ភ្នំពេញ ៖ ជារឿងគួរឱ្យកម្សត់សម្រាប់ជីវិតនយោបាយរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលមជ្ឈដ្ឋានតាមដានសង្គម ក៏ដូចជាមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំង បានកត់សម្គាល់ឃើញថា កាលពីរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំមុន (ឆ្នាំ២០១៦) លោកកឹម សុខា ត្រូវជាប់ឃុំខ្លួនឯង នៅក្នុងទីស្នាក់ការកណ្តាលគណបក្ស អស់រយៈកាលជាច្រើនខែ ពាក់ព័ន្ធនឹងសំណុំរឿងស្នេហាជាមួយកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានតុលាការចោទប្រកាន់ពីបទ “បដិសេធក្នុងការចូលខ្លួន”។ ដោយឡែក ក្នុងរដូវកាន់បិណ្ឌភ្ជុំបិណ្ឌ ឆ្នាំ២០១៧ នេះ លោកកឹម សុខា កាន់តែកម្សត់ខ្លួនជាងឆ្នាំមុនទៅទៀត ដោយលោកត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស”។
នាយកខុទ្ទការល័យ និងជាជំនួយការផ្ទាល់ លោកកឹម សុខា ដែលបច្ចុប្បន្ន ក៏ជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាសមាជិកក្រុម ការងារគណបក្សខេត្តកំពង់ស្ពឺ លោកមុត ចន្ថា បានលើកឡើងថា រដូវបុណ្យភ្ជុំឆ្នាំនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មិនបាន ជួបជុំក្រុមគ្រួសារទៀតទេ ធ្វើឱ្យលោកនឹកដល់ លោកកឹម សុខា ប្រធានគណបក្សណាស់ ហើយក៏មិនអារម្មណ៍ក្តុកក្តួលជាពន់ពេក ព្រោះថា កាលពីភ្ជុំឆ្នាំមុន ទោះបីជាប់នៅក្នុងទីស្នាក់ការកណ្តាលគណបក្ស ក៏លោកកឹម សុខា មានឱកាសថ្វាយ បង្គំព្រះ មានឱកាសក្រាបសំពះអ្នកម្តាយ ដែលជាអ្នកមានគុណ ឬជាព្រះរស់នៅក្នុងផ្ទះដែរ ប៉ុន្តែ ឆ្នាំនេះ លោកត្រូវជាប់ពន្ធនាគារ គ្មានឱកាស បានជួបជុំក្រុមគ្រួសារ ធ្វើបុណ្យកាន់បិណ្ឌភ្ជុំ បិណ្ឌតាមប្រពៃណីព្រះពុទ្ធសាសនាឡើយ។
លោកមុត ចន្ថា បានមានប្រសាសន៍ថា “ជាការពិតហើយ គឺក្រុមគ្រួសារមួយៗ គេហៅថា ខែមន្តសន្តរដូវ រដូវភ្ជុំបិណ្ឌហ្នឹង គឺជាបុណ្យប្រពៃណីសាសនាយើងធំណាស់ ធំជាងបុណ្យអី ផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ ត្រូវជួបជុំក្រុមគ្រួសារ រៀបចំធ្វើបុណ្យប្រគេនព្រះសង្ឃ ជាពិសេស ជូននូវការគោរពដល់ឪពុកម្តាយ ដែល ជាអ្នកមានគុណ ហើយក្នុងកាលៈទេសៈនេះ បែរ- ជាលោក (កឹម សុខា) បែរជាលោកអត់មាន ឱកាសនៅថ្វាយបង្គំ ដែលគាត់តែងតែធ្វើជា រៀងរាល់ឆ្នាំ ថ្វាយបង្គំ គោរពដឹងគុណអ្នកម្តាយ របស់លោកជារៀងរាល់ឆ្នាំ សូម្បីតែកាលពីលោកនៅជាប់នៅស្នាក់ការកណ្តាល ក៏លោកបានធ្វើដែរ។ ដូច្នេះ វាជាអារម្មណ៍ក្តុកក្តួលមួយ សម្រាប់ខ្ញុំ ក៏ដូចជាក្រុមគ្រួសាររបស់លោក ក៏ ដូចជាប្រជាពលរដ្ឋ ហើយអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ដូច្នេះដែរ។ ដូចខ្ញុំបញ្ជាក់ថា បុណ្យ ភ្ជុំបិណ្ឌនេះ គឺធំណាស់ បុណ្យសាសនាមួយដ៏ធំ ដែលយើងធ្វើបុណ្យ ដើម្បីឧទ្ទិសដល់បុព្វការីជន មិនដឹងជាគាត់ចាប់ជាតិ ចាប់កំណើតនៅស្ថាន សួគ៌ ឬក៏ស្ថានណាមួយក៏មិនដឹង យើងចាំបាច់ ធ្វើបុណ្យឧទ្ទិសកុសលជូនគាត់។ ជាពិសេស ការគោរបូជាចំពោះមាតាបិតា ដែលលោកនៅ មានជីវិតរស់នៅហ្នឹង គឺសំខាន់ធំណាស់។ ក្នុង ន័យនេះ ចំពោះខ្ញុំគិតថា លោកប្រធានកឹម សុខា លោកអត់មានធ្វើអ្វីខុសទេ លោកគ្រាន់តែធ្វើ ការអប់រំប្រជាពលរដ្ឋ អំពីសិទ្ធិសេរីភាព អំពី លទ្ធិប្រជាប្រធិបតេយ្យ ដើម្បីចេះតស៊ូការពារ បញ្ហាផ្ទាល់ខ្លួន ដូចជាបញ្ហារំលោភសិទ្ធិ បញ្ហា រំលោភផ្សេងៗ ឱ្យគាត់ចេះប្រើប្រាស់ស្របច្បាប់ របស់គាត់ ដើម្បីការពារផលប្រយោជន៍របស់ គាត់សហគមន៍របស់គាត់តែប៉ុណ្ណឹង។ ដូច្នេះ អត់មានអ្វីដែលគាត់ធ្វើខុសឆ្គងទេ ដូច្នេះហើយ លោកគួរតែទទួលបាននូវសេរីភាព ជួបជុំក្រុមគ្រួសារ ជួបជុំសមាជិក សមាជិកាគណបក្សរបស់ លោក និងបន្តដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្ពោះទៅរកការបោះឆ្នោត។ យើងឃើញហើយ សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ម្សិលមិញ បញ្ជាក់ច្បាស់ហើយថា ទាមទារឱ្យ មានការដោះលែងលោកជាបន្ទាន់ ហើយបាន បញ្ជាក់ហើយថា បើការបោះឆ្នោតនៅថ្ងៃនេះ គ្មានអ្នកសង្កេតការណ៍អន្តរជាតិ ដែលទុកចិត្ត ណាមួយ ដែលអាចបញ្ជាក់ថា ការបោះឆ្នោត នេះមានភាពសេរី និងយុត្តិធម៌ទេ នឹងឆ្លុះបញ្ចាំង ពីឆន្ទៈរបស់ប្រជាពលរដ្ឋទេ ដូច្នេះហើយ សុំឱ្យ រដ្ឋាភិបាល គិតអំពីដំណើរការប្រជាធិបតេយ្យ នៅកម្ពុជា លោកគិតអំពីផលប្រយោជន៍របស់ ប្រជាពលរដ្ឋកម្ពុជា រួបរួមគ្នាដើម្បីផ្សះផ្សាជាតិ ឯកភាពជាតិខ្មែរ ព្រោះមានតែខ្មែរយើងទេដឹង ទុក្ខធុរៈ ហើយខ្ញុំតែងតែឮសូរប្រមុខរដ្ឋាភិបាល ថា ខ្មែរអាចនិយាយគ្នាស្តាប់បាន ខ្មែរអាចយល់ គ្នាជាងការពឹងបរទេសមកនិយាយ។ ដូច្នេះ ហើយ ខ្ញុំជឿថា ខ្មែរអាចជជែកគ្នាបាន ខ្មែរអាច ផ្សះផ្សាគ្នា អាចបង្រួបបង្រួមគ្នា ឱ្យឯកភាព ជាតិខ្មែរ។ បើខ្មែរឯកភាពគ្នា ឯកភាពជាតិខ្មែរៗ ខ្លាំង ហើយខ្មែរអាចរស់នៅជាមួយគ្នា មិនចាត់ទុកខ្មែរណាមួយជាសត្រូវ ខ្មែរឈាមជ័រតែមួយ”។
លោកមុត ចន្ថា បានបន្តថា “លោក (កឹម សុខា) ដឹងអារម្មណ៍ហើយ អារម្មណ៍ទី១ បាត់- បង់សេរីភាពគ្រប់បែបយ៉ាង និងបាត់បង់នូវ សេរីភាពជួបជុំក្រុមគ្រួសារ គឺបងប្អូនប្រជាពលរដ្ឋខ្មែរទាំងមូលជ្រាបហើយ សូម្បីតែយើងបែក ដែលអាចទំនាក់ទំនងគ្នាបែក ដែលអាចមើល មុខគ្នាឃើញតាមប្រព័ន្ធបច្ចេកវិទ្យា ក៏យើង នៅមិនស្ងប់ផង ទម្រាំដល់យើងបែកមិនអាច និយាយគ្នា បែកមិនអាចមើលមុខគ្នាបាន អាហ្នឹងអារម្មណ៍ហ្នឹងវាក្តុកក្តួលប៉ុនណា ? អារម្មណ៍ ហ្នឹងវាចំបែងយ៉ាងណា? នេះយើងឃើញហើយ ខ្ញុំមិនចាំបាច់អត្ថាធិប្បាយច្រើនទេ។ ខ្ញុំជឿថា លោកប្រធានកឹម សុខា លោកនៅតែបន្តនូវ បេសកកម្មបុព្វហេតុរបស់លោក គឺតស៊ូដោយអហិង្សា ដោយសន្តិវិធី ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ហើយលោកនៅតែរួមសុខរួម ទុក្ខជាមួយប្រជាពលរដ្ឋខ្មែរ លោកតែងតែប្រាប់ថា ការតស៊ូរបស់លោក គឺផ្អែកទៅលើ ការអហិង្សា សន្តិវិធី គឺលោកអត់មានធ្វើដំណើរ ឆ្ពោះទៅយកបដិវត្តន៍ពណ៌ ឬក៏លោកធ្វើដំណើរ ទៅអំពើរហិង្សាណាមួយ អត់មានទេ លោកតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺអត់មាន ទេ គឺលោកគោរពជានិច្ច ហើយលោកជាអ្នកកាន់ព្រះពុទ្ធសាសនា លោកតែងតែសមាធិគ្រប់ ពេលវេលា ហើយលោកមានការស្ងប់ចិត្ត ជឿទៅលើព្រះពុទ្ធសាសនា ជឿទៅលើពុទ្ធឱវាទ។ នេះគឺជាចំណុចដែលលោកមានសន្តិភាពក្នុងចិត្ត។ ដូច្នេះទី១ តាមបណ្តាំរបស់លោកប្រធាន កឹម សុខា គឺថា សូមឱ្យប្រជាពលរដ្ឋខ្មែរ អញ្ជើញ ទៅចុះឈ្មោះបោះឆ្នោត បំពេញកាតព្វកិច្ច ក្នុង នាមប្រជាពលរដ្ឋខ្មែរ ឱ្យបានគ្រប់ៗគ្នា ពីព្រោះ ការចុះឈ្មោះលើកនេះ ជាការចុះឈ្មោះលើក ចុងក្រោយ សម្រាប់ការបោះឆ្នោត២០១៨។ បើប្រជាពលរដ្ឋខ្មែរខកខានការចុះឈ្មោះលើក នេះ គឺបាត់បង់សិទ្ធិបោះឆ្នោត នេះទី១ ។ ទី២ ទៀត លោកបានផ្តាំថា ទោះបីលោកបាត់សេរីភាពក៏ដោយ ប៉ុន្តែលោកមិនឱ្យសេរីភាពប្រជាពលរដ្ឋខ្មែរស្លាប់នោះទេ។ អ៊ីចឹងហើយ គឺបងប្អូនប្រជាពលរដ្ឋខ្មែរ បន្តអភិវឌ្ឍ ការពារសេរីភាពរបស់បងប្អូនតទៅទៀត ហើយលោកនៅតែខិតខំការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ”។
គួររំលឹកថា កាលពីឆ្នាំ២០១៦ កន្លងទៅ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល៥ខែ ពីបទ “បដិសេធក្នុងការចូលខ្លួន។ បើទោះជាត្រូវលើកលែងទោសនៅពេលនោះក្តី លោកកឹម សុខា មិនទាន់រួចខ្លួនពីបណ្តឹងចោទ ប្រកាន់នៅតុលាការមួយចំនួនទៀត ក្នុងសំណុំ រឿងពាក់ព័ន្ធនឹងការបញ្ចោញខ្សែអាត់សំឡេង ដែលគេសង្ស័យថា ជាការឆ្លើយឆ្លងរវាងលោក កឹម សុខា និងកញ្ញាខុម ចាន់តារាទី ហៅស្រីមុំ នោះទេ។ ក្នុងនោះគឺមានបណ្តឹងរបស់កញ្ញាធី សុវណ្ណថា ដែលចោទលោកកឹម សុខា ពីបទបរិហារកេរ្តិ៍ និងបណ្តឹងរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលប្តឹងឱ្យតុលាការផ្តន្ទាទោសលោក កឹម សុខា និងទាមទារសំណងជំងឺចិត្តពីលោក កឹម សុខា ចំនួន៣សែនដុល្លារអាមេរិក។
កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦ កន្លង ទៅនោះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ បង្គាប់ឱ្យមន្ត្រី នគរបាលយុត្តិធម៌ ស្វែងរកចាប់ខ្លួនលោកកឹម សុខា មកចំពោះមុខអយ្យការសាលាដំបូងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេត បទល្មើសជាក់ស្តែង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់តុលាការ ចំនួនពីរទំព័រ នាពេលនោះ បានបញ្ជាក់មូលហេតុ ពីការបង្គាប់ឱ្យមន្ត្រីនគរបាល ស្វែងរកចាប់ខ្លួន លោកកឹម សុខា នេះ ថា ដោយសារលោកកឹម សុខា មិនបានចូលខ្លួនទៅបំភ្លឺនៅតុលាការចំនួន ពីរលើក ពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ក្នុងនាម ជាសាក្សី ក្រោយពីអយ្យការបានស្តាប់ចម្លើយ របស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ នៃសំណុំ រឿងព្រហ្មទណ្ឌលេខ ១២៨០ ចុះថ្ងៃទី០៨ ខែ មីនា ឆ្នាំ២០១៦។ ពោលគឺអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យឃើញថា ការ ប្រព្រឹត្តរបស់លោកកឹម សុខា ដែលមិនចូលខ្លួន មកបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើសជាក់ស្តែង តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា រាល់បុគ្គល ណាដែលត្រូវបានកោះហៅឱ្យមកឆ្លើយជាសាក្សី នៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុ សមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនទៅ ១លានរៀល។ សកម្មភាពនៃការមិនព្រមចូល ខ្លួននៅព្រឹកថ្ងៃទី២៦ ឧសភា គឺជាបទល្មើស ជាក់ស្តែង ស្របតាមខ្លឹមសារមាត្រា៨៦ នៃក្រម នីតិវិធីព្រហ្មទណ្ឌ ដែលចែងអំពីនិយមន័យនៃ បទឧក្រិដ្ឋ ឬមជ្ឈិមជាក់ស្តែង។
ក្រោយពីមានសេចក្តីថ្លែងការណ៍របស់ តុលាការ នៅចុងឆ្នាំ២០១៦ នោះ កងកម្លាំង ប្រដាប់អាវុធ បានទៅកាន់ទីស្នាក់ការកណ្តាល របស់គណបក្សសង្គ្រោះជាតិ ខណៈដែលមាន ការសង្ស័យថា លោកកឹម សុខា បានចាប់ផ្តើម ស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្សនោះ។ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធទាំងនោះ បានដក ចេញពីទីស្នាក់ការគណបក្សសង្គ្រោះជាតិវិញ ភ្លាមៗ បន្ទាប់ពីលោកឡុង រី តំណាងរាស្ត្រ និង ប្រធានសន្តិសុខគណបក្សសង្គ្រោះជាតិ បាន ចេញជួបនិយាយគ្នាជាមួយគ្នាកម្លាំងសមត្ថកិច្ច។ ចាប់ពីពេលនោះមក លោកកឹម សុខា បាន សម្ងំស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្ស អស់ជាច្រើនខែហើយ ក៏មានប្រជាពលរដ្ឋសកម្មជន អ្នកគាំទ្រគណបក្សប្រឆាំង បានឡើងមក ប្រមូលផ្តុំគ្នាទាំងយប់ទាំងថ្ងៃ នៅទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ ដើម្បីការពារ លោកកឹម សុខា កុំឱ្យមានការចាប់ខ្លួន។ រហូតដល់ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ លោកកឹម សុខា បានវិលត្រឡប់ទៅផ្ទះរបស់លោកនៅ ខណ្ឌទួលគោកវិញ បន្ទាប់ពីលោកបានទទួល ការប្រោសព្រះរាជប្រទានការលើកលែងទោស ពីព្រះមហាក្សត្រ តាមការទូលថ្វាយស្នើសុំពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីលោកបានឃុំ ខ្លួនឯងក្នុងទីស្នាក់ការបក្ស អស់រយៈពេលជាង ៦ខែ។
ទោះជាយ៉ាងណា លោកកឹម សុខា ត្រូវ បានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងផ្ទះរបស់លោក នៅក្នុងខណ្ឌទួលគោក កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធ នឹងបទល្មើសជាក់ស្តែង “សន្ទិដ្ឋិភាពជាមួយ បរទេស” ដោយយោងទៅតាមឃ្លីបវីដេអូផ្សព្វផ្សាយជាសាធារណៈ ដែលលោកបានថ្លែងនៅ ប្រទេសអូស្ត្រាលី តាំងពីឆ្នាំ២០១៣។
បច្ចុប្បន្ន លោកកឹម សុខា ត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពី បទ “សន្ទិដ្ឋិភាពជាមួយបរទេស” ចោក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ខណៈ រដ្ឋសភា ក៏បានសម្រេចឱ្យសមត្ថកិច្ច និងតុលាការ បន្តនីតិវិធីនៃការចោទប្រកាន់ចាប់ខ្លួន និងឃុំ ខ្លួនលោកកឹម សុខា តាមច្បាប់៕
កុលបុត្រ