ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានី បានសម្រេចចោទប្រកាន់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” ដែលជាទោសក្បត់ជាតិ តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ខណៈដែលកូនស្រីលោកកឹម សុខា និងមន្ត្រីជំនិតជាច្រើនរូបរបស់លោក ក៏ត្រូវប្រឈមនឹងដីកាកោះរបស់តុលាការ ដើម្បីសាកសួរពីបទពាក់ព័ន្ធខាងលើនោះផងដែរ។
នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា បន្ទាប់ពីបានពិនិត្យសំណុំរឿង ព្រមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេតដោយពិនិត្យភ័ស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក មានមូលដ្ឋានគ្រប់គ្រាន់ឱ្យតំណាងអយ្យការធ្វើការចោទប្រកាន់លោកកឹម សុខា ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” ដែលជាអំពើក្បត់ជាតិ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុងថា “អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ឈ្មោះ កឹម សុខា មានមុខងារជាប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ ចាប់ខ្លួននៅក្នុងអង្គហេតុ នៃបទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹងផែនការសម្ងាត់ និងសកម្មភាពនៃការឃុបឃិតគ្នារវាង ឈ្មោះកឹម សុខា ជាមួយបរទេស ដែលធ្វើឱ្យមានភាពវឹកវរ និងប៉ះពាល់ព្រះរាជាណាចក្រកម្ពុជា។ ផែនការសម្ងាត់នេះ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៣ និងបន្តរហូតមកដល់បច្ចុប្បន្ននេះ ហើយខ្លឹមសារ សំខាន់នៃផែនការរួមជាមួយបរទេស ក្បត់នឹងកម្ពុជានេះ ត្រូវលាតត្រដាងបង្ហាញតាមរយៈវីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) មានទីតាំងនៅប្រទេសអូស្ត្រាលី រួមជាមួយនិងភ័ស្តុតាង ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបានកន្លងមក។
អំពើឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេសខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោស តាមបញ្ញត្តិនៃមាត្រា៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមសម្តីជាចំហរបស់ឈ្មោះកឹម សុខា នៅក្នុងវីដេអូឃ្លីប ដែលកំពុងបន្តផ្សព្វផ្សាយ មកដល់ពេលនេះ រួមទាំងភ័ស្តុតាងដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន បង្ហាញច្បាស់ថា សកម្មភាពឃុបឃិតជាមួយបរទេស ក្បត់កម្ពុជានេះ កើតមានពីឆ្នាំ១៩៩៣ ហើយផែនការនេះ បន្តអនុវត្តជាជំហានៗ រហូតមកដល់បច្ចុប្បន្ននេះ។ ការធ្វើសកម្មភាពបន្តមកដល់ពេលនេះ គឺកំណត់បានជាស្ថានភាពនៃបទល្មើសជាក់ស្តែង ដោយយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ការចាប់ខ្លួនឈ្មោះ កឹម សុខា ត្រូវបានធ្វើឡើងស្របតាមក្រម នីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១២ នៃច្បាប់ ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ។
បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេតដោយពិនិត្យភ័ស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថា មានមូលដ្ឋានគ្រប់គ្រាន់ឱ្យតំណាងអយ្យការធ្វើការចោទប្រកាន់ លើឈ្មោះកឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៣៥២៨ អ.យ.ឋ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមសាធារណជន និង ស្ថាប័នពាក់ព័ន្ធ ជ្រាបជាព័ត៌មាន”។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ សូមគាំទ្រចំណាត់ការ និងការសម្រេចរបស់តុលាការ ទៅលើលោកកឹម សុខា ដែលជាប់ចោទពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេសនេះ។ ដូច្នេះ ក្រសួងយុត្តិធម៌ នឹងរង់ចាំតាមដានមើលបន្តទៀត ក្រោយពីករណីនេះឆ្លងផុតពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយនឹងចូលដល់ដំណាក់កាល នៃសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ។
លោកគឹម សន្តិភាព បានមានប្រសាសន៍ថា “បាទ! ខ្ញុំសូមជម្រាបថា ក្រសួងយុត្តិធម៌ ដែលជាអ្នកមានស្មារតីមួយ គឺថាជំរុញឱ្យមានការគោរពអនុវត្តច្បាប់ជាទូទៅ។ អ៊ីចឹងសូមអំពាវនាវឱ្យតុលាការ ចាត់ការលើសំណុំរឿងនេះ ប្រកបដោយភាពត្រឹមត្រូវតាមច្បាប់។ និយាយទៅ ខ្ញុំសូមជម្រាបថា យើងឃើញថា អយ្យការបានចោទប្រកាន់ ទៅលើជនត្រូវចោទកឹម សុខា រួចហើយ ដូច្នេះយើងគួរតែរង់ចាំទាំងអស់គ្នាមើលលើចំណាត់ការរបស់តុលាការជាបន្តទៀត ព្រោះអីឥឡូវ កំពុងតែឈានចូលដល់ដំណាក់កាលស៊ើបសួរ ហើយដែលចៅក្រម ស៊ើបសួរ ជាអ្នកទទួលបន្ទុកលើការងារហ្នឹង។ ដូច្នេះយើងរង់ចាំមើលទាំងអស់គ្នា ព្រោះអីយើង មិនមែនតុលាការទេ។ អ៊ីចឹង ភារកិច្ចនេះ គឺជាភារកិច្ចរបស់តុលាការនៅក្នុងការចាត់ការក្នុងរឿងនេះ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតឈឹម ផលវរុណ បានបញ្ជាក់ថា បទក្បត់ជាតិ ដែលត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ ទៅលើលោកកឹម សុខា នោះ វាជាជំហានមួយ ទៀត ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានមោទនភាពគាំទ្រឱ្យស្ថាប័នរដ្ឋ អនុវត្តធ្វើយ៉ាងណាការពារនូវទឹកចិត្តស្នេហាជាតិរបស់កម្ពុជា។
លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “លក្ខណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលស្រលាញ់ជាតិ ស្នេហាជាតិ ដែលយើងមើលសមិទ្ធផលស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា គឺរំដោះជីវិត ហើយ កសាងជីវិត និងការពារប្រទេសរហូតមក។ ដូច្នេះ នៅពេលដែលមានទង្វើក្បត់ជាតិ ពីបុគ្គលណាមួយ គឺគណបក្សប្រជាជនកម្ពុជា តែងតែមិនគាំទ្រចំពោះអំពើក្បត់ជាតិរបស់ជនណាជាដាច់ខាត។ អ៊ីចឹងហើយបានជាគណបក្សប្រជាជនកម្ពុជា គាំទ្រជានិច្ច ចំពោះចំណាត់ការរបស់ស្ថាប័នរដ្ឋ ដើម្បីការពារអធិបតេយ្យជាតិរបស់យើង កុំឱ្យបរទេសលូកដៃ ហើយកុំឱ្យមកអូសទាញបំបែកខ្មែរ ហើយបម្រើបរទេសនោះ។ ដល់ឥឡូវនេះ បទក្បត់ជាតិ ត្រូវបានអយ្យការអមសាលាដំបូង បានធ្វើការចោទប្រកាន់ទៅលើលោកកឹម សុខា វាជាជំហានមួយទៀត ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានមោទនភាព គាំទ្រក្នុងស្ថាប័នរដ្ឋ ដើម្បីអនុវត្តធ្វើយ៉ាងណា ដើម្បីចេតនាតែមួយមុខទេ គឺការពារនូវទឹកចិត្ត