រថយន្តដឹកស្រូវ២០តោន បើកបុកពីក្រោយរថយន្តព្រូស កំពិតខ្ទេចគូថក្រោយ

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយ យីឌុបដឹកស្រូវមួយគ្រឿង ខណៈដែលដឹកផ្ទុកធ្ងន់ ជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកពីក្រោយរថយន្តព្រូស បណ្តាលឲ្យរងការខូចខាតខ្ទេចគូថក្រោយ កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ យីឌុប ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-1570 ដឹកស្រូវ២០តោន បើកបរដោយឈ្មោះ ហេង បូរ៉ែន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែករថយន្តរងគ្រោះ ម៉ាកព្រូស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AQ-3716  រងការខូចខាត បែកកំពិតខ្ទេចគូថក្រោយ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តព្រូស បើកលើកំណាត់ផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចខាងលើ ស្រាប់តែរថយន្តដឹកស្រូវបើកពីក្រោយស្របទិសគ្នា ហ្វ្រាំងមិនជាប់ ដោយសារដឹកធ្ងន់ជ្រុលទៅបុកពីក្រោយ បណ្តាលឲ្យរងការខូចខាត ។

ក្រោយកើតហេតុ ភាគីសងខាងសុំធ្វើការសម្របសម្រួលគ្នា ដោយហៅជាងមកពិនិត្យ និងឯកភាពគ្នាយករថយន្តទៅជួសជុល រាល់តម្លៃខូចខាត ភាគីខាងរថយន្តបង្កទទួលចេញទាំងអស់ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