ភ្នំពេញ ៖ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោកខឹម វាសនា បានថ្លែងថា លោកមានការឈឺចាក់ឆៀបៗក្នុងចិត្ត ពេលឃើញលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាជាប់ខ្នោះ។
លោកខឹម វាសនា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ថា “តាំងពីក្រោយការចាប់ខ្លួន លោកកឹម សុខា មកមនុស្សដែលបង្ហាញថា ខ្លួននៅខាងលោកកឹម សុខា ទាំងអស់ រួមទាំង ពួកបរទេសផង ដែលបានបញ្ចោញមតិចំពោះ ការចាប់ខ្លួនលោកឹម សុខា ខ្ញុំរកមិនឃើញសូម្បី តែម្នាក់ ដែលប្រតិកម្មចេញមក ហើយអាច ជួយឱ្យស្ថានភាពជាក់ស្តែងរបស់លោកកឹម សុខា ឱ្យបានធូរស្រាលឡើង។ មិនត្រឹមតែមិនបាន ធូរស្រាលទេ តែរាល់ប្រតិកម្មនៃអ្នកគាំទ្រលោក កឹម សុខា សុទ្ធតែបានរឹតបន្ថែមស្ថានភាពលោក កឹម សុខា ឱ្យធ្ងន់បន្ថែមទៅទៀត។
ពួកគេនិយាយថា ពួកគេស្រឡាញ់លោក កឹម សុខា ពួកគេកំពុងរកវិធីជួយលោកកឹម សុខា ប៉ុន្តែសម្តីនិងចរិតប្រតិកម្មរបស់អ្នកគាំទ្រទាំងអស់នោះ សុទ្ធតែបានចូលរួមរុញស្ថានភាពលោក កឹម សុខា ឱ្យអាក្រក់បន្ថែមទៅទៀត។ វាប្រៀប បាននឹងលោកកឹម សុខា កំពុងតែត្រូវម៉ាស៊ីន កិនអ្វីមួយកៀបឆក់ដៃលោកកឹម សុខា ឱ្យចូល ទៅក្នុងចន្លោះធ្មេញនៃម៉ាស៊ីននោះ ហើយមាន មនុស្សយ៉ាងច្រើន បានទៅជួយរំដោះគាត់ឱ្យ បានផុតពីការកៀបដៃចូលក្នុងម៉ាស៊ីននោះ ប៉ុន្តែ គ្រប់អ្នកលូកដៃចូល ទៅជួយរំដោះការកៀប នោះ សុទ្ធតែបានធ្វើឱ្យដៃលោកកឹម សុខា ចូលទៅកៀបក្នុងធ្មេញម៉ាស៊ីននោះ កាន់តែជ្រៅ បន្ថែមទៀត ហើយវាអស្ចារ្យលើសពីហ្នឹងទៅ ទៀត គឺអ្នកដែលជួយរំដោះដៃគាត់ដែលកៀប នោះ បានឃើញថា ពេលពួកគេលូកដៃទៅជួយទាញ ដើម្បីរំដោះលោកកឹម សុខា នោះ បាន ធ្វើឱ្យដៃគាត់ កាន់តែចូលជ្រៅបន្ថែមទៅក្នុង ធ្មេញម៉ាស៊ីន ហើយពួកគេទាំងនោះ នៅតែមាន អារម្មណ៍ធម្មតា គ្មានញោចឈឺចាប់ជួសលោក កឹម សុខា ហើយដកដៃលៃរកវិធីថ្មីក្នុងការ ជួយលោកកឹម សុខា សោះ។ ពួកអ្នកជួយទាំងនោះ នៅតែបន្តទាញដៃលោកកឹម សុខា ដោយអារម្មណ៍ធម្មតា រហូតទាល់តែទាំងដៃទាំងខ្លួន លោកកឹម សុខា រមួលចូលទៅក្នុងធ្មេញម៉ាស៊ីន ទាំងស្រុងទៅហើយ។
តើហេតុអ្វីអ្នកដែលយើងមើលទៅឃើញថា កំពុងជួយលោកកឹម សុខា ទាំងនោះ នៅតែមិនព្រមញោចចិត្តលែងដៃលោកកឹម សុខា ឈប់បន្តជួយតាមរបៀបដដែល ដែលជាការជួយខុសទំនង រុញស្ថានភាពកៀបនោះឱ្យកាន់តែធ្ងន់ទៅវិញអ៊ីចឹង? នេះបើពេលកៀបដៃគាត់នោះ មានម្តាយលោកកឹម សុខា ទៅរំដោះកូនគាត់ដែរ ពេលនោះ អ្នកនឹងឃើញភាពខុសគ្នា រវាងម្តាយរបស់គាត់ និងអ្នកជួយផ្សេងទៀត យ៉ាងច្បាស់ ព្រោះថា អ្នកម្តាយរបស់គាត់នឹង ស្រែកឱ្យគេឈប់បន្តជួយកូនគាត់តាមរបៀប ដែលនាំឱ្យកូនរបស់គាត់ កាន់តែត្រូវម៉ាស៊ីនកៀប ចូលបន្ថែមទៀតជាក់ជាមិនខានឡើយ”។
លោកខឹម វាសនា បានសរសេរបន្តថា “តើមកពីហេតុអ្វី បានជាពួកគេដែលថា ស្រឡាញ់គាំទ្រលោកកឹម សុខា ស្រាប់តែបែរទៅ ជាធ្វើសកម្មភាព រុញស្ថានភាពលោកកឹម សុខា ឱ្យកាន់តែអាក្រក់បែបនេះទៅវិញ? ព្រោះថា ពួកគេមកជុំគ្នាមិនមែនព្រោះតែមនោសញ្ចោតនា រួមគ្នាដែលជាសភាពជុំគ្នានៃសន្តានមនុស្ស ល្អទេ តែពួកគេមកជុំគ្នា ព្រោះប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគេជាក្រុមមនុស្សរស់មិនបានប្រយោជន៍ ពីសង្គមនេះ មកត្រូវនឹងក្រុមលោកកឹម សុខា ដែលក៏ខ្លួនចង់ឆ្លៀតពេល ដែលពលរដ្ឋឈឺចាប់ នឹងសង្គមហ្នឹង ដើម្បីបានធ្វើធំ បានមុខបានមាត់ បុណ្យស័ក្តិពីស្ថានភាពឈឺចាប់ របស់ពលរដ្ឋដែរ ទៅ។ ពលរដ្ឋដែលចូលរួមក្នុងចលនាច្រើនបំផុត គឺជាមនុស្សមិនទទួលបានប្រយោជន៍ពីការដឹកនាំរបស់សង្គមនេះ បើខ្លួនគេបានប្រយោជន៍ វិញ ពួកគេនឹងមិនខ្វល់ថា សង្គមនេះបានផ្តល់ ភាពអយុត្តិធម៌ ដល់មនុស្សផ្សេងពីអាត្មាអញ ឬអត់ឡើយ គឺពួកគេនឹងគាំទ្រការដឹកនាំសព្វ ថ្ងៃភ្លាម ដែលការសម្រេចចិត្តគាំទ្រនោះ គឺផ្អែក ទាំងស្រុង តែទៅលើប្រយោជន៍ផ្ទាល់ខ្លួន។ ពេលសម្រេចអ្វីអំពីប្រយោជន៍ផ្ទាល់ខ្លួន សូម អ្នកគិតដល់តម្លៃនៃសីលធម៌ តែអ្នកគាំទ្របក្ស នេះសម្បូរ “មនុស្សដែលស្រែកជេរអំពើអាក្រក់ ដែលមិនស្អប់អំពើអាក្រក់” ពួកគេប្រតិកម្មនឹង ការចាប់ខ្លួនលោកកឹម សុខា មិនមែនដោយសារពួកគេ មានមនោសញ្ចោតនាស្រលាញ់គាត់ ទេ តែព្រោះតែអ្នកដឹកនាំដែលពួកគាត់សង្ឃឹម ថា រកប្រយោជន៍ឱ្យពួកគាត់បាន ត្រូវគេចាប់ខ្លួនយកទៅបាត់តែប៉ុណ្ណោះ វាប្រៀបបាននឹង ម្ចាស់ជ្រូក ដែលត្រូវចោរលួចចាប់យកជ្រូកដែល ពួកគាត់ខំចិញ្ចឹមដោយសង្ឃឹមយ៉ាងមាំថា នឹង លក់បានលុយយកទៅបាត់អ៊ីចឹងដែរ ដែលគាត់ យំជេរបញ្ចោរអ្នកលួចជ្រូកគាត់ទៅបាត់ មិនមែន ព្រោះគាត់ស្រឡាញ់ជ្រូកទេ តែគាត់យំ ខឹងក្តៅក្រហាយនឹងអ្នកលួចចាប់ជ្រូកគាត់យក ទៅបាត់នោះ គឺព្រោះតែស្តាយលុយដែលនឹង ត្រូវបានពីការលក់ជ្រូកតែប៉ុណ្ណោះ។ ករណីបើ គេឱ្យពួកគាត់សម្លាប់ជ្រូក ដើម្បីបានលុយច្រើន ជាងចិញ្ចឹមជ្រូក ក៏ពួកគាត់ព្រមធ្វើដែរ ឱ្យតែបានលុយ ព្រោះក្នុងចិត្តគាត់ ជ្រូកមិនសំខាន់ទេ ដែលសំខាន់ គឺលុយតែប៉ុណ្ណោះ។
ក្នុងជីវិតខ្ញុំ ខ្ញុំស្អប់មនុស្សធុននេះខ្លាំងណាស់។ គួរឱ្យសង្វេគលោកកឹម សុខា ជាពន់ពេកណាស់ គាត់សម្បូរអ្នកគាំទ្រគាត់ណាស់ តែអ្នកស្រឡាញ់ គាត់ពិតប្រាកដ មានតែគ្រួសារគាត់តែប៉ុណ្ណោះ។ គាត់ងងឹតណាស់ តែចង់បានមុខមាត់ថាជាអ្នក ស្នេហាជាតិណាស់ ចង់បានឈ្មោះថាជាអ្នកឆ្លាត វាងវៃ ពូកែលើសគេណាស់ តែការពិតក្នុងខ្លួន ប្រហោងធ្លុង ងងឹតទាំងបញ្ញា សន្តានជាអ្នក ជួយ ឬជនសប្បុរស ក៏ទទេស្អាតទៅទៀត ហើយ ដើរដឹកមុខហ្វូងមនុស្សទាំងលាននាក់ ដោយ មោទនភាពទៅទៀតផង។ ព្រោះតែបញ្ញាអន់ មិនដល់កាលីបជាអ្នកដឹកនាំមនុស្ស ហើយចេះតែរុលដោយអំនួត ដើម្បីទៅសម្តែងភាពថា អញអស្ចារ្យលើសគេនេះហើយ ដែលបណ្តាលឱ្យមាត់ដ៏រអិលខាងអួតរបស់គាត់ បន្លឺឡើងនូវ រឿងរ៉ាវគ្មានគម្រោងទុកជាមុន ក្នុងការនិយាយ រហូតនាំទុក្ខដល់ខ្លួន និងគ្រួសារខ្លួនផងអ៊ីចឹង ទៅនោះ។ ចរិតរបស់គាត់បែបនេះ ពិបាកឱ្យ គេអ្នកមានអំណាចពេញដៃ ធ្វើស្អីក៏បាន ទប់ចិត្ត មិនធ្វើគាត់បានណាស់ គាត់ធ្វើឱ្យគេស្គិញទ្រាំ អត់នឹងភាពអំនួត ដែលខ្លួនគាត់មិនមែនបែប ដូចគាត់ខំបង្ហាញផងមិនបានទេ”។
លោកខឹម វាសនា បានសរសេរបន្តទៀតថា “ជាអ្នកនយោបាយ ឬអ្នកដោះស្រាយបញ្ហា ជាដំបូង ត្រូវមើលឱ្យយល់ទីលាននយោបាយ ដែលខ្លួននឹងចូលមកដោះស្រាយ បន្ទាប់មក ត្រូវទទួលយក ឬទទួលព្រមនឹងស្ថានភាពជាក់ ស្តែងនៃទីលាននយោបាយដែលខ្លួនត្រូវចូលមក ដោះស្រាយនោះ។ ទីលាននយោបាយកម្ពុជា អ្នកប្រឆាំងទាំងអស់ ត្រូវទទួលព្រមមុនគេបំផុត គឺ “ស្ថានភាពនៃអំណាចប្រមូលផ្តុំ”។ ខ្ញុំឃើញ ដំណើរនយោបាយយ៉ាងប្រហោងធ្លុងទទេស្អាត គ្មានអ្វីក្រៅពីអួតរបស់គាត់ ខ្ញុំពិតជាសង្វេគក្នុងចិត្ត នូវភាពងងឹតរកផ្លូវជីវិតមិនឃើញរបស់គាត់ ណាស់ ហើយលើសពីនេះទៅទៀត កូនស្រីរបស់ គាត់ក៏ល្ងឹត ចេះតែអំនួតនាំយកឪពុកដែលទទេ ស្អាត ទៅលក់ឱ្យពលរដ្ឋ ដែលជាទង្វើចូលរួម នាំទុក្ខដល់ឪពុកចាស់ជរា របស់ខ្លួនទៅទៀត។ ពួកគេកំពុងតែបានលាភ បានមុខបានមាត់ពី ភាពភាន់ច្រឡំរបស់ពលរដ្ឋ ដែលសុទ្ធតែអ្នក ចេះដឹង អត់អ្នកណាដល់ធុនប្រជាពលរដ្ឋនេះ ចំពោះភាពប្រហោងធ្លុងរបស់ឪពុកខ្លួន និងខ្លួន ទៅទៀត ម្លោះហើយគ្មានអ្នកណាអាចទៅពញ្ញាក់ ស្មារតីឪពុកកូនមួយគ្រួសារនេះបានទេ។ បើជាខ្ញុំវិញ ខ្ញុំស្គាល់សមត្ថភាពឪពុក ដឹងថា ឪពុក ងងឹតណាស់ ខ្ញុំស្គាល់ស្ថានភាពដ៏គ្រោះថ្នាក់នៃ សង្គម ដែលអំណាចប្រមូលផ្តុំ ខ្ញុំមើលឃើញ យ៉ាងច្បាស់ ពីលទ្ធផលដែលឪពុកខ្ញុំនឹងទទួល នៅថ្ងៃណាមួយ ដោយចៀសមិនរួចឡើយនោះ ម៉្លេះខ្ញុំមិនអាចនៅស្ងៀម ចំពោះភាពគ្រោះថ្នាក់ ដែលខ្ញុំបានមើលឃើញថា នឹងកើតមានដោយ មិនចៀសបានឡើយ ចំពោះឪពុកជាទីស្រឡាញ់ និងជាទីគោរពនៃខ្ញុំបានទេ ខ្ញុំនឹងពន្យល់ឱ្យឪពុក ខ្ញុំឈប់ធ្វើនយោបាយទៅ ពុកមិនស័ក្តិសមជា អ្នកទទួលការងារនេះទេ ឬបើពន្យល់ឪពុកមិន ស្តាប់ ក៏ខ្ញុំនឹងចេញមុខជួយត្រួសត្រាយសម្របសម្រួលរកឱ្យបានផ្លូវសមរម្យ មិនគ្រោះថ្នាក់ ដល់អ្នកមានគុណរបស់ខ្ញុំមិនខានឡើយ ដាច់- ខាត ខ្ញុំមិនជំរុញលើកសរសើរដែលជាការនាំ ទុក្ខដល់ឪពុកឡើយ។ ទោះឪពុកខ្ញុំឈប់ដើរ ផ្លូវនយោបាយ ខ្ញុំត្រូវរ៉ាប់រងដោះស្រាយជីវភាព គ្រួសារជួសឪពុក ក៏ខ្ញុំសុខចិត្តដែរ ព្រោះខ្ញុំមិន អាចព្រមនឹងរឿងអាក្រក់ ដែលខ្ញុំបានប្រមើល ឃើញច្បាស់ថា នឹងកើតមានចំពោះអ្នកមាន គុណស្មើជីវិតនៃខ្ញុំបានទេ”។