ស្នេហាជាតិរបស់កម្ពុជា ហើយក្នុងនេះ គឺគណបក្សប្រជាជនកម្ពុជា មានការពេញចិត្តណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះ យើងចង់ឱ្យអំណាចតុលាការ ធ្វើការស្រាវជ្រាវបន្តទៀត ចំពោះ បក្ខពួកនៃក្រុមលោកកឹម សុខា ដែលបានលក់ អធិបតេយ្យជាតិ ដែលបានដាក់ខ្លួនក្រោមបញ្ជាបរទេស ជាពិសេស អាមេរិកាំង ហ្នឹង ដើម្បីបំផ្លាញសេចក្តីសុខកម្ពុជា។ ពីព្រោះគណបក្សប្រជាជនកម្ពុជា ឈរលើកាតព្វកិច្ចនៃការថែរក្សាសន្តិភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ហើយនិងការការពារនូវស្ថិរភាព។ អ៊ីចឹងនៅពេលដែលរដ្ឋាភិបាល បានចំណាត់ការបានទាន់ពេលវេលាចាប់ឃុំខ្លួនលោកកឹម សុខា ហើយបានប្រគល់តួនាទីទៅតុលាការ គឺយើងចង់ឱ្យមានការស្រាវជ្រាវរកឱ្យឃើញ បន្ថែមទៀត ទៅលើបក្ខពួកដែលជាអ្នកនយោបាយខ្មែរ ក៏ដូចជាបក្ខពួក ឬក៏មេខ្លោងជាជនបរទេស ដែលជាអ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹង លោកកឹម សុខា”។
ដោយឡែក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នោះដែរ ទំព័រហ្វេសប៊ុកឈ្មោះ “សីហា” បានសរសេរលើកឡើងថា រឿងក្តីលោកកឹម សុខា ដែលត្រូវបានតុលាការចោទប្រកាន់ពីបទក្បត់ជាតិនោះ មានភាពពាក់ព័ន្ធគ្នារយោងរយាន ដូចសម្លកំពឹស គឺអាចពាក់ព័ន្ធដល់កូនស្រីទាំង ២នាក់ របស់លោកកឹម សុខា និងមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ជាច្រើនរូបទៀត ដែលអ្នកទាំងនោះ នឹងត្រូវតុលាការចេញដីកាកោះហៅទៅសាកសួរនៅពេលខាងមុខនេះ។
ទំព័រហ្វេសប៊ុក “សីហា” បានសរសេរថា “សំណុំរឿងប្រទាក់ក្រឡា កឹម សុខា ដូចសម្លកំពឹស។ ភ្លាមៗក្រោយពេលអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិយាយជាសាធារណៈ នៅអូស្ត្រាលី ពីផែនការយុទ្ធសាស្ត្រជាសម្ងាត់ គាំទ្រពេញទំហឹងដោយសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ដើម្បីទម្លាក់រដ្ឋាភិបាលលោកហ៊ុន សែន អ្នកច្បាប់មួយរូប ដែលស្និទ្ធជាមួយលោកអនុប្រធានបក្ស អេង ឆៃអ៊ាង បានខ្សឹបប្រាប់មិត្តភក្តិជិតស្និទ្ធបំផុតរបស់ខ្លួនថា “ក្នុងសំណុំរឿងដ៏ធំ និងវែងអន្លាយរបស់លោកកឹម សុខា មួយនេះ គឺអាចនឹងមានមនុស្សជំនិតបំផុត ដែលលោកកឹម សុខា ទុកចិត្តនៅក្នុងការរៀបចំ និងអនុវត្តគម្រោងការប្រទាក់ក្រឡាជាប្រព័ន្ធនេះ ដែលមានឈ្មោះ ស្ថិតនៅក្នុងបញ្ជីខ្មៅតុលាការ ដែលត្រូវនាំខ្លួន មកសួរនាំហើយចៀសមិនផុតទេ។ តាមខ្ញុំដឹង អ្នកដែលជាប់ផ្ទាល់ និងយូរយារជាមួយលោក កឹម សុខា ច្រើនជាងគេបំផុត ហើយដឹងរឿង រាក់ជ្រៅ ជាពិសេស រឿងសម្ងាត់ៗ គឺមានលោក ប៉ុល ហំម លោកយ៉ែម បុញ្ញប្ញទ្ធិ លោកអ៊ូ ចាន់ប្ញទ្ធិ៘ ហើយបើតាមខ្ញុំយល់ បើផ្អែកលើប្រវត្តិទំនាក់ទំនងការងារនយោបាយ លោកសុន ឆ័យ ក៏អាចជំពាក់ក្នុងរឿងនេះដែរ ព្រោះទាំងកឹម សុខា និងសុន ឆ័យ ធ្លាប់បាននៅជាមួយគ្នាក្នុងគណបក្សលោកតា សឺន សាន”។
ទំព័រហ្វេសប៊ុកដដែល បានបន្តថា “ម៉្យាងវិញទៀត បើតាមការផ្សព្វផ្សាយលើប្រព័ន្ធអនឡាញ ហើយបើតុលាការ គេបើកមុំធំក្នុងការស្រាវជ្រាវស៊ើបអង្កេតនោះ អ្នកដែលអាចស្ថិតក្នុងបញ្ជីខ្មៅ ដែលត្រូវជាប់ជំពាក់ក្នុងសំណុំរឿង ដ៏ធំមួយនេះ គឺកូនស្រីទាំងពីររបស់លោកកឹម សុខា គឺអាកឹម មនោវិទ្យា និងអាកឹម សម្មាធីតា ព្រោះអាពីរនាក់នេះ ក៏មានជំពាក់វាក់វិន ជាមួយភ្នាក់ងារ CIA របស់អាមេរិកដែរ។
យោងតាមប្រភពមន្ត្រីអ្នកច្បាប់មួយរូប ក្នុងសាលាដំបូងរាជធានីភ្នំពេញ ដែលសុំឱ្យលាក់ឈ្មោះ ក៏បានបញ្ជាក់ផងដែរថា ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ ដោយផ្អែកលើក្រម នីតិវិធីព្រហ្មទណ្ឌ ជនសង្ស័យទាំងអស់ ដែលមានការពាក់ព័ន្ធ គឺមានដូចសម្លកំពឹសអ៊ីចឹង”។
ក្នុងចំណុចនេះ អ្នកពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ឱ្យតុលាការ ស៊ើបអង្កេតរកភាគីពាក់ព័ន្ធបន្តទៀត ហើយអំពាវនាវឱ្យមជ្ឈដ្ឋានប្រជាពលរដ្ឋ រក្សាភាពស្ងប់ស្ងាត់ ដូចដែលរដ្ឋាភិបាលបានចេញសេចក្តី ថ្លែងការណ៍ និងប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍។
លោកគឺម សន្តិភាព បានមានប្រសាសន៍ថា “ខ្ញុំសូមជម្រាបថា ជំហររបស់ក្រសួង គឺស្នើឱ្យតុលាការ សូមអនុវត្តតាមនីតិវិធីដែលមានចែងក្នុងច្បាប់ ហើយជាសំណូមពរ ដូចអ្វីដែលសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល អ៊ីចឹង គឺក្នុងនាមក្រសួងយុត្តិធម៌ ក៏សូមសំណូមពរ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមរក្សាភាពស្ងប់ស្ងាត់ ហើយសូមទុកករណីសំណុំរឿងនេះ គឺជាភារកិច្ចរបស់តុលាការ ក្នុងការអនុវត្តនីតិវិធីរបស់ខ្លួន ដែលទៅតាមផ្លូវច្បាប់ ហើយទៅ តាមតួនាទីភារកិច្ចដែលជាស្ថាប័នឯករាជ្យដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទូទៅ គឺថារក្សាភាព ស្ងប់ស្ងាត់ និងកុំមានការយល់ច្រឡំទៅលើការ អនុវត្តនីតិវិធីតាមផ្លូវច្បាប់នេះ គឺសូមរក្សាភាព ស្ងប់ស្ងាត់ ចៀសវាងការចាញ់បោកទៅនឹងការ បំផុសបំផុលញុះញង់ផ្សេងៗ ដែលជនអគតិអាច នឹងប្រើប្រាស់រូបភាពមួយចំនួន ធ្វើឱ្យយើង មានការភ័ន្តច្រឡំលើនីតិវិធីនេះ”។
ចំណែកលោកឈឹម ផលវុណ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា អំពើ ក្បត់ជាតិនេះ វាមិនអាចមានតែលោកកឹម សុខា ម្នាក់ឯងនោះទេ គឺវាត្រូវមានបក្ខពួកដែលចូល រួមចំណែកក្នុងកិច្ចការហ្នឹងដែរ ទើបបានទៅ រួច។ ដូច្នេះគណបក្សប្រជាជនកម្ពុជា មានជំនឿ ទុកចិត្តទៅលើស្ថាប័នតុលាការ និងស្ថាប័នមាន សមត្ថកិច្ច ក្នុងការស្រាវជ្រាវរកឱ្យឃើញភាគី ដែលពាក់ព័ន្ធនោះ។
លោកឈឹម ផលវរុណ បានមានប្រសាសន៍ ថា “បាទ! ការស្វែងរកបក្ខពួកដែលពាក់ព័ន្ធ ទោះបីអ្នកហ្នឹងឋានៈនៅក្នុងគណបក្សសង្គ្រោះជាតិ ឬក៏យ៉ាងណាផ្សេងទៀត គឺយើងមានជំនឿ ទុកចិត្តទៅលើស្ថាប័នតុលាការ និងស្ថាប័នមាន សមត្ថកិច្ច ក្នុងការស្រាវជ្រាវរកឱ្យឃើញ ពីព្រោះ អំពើក្បត់ជាតិនេះ វាមិនអាចតែកឹម សុខា ម្នាក់ ឯងទេ គឺវាត្រូវមានបក្ខពួកដែលចូលរួមចំណែក ក្នុងកិច្ចការហ្នឹង បានទៅរួច។ សម្រាប់គណបក្ស ប្រជាជនកម្ពុជា គឺចង់បានឱ្យមានការកាត់ទោស និងរកឃើញ ជនដែលពាក់ព័ន្ធនឹងអំពើក្បត់ជាតិ នេះ ដែលយើងមានសុទិដ្ឋិនិយមថា អំណាច តុលាការ នឹងធ្វើការការពារប្រឆាំងទៅនឹងការ លូកដៃរបស់បរទេស ដែលជាវិធីចង់អូសទាញ កម្ពុជា ឱ្យធ្លាក់នៅក្នុងសង្គ្រាមទៀត ដែលជា អ្វីដែលគណបក្សប្រជាជនកម្ពុជា ប្រឆាំងជា ដាច់ខាត មិនអាចឱ្យប្រទេសកម្ពុជា ធ្លាក់នៅ ក្នុងសង្គ្រាម ដោយសារតែនយោបាយអាមេរិកាំងតទៅទៀតទេ។ ដូច្នេះហើយ កម្ពុជា គឺមិន ទៅធ្វើទុក្ខបុកម្នេញអ្នកណាទេ ប៉ុន្តែកម្ពុជា ក៏ មិនដាក់ខ្លួនឱ្យគេមករុកកួន បំផ្លាញសេចក្តីសុខ របស់ប្រជាជាតិកម្ពុជា បានដែរ”។
