Wednesday, April 24, 2024
Homeព័ត៌មានជាតិឈប់ម៉ូតូភ្លេចដកសោ ត្រូវចោរលួចបណ្តើរយកចេញទៅ ម្ចាស់ស្រែកឆោឡោផ្អើលដេញចាប់បាន វាយឡើងទ្រមខ្លួន

ឈប់ម៉ូតូភ្លេចដកសោ ត្រូវចោរលួចបណ្តើរយកចេញទៅ ម្ចាស់ស្រែកឆោឡោផ្អើលដេញចាប់បាន វាយឡើងទ្រមខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់ឃាត់ខ្លួន និងវាយឡើងចាស់ដៃបន្ទាប់ពីជនសង្ស័យរូបនោះធ្វើសកម្មភាពលួចម៉ូតូ ZOOMER-X មួយគ្រឿង ពីបុរសម្នាក់ដែលចតទុកចោលនៅខាងក្រោមបន្ទប់ជួល ដោយមិនបានដកសោចេញពីម៉ូតូ​ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចខាងលិចផ្សារសាំហាន់ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះ ឯក មិនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិអូរតាសែង ឃុំកំព្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យមានឈ្មោះ យន់ ណាមុិច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅឃុំកោងកាង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ រីឯម៉ូតូរបស់ជនរងគ្រោះ ម៉ាក ZOOMER-X ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ១GA-១៤៨៣។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទើបចេញពីធ្វើការដោយជិះម៉ូតូមួយគ្រឿង ម៉ាកZOOMER-X ពណ៍ស ​មកដល់បន្ទប់ជួល ជនរងគ្រោះបានទុកម៉ូតូនៅខាងក្រោម មិនបានដកសោ​ចេញពីម៉ូតូនោះទេ រួចជនរងគ្រោះបានឡើងទៅបន្ទប់ ដើម្បីយកលុយទៅទិញម្ហូប លុះពេលជនរងគ្រោះចុះមកវិញ ក៏មានអ្នកជិតខាងសួរថា មានឲ្យម៉ូតូទៅអ្នកណាខ្ចីឬអត់? ភ្លាមនោះទើបជនរងគ្រោះភ្ញាក់ខ្លួនដឹងថា ម៉ូតូត្រូវចោរលួច រួចក៏បានស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ ហើយជនរងគ្រោះក៏ដេញតាមរកម៉ូតូរហូតបានចម្ងាយប្រហែល៣០០ម៉ែត ពីកន្លែងកើតហេតុ ស្រាប់តែឃើញជនសង្ស័យខាងលើកំពុងបណ្តើរម៉ូតូរបស់ខ្លួនរត់ ភ្លាមនេះជនរងគ្រោះបានស្រែកចោរៗ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញតាមចាប់ឃាត់បាន រួចស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងឡើងប៉ោងមុខមើលមិនចង់ស្គាល់ ទើបប្រគល់ទៅសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES