Thursday, April 25, 2024
Homeព័ត៌មានជាតិស៊ុយសូគីវីវ៉ា ជិះឆ្លងផ្លូវ ត្រូវឌ្រីមសង់ បុកដួលជាប់គ្នា ម្ចាស់យកត្រូវរៀងខ្លួន បង្កការកកស្ទះចរាចរណ៍

ស៊ុយសូគីវីវ៉ា ជិះឆ្លងផ្លូវ ត្រូវឌ្រីមសង់ បុកដួលជាប់គ្នា ម្ចាស់យកត្រូវរៀងខ្លួន បង្កការកកស្ទះចរាចរណ៍

ភ្នំពេញ : ម៉ូតូស៊ុយសូគីវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខព្រះវិហារ ១A-៨៨៧៥ បើកឆ្លងទទឹងផ្លូវ ត្រូវហុងដាឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FO-៤៤៥៦ ស៊េរីឆ្នាំ២០១៦ បុកពេញទំហឹងជាប់គ្នា តែមិនមានអ្នករបួសទេ ហើយបណ្ដាលឲ្យការកកស្ទះចរាចរណ៍តាមដងផ្លូវ ដោយគិតពីឈ្លោះប្រកែកយកត្រូវរៀងខ្លួន កាលវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៧ នៅចំណុចក្បែរមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

បុរសម្នាក់ជិះម៉ូតូស៊ុយសូគីវីវ៉ា បានប្រាប់ថា មុនកើតហេតុគាត់បើកម៉ូតូតាម១៩៩ ក្នុងទិសដៅពីផ្សារសុវណ្ណា ឆ្លងមកផ្លូវ២៧១ ស្រាប់តែឆ្លងបានពាក់កណ្ដាលផ្លូវ ក៏មានម៉ូតូឌ្រីមសង់ បើកបរដោយបុរស២នាក់ ជិះពីមន្ទីរពេទ្យរុស្សី មកស្ពានអាកាសស្ទឹងមានជ័យ មកបុកម៉ូតូគាត់ សំណាងល្អលើកជើងទាន់ កុំអីច្បាស់ជាជើងត្រូវបាក់ ហើយនឹកឃើញមិនចង់វែងឆ្ងាយលើកម៉ូតូរៀងខ្លួន តែភាគីខាងបុរសបើកម៉ូតូឌ្រីមសង់ ចង់ឲ្យសង អីចឹងមានតែឲ្យវាស់វែងតាមច្បាប់ចរាចរណ៍ចុះ ។

បុរសបើកម៉ូតូឌ្រីមសង់់បានប្រាប់ថា មុនកើតហេតុគាត់បើកតាមផ្លូវ២៧១ ក្នុងទិសដៅពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មកស្ពានអាកាសស្ទឹងមានជ័យ តែមកដល់ចំណុចកើតហេតុបានគេចរថយន្តព្រូស១គ្រឿងទៀត ដែលនៅពីមុខ ទើបជ្រុលទៅបុកម៉ូតូស៊ុយសូគីវីវ៉ា តែយ៉ាងណាជាផ្លូវអាទិភាពរបស់គាត់ មកពីម្ចាស់ម៉ូតូនោះបើកឆ្លងលឿនពេក មិនមើលម៉ូតូគេផ្លូវមកត្រង់ ក៏គាត់ត្រូវតែទាមទារសំណងថ្លៃខូចខាតម៉ូតូបាក់កាបាំង ក្នុងតម្លៃ១០មឺុនរៀល តែបើម្ចាស់ម៉ូតូវីវ៉ាមិនព្រមសងទេ មានតែវាស់វែងតាមជំនាញច្បាប់ចរាចរណ៍ចុះ ។

សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រវាងម៉ូតូបុកម៉ូតូ តែមិនមានអ្នកណារងរបួសទេ គ្រាន់តែខូចខាតសម្ភារៈ ហើយក៏ធ្វើការសម្របសម្រួល ដោយភាគីខាងម្ចាស់ម៉ូតូឌ្រីមសង់ សុំថ្លៃខូចខាត១០មឺុនរៀល ហើយអ្នកបើកម៉ូតូវីវ៉ា សងត្រឹម៥មឺុនរៀល រួចក៏បញ្ចប់រឿង ដោយម្ចាស់ម៉ូតូឌ្រីមសង់ ព្រមទទួលសំណង ហើយក៏យកម៉ូតូចេញ ចរាចរណ៍ក៏ធម្មតាវិញដោយមានការកកស្ទះដូចពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ទេ៕

RELATED ARTICLES