ទោះជាយ៉ាងណា ពាក់ព័ន្ធបញ្ហានេះដែរ មិនអាចទាក់ទងសុំមតិយោបល់ ឬការបញ្ជាក់ បំភ្លឺឆ្លើយតបពីលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។ ប៉ុន្តែមុននេះ គណបក្សសង្គ្រោះជាតិ ក៏បានចេញ សេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចាប់ខ្លួនលោកកឹម សុខា ដោយចាត់ទុកថា ការចាប់ខ្លួនលោកកឹម សុខា ដោយតក់ ក្រហល់នេះ គឺធ្វើឡើងដោយហេតុផលនយោបាយ និងជាទង្វើរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយសារថា ការចាប់ខ្លួននេះ ធ្វើ ឡើងទាំងកណ្តាលអធ្រាត្រ និងក្នុងខណៈដែល លោកកឹម សុខា គឺជាអ្នកតំណាងរាស្ត្រ ដែល មានអភ័យឯកសិទ្ធិសភា។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ លេខពិសេស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៧ នោះ បានបញ្ជាក់ថា “គណបក្សសង្គ្រោះជាតិ អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ដោះ លែង កឹម សុខា ជាបន្ទាន់ និងឥតលក្ខខណ្ឌ និងអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយធ្វើ អន្តរាគមន៍ ដើម្បីឱ្យមានការដោះលែងលោក កឹម សុខា និងបញ្ឈប់ការគំរាមកំហែង គាប សង្កត់តាមគ្រប់រូបភាព មកលើគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ តទៅទៀត។ ជាថ្មីម្តងទៀត គណបក្សសង្គ្រោះជាតិ សូមប្រកាសជាឱឡារិក ថា គណបក្សធ្វើ សកម្មភាពនយោបាយ និងមានគោលនយោបាយប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ដោះស្រាយបញ្ហាជាតិដោយសន្តិវិធី ខ្មែរតែមួយ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មិនយកខ្មែរណា ធ្វើជាសត្រូវ គោរពគោលការណ៍នីតិរដ្ឋ និង ប្រជាធិបតេយ្យ ដើម្បីនាំមកនូវការផ្លាស់ប្តូរ ជាវិជ្ជមាន តាមរយៈការបោះឆ្នោត”។
ដោយឡែក កូនស្រីទី២របស់លោកកឹម សុខា កញ្ញាកឹម សម្មាធីតា បានសរសេរក្នុងទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង និងទំព័រហ្វេសប៊ុក លោកកឹម សុខា ជាឪពុកនាង នៅរសៀលថ្ងៃ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ថា “ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់លោកកឹម សុខា ពីបទឃុបឃិតនឹងបរទេស។ អ្នកស្នេហាជាតិ គេចាប់ចង គេចោទប្រកាន់ តើយុត្តិធម៌នៅមានទៀតទេ សម្រាប់បុរសម្នាក់នេះ?”។
គួរបញ្ជាក់ថា លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ ខ្លួន កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី០២ ឈាន ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅផ្ទះរបស់លោក នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោមបទចោទ ជាជនក្បត់ជាតិ ដែលស្តាប់ បញ្ជាអាមេរិក ដើម្បីធ្វើផែនការផ្តួលរំលំរដ្ឋាភិបាល ដោយយោងទៅលើសារនយោបាយ របស់លោកកឹម សុខា ដែលបានថ្លែងកាលពីឆ្នាំ ២០១៣ នៅប្រទេសអូស្ត្រាលី ហើយវីដេអូ ឃ្លីបនោះត្រូវបានផ្សាយដោយបណ្តាញ CBN (Cambodian Broadcasting Network)។
