ភ្នំពេញ ៖ បុរសម្នាក់កំពុងតែជិះម៉ូតូធ្វើដំណើរតាមផ្លូវ ក៍ស្រាប់តែមានបុរសបីនាក់ទៀត ដែលជាជនជាតិវៀតណាម បានជិះម៉ូតូមួយគ្រឿងបញ្ច្រាសទិសដៅចរាចរណ៍ បានជ្រុលទៅបុកចំពីមុខពេញហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់បីនាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ទុលមុខអតីតរោងចក្រតាក់ហ្វាន់ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សពជនរងគ្រោះមានឈ្មោះ យី សំអឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់
ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិត្រពាំងកំប្លេ ឃុំត្រពាំងកំប្លេ ស្រុកអង្គរជ័យ ខេត្តកំពត ជិះម៉ូតូម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1E- 6414 ។
ចំណែកបុរសបីនាក់ទៀតដែលជនជាតិវៀតណាម រងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជិះម៉ូតូម៉ាក yamaha ស៊ីរុស ពណ៌ក្រហម បិទស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-6215 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្មាសវី ពណ៌ខ្មៅ បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសបីនាក់ ជាជនជាតិវៀតណាម មិនដឹងចេញពីផឹកស៊ីវិញនៅកន្លែងណានោះទេ គឺបានជិះម៉ូតូម៉ាក YAMAHA ស៊ីរុស ពណ៌ក្រហម បិទស្កុតពណ៌ខ្មៅ បានធ្វើដំណើរតាមជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង តែដោយសារផ្លូវដែលពួកគេកំពុងធ្វើដំណើរត្រូវគេហាមឃាត់មិនឲ្យឆ្លងកាត់ ព្រោះផ្លូវកំពុងជួសជុល ទើបពួកគេសម្រេចចិត្តជិះទៅផ្លូវម្ខាងទៀត បញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះ បានជ្រុលទៅបុកម៉ូតូដែលជិះដោយបុរសម្នាក់ ចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ឯង រងរបួសបែកក្បាលបាក់កស្លាប់នៅនិងកន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាតបាក់ខ្នងខាងមុខ ។
ដោយឡែកខាងម៉ូតូដែលជិះគ្នាបីនាក់វិញ រងរបួសធ្ងន់សន្លប់ស្តូកស្តឹង ត្រូវបានរថយន្ត
សង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតម្នាក់ និងគ្លីនិកឯកជន២នាក់ ចំណែកម៉ូតូវិញរងការខូចខាតបាក់ខ្នងខាងមុខដូចគ្នា។ ក្នុងហេតុការណ៍នេះដែរ គេឃើញមានសាច់ញាតិបងប្អូនជនរងគ្រោះ បានមកយំសោកឱបសពជនរងគ្រោះទាំងទឹកចិត្តខ្លោចផ្សាបំផុត ។
ក្រោយពេលកើតហេតុឃើញមានកំលាំងសមត្ថកិច្ចមូលដ្ធាននិងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ រួចហើយបានធ្វើវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយា
ល័យចរាចរណ៍ជើងគោក ដើម្បីធ្វើការដោះស្រាយ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តកំពត៕