ភ្នំពេញ ៖ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង លោកស្រីមួរ សុខហួរ បានធ្វើលិខិតជម្រាបជូន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំជួបសួរសុខទុក្ខលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។
លិខិតរបស់លោកស្រីមួរ សុខហួរ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជាក់ថា “ខ្ញុំ មួរ សុខហួរ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង
ជម្រាបជូន
លោកគី រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ
កម្មវត្ថុ ៖ ស្តីពីការសុំជួបសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២ៈ០០នាទី រសៀល។
តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាប លោកចៅក្រម ជ្រាបថា រូបខ្ញុំ រួមទាំងសហការី ដែលមានរាយនាមដូចខាងក្រោម ៖
១-ឯកឧត្តមប៉ុល ហំម អ្នកតំណាងរាស្ត្រ មណ្ឌលតាកែវ
២-ឯកឧត្តមសុន ឆ័យ អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ
៣-ឯកឧត្តមសួន រីដា តំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ
៤-ឯកឧត្តមគី វណ្ឌដារ៉ា អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង
មានបំណងចូលជួបសួរសុខទុក្ខឯកឧត្តម កឹម សុខា ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំ កែប្រែទី៣ (ម៣) ត្រពាំងផ្លុង នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២ៈ០០នាទី រសៀល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកចៅក្រម មេត្តាអនុញ្ញាតឱ្យខ្ញុំ ព្រមទាំង សហការី បានចូលជួបសួរសុខទុក្ខ ដោយអនុគ្រោះ…”។
ទាក់ទង់នឹងការដាក់លិខិតស្នើសុំជួបសួរ សុខទុក្ខលោកកឹម សុខា ខាងលើនេះ លោកស្រី មួរ សុខហួរ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកស្រីមិនទាន់ទទួលបានដំណឹងថា តើ ខាងសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យ ក្រុមលោកស្រីឬអត់ទេ។ ប៉ុន្តែលោកស្រីនៅតែសង្ឃឹមថា សាលាដំបូង នឹងអនុញ្ញាតក្រុម តំណាងរាស្ត្រលោកស្រី បានទៅសួរសុខទុក្ខ លោកកឹម សុខា ដូចបំណង ព្រោះមិនមានច្បាប់ ណាហាមទៅសួរសុខទុក្ខនោះទេ។
លោកសំ សុគង់ មេធាវីការពារក្តី លោក កឹម សុខា ម្នាក់ ក្នុងចំណោមមេធាវីទាំង៥រូប បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ថា លោកបានទៅជួបលោកកឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ហើយនៅ ពេលនោះ លោកសង្កេតឃើញថា លោកកឹម សុខា នៅមានសុខភាពរឹងមាំ និងមានស្មារតី ល្អ មិនតក់ស្លុត ហើយនៅថ្ងៃនេះ ក្រុមមេធាវី ត្រូវទៅជួបលោកកឹម សុខា បន្តទៀត ដើម្បី ពិភាក្សាគ្នាពីការតស៊ូតាមផ្លូវច្បាប់។
លោកសំ សុគង់ បានមានប្រសាសន៍ថា “បាទ! ក្រុមមេធាវីទាំង៥រូបហ្នឹង បានជួបឯកឧត្តមកឹម សុខា នៅថ្ងៃទី០៤ ហ្នឹង ហើយយើង បានសង្កេតឃើញបញ្ហាសុខភាព ក៏ដូចជាកម្លាំង កាយ កម្លាំងចិត្តរបស់គាត់ នៅតែមានភាពរឹងមាំ នៅតែខ្លាំង ហើយសុខភាពគាត់នៅតែល្អ ដោយសារនៅក្នុងថ្ងៃទី០៤ តំណាងអយ្យការចំនួន ៣រូប ក៏បានចូលរួមនីតិវិធីក្នុងការយកចម្លើយ ពីឯកឧត្តម ហើយឯកឧត្តមអាចនឹងអង្គុយឆ្លើយ សំណួរហ្នឹង ជាមួយនឹងតំណាងអយ្យការ ជាមួយនឹងមេធាវីហ្នឹង រហូតដល់ជិត៥ម៉ោង។ ក្រុមមេធាវី នឹងទៅជួបឯកឧត្តមនៅថ្ងៃស្អែក នេះម្តងទៀត ហើយយើងនឹងពិគ្រោះយោបល់ អំពីបញ្ហាផ្លូវច្បាប់ ក៏ដូចជាបញ្ហាសិទ្ធិមួយចំនួន ជាមួយឯកឧត្តម ដើម្បីឱ្យយល់អំពីនីតិវិធីប៉ុន្មាន ថ្ងៃ ដែលតុលាការបានធ្វើកន្លងមកនេះ។ ទាក់ទងរឿងនេះ ក្រុមមេធាវីយល់ឃើញថា ការចោទប្រកាន់ឯកឧត្តមពីបទ “សន្ទិដ្ឋិភាពជាមួយ បរទេស” ហ្នឹង គឺខាងក្រុមមេធាវី ក៏ដូចជាឯក ឧត្តមហ្នឹង មិនអាចទទួលយកបានទេ ដោយសារ ការចោទប្រកាន់នេះ មិនមានមូលដ្ឋាននៃភ័ស្តុ- តាងការចោទប្រកាន់ឱ្យបានច្បាស់លាស់ ចំពោះ ឯកឧត្តម។ ប៉ុន្តែក្នុងពេលជួបដំបូងនោះ ឯកឧត្តមកឹម សុខា មិនបានផ្តាំជាសារអីមកតាមរយៈមេធាវីទេ ដោយសារឯកឧត្តមគិតថា មេធាវី គ្រាន់តែជាអ្នកការពារផ្លូវច្បាប់ ហើយឯកឧត្តម ជួបជាមួយមេធាវី គ្រាន់តែបានពីគ្រោះយោបល់ ទាក់ទងនឹងផ្លូវច្បាប់ប៉ុណ្ណោះ”។
ចំពោះការដែលក្រុមថ្នាក់ដឹកនាំ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើសុំទៅចូលសួរ សុខទុក្ខលោកកឹម សុខា នៅក្នុងពន្ធនាគារនោះ លោកសំ សុគង់ បានបញ្ជាក់ថា ការទៅសួរសុខទុក្ខអ្នកជាប់ឃុំ ជាសិទ្ធិរបស់អ្នកតំណាងរាស្ត្រ តែបើខាងតុលាការ មិនឱ្យទៅសួរសុខទុក្ខនោះ នឹងក្លាយជាទិដ្ឋភាពមួយមិនល្អ។
លោកសំ សុគង់ បានមានប្រសាសន៍បន្ត ថា “បាទ! ខ្ញុំបានឃើញលិខិតហ្នឹងហើយ ខ្ញុំគិតថា តំណាងរាស្ត្រទាំងអស់ គាត់មានសិទ្ធិក្នុងការចូលសួរទុក្ខជាមួយប្រធានគណបក្ស ក៏ជាសមាជិក រដ្ឋសភាជាមួយគ្នានោះ សិទ្ធិនោះ មិនត្រូវបាន រឹតត្បិត មិនត្រូវបានហាមឃាត់ទេ តំណាងរាស្ត្រ ទាំងអស់ ត្រូវតែបានអនុញ្ញាតឱ្យជួបឯកឧត្តម កឹម សុខា នៅក្នុងពន្ធនាគារ ដើម្បីសួរសុខទុក្ខ។ បើសិនជាតុលាការមិនអនុញ្ញាត បើយើងនិយាយ ពីបញ្ហាផ្លូវច្បាប់ វាជាការរំលោភសិទ្ធិមួយ ហៅថា សិទ្ធិរបស់ជនត្រូវចោទ ដែលធានាដោយ រដ្ឋធម្មនុញ្ញ ក៏ដូចជាធានាដោយកតិកាសញ្ញា ស្តីពីសិទ្ធនយោបាយ ដែលជនត្រូវចោទហ្នឹង មានសិទ្ធិក្នុងការជួបសាច់ញាត់ ជួបមិត្តភក្តិ ឬក៏ជួប អ្នកផ្សេងៗ ដែលអាចចូលសួរសុខទុក្ខគាត់បាន។ ជាមួយនេះ ក្រុមមេធាវី មានការបញ្ជាក់ថា តុលាការ គួរតែពិនិត្យអំពីអង្គហេតុ ក៏ដូចជា អំពីភ័ស្តុតាងឱ្យបានល្អិតល្អន់ ហើយគួរតែមានឆន្ទានុសិទ្ធិ ក្នុងការសម្រេចឱ្យឯកឧត្តមកឹម សុខា រួចផុតពីបទចោទ”។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីលោកគី រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានទេ កាលពីម្សិលមិញ។
គួរបញ្ជាក់ថា លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន កាលពីកណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ ឃុបឃិតជាមួយ បរទេស ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួន នៅមណ្ឌលអប់រំ កែប្រែទី៣ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លង កាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យ ភ័ស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួច មកព្រមទាំងយល់ឃើញថា មានមូលដ្ឋានគ្រប់គ្រាន់ឱ្យតំណាងអយ្យការធ្វើការចោទ ប្រកាន់លើឈ្មោះកឹម សុខា ពីបទ “សន្ទិដ្ឋិភាព ជាមួយបរទេស” តាមបញ្ញត្តិ មាត្រា ៤៤៣ នៃ ក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣៥២៨ អ.យ.ឋ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់មកនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៧ លោកគី រិទ្ធី ចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំ ខ្លួនលោកកឹម សុខា ជាបណ្តោះអាសន្ន ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” តាម បញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា៕
កុលបុត្រ