ក្នុងវីដេអូនោះ លោកកឹម សុខា បានរៀបរាប់ពីការតស៊ូរយៈពេលជាង២០ឆ្នាំ របស់លោក ប្រឆាំងនឹងរបបដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឈរលើគោលការណ៍ច្បាស់លាស់ និងជាការសន្សំការតស៊ូជា យូរណាស់មកហើយ ហើយថាការដែលពលរដ្ឋ ក្រោកឡើងប្រឆាំងរបបដឹកនាំរបស់សម្តេច ហ៊ុន សែន ក្រោយការបោះឆ្នោតនោះ គឺកើតឡើងដោយសារយុទ្ធសាស្ត្រច្បាស់លាស់ របស់អ្នកប្រឆាំង ដោយមានអ្នកជំនាញ និង សាស្ត្រាចារ្យ ពីប្រទេសប្រជាធិបតេយ្យ ដូចសហរដ្ឋអាមេរិក ជួយផ្តល់យោបល់។
ក្រោយឃាត់ខ្លួនលោកកឹម សុខា ក្រៅពីមានអង្គការ សមាគម សង្គមស៊ីវិល សហគមន៍ អន្តរជាតិ ស្ថានទូតបរទេសនានា រួមមានស្ថានទូតអូស្ត្រាលី ភ្នំពេញ ជាដើម បានចេញសេចក្តី ថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះ ការឃាត់ខ្លួនលោកកឹម សុខា ពីបទក្បត់ជាតិ នោះ ឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Zeid Ra’ad Al Hussein ក៏បានចេញសេចក្តីអធិប្បាយ ស្តីពីការចាប់ខ្លួន លោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំងនេះដែរ។
សេចក្តីអធិប្បាយរបស់លោក Zeid Ra’ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ មានខ្លឹមសារថា “ខ្ញុំមានការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួន លោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលទំនងជាត្រូវបានអនុវត្តដោយគ្មានការគោរព ចំពោះការធានាតាមនីតិវិធីត្រឹមត្រូវ រួមទាំងការគោរព ចំពោះអភ័យឯកសិទ្ធិសភារបស់លោក។
លោកត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ដែលប្រឈមនឹងការជាប់ពន្ធនាគាររយៈ ពេលចន្លោះពី ១៥ ទៅ៣០ឆ្នាំ ដោយផ្អែកលើវីដេអូទាក់ទិននឹងសុន្ទរកថា ដែលលោកបានថ្លែងនៅឆ្នាំ២០១៣ ហើយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចាប់តាំងពីពេលនោះមក។ ខ្ញុំក៏មានការព្រួយបារម្ភផងដែរ អំពីសេចក្តីថ្លែងការណ៍ជាសាធារណៈជាច្រើន របស់នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ ចំពោះការសន្មត ពិរុទ្ធភាពរបស់លោកកឹម សុខា ដែលជាការរំលោភលើគោលការណ៍ នៃការសន្មតជាមុន អំពីការគ្មានទោស និងសិទ្ធិទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌ ដែលលោកត្រូវមានសិទ្ធិទទួលបាន ក្រោមច្បាប់កម្ពុជា និងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ។
ការចាប់ខ្លួនលោកកឹម សុខា គឺជារឿងគួរឱ្យព្រួយបារម្ភបំផុត ដោយសារការចាប់ខ្លួននេះកើតឡើងចំពេលមានវិធានការថ្មីៗជាច្រើន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ វិធានការទាំងនេះបាននាំឱ្យមានការបិទអង្គការក្រៅរដ្ឋា- ភិបាលបរទេសមួយ និងបានប៉ុនប៉ងមកលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនានា ដែលរួមទាំងស្ថានីយវិទ្យុជាច្រើន និងកាសែតជាភាសាអង់គ្លេសឯករាជ្យដ៏សំខាន់មួយ គឺ The Cambodia Daily ដែលឥឡូវត្រូវបានបង្ខំឱ្យបញ្ឈប់ការ បោះពុម្ពផ្សាយ បន្ទាប់ពីបានប្រតិបត្តិការអស់ រយៈពេល២៤ឆ្នាំ…”។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអឺរុប និងការបរទេសបារាំង ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញនូវការព្រួយបារម្ភជុំវិញការចាប់ ខ្លួនប្រធានគណបក្សប្រឆាំងនៅកម្ពុជា លោក កឹម សុខា និងបានអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ប្រកាន់យកមាគ៌ាប្រជាធិបតេយ្យ ដ៏គួរឱ្យទុក ចិត្តឡើងវិញក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួង អឺរុប និងការបរទេសបារាំង ជុំវិញការចាប់ខ្លួន លោកកឹម សុខា (ប៉ារីស ថ្ងៃទី០៤ កញ្ញា ២០១៧) ដែលត្រូវបានផ្សាយក្នុងទំព័រហ្វេសប៊ុកស្ថានទូត បារាំងប្រចាំកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ២០១៧ មានខ្លឹមសារថា “ប្រទេសបារាំងមានការព្រួយ បារម្ភចំពោះការចាប់ខ្លួនលោកកឹម សុខា ប្រធាន គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា កាលពីពេលថ្មីៗនេះ។
ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមាន វិធានការរឹតបន្តឹងសេរីភាពបញ្ចោញមតិ និង សេរីភាពសមាគមនៅក្នុងប្រទេស ដែលនាំឱ្យ មានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។
ប្រទេសបារាំងអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ប្រកាន់យកមាគ៌ាប្រជាធិបតេយ្យ ដ៏គួរឱ្យទុកចិត្តឡើងវិញក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨។ ជាមួយដៃគូអឺរ៉ុបនានា ប្រទេសបារាំង ស្ថិតនៅ ក្បែរអាជ្ញាធរកម្ពុជា ដើម្បីគាំទ្រការប្រឹងប្រែង របស់ពួកគេនៅក្នុងទិសដៅនេះ”។
ចំណែកស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញនូវការ ព្រួយបារម្ភជុំវិញការចាប់ខ្លួនលោកកឹម សុខា នេះផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត អូស្ត្រាលី ប្រចាំកម្ពុជា លើស្ថានភាពនយោបាយ នៅកម្ពុជា ចុះថ្ងៃទី០៤ ខែកញ្ញា ២០១៧ មាន ខ្លឹមសារថា “អូស្ត្រាលី មានក្តីបារម្ភចំពោះការ វិវត្តន៍នាពេលថ្មីៗនៅកម្ពុជា ដែលបានគំរាម កំងែះដល់ការរឹតត្បិតនៃលម្អនយោបាយ ជាពិសេសសេរីភាពរបស់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងសារព័ត៌មាន ក្នុងការដើរ តួនាទីរបស់ពួកគេក្នុងលទ្ធិព្រជាធិបតេយ្យដ៏ ទូលំទូលាយនៅកម្ពុជា។ អូស្ត្រាលីមានក្តីបារម្ភ ជាពិសេសលើការចាប់ខ្លួនរបស់លោកកឹម សុខា ប្រធានគណបក្សប្រឆាំង សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ ខ្លួននេះ បង្ហាញនូវការវិវត្តន៍កាន់តែអាក្រក់ទៅ នៃស្ថានភាពនយោបាយមុនពេលការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
យើងសូមជំរុញអាជ្ញាធរកម្ពុជា ឱ្យចាត់វិធានការចាំបាច់នានាដើម្បីរក្សានូវលម្អលទ្ធិប្រជាធិបតេយ្យបើកចំហ ដែលអាចឱ្យមានការបញ្ចោញមីវទស្សនៈផ្សេងៗ។ សើភាពនៃ ការបញ្ចោញមតិ និងការប្រមូលផ្តុំសារព័ត៌មាន ដែលរស់រវើក និងបក្សប្រឆាំងដែលសកម្ម ជាធាតុផ្សំដ៏សំខាសន់នៃដំណើរលទ្ធិប្រជាធិបតេយ្យ ប្រកបដោយជោគជ័យ។
ក្នុងនាមជាមិត្តភក្តិដ៏យូរអង្វែងរបស់កម្ពុជា អូស្ត្រាលី សូមជំរុញដល់កម្ពុជា អនុវត្តយ៉ាង ពេញលេញនូវគោលការន៍លទ្ធិប្រជាធិបតេយ្យ ដូចដែលបានអះអាងក្នុងធម្មនុញ្ញអាស៊ាន និងគោរពសេរីភាពនៃការបញ្ចោញមតិ សមាគម និងការប្រមូលផ្តុំដោយសន្តិភាព”។
ទោះបីយ៉ាងណា ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចេញញត្តិគាំទ្ររាជរដ្ឋាភិបាល ស្តីពីចាប់ខ្លួនលោកកឹម សុខា និងបានថ្កោលទោស យ៉ាងដាច់អហង្ការ និងម៉ឺងម៉ាត់បំផុតចំពោះ ទង្វើលោកកឹម សុខា ដែលធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់បំផុតដល់សន្តិសុខជាតិ សន្តិភាព និងអធិបតេយ្យជាតិ។
ញត្តិគាំទ្ររបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ ចុះថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយ លោកឯកអគ្គរាជទូត ទុយ រី បានបញ្ជាក់ថា “ខ្ញុំបាទក្នុងនាមមន្ត្រី និងបុគ្គលិកនៃស្ថានបេស- កកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) នៅ ទីក្រុងញូវយ៉ក និងក្នុងនាមស្ថានឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកាណាដា ព្រមទាំងប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសកាណាដា សូម គាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់ រដ្ឋាភិបាល លើការចាប់ខ្លួនបុគ្គលកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០០ៈ៣៥ នាទីព្រឹក ដែលបានឃុបឃិតជាមួយបក្ខពួកបរទេស ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល កម្ពុជា ដែលជាអំពើក្បត់ជាតិ និងក្បត់ប្រជាជនកម្ពុជា និងជាអំពើថោកទាបបំផុត។
យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាង ដាច់អហង្ការ និងម៉ឺងម៉ាត់បំផុត ចំពោះទង្វើ របស់បុគ្គលកឹម សុខា ដែលធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់បំផុតដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម សន្តិភាព អធិបតេយ្យ ឯករាជ្យជាតិ និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ទង្វើ របស់បុគ្គលកឹម សុខា គឺជាបទល្មើសជាក់ស្តែង អនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌ របស់ កម្ពុជា ដែលចាត់ទុកជាអំពើក្បត់ជាតិ ដែលចាំបាច់ត្រូវតែផ្តន្ទាទោសតាមផ្លូវច្បាប់។
យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្តយ៉ាង ម៉ឺងម៉ាត់ រួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងប្តេជ្ញារួមគ្នា ជួយបន្តអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនធំធេងថែមទៀត ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ យើងខ្ញុំសូមគាំទ្រចំពោះសេចក្តី អំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យរក្សា ភាពស្ងប់ស្ងាត់ និងទុកករណីនេះ ជូនតុលាការ ដើម្បីចាត់ការបន្តជាសមត្ថកិច្ចស្របច្បាប់ និង នីតិវិធីជាធរមាន”៕
កុលបុត្រ