លោកខឹម វាសនា បានសរសេរបញ្ជាក់ទៀតថា “ជាបុគ្គលផ្ទាល់ខ្លួន ខ្ញុំពេលឃើញខ្នោះ ដៃដែលគេដាក់លើដៃលោកកឹម សុខា ហើយ ក្រពាត់ដៃគាត់ទៅក្រោយ ខ្ញុំពិតឈឺឆៀបក្នុង ចិត្ត ដកភ្នែកចេញមិនបន្តមើលទេ ខ្ញុំសាកមើល ពីរបីដង ទម្រាំមើលចប់ clip video មួយ នោះ។ ខ្ញុំគិតថា ម្តេចក៏ដល់ថ្នាក់ហ្នឹងហ្ន៎! គាត់ ចាស់ហើយ មិនមានកម្លាំងតបតអ្វីទេ ម្តេច ដាក់ខ្នោះគាត់អ៊ីចឹង ហើយមិនដាក់មកមុខទៀត ដាក់ក្រវាត់ទៅក្រោយថែមទៀត អីចឹងខ្ញុំពិបាក ទ្រាំមើលសភាពបែបនោះណាស់។ បើខ្ញុំអាច ធ្វើបាន ខ្ញុំពិតជាចង់ជួយគាត់ណាស់ ខ្ញុំស្រណោះ តែគាត់ល្ងឹតពេក រកផ្លូវជីវិតមិនឃើញ ជីវិត រស់ងាយសោះ ឈ្នះតែចិត្តខ្លួនឯង គឺឈ្នះគ្រប់ យ៉ាង ឈ្នះខ្លួនឯង នឹងរស់យ៉ាងរំភើយ ម្តេច គ្មានចិត្តជួយមនុស្សពិតផង ព្រោះតែចង់បាន មុខមាត់ បុណ្យស័ក្តិ មកខំសម្តែងយ៉ាងគ្រហើៗ ក្នុងទីលានដ៏គ្រោះថ្នាក់នេះទៅវិញ។ ចិត្តចង់ ជួយគាត់ តែខ្ញុំមើលទៅស្ថានភាពកម្ពុជា វា ហួសពីសមត្ថភាពខ្ញុំឆ្ងាយណាស់ ខ្ញុំចេះតែទទួលអារម្មណ៍ច្បាស់ឡើងៗថា ទីលាននេះមិនសម នឹងមនុស្សខ្ញុំទេ ខ្ញុំត្រង់ណាស់ មិនសមនឹងទីលាន ដ៏ពេញទៅដោយល្បិចកល ដ៏ស្មុគ្រស្មាញនេះ ទេ។ ខ្ញុំមើលឃើញមុំបី ដែលរៀបដំណើរឱ្យ ស្ថានភាពកម្ពុជា បន្តក្នុងទម្រង់បច្ចុប្បន្ននេះយ៉ាងមាំ អត់អ្នកណាមកបង្វែរស្ថានភាពបច្ចុប្បន្ន នៃកម្ពុជាបានឡើយ។ មុំទីមួយ គឺចរន្តនៃ CPP មុំទីពីរ គឺចរន្តនៃក្រុមអ្នកប្រឆាំងទទឹងទិស បែបបក្សប្រឆាំងដ៏ធំសព្វថ្ងៃនេះ និងមុំទីបី គឺ អត្តចរិតកែមិនបាន របស់ពលរដ្ឋនៃសង្គមនេះ។ អ្នកមើលចុះ មុំទាំងបី ដែលទ្រឆ្នាំង គឺប្រទេសកម្ពុជា ដូចសព្វថ្ងៃហ្នឹង ឱ្យបន្តក្នុងទម្រង់បែបសព្វថ្ងៃហ្នឹង។
