័នឯករាជ្យនេះ ដំណើរការនីតិវិធីទៅតាមច្បាប់”។

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ លោកគឹម សន្តិភាព បានសរសេរបន្ថែមថា “ទង្វើខុសច្បាប់ ពុំមែនជាមធ្យោបាយពង្រឹង លទ្ធិប្រជាធិបតេយ្យនោះទេ! របបប្រជាធិបតេយ្យ ក៏មិនមែនកើតចេញពីអំពើក្បត់ជាតិឯង នោះដែរ! ផ្ទុយទៅវិញ អំពើក្បត់ជាតិ ជាមធ្យោបាយសម្លាប់របបប្រជាធិបតេយ្យ! គ្មានប្រទេសណាអនុញ្ញាតឱ្យអំពើក្បត់ជាតិ រួចខ្លួនពីសំណាញ់ ច្បាប់នោះឡើយ! ដំណើរនៃរបបប្រជាធិបតេយ្យ នៅកម្ពុជា ត្រូវស្ថិតក្នុងគន្លងច្បាប់!”។

ជុំវិញការចាប់ខ្លួនលោកកឹម សុខា នេះ ដែរ ស្ថាប័នក្រសួងនៅក្រោមចំណុះរដ្ឋាភិបាល រួមមានក្រសួងការពារជាតិ ស្នងការនគរបាល ជាតិ នៃក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលរាជធានីភ្នំពេញ ជាដើម និងសហព័ន្ធ សមាគម ដែលក្រុមការងារ ដែលគាំទ្រសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា រួមមានក្រុមយុវជន ស្រលាញ់សន្តិភាព សមាគមពលរដ្ឋខ្មែរទាំង៦ នៅប្រទេសអូស្ត្រាលី និងប្រទេសណូវ៉ែលហ្សេឡង់ដ៍ វេទិកា សម្ព័ន្ធសង្គមស៊ីវិលជាដើម ក៏បានចេញញត្តិគាំទ្រ ចំពោះចំណាត់ការតាមផ្លូវ ច្បាប់របស់ស្ថាប័នសមត្ថកិច្ច លើលោកកឹម សុខា ដោយបានបញ្ជាក់ក្នុងន័យដូចគ្នាថា “ដើម្បី អំណាចរបស់ខ្លួន បុគ្គលកឹម សុខា បានដើរញុះញង់បរទេសឱ្យយល់ខុសពីកម្ពុជា រួមសហការ ដោយផ្ទាល់ជាមួយបរទេស បង្កវិទ្ធង្សនាក្នុងសង្គមជាតិ ជាបន្តបន្ទាប់ រហូតយកអាយុជីវិតបងប្អូន ប្រជាពលរដ្ឋស្លូតត្រង់ ដែលចាញ់បោកការឃោសនារបស់ខ្លួនទៅប្រឈមនឹងផ្លូវច្បាប់ តាមរយៈការញុះញង់ឱ្យបង្កហិង្សា ចលាចល ធ្វើឱ្យមានអសន្តិសុខក្នុងសង្គម ម្តងហើយម្តងទៀត ដោយគ្មានអៀនខ្មាស ដើម្បីទាក់ទាញ ការគាំទ្រពីបរទេស ក៏ព្រោះតែបុព្វហេតុតែមួយ របស់ខ្លួន គឺ “អំណាច” ទោះបីជាជាតិខ្មែរ ត្រូវ ឈមមុខរលំរលាយក៏ដោយចុះ ដែលនេះគឺជា ចេតនាទុច្ចរិតជួជាតិបំផុត ក្នុងការដណ្តើមអំណាច របស់បុគ្គលកឹម សុខា តាមរយៈការប៉ុនប៉ងផ្តួល រំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពី ការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស”។

លោកកឹម សុខា ពេលសមត្ថកិច្ចចាប់វាយខ្នោះនៅគេហដ្ឋាន

ញត្តិរបស់ក្រសួង ស្ថាប័នទាំងនោះ បញ្ជាក់ថា “យើងខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចលើបុគ្គលកឹម សុខា ពីទង្វើក្បត់ជាតិ ដែលបានឃុបឃិតនិងរៀបចំ ផែនការផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ជាមួយ បក្ខពួក និងជនបរទេសមួយចំនួន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អធិបតេយ្យភាព និងឯករាជ្យជាតិ”។

ជាមួយគ្នានេះដែរ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ សមាគមពលរដ្ឋខ្មែរទាំង៦ ដែលស្ថិតនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ដ៍ ក៏បានធ្វើញត្តិគាំទ្រចំពោះចំណាត់ការ តាមផ្លូវច្បាប់ របស់ស្ថាប័នមានសមត្ថកិច្ចលើ បុគ្គលកឹម សុខា ដែលមានខ្លឹមសារទាំងស្រុង ថា “យើងខ្ញុំជាតំណាងឱ្យសមាគមពលរដ្ឋខ្មែរ ទាំង៦ ស្ថិតនៅប្រទេសអូស្ត្រាលី និងប្រទេស ណូវ៉ែលហ្សេឡង់ដ៍ (១)សមាគមវប្បធម៌កម្ពុជា សាជីវកម្ម រដ្ឋអូស្ត្រាលីខាងត្បូង (២)សមាគម យុវជនខ្មែរ រដ្ឋធានីវែល្លីងតុន (៣)សមាគម ខ្មែរ-អូស្ត្រាលី នៃរដ្ឋឃ្វីនស្គែនដ៍ សាជីវកម្ម (៤)សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា (៥)សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំ រដ្ឋអូស្ត្រាលីខាងត្បូង សាជីវកម្ម និង (៦)សមាគមយុវជនខ្មែរទីក្រុងសីដន៍” សូមសម្តែងនូវ ការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការ របស់ស្ថាប័នមានសមត្ថកិច្ច ចំពោះបុគ្គលកឹម  សុខា ដែលបានឃុបឃិតគ្នាជាមួយបក្ខពួក បរទេសមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់ អធិបតេយ្យ និងឯករាជ្យភាពសង្គមជាតិ។ ទង្វើរបស់បុគ្គលកឹម សុខា គឺជាបទល្មើសជាក់ស្តែង (អនុលោមតាម ក្រមនិតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) និងជាអំពើក្បត់ជាតិដែលទាមទារចាំបាច់ត្រូវ តែទប់ស្កាត់ និងផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាង តែបាន។ យើងខ្ញុំមានការខកចិត្តជាខ្លាំងចំពោះ បុគ្គលកឹម សុខា ដែលជាអ្នកនយោបាយបញ្ច្រាសទិស ហ៊ានលួចឃុបឃិតជាមួយបក្ខពួកបរទេស  ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាម បែបបដិវត្តន៍ពណ៌ ដែលជាទង្វើក្បត់ជាតិធ្ងន់ មិនអាចអត់ឱនឱ្យបានឡើយ។

យើងខ្ញុំមិននឹកស្មានថា ដើម្បីមហិច្ឆតា អំណាចរបស់ខ្លួន បុគ្គលកឹម សុខា បានឃុបឃិត ជាសម្ងាត់ និងរួមសហការដោយផ្ទាល់ជាមួយ បរទេស បង្កវិទ្ធង្សនាក្នុងសង្គមជាតិជាបន្តបន្ទាប់ រហូតយកអាយុជីវិតប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ (ដែលចាញ់បោកការឃោសនានយោបាយ) ទៅប្រឈមនឹងផ្លូវច្បាប់ តាមរយៈការញុះញង់ ឱ្យបង្កហិង្សា បង្កចលាចល នាំឱ្យមានអសន្តិសុខ ក្នុងសង្គមម្តងហើយម្តងទៀត ដោយគ្មាន អៀនខ្មាស។ ទង្វើរបស់បុគ្គលកឹម សុខា អាច បង្កឱ្យបាត់នូវការរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ បង្កទៅជា វិនាសកម្មសង្គ្រាម ដូចជាបណ្តាប្រទេសមួយ ចំនួន ដូចជាប្រទេសស៊ីរី ប្រទេសអ៊ីរ៉ាក់ ប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសដទៃជាច្រើនទៀត ហើយប្រទេសទាំងប៉ុន្មាននេះ ត្រូវបានខ្ទេចខ្ទី នូវសំណង់ អគារ ផ្លូវថ្នល់ ប្រជាពលរដ្ឋស្លូត ត្រង់បានរត់គេចគ្រាប់កាំភ្លើង និរទេសចាកចេញពីប្រទេស រត់ជ្រកកោននៅប្រទេសដទៃ ដោយដេកស៊ីអត់ស៊ីឃ្លាន ព្រាត់ប្រាសប្រពន្ធកូន (ទាំងអស់នេះ គឺបង្កឡើងដោយការឈ្លានពាន និងញុះញង់ពីសំណាក់បរទេសបិសាច  ប្រជាធិបតេយ្យ។ យើងខ្ញុំសូមសម្តែងនូវការគាំទ្រចំពោះ ចំណាត់ការ របស់ស្ថាប័នមានសមត្ថកិច្ច និង សូមស្នើឱ្យមានការផ្តន្ទាទោស ឱ្យបានធ្ងន់បំផុត ចំពោះអំពើក្បត់ជាតិ ដែលមិនអាចអត់ឱនឱ្យ បាន”។

លោកពេជ្រ ស្រស់

ដោយឡែក គណបក្សយុវជនកម្ពុជា  ដែលមានលោកពេជ្រ ស្រស់ ជាប្រធាន ក៏បានចេញ សេចក្តីថ្លែងការណ៍បញ្ជាក់ថា  អ្នកនយោបាយ ទាំងអស់នៅកម្ពុជា ដាច់ខាតមិនត្រូវទៅចុះចូល ជាមួយបរទេស ដើម្បីបំផ្លាញកម្ពុជានោះឡើយ។ ដូច្នេះការចាប់ខ្លួនប្រធានគណបក្សនយោបាយ មួយចំនួន នៅក្នុងពេលបច្ចុប្បន្ន គឺបណ្តាលមកពីបុគ្គល ធ្វើសកម្មភាពផ្ទុយទៅនឹងច្បាប់ ដែលមានចែងជាធរមាន។

សេចក្តីថ្លែងការណ៍ជុំវិញស្ថានភាពនយោបាយចុងក្រោយ នៅក្នុងប្រទេសកម្ពុជា របស់គណបក្សយុវជនកម្ពុជា ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ មានខ្លឹមសារថា “ក្រោយពីតុលាការ ប្រទេសកម្ពុជា ចាប់ខ្លួនប្រធានគណបក្សនយោបាយ មួយចំនួនជាបន្តបន្ទាប់ ហើយពេលថ្មីៗនេះ ក៏ បន្តចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ផងដែរនោះ គឺជាសញ្ញាមួយដ៏គួរ ឱ្យព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពអ្នកធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែយើង មិនអាចទប់ស្កាត់អ្នកអនុវត្តច្បាប់បានទេ ដោយ ហេតុថា “ច្បាប់គឺច្បាប់” ហើយការចាប់ខ្លួន ប្រធានគណបក្សនយោបាយមួយចំនួនក្នុងពេល បច្ចុប្បន្ន គឺបណ្តាលមកពីបុគ្គលធ្វើសកម្មភាព ផ្ទុយទៅនឹងច្បាប់ដែលមានចែងជាធរមាន។

ក្នុងន័យនេះ អ្នកនយោបាយទាំងអស់នៅ កម្ពុជា មិនគួរ ឬដាច់ខាតទៅចុះចូលជាមួយ បរទេស ដើម្បីបំផ្លាញប្រទេសកម្ពុជា នោះឡើយ។ ជាក់ស្តែងប្រវត្តិសាស្ត្រដូចនៅសម័យលន់ នល់ ដែលកាលណោះក្រុមលោកលន់ នល់ បានរត់ ទៅពឹងរដ្ឋាភិបាលអាមេរិក ឱ្យគាំទ្រសកម្មភាព របស់ខ្លួន ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ចេញពីអំណាច ប៉ុន្តែ លទ្ធផលចុងក្រោយ ប្រទេសកម្ពុជា ត្រូវរងនូវ ភាពវិនាសអន្តរាយដោយសារការវាយប្រហារ។

ដូច្នេះគណបក្សយុវជនកម្ពុជា សូមអំពាវនាវដល់អ្នកនយោបាយទាំងអស់នៅក្នុងប្រទេសកម្ពុជា មេត្តាគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បី ពង្រឹងនីតិរដ្ឋ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ  នៅក្នុងប្រទេសកម្ពុជា”៕

កុលបុត្រ

RELATED ARTICLES