ភ្នំពេញ ៖ កូនស្រីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម កញ្ញា កឹម សម្មាធីតា និងកឹម មនោវិទ្យា បានបន្តចេញមុខការពារ ឪពុករបស់ពួកនាង ដែលត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនពីបទចោទក្បត់ជាតិ ឃុបឃិតជាមួយបរទេស និងកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ នោះថា ហេតុផលដែលគេចាប់ឪពុកពួកនាងទាំងកណ្តាលអធ្រាត្រនោះ ដោយសារគេមើលឃើញថា គាត់ជាបន្លាក្នុងភ្នែក។ ជាមួយគ្នានេះ កូនស្រីលោកកឹម សុខា ក៏បានបញ្ចោញសារទាំងអួលអាក់ថា ម្តាយរបស់នាងបានស្រែកទ្រហោយំ នៅពេលទៅជួបឪពុក នាងនៅពន្ធនាគារ ឃើញគាត់ស្លៀកពាក់ឯកសណ្ឋានអ្នកទោស។
កញ្ញាកឹម សម្មាធីតា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់នាង នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ អមជាមួយអត្ថបទ ដែលនាងបានសរសេរចុះផ្សាយក្នុងកាសែតបរទេសថា “អត្ថបទដែលនាងខ្ញុំ និងបងស្រីនាងខ្ញុំសរសេរក្នុង ឺសាហិនងតៀន ភៀសត ពីហេតុផលដែលគេចាប់ ឪពុកពួកខ្ញុំទាំងកណ្តាលអាធ្រាត្រ។ ការចុះទៅ ធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន ជិតម្ភៃឆ្នាំ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបញ្ចោញមតិ ចេះទាមទារសិទ្ធិរបស់ខ្លួន ទីបំផុតត្រូវបាន អ្នកកាន់អំណាច មើលឃើញគាត់ថា ជាបន្លាក្នុងភ្នែក”។
កញ្ញាកឹម សម្មាធីតា បានសរសេរបន្ថែម ថា “ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជា ចាប់ខ្លួន” ពុករបស់យើងនៅពាក់កណ្តាលអាធ្រាត្រ?
វាមានរយៈពេល៣០នាទី ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅពេលពួកគេមករកឪពុកយើង ដែលជាមេដឹកនាំគណបក្សប្រឆាំងកម្ពុជា គឺលោកកឹម សុខា។ ប៉ូលិសប្រដាប់អាវុធ រាប់រយនាក់ បានឡោមព័ទ្ធផ្ទះរបស់លោក នៅរាជធានីភ្នំពេញ ដែលកំពុងស្ថិតក្នុងភាពងងឹត។ ពួកគេពុំបានបង្ហាញដីកាឡើយ ប៉ុន្តែពួកគេបានប្រាប់អង្គរក្សរបស់លោកថា ពួកគេនឹងត្រូវបានកម្ទេច ប្រសិនជាពួកគេមិនព្រមបើកទ្វារទេនោះ។ បន្ទាប់មក ក្រុមប្រដាប់អាវុធបានសម្រុកចូលមកក្នុងផ្ទះ។ ពួកគេបានបង្ខំឱ្យអ្នកបម្រើនារីពីរ នាក់ ក្រាបទៅលើឥដ្ឋ ដោយភ្ជង់កាំភ្លើងតម្រង់ ក្បាលរបស់ពួកគេ និងប្លន់យកទូរស័ព្ទ និងបោក កូនជ្រូកយកប្រាក់របស់ពួកគេ។ ពាក្យចុងក្រោយ របស់ឪពុកពួកយើងតាមទូរស័ព្ទ គឺថា “ពួកគេ កំពុងដាក់ខ្នោះប៉ាហើយ”។ បន្ទាប់មកពួកគេ បានអូសគាត់ចេញបញ្ចូលទៅរថយន្ត ខណៈដែលអ្នកម្តាយរបស់ខ្ញុំ គាត់ស្រែកទ្រហោយំ ដង្ហោយឱ្យគេជួយ។
មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា បានដឹងឮរឿងរ៉ាវបែបនេះកាលពីទសវត្សឆ្នាំ១៩៧០។ ជីតារបស់ពួកយើងផ្ទាល់ ត្រូវបានពួកខ្មែរក្រហម ចាប់ចេញពីផ្ទះរបស់គាត់ នៅឆ្នាំ១៩៧៥ ហើយ គាត់ពុំបានវិលត្រឡប់មកផ្ទះវិញទេ ចាប់តាំង ពីពេលនោះមក។ ប៉ុន្តែព្រឹត្តិការណ៍ដូចគ្នានេះ បានកើតនៅខែកញ្ញា ឆ្នាំ២០១៧ ជាថ្មីម្តងទៀត។
ក្តីសុបិនអំពីលទ្ធិប្រជាធិបតេយ្យរបស់ឪពុក ពួកយើង បានកើតចេញពីរាត្រីដែលគ្មានដំណេក នៅក្នុងរបបខ្មែរក្រហម នៅពេលដែលក្រុម អាវខ្មៅប្រដាប់ដោយអាវុធគ្រប់ដៃ បាននាំមក នូវឆ្នាំសូន្យ នៃវិនាសកម្មចំពោះយុវជនកម្ពុជា។ ពួកខ្មែរក្រហម ស្ទើរតែទទួលបានជោគជ័យនៅ ក្នុងបេសកកម្មរបស់ពួកគេ ដើម្បីលុបបំបាត់ ប្រវត្តិសាស្ត្រនិងវប្បធម៌របស់យើង ដោយការបដិសេធនូវភាពខុសគ្នា ដែលធ្វើឱ្យជីវិតមនុស្ស ជាតិរបស់យើងមានភាពរស់រវើក”។
កញ្ញាកឹម សម្មាធីតា បានសរសេរបន្តថា “ថ្វីត្បិតតែយើងបានឆ្លងកាត់ការភ័យរន្ធត់ទាំង ឡាយនៅសតវត្សទី២០ ជាអាទិ៍ រួមមានអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការឈ្លានពាន ពីបរទេសយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋកម្ពុជា ពឹង ផ្អែកលើក្តីសុបិនអំពីសង្គមមួយ ដែលពួកគេអាច ជ្រើសរើសមេដឹកនាំរបស់ពួកគេ និងបង្កើតវាសនាផ្ទាល់ខ្លួនរបស់ពួកគេ។ នៅរាត្រីនេះ ក្តីសុបិនទាំងឡាយ របស់ឪពុកពួកយើងក្លាយ ជាក្តីសុបិនជាប់ពន្ធនាគារ ដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទគាត់ពី “បទក្បត់ជាតិ” ពាក់ព័ន្ធនឹងការផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ហើយនៅខាង ក្រៅរនាំងពន្ធនាគារទាំងនោះ ការសម្លឹងមើល របស់ពលរដ្ឋដែលមានការភ័យខ្លាច ទៅរកពិភពលោកខាងក្រៅ ដើម្បីមកជួយសង្គ្រោះប្រទេស កម្ពុជាជាថ្មីម្តងទៀត។
ឪពុករបស់ពួកយើង បានចូលប្រឡូកក្នុង ឆាកនយោបាយជាលើកដំបូងនៅដើមទសវត្សរ៍ ឆ្នាំ១៩៩០ ដែលនៅពេលនោះ លោកត្រូវបាន ជាប់ឆ្នោតជាសមាជិកសភា។ ក្នុងការបំពេញ ភារកិច្ចការរបស់លោក លោកជឿថា ប្រជាពលរដ្ឋកម្ពុជា ចាំបាច់ត្រូវការរៀនសូត្របន្ថែម ទៀត អំពីលទ្ធិប្រជាធិបតេយ្យ ប្រសិនជាពួក គេត្រូវចូលរួមដោយប្រសិទ្ធភាព ដូច្នេះគាត់ បានលាលែងពីតំណែង ដើម្បីបង្កើតមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) ដែលជាអង្គការ មិនមែនរដ្ឋាភិបាល មិនរកកម្រៃនៅក្នុងឆ្នាំ២០០២ ដែលទទួលបានមូលនិធិពីសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានលក្ខណៈ ខុសគ្នាពីអង្គការសិទ្ធិមនុស្សដទៃទៀត នៅក្នុង ប្រទេសកម្ពុជា ក្នុងន័យថា មជ្ឈមណ្ឌលមិន ត្រឹមតែការពារសិទ្ធិមនុស្ស និងលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជំរុញប្រជាពលរដ្ឋឱ្យការពារនិងទាមទារសិទ្ធិ ផ្ទាល់ខ្លួនរបស់ពួកគេ ដោយប្រសិទ្ធភាពក្នុង ក្របខ័ណ្ឌគោលការណ៍ប្រជាធិបតេយ្យ។ មជ្ឈមណ្ឌល បានផ្តល់នូវវេទិកាដល់ប្រជាពលរដ្ឋ ដើម្បីបញ្ចោញមតិរបស់ពួកគេ តាមរយៈវេទិកា សាធារណៈដែលត្រូវបានចាក់ផ្សាយតាមវិទ្យុ ក្នុងស្រុក។
នៅពេលវេទិកាសាធារណៈជាលើកដំបូង ត្រូវបានរៀបចំឡើង ដែលជាវេទិកាប្រភេទ ដំបូង ចាប់តាំងពីរបបប្រល័យពូជសាសន៍មាន មនុស្សបួនដប់នាក់ប៉ុណ្ណោះបានចូលរួម។ អ្នក គាំទ្ររបស់គណបក្សកាន់អំណាច បានសើចចំអក ចំពោះវេទិកានោះ ប៉ុន្តែពួកគេនឹកស្មានមិនដល់ នូវការផ្លាស់ប្តូរ ដែលជិតនឹងកើតឡើងឡើយ។ តាមរយៈការធ្វើដំណើរជាច្រើនឆ្នាំ ដោយមិន ចេះនឿយហត់ ពីសំណាក់ឪពុករបស់ពួកយើង ទៅគ្រប់ភូមិនៅទូទាំងប្រទេស វេទិការបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានក្លាយទៅជាការ ពេញនិយមក្នុងចំណោមអ្នកភូមិនៅតាមជនបទ។ មនុស្សរាប់រយនាក់ ជួនកាលរាប់ពាន់នាក់ បានបង្ហាញខ្លួននៅវេទិកានីមួយៗដណ្តើមកាន់ក្បាល មីក្រូហ្វូន ដើម្បីប្រាប់ពិភពលោកអំពីរឿងរ៉ាវ ដែលពួកគេលាក់ទុកជាសម្ងាត់ អស់ជាច្រើន ទសវត្សមកហើយ។ តាមរយៈវេទិការបស់ មជ្ឈមណ្ឌលមនុស្សជាច្រើនដែលរងការឈឺចាប់ បាន បង្ហាញពីអារម្មណ៍ថា មានមោទនភាពការផ្តល់ អំណាច និងភាពថ្លៃថ្នូរ ដែលបានធ្វើឱ្យសំឡេង របស់ពួកគេ ត្រូវបានស្តាប់ឮនិងទុក្ខលំបាករបស់ គេត្រូវបានចាក់ផ្សាយ ហើយនិងទស្សនៈរបស់ ពួកគេត្រូវបានគេគោរព។
មិនយូរប៉ុន្មានរដ្ឋាភិបាល ដឹងពីការកើតឡើងនេះ ឪពុករបស់ពួកយើងបានក្លាយជាមុខ សញ្ញាមួយ។ នៅចុងឆ្នាំ២០០៥ អាជ្ញាធរបាន ចោទប្រកាន់លោក ពីបទបរិហារកេរ្តិ៍ពាក់ព័ន្ធ នឹងការដាក់តាំងបដា ដែលសរសេរដោយផ្ទាល់ ដៃរបស់ប្រជាពលរដ្ឋ នូវការរិះគន់ប្រឆាំងរាជរដ្ឋាភិបាល។ លោកត្រូវបានចាប់ខ្លួននៅការិយា- ល័យរបស់លោក នៅថ្ងៃចូលឆ្នាំសកល។ លោក ត្រូវបានដោះលែង រយៈពេល១៧ថ្ងៃក្រោយ មក”។
កញ្ញាកឹម សម្មាធីតា បានសរសេរបន្តទៀត ថា “ការចោទប្រកាន់លើកនេះ គឺមានភាពធ្ងន់ ជាងមុន។ ភាពឃោរឃៅនៃការចាប់ខ្លួនរបស់ លោក ត្រូវបានលាតត្រដាង កិច្ចការរបស់លោក បានក្លាយជាការគំរាមកំហែងដល់គណបក្សកាន់អំណាច។ រដ្ឋាភិបាលបានចោទប្រកាន់លោក ពីបទក្បត់ជាតិ ដោយផ្អែកលើការផ្សព្វផ្សាយ វីដេអូជាសាធារណៈ នៃសុន្ទរកថារបស់លោក នៅឆ្នាំ២០១៣។ នៅក្នុងវីដេអូ លោកបាន ពន្យល់អំពីឆន្ទៈរបស់គាត់ ក្នុងការរៀនសូត្រពី អ្នកជំនាញមកពីជុំវិញពិភពលោក កិច្ចប្រឹងប្រែង របស់គាត់ ដើម្បីធ្វើការផ្លាស់ប្តូរដោយអហិង្សា ពីមូលដ្ឋាន និងការវិលត្រឡប់របស់គាត់ទៅកាន់នយោបាយវិញ ដើម្បីធ្វើកិច្ចការនេះឱ្យសម្រេច បាន។ រដ្ឋាភិបាលបានផលិតនិងចែកចាយវីដេអូ ដែលបានកាត់តខ្លឹមសារមួយចំនួន ដើម្បីគាំទ្រ ដល់ការចោទប្រកាន់របស់ខ្លួន។ ប៉ុន្តែអ្វីដែល គេហៅថា “ការក្បត់ជាតិ” គឺគ្មានអ្វីក្រៅពីការ គាំទ្រដល់ការផ្តល់អំណាចដល់ប្រជាពលរដ្ឋ និង គណបក្សប្រឆាំង ដែលមានប្រសិទ្ធភាពនៅក្នុង លទ្ធិប្រជាធិបតេយ្យ។
មិនថាពួកគេចូលចិត្តឬអត់ទេ ឥរិយាបថ របស់ប្រជាពលរដ្ឋកម្ពុជា ចំពោះសេរីភាព និង លទ្ធិប្រជាធិបតេយ្យ បានផ្លាស់ប្តូររួចហើយ ហើយការផ្លាស់ប្តូរនេះ គឺនៅទីនេះរហូតដល់ទី បញ្ចប់។ ដូចដែលឪពុករបស់ពួកយើងធ្លាប់បាន និយាយ “ពួកគេអាចឃុំខ្លួនយើង ប៉ុន្តែពួកគេ មិនអាចឃុំមនសិការរបស់យើងបានទេ”។ ពិត ហើយ ការចាប់ខ្លួនរបស់គាត់ ធ្វើឱ្យយើងភ័យ ខ្លាច។ ប៉ុន្តែយើងនឹងមិនត្រូវក្លាយជាជនរងគ្រោះ អកម្មម្តងទៀត ដែលពិភពលោកធ្លាប់បានឃើញ នៅក្នុងរបបខ្មែរក្រហមនោះឡើយ។ ការបង្ក្រាប របស់រដ្ឋាភិបាល ទៅលើគណបក្សប្រឆាំង ប្រព័ន្ធ ផ្សព្វផ្សាយ និងសង្គមស៊ីវិល នឹងមិននាំមកនូវ ភាពស្ងប់ស្ងាត់ដូចដែលគេសង្ឃឹមនោះទេ។ ផ្ទុយទៅវិញ ការបង្ក្រាបរបស់រដ្ឋាភិបាល រឹតតែបង្ក ឱ្យមានអស្ថិរភាពនយោបាយ ហើយគ្មានប្រយោជន៍ សម្រាប់នរណាឡើយ។
កម្ពុជាដែលមិនមានស្ថិរភាពនយោបាយ គឺមិនល្អសម្រាប់ពិភពលោកឡើយ។ រដ្ឋាភិបាល បរទេសទាំងណា ដែលស្វែងរកប្រយោជន៍ពី មេដឹកនាំបច្ចុប្បន្ន សម្រាប់ហេតុផលនយោបាយ ឬសេដ្ឋកិច្ច គឺយល់ខុសហើយ។ វាមិនមែនជា គោលនយោបាយឆ្លាតវៃទេ ដែលទៅចងសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលមួយ ដែលយកប្រជាពលរដ្ឋ របស់ខ្លួនជាសត្រូវ។
ថ្ងៃនេះពួកយើងអំពាវនាវម្តងទៀតដល់ សហគមន៍អន្តរជាតិ ឱ្យធ្វើសកម្មភាព ដើម្បី កែប្រែស្ថានភាពនយោបាយដ៏អាក្រក់នៅប្រទេស របស់យើង។ វាហួសពេលហើយ ក្នុងការជួយ ជីតារបស់ពួកយើង និងខ្មែររាប់លាននាក់ ដែល ត្រូវបានសម្លាប់ និងគាបសង្កត់ក្នុងរបបខ្មែរក្រហម។ វាមិនទាន់ហួសពេលទេ ក្នុងការជួយ ខ្មែររាប់លានបច្ចុប្បន្ន ដែលកំពុងស្រេកឃ្លានការ ផ្លាស់ប្តូរ ក្នុងនោះមានឪពុកពួកយើងផងដែរ។ ប៉ុន្តែពេលវេលាជិតអស់ហើយ…”។
កញ្ញាកឹម មនោវិទ្យា បានសរសេរនៅ ក្នុងបណ្តាញធ្វីតធើរ (Twitter) របស់នាងថា “ឥឡូវនេះ ឪពុកខ្ញុំត្រូវបញ្ជូនទៅដាក់នៅបន្ទប់ ឃុំឃាំងក្នុងពន្ធនាគារហើយ ដោយដាក់រួមគ្នា ជាមួយអ្នកទោសដទៃទៀត។ ម្តាយខ្ញុំស្រែក ទ្រហោយំ ពេលឃើញឪពុករបស់ខ្ញុំស្លៀកពាក់ ឯកសណ្ឋានជាអ្នកទោស”។
មុននេះដែរ តាមរយៈបទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន និងទូរទស្សន៍បរទេស កញ្ញាកឹម មនោវិទ្យា កូនស្រីច្បងរបស់លោកកឹម សុខា និងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ ក៏បានលើក ឡើងថា បទឧក្រិដ្ឋតែមួយគត់របស់ឪពុកនាង គឺលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងចង់ឱ្យ មាននីតិរដ្ឋ ស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ។ ដូច្នេះ នាងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចៀសវាងអស្ថិរភាពនយោបាយ។
ចំណែកកញ្ញាកឹម សម្មាធីតា កូនស្រីទី២ របស់លោកកឹម សុខា ក៏បានបដិសេធថា នាង មិនមែនជាគិញសម្ងាត់របស់អាមេរិក ដូចព័ត៌មានបែកធ្លាយ ចោទប្រកាន់នាងនិងបងស្រីនាង នោះទេ ព្រោះបើសិនជាមានការសម្ងាត់ ឬ នាងជាគិញសម្ងាត់មែន នាងមិនមែនទៅថតរូប ផុសដាក់ក្នុងហ្វេសប៊ុក ឱ្យអ្នកដទៃមើលនោះ ទេ តែរូបនោះ គ្រាន់តែនាងទៅញ៉ាំបាយជាមួយ មិត្តភក្តិដែលធ្លាប់ស្គាល់គ្នា តាំងពីជំនាន់រៀន មក ហើយមិត្តរបស់នាងគ្រាន់តែជាអ្នកកាសែត ប៉ុណ្ណោះ។
កូនស្រីលោកកឹម សុខា ក៏បានរៀបរាប់ ហេតុការណ៍នៃការចាប់ខ្លួនឪពុកនាង (លោក កឹម សុខា) កាលពីកណ្តាលអធ្រាត្រថ្ងៃសៅរ៍ ទី០២ ឈានចូលថ្ងៃអាទិត្យទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នោះថា ជនដែលចូលក្នុងផ្ទះនាង មានបំពាក់ដោយអាវុធ និងបានគំរាមកម្ទេច ផ្ទះចោល។ ពេលនោះពួកគេបានលើកកាំភ្លើង ភ្ជង់សមាជិកក្នុងផ្ទះ ដែលមានទាំងអ្នកចម្អិន អាហារ។ ម្តាយរបស់នាង ភ័យស្លន់ស្លោពេល ឃើញស្វាមី ដែលត្រូវជាឪពុករបស់នាង ត្រូវ គេចាប់វាយខ្នោះ ហើយនាំយកចេញពីគ្រួសារ មិនដល់មួយឆ្នាំផង បន្ទាប់ពីគាត់ត្រឡប់មក ពីផ្ទះ ក្រោយការជាប់ឃុំក្នុងការិយាល័យទីស្នាក់- ការបក្ស កាលពីឆ្នាំមុន។ លើសនេះ ម្តាយរបស់ នាងទប់ទឹកភ្នែកមិនបាន ពេលឃើញប្រាណ ឪពុកនាង គ្រងសម្លៀកបំពាក់អ្នកទោស នៅ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។ ដូច្នេះនាង ចង់សួរថា តើនាងមានអារម្មណ៍បែបណា? គឺ ក្នុងនាមជាមនុស្សម្នាក់ នាងមានការឈឺចាប់ រកពាក្យណាមកបរិយាយមិនបាន។
ទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួង មហាផ្ទៃ លោកខៀវ សុភ័គ បានមានប្រសាសន៍ថា ក្នុងនាមជាកូនស្រីទាំង២ របស់លោកកឹម សុខា អាចមានមនោសញ្ចោតនាចំពោះឪពុក បាន ប៉ុន្តែមិនអាចកាន់ជើងឪពុកដែលធ្វើខុស ច្បាប់នោះទេ។
លោកខៀវ សុភ័គ បានមានប្រសាសន៍ ថា “ឪពុកនិងកូន វាជារឿងធម្មតាទេ យើង យល់អារម្មណ៍គាត់ហើយ ធម្មតាប្រព្រឹត្តបទល្មើស អីក៏ដោយ កូនក៏តែងតែមានមនោសញ្ចោតនា ចំពោះលោកឪពុក ជារឿងធម្មតាទេ ជារឿង បុគ្គលយើងម្នាក់ៗ។ ប៉ុន្តែសូមឱ្យក្មួយដែលមាន វាចាពោលអ៊ីចឹង សូមឱ្យគិតថា លោកឪពុកជា រឿងមួយហើយ ប៉ុន្តែកុំឱ្យកិច្ចការងារដែលឪពុក យើងបានប្រព្រឹត្តខុសនឹងជាតិ ហើយទៅការពារ ឪពុកយើងដោយងងឹតងងុលនោះ នាំឱ្យជាតិ មានវិបត្តិវឹកវរអី គឺជារឿងមិនល្អទេ។ គ្មានកូន ណាដែលមិនស្រលាញ់ឪពុកទេ ជាការត្រឹមត្រូវ មួយចំណែក ក្នុងនាមកាតព្វកិច្ចរបស់កូន ប៉ុន្តែ ជារឿងប្រទេសជាតិវិញ សូមឱ្យបែងចែកឱ្យច្បាស់។ បើពុកយើងក្បត់ជាតិ យើងទៅក្បត់ ជាមួយឪពុក ជាតិមិនចាត់ទុកយើងថា នេះគឺ ជាបុណ្យទេ សូមឱ្យពិចារណាឡើងវិញ អ្វីដែល ក្មួយអំពាវនាវ ជាការខុសឆ្គងចំពោះជាតិទាំងមូលហើយ”។
គួរបញ្ជាក់ដែរថា ក្នុងការឃុំខ្លួននៅពន្ធនាគារពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេស មកដល់ពេលនេះ លោកកឹម សុខា បើតាម លោកសំ សុគង់ មេធាវីរបស់លោក ក្នុងចំណោម មេធាវីទាំង៥នាក់ ដែលបានចុះទៅជួបលោក កឹម សុខា ចំនួន២ដង គឺនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ និងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ បានឱ្យដឹងថា លោកកឹម សុខា នៅមាន សុខភាពរឹងមាំ និងមានស្មារតីល្អ មិនតក់ស្លុត ដោយអាចអង្គុយឆ្លើយសំណួរតំណាងអយ្យការ ជាមួយនឹងមេធាវី រហូតដល់ជិត៥ម៉ោង។
ក្រោយពេលដែលមេធាវីលោកកឹម សុខា និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចៅក្រមស៊ើបសួរ បានចុះទៅសួរ ចម្លើយលោកកឹម សុខា ដល់មណ្ឌលកែប្រែ ទី៣ ត្រពាំងផ្លុង ក្រុមគ្រួសារលោកកឹម សុខា រួមមានភរិយានិងកូនស្រី ក៏បានទៅជួបសួរសុខ ទុក្ខលោកកឹម សុខា នៅពន្ធនាគារផងដែរ។ ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង លោកស្រី មួរ សុខហួរ ក៏បានធ្វើលិខិតជម្រាបជូនលោក គី ប្ញទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំជួបសួរសុខទុក្ខលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅមណ្ឌលអប់រំ កែប្រែទី៣ (ម.៣) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។
ប៉ុន្តែជាការឆ្លើយតប ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោកគី ឫទ្ធី បាន ធ្វើលិខិតជម្រាបមកលោកស្រីមួរ សុខហួរ ថា សាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលជួប សួរសុខទុក្ខលោកកឹម សុខា នោះបានទេ ដោយ សារសំណុំរឿង កំពុងស្ថិតនៅក្នុងចំណាត់ការ ស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្តុតាង ហើយ ចៅក្រមមិនទាន់បានសាកសួរជនត្រូវចោទនៅ ឡើយ ហេតុនេះការចូលជួបសួរសុខទុក្ខ អាច អនុញ្ញាតឱ្យបានតែមេធាវី និងក្រុមគ្រួសារជន ត្រូវចោទប៉ុណ្ណោះ។ ចំណែកអ្នកដទៃទៀត ការចូលសួរសុខទុក្ខអាចអនុញ្ញាតឱ្យបាន ក្រោយពី ចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនសិន។
ការបដិសេធរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានធ្វើឱ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានការខកចិត្ត ជាខ្លាំង ហើយក៏មានថ្នាក់ដឹកនាំមន្ត្រីសកម្មជន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើន បាន សម្តែងក្តីនឹកអាណិតអាសូរដល់លោកកឹម សុខា ដែលត្រូវជាប់ឃុំជាមួយនឹងអ្នកទោសដទៃទៀត។
លោកមុត ចន្ថា នាយកខុទ្ទកាល័យ និង ជាជំនួយការផ្ទាល់លោកកឹម សុខា បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ថា “លោកប្រធាន កឹម សុខា ត្រូវបានបញ្ជូនទៅឃុំឃាំងក្នុងបន្ទប់ ពន្ធនាគារ ជាមួយអ្នកទោសផ្សេងទៀត និង ស្ថិតក្នុងឯកសណ្ឋានអ្នកទោស។
ខ្ញុំពិតជារន្ធត់និងក្តុកក្តួលឥតឧបមា ចំពោះ ស្ថានភាពរបស់លោកប្រធាន។ ហេតុអ្វីលោក គ្រាន់តែតស៊ូនយោបាយ ដោយអហិង្សា និង សន្តិវិធី ដើម្បីអប់រំនិងពន្យល់ឱ្យពលរដ្ឋខ្មែរ បានយល់ដឹងអំពីសិទ្ធិ សេរីភាព និងកាតព្វកិច្ច ជាពលរដ្ឋខ្មែរ ក្នុងនាមជាម្ចាស់អំណាច និងម្ចាស់ ប្រទេស ក៏មានកំហុសក្បត់ជាតិដែរនោះ?
សូមទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយតាមថែរក្សា អភិបាលប្រោសព្រំលោកប្រធាន ឱ្យរួចចាកផុតព្យុះព្យោមាទាំងពួង!”។
លោកសំ សុគង់ មេធាវីការពារក្តីលោក កឹម សុខា បានបញ្ជាក់ថា តំណាងរាស្ត្រទាំងអស់ មានសិទ្ធិ គឺសិទ្ធិនោះ មិនត្រូវបានរឹតត្បិត មិនត្រូវបានហាមឃាត់ទេ ដោយតំណាងរាស្ត្រ ទាំងអស់ ត្រូវតែបានអនុញ្ញាតឱ្យជួបលោក កឹម សុខា នៅក្នុងពន្ធនាគារ ដើម្បីសួរសុខទុក្ខ។ ប៉ុន្តែបើសិនជាតុលាការមិនអនុញ្ញាត ហើយបើនិយាយពីបញ្ហាផ្លូវច្បាប់ ជាការរំលោភសិទ្ធិ មួយ ហៅថា “សិទ្ធិរបស់ជនត្រូវចោទ” ដែល ធានាដោយរដ្ឋធម្មនុញ្ញ ក៏ដូចជាធានាដោយ កតិកាសញ្ញាស្តីពីសិទ្ធិនយោបាយ ដែលជន ត្រូវចោទ មានសិទ្ធិក្នុងការជួបសាច់ញាតិ ជួប មិត្តភក្តិ ឬក៏ជួបអ្នកផ្សេងៗ ដែលអាចចូលសួរ សុខទុក្ខបាន៕
កុលបុត្រ