តើមានមុំណាមួយអាចផ្លាស់ប្តូរ ឬកែសម្រួលបានទៅ? បើមុំទាំងបី កែមួយណា ក៏ មិនបាន កម្ពុជានឹងបន្តដើរក្នុងលំអានប្រទាញប្រទង់ រកការរីកចម្រើនទៅជាប្រទេសស៊ីវិល័យ មួយនឹងគេមិនរួចជាដាច់ខាត។ ទីមួយ តើអ្នក ណាទៅកែចរិកដឹកនាំរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ របស់ CPP បានទៅ សូម្បីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់ចង់កែ ក៏កែមិនបានដែរ ព្រោះតែកែទៅជាល្អ ពួកគេលែងពុករលួយបាន ពួកគេនឹងលែងគាំទ្របក្សខ្លួន ម៉្លោះហើយចេះតែបិទបាំងប្រើបន្តទៅទៀតទៅ ម៉្លោះហើយ ការឈឺចាប់របស់ពលរដ្ឋ ក៏ចេះតែបន្តគ្មានថ្ងៃ បញ្ចប់ដែរ។ ចរិតមនុស្ស កែមិនបានទេ វាជា សន្តានទៅហើយ អីចឹងភាពពុករលួយ ការជិះជាន់ កេងប្រវ័ញ្ច ដោយអាងអំណាច អាង លុយ ក្នុងសង្គមនេះ នឹងបន្តអត់ឈប់ដាច់ខាត ម៉្លោះហើយ ការដែលពលរដ្ឋឈឺចាប់ នឹងមាន អត់ស្រាកស្រាន្តជាដាច់ខាតដែរ បើការឈឺចាប់ មកលើពលរដ្ឋដែលមានលក្ខណៈដូចជាពលរដ្ឋខ្មែរ នៅតែបន្តមានអត់ដាច់នោះ ការឆ្លៀត អូស និងរុញសម្របតាមការខឹងសម្បា ដោយ ការឈឺចាប់របស់ពលរដ្ឋនៃបក្សប្រឆាំង ដែល មានលក្ខណៈញុះញង់ បង្កើតព្រឹត្តិការណ៍កេងយកចំណេញក្នុងនយោបាយ ក៏នៅតែពេញនិយម សម្រាប់ក្រុមអ្នកមាននិន្នាការប្រឆាំង មិនបាត់ ប្រជាប្រិយភាពជាដាច់ខាត។ អ្នកឃើញទេ? ដោយសារមុំទីមួយ រឹងមាំ វាបង្កើតបានជាមុំទី ពីរ យ៉ាងរឹងមាំដែរ។ ចំណែកឯមុំទីបី ក៏រឹងមាំ មិនអន់ជាងមុំពីរខាងដើមដែរ គឺចរិតរបស់ ពលរដ្ឋខ្មែរ ដែលជាអ្នកគាំទ្រមុំទាំងពីរ ពិសេស ចរិតអ្នកគាំទ្រចរន្តប្រឆាំង។ LDP ធ្វើការងារ ដើម្បីអង្រួនមុំទីបីនេះ ជាង១០ឆ្នាំហើយ មកដល់ពេលនេះ ប្រមុខនៃចលនាកែចរិតពលរដ្ឋ មានអារម្មណ៍ពាល់ត្រូវថា មិនងាយទេទៅហើយ តើនៅសង្ឃឹមអ្វីទៀត ក្នុងការកែដំណើរប្រព្រឹត្តិ ទៅនៃកម្ពុជា ដែលបង្កើតដោយមុំទាំងបីនេះ? ចុងក្រោយ មានតែពាក្យថា ខ្ញុំមិនស័ក្តិសមនឹង ទីលាននយោបាយនេះទេតែប៉ុណ្ណោះ”៕
កុលបុត្រ