ខេត្តកណ្តាល ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស បានប្រកាសយ៉ាង ម៉ឺងម៉ាត់ជាថ្មី បូជាជីវិត ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលដឹកនាំដោយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ដើរតាមគោលនយោបាយដឹកនាំប្រទេស របស់ សម្តេច ក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងគាំទ្របេក្ខភាពសម្តេចហ៊ុន សែន ជា នាយករដ្ឋមន្ត្រី គ្រប់អាណត្តិ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីរំលឹកខួបឆ្នាំទី៩ នៃការបង្កើតបញ្ជាការដ្ឋានអង្គរក្សនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ។
លោកហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ នៅពេលនោះថា “បញ្ជាការដ្ឋានអង្គរក្ស សូម ប្រកាសបូជាជីវិត ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងដើរតាមគោលនយោបាយដឹកនាំប្រទេសរបស់សម្តេច លើការ រក្សាសន្តិភាព ការអភិវឌ្ឍឱ្យរីកចម្រើនរហូត មកដល់ពេលនេះ ហើយប្រកាសគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ”។
លោកហ៊ីង ប៊ុនហៀង បានបន្តថា “ក្នុង នាមជាអង្គរក្ស បើមិនការពាររាជរដ្ឋាភិបាល ស្របច្បាប់ ការពារនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ តើឱ្យការពារអ្វីទៅវិញ?”។
លោកផ្កាយ៤ មេបញ្ជាការកងអង្គរក្ស បានឱ្យដឹងថា រថក្រោះនៅបញ្ជាការដ្ឋានអង្គរក្ស មិនមែនមានត្រឹមតែ៥០គ្រឿងនោះទេ គឺមាន រហូតដល់១០០គ្រឿងឯណោះ ហើយសព្វាវុធ ទំនើបៗទាំងអស់នេះ ទុកដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនរាជរដ្ឋាភិបាលស្របច្បាប់ និងប្រជាជនទូទាំងប្រទេស មិនមែនទុកធ្វើសង្គ្រាមនោះទេ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បញ្ជាការដ្ឋានអង្គរក្ស បានប្រារឰ ខួបលើកទី៩ (៤ កញ្ញា ឆ្នាំ២០០៩ – ៤ កញ្ញា ឆ្នាំ២០១៧) ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃ បញ្ជាការដ្ឋានអង្គរក្ស ដែលមានទីតាំងនៅក្រុង តាខ្មៅ ខេត្តកណ្តាលនោះ ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំក្នុងជួរកងទ័ព និងមន្ត្រី ពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ យោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ផ្ញើជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាក់ថា “កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានជួយសេនាធិការដល់ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់រាល់សភាពការណ៍នានា ដែលកើតឡើង ជាយថាហេតុ។ ក្នុងនោះសាលារាជធានីភ្នំពេញ និងសប្បុរសជនជាតិអន្តរជាតិ ក៏បានជួយដល់ បញ្ជាការដ្ឋានអង្គរក្ស នាពេលកន្លងមកផងដែរ ដូច្នេះដើម្បីជាការលើកទឹកចិត្ត ខ្ញុំបាទគោរព ស្នើសុំអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ មេត្តា ផ្តល់ជូននូវគ្រឿងឥស្សរិយយស រួមមាន ៖ គ្រឿងឥស្សរិយយស ជាតូបការចំនួន៤គ្រឿង និងគ្រឿងឥស្សរិយយស សហមេត្រីថ្នាក់មហាសិរីវឌ្ឍន៍ចំនួន១២គ្រឿង សម្រាប់បំពាក់ជូន សប្បុរសជន ដែលបានខិតខំជួយដល់បញ្ជាការ ដ្ឋានអង្គរក្សនាពេលកន្លងមក”។
គួរបញ្ជាក់ថា បញ្ជាការដ្ឋានអង្គរក្ស ត្រូវ បានបង្កើតឡើង ចំណុះអគ្គបញ្ជាការដ្ឋាន នៃ កងយោធពលខេមរភូមិន្ទ។ បញ្ជាការដ្ឋាន អង្គរក្ស ស្ថិតក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការពារ- ជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអ្នកធានាផ្គត់ផ្គង់ ភ័ស្តុភារ ហិរញ្ញវត្ថុ គ្រឿងបំពាក់កម្លាំង និង ហ្វឹកហ្វឺន៕
ខៀវទុំ