ភ្នំពេញ ៖ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ជាអនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជាអភិបាលនៃក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ លោកសុន ឆ័យ បាន ប្រកាសថា លោកមិនខ្លាចក្នុងការចាប់ខ្លួនដូច លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេស “សន្ទិដ្ឋិភាពជាមួយបរទេស” នោះទេ។
យោងតាមគណនីហ្វេសប៊ុករបស់លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានសរសេរខ្លឹមសារ ទាក់ទងនឹងជំហររបស់លោក សុន ឆ័យ ថា លោកសុន ឆ័យ តំណាងរាស្ត្រ គណបក្សប្រឆាំង អះអាងថា លោកនឹងនៅ តែបន្តកិច្ចការ ជាអ្នកតំណាងប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេសដដែល បើទោះបីជាមានព័ត៌មាន ថា លោកកំពុងប្រឈមនឹងការចាប់ខ្លួនពាក់ព័ន្ធ ករណីក្បត់ជាតិ ជាមួយនឹងលោកកឹម សុខា ក៏ដោយ។
លោកសុន ឆ័យ បញ្ជាក់ជំហរថា លោកមិនមានការភ័យខ្លាច ចំពោះការគំរាមកំហែង ណាមួយទេ ដោយសារលោកពុំបានធ្វើអ្វីខុស នោះឡើយ។
លោកសុន ឆ័យ បានបញ្ជាក់ថា “ខ្ញុំផ្ទាល់មិនបានធ្វើអ្វីខុសទេ ហើយក៏មិនខ្វល់បញ្ហាការ ផ្សាយយ៉ាងនេះទេ។ ខ្ញុំធ្វើការបម្រើប្រទេស ជាតិយូរឆ្នាំមកហើយ ឧបសគ្គការគំរាមកំហែង ការបំភិតបំភ័យ ចេះតែមានហូរហែ។ ដូច្នេះ ដរាបណាខ្ញុំយល់ថា ខ្ញុំមិនធ្វើអ្វីខុស ហើយខ្ញុំក៏នឹងបន្តបំពេញតួនាទីរបស់ខ្ញុំ ដែលរាស្ត្រប្រគល់ ឱ្យធ្វើត្រូវ មិនមានរឿងអ្វីដែលខ្ញុំគួរព្រួយបារម្ភ នោះទេ”។
គួរបញ្ជាក់ថា លោកសុន ឆ័យ បានបញ្ជាក់ ជំហរខាងលើនេះ គឺក្រោយពីមានទំព័រហ្វេសប៊ុក (Facebook) ឈ្មោះ “សី ហា” ថា មាន មន្ត្រីសំខាន់ៗមួយចំនួនរបស់បក្សប្រឆាំង កំពុង ស្ថិតក្នុងបញ្ជីខ្មៅ ដែលត្រូវតុលាការកោះហៅ បន្ត ហើយអ្នកដែលស្និទ្ធនឹងលោកកឹម សុខា អាចត្រូវចាប់ខ្លួនបន្ថែម។ មន្ត្រីទាំងនោះ រួមមាន លោកប៉ុល ហំម អនុប្រធានគណបក្ស លោកយ៉ែម បុញ្ញឫទ្ធិ លោកអ៊ូ ច័ន្ទឫទ្ធិ និង លោកសុន ឆ័យ ព្រមទាំងកូនស្រីទាំងពីររបស់ លោកកឹម សុខា ជាដើម។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ មិនអាចសុំការបញ្ជាក់បន្ថែមដោយផ្ទាល់ពីលោក សុន ឆ័យ បានទេ កាលពីម្សិលមិញ៕
កុលបុត